ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​មេឃុំ​បក្ស​ប្រឆាំង​​វ័យក្មេង ប្រកួត​ប្រជែង​ជាមួយ​មេឃុំ​ចាស់​វស្សា​នៃ​បក្ស​កាន់​អំណាច


យុវជន ជិន សុខង៉េង (ឆ្វេង) អាយុ​២៦​ឆ្នាំ ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ និងចៅ​សង្កាត់​សាលា​កំរើក និង​ជា​បេក្ខជន​ចូលរួម​ប្រកួត​យក​តំណែង​ចៅ​សង្កាត់​ លោក សាម ឡន អាយុ​៦០​ឆ្នាំ បាន​ធ្វើ​ជា​ចៅ​សង្កាត់​សាលា​កំរើក​អស់​រយៈ​ពេល​ជិត១៥​ឆ្នាំ​មក​ហើយ។ (ស៊ុន ណារិន/VOA)
យុវជន ជិន សុខង៉េង (ឆ្វេង) អាយុ​២៦​ឆ្នាំ ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ និងចៅ​សង្កាត់​សាលា​កំរើក និង​ជា​បេក្ខជន​ចូលរួម​ប្រកួត​យក​តំណែង​ចៅ​សង្កាត់​ លោក សាម ឡន អាយុ​៦០​ឆ្នាំ បាន​ធ្វើ​ជា​ចៅ​សង្កាត់​សាលា​កំរើក​អស់​រយៈ​ពេល​ជិត១៥​ឆ្នាំ​មក​ហើយ។ (ស៊ុន ណារិន/VOA)

បេក្ខជន​មេឃុំ​ដ៏​ក្មេង​ម្នាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកួត​ប្រជែង​ជាមួយ​ចៅសង្កាត់​បច្ចុប្បន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អាយុ​៦០ឆ្នាំ និង​ដែល​បាន​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​៣​អាណត្តិ​រួច​មក​ហើយ។

សាលាកំរើក គឺ​ជា​សង្កាត់​មួយ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ចំនួន​១០០​នៅ​ក្នុង​ខេត្ត​សៀមរាប។ គណបក្ស​ចំនួន​៣ ​នឹង​ចូល​រួម​ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​សាលាកំរើក​នេះ។ បេក្ខជន​មេឃុំ​ដ៏​ក្មេង​ម្នាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកួត​ប្រជែង​ជាមួយ​ចៅសង្កាត់​បច្ចុប្បន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អាយុ​៦០ឆ្នាំ និង​ដែល​បាន​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​៣​អាណត្តិ​រួច​មក​ហើយ។ បេក្ខជន​ទាំងពីរ​បង្ហាញ​ក្តី​សង្ឃឹម​ដូចគ្នា​ថា ​ខ្លួន​នឹង​ឈ្នះ​ការបោះឆ្នោត​ឃុំ​សង្កាត់នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។

អាយុ​២៦ឆ្នាំ យុវជន​ ជិន សុខង៉េង បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​នឹង​ផ្ដល់​ឱកាស​ឲ្យ​លោក​ក្លាយ​ជា​បេក្ខជន​មេឃុំ​វ័យ​ក្មេង​ជាង​គេ​បង្អស់ ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ។

សាលា​សង្កាត់​សាលា​កំរើក ស្ថិត​នៅ​ក្នុង​ក្រុងសៀមរាប ខេត្តសៀមរាប។ (ស៊ុន ណារិន/VOA)
សាលា​សង្កាត់​សាលា​កំរើក ស្ថិត​នៅ​ក្នុង​ក្រុងសៀមរាប ខេត្តសៀមរាប។ (ស៊ុន ណារិន/VOA)

ដៃគូ​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ​របស់​លោក ជិន សុខង៉េង គឺ​ជា​ចៅ​សង្កាត់​សាលា​កំរើក​បច្ចុប្បន្ន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើ​ជាមេឃុំ​អស់​រយៈពេល ​ប្រមាណ​១៥ឆ្នាំ​មក​ហើយ។

