ប៉ូលិសក្រុងហុងកុងបាននិយាយថា សមាជិកពីរនាក់នៃបណ្តាញព័ត៌មានហុងកុងបានរងការចោទប្រកាន់ពីបទ«សមគំនិតក្នុងការបោះពុម្ពផ្សាយព័ត៌មានដែលបំបះបំបោរ»កាលពីថ្ងៃព្រហស្បតិ៍ គឺមួយថ្ងៃបន្ទាប់ពីការឆ្មក់ឆែកឆេរបណ្តាញព័ត៌មាន Stand News ដែលផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រទេសចិនបានរឹតបន្តឹងការគ្រប់គ្រងលើទីក្រុងហុងកុងចាប់តាំងពីមានការតវ៉ាគាំទ្រលទ្ធិប្រ ជាធិបតេយ្យដ៏ធំដែលពេលខ្លះមានហិង្សានៅទូទាំងទីក្រុងក្នុងឆ្នាំ២០១៩ហើយការគាបសង្កត់សារព័ត៌មានក្នុងស្រុកក៏កើនឡើងផងដែរ។ ប៉ូលិសបានឆែកឆេរការិយាល័យ Stand News ក្នុងការបង្រ្កាបចុងក្រោយបំផុតកាលពីថ្ងៃពុធដោយបានរឹបអូសយកទូរស័ព្ទ កុំព្យូទ័រនិងឯកសារហើយនិងចាប់ខ្លួននិពន្ធនាយក។
ក្រសួងសន្តិសុខជាតិប៉ូលិសហុងកុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «បុរសពីរនាក់អាយុ៣៤ឆ្នាំម្នាក់ និង៥២ឆ្នាំម្នាក់ និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអនឡាញ»ត្រូវបានចោទប្រកាន់«ពីបទសមគំនិតក្នុងការបោះពុម្ពផ្សាយបំបះបំបោរ»។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកទាំងពីរគឺនិពន្ធនាយកស្តីទីលោក Patrick Lam និងអតីតនិពន្ធនាយក Chung Pui-kuen។
បុរសទាំងពីរនាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធរួមជាមួយមនុស្សប្រាំនាក់ទៀត។ក្រោយមកបណ្តាញព័ត៌មានStand News បាននិយាយថា នឹងបិទប្រតិបត្តិការដោយសារឧប្បត្តិហេតុដែលនាំឱ្យមានការថ្កោលទោសជាអន្តរជាតិនេះ។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយថា«អ្នកសារព័ត៌មានមិនមែនជាអ្នកបះបោរទេ។តាមរយៈការបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សាធារណរដ្ឋប្រជា មានិតចិននិងអាជ្ញាធរមូលដ្ឋានធ្វើឱ្យខូចឈ្មោះនិងលទ្ធភាពរបស់ក្រុងហុងកុង»។
មេដឹកនាំហុងកុងអ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកស្រីបានយល់ស្របនឹងទស្សនៈរបស់លោក Blinken ដែលថា «សារព័ត៌មានមិនមែនជាការបំបះបំបោរ»ប៉ុន្តែបានបន្ថែមថា សកម្មភាពបំបះបោរ«មិនអាចលើកលែងដោយសារការរាយការណ៍ព័ត៌មានទេ»៕