ដោយ​សារ​ចំណង់​ចំណូលចិត្ត​ខាង​ផ្នែក​នយោបាយ​ ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​ជួយ​សង្គម លោក ជិន សុខង៉េង បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​២០១១ ខណៈ​លោក និង​ឪពុកម្ដាយ​របស់​លោក​គាំទ្រគណបក្ស​ប្រឆាំង ​តាំង​ពី​ដើម​មក។

ដោយសារ​ភាព​សកម្ម​ ឧស្សាហ៍​ព្យាយាម​និង​ភាព​លេច​ធ្លោ​របស់​លោក លោកត្រូវ​បាន​គណបក្ស ​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​ប្រធាន​ចលនា​យុវជន​សម្រាប់​ខេត្ត​សៀមរាប​កាលពី​ឆ្នាំ​២០១៦។​

លោក​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ជា​បន្ត​បន្ទាប់​តាំងពី​ពេល​នោះ​មក។ លោក​មាន​ប្រសាសន៍​ថា​ដោយសារ​លោក​ចង់​ចូលរួម​អភិវឌ្ឍ​សង្កាត់​សាលាកំរើក​ដោយ​ផ្ទាល់ លោក​បាន​សម្រេច​ចិត្ត​ឈរឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ចៅ​សង្កាត់។

សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ២០១៧នេះ ​លោក​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ក្នុង​បក្ស​ឲ្យ​លោក​ឈរ​លំដាប់​លេខ១។​ នេះ​មានន័យថា​លោក​ឈរ​ក្នុង​តំណែង​ចៅសង្កាត់ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖

«ខ្ញុំ​ចង់​ឲ្យ​សង្កាត់​ដែល​ខ្ញុំ​ឈរ​ជា​បេក្ខជន គឺជា​សង្កាត់​គំរូ ជា​សង្កាត់​ដែល​ពលរដ្ឋ​ទាំង​អស់ ​នឹងទទួល​បាន​ការ​អភិវឌ្ឍ​ស្មើៗគ្នា ទទួល​បាន​សិទ្ធិ​នូវ​ការរស់នៅ​ក្នុង​នាម​ឃុំ​សង្កាត់​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ»។

លោក​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ​លោក​នឹង​ឈ្នះ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ពេល​ខាងមុខ។

លោក​មានប្រសាសន៍ថា៖ «ហើយ​ពិសេស​គឺ​ប្រជាពលរដ្ឋ គាត់​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ គាត់​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ដែល​គាត់​មាន​សមត្ថភាព​ទៅ​ដឹកនាំ​បន្ត ព្រោះ​គាត់​ធុញ​ទ្រាន់​នឹង​ការដឹកនាំ​ចាស់​ណាស់។ អញ្ចឹង​គាត់​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ការ​ផ្លាស់ប្ដូរ​គឺ​កត្តា​សំខាន់ គឺ​ការ​ផ្លាស់ប្តូរ​តាមរយៈ​ការ​បោះឆ្នោត។ ប្រជាពលរដ្ឋ​រង់​ចាំ​តែ​ថ្ងៃ​បោះ​ឆ្នោត​ទេ»។

មាន​ស្រុកកំណើត​នៅ​ក្នុង​ខេត្ត​កំពង់ចាម លោក ជិន​ សុខង៉េង បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​វេជ្ជសាស្ត្រ​ផ្នែក​រោគ​កុមារ ​កាល​ពី​ចុង​ឆ្នាំ​២០១៣ ហើយ​លោក​បាន​បើក​បន្ទប់​ពិគ្រោះ​ជំងឺ​មួយ​នៅ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​មួយ​ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា នៅ​ចុងឆ្នាំ២០១៤ លោក​បាន​សម្រេចចិត្ត​ឈប់​ពី​ជំនាញ​ពិគ្រោះ​ព្យាបាល​នេះ ហើយ​បន្ទាប់​មក​លោក​បាន​ចំណាយ​ពេល​របស់​លោក​ទាំងអស់​ធ្វើ​ការងារ​ដើម្បី​គណបក្ស​សង្គ្រោះជាតិ។

ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ (ស៊ុន​ ណារិន/VOA)
ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ (ស៊ុន​ ណារិន/VOA)

ក្រោយ​ការ​ធ្វើ​ដំណើរ​មក​ខេត្ត​សៀមរាប​ជា​បន្តបន្ទាប់ លោក​បាន​ចាប់​អារម្មណ៍​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​សាលា​កំរើក នៅ​ក្នុង​ក្រុង​សៀមរាប​នេះ។

លោក ជិន សុខង៉េង បាន​បញ្ជាក់​ថាយុវជន​មានគំនិត​ថ្មី និង​ជា​កម្លាំង​ថ្មី ដែល​អាច​ចូលរួម​អភិវឌ្ឍ​ឃុំ​សង្កាត់ បាន​ឆាប់រហ័ស។

លោក​មានប្រសាសន៍ថា៖ «ទោះ​បី​គាត់​[ចៅសង្កាត់​សាលា​កំរើក​បច្ចុប្បន្ន] មាន​បទពិសោធន៍​ក្នុង​ការ​ដឹកនាំ​យូរ​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​ចង់​បញ្ជាក់​ថា​គាត់​ដឹកនាំ​តាម​របៀប​ចាស់ មិន​អាច​ធ្វើ​ឲ្យ​ឃុំ​សង្កាត់​មាន​ការ​រីក​ចម្រើន​ទេ។ គឺ​មាន​តែ​ការដឹកនាំ​តាម​របៀប​គំនិត​ថ្មី កម្លាំង​ថ្មី​ទេ ដែល​ធ្វើ​ឲ្យ​ឃុំ​សង្កាត់​មាន​ការ​រីក​ចម្រើន ហើយ​ប្រជាពលរដ្ឋ​លែង​មាន​ការ​រងគ្រោះ​អី​ទៀត​ហើយ»។

លោក​ ជិន សុខង៉េង បាន​អះអាង​ថា​ជាមួយ​សមត្ថភាព​ ឆន្ទៈ​ ភាព​ស្មោះត្រង់ និង​ការ​ប្ដេជ្ញាចិត្ត​របស់​លោក លោក​មាន​ជំនឿ​ថា​លោក​អាច​ដឹកនាំ​សង្កាត់​មួយ​នេះ​បាន។​

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ដឹកនាំ​បាន​។ ខ្ញុំ​នឹង​ធានា​ថា​នៅ​ក្នុង​ឃុំ​សង្កាត់ នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​មួយ​ពិត​ប្រាកដ ដោយ​តម្លាភាព។ ជាពិសេស​សូម​សន្យា​ថា​មិន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ហ្នឹង​ទទួល​ទឹក​ភ្នែក​ដោយ​អាជ្ញាធរ​ទេ មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​លំបាក​ដូច​ពីមុន​ទេ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​លោក​បាន​ឃើញ​ភាព​អសកម្ម​មួយ​ចំនួន​ក្នុង​សង្កាត់​បច្ចុប្បន្ន​នេះ រួម​មាន​ ការ​ផ្ដល់​សេវា​សាធារណៈ​ដោយ​មាន​ការរើសអើង ការ​ផ្តល់​សេវា​មិនទាន់​ពេលវេលា និង​មាន​អំពើពុករលួយ។

លោក​មាន​ប្រសាសន៍​ថា​ លោក​មានបំណង​រៀបចំ​បរិស្ថាន​នៅ​ក្នុង​សង្កាត់​របស់​លោក​ រួមមាន​ការគ្រប់គ្រង​សំរាម​ឲ្យ​បាន​ល្អ​ ការ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន និង​ការ​លើក​កម្ពស់​សុវត្ថិភាព​នៅ​ក្នុង​សង្កាត់។​

សម្រាប់​ការបោះឆ្នោត​ខាង​មុខ​នេះ សង្កាត់​សាលាកំរើក មាន​១១អាសនៈ ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ជាង១៤.០០០នាក់។ កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១២ គណបក្ស​សង្គ្រោះ​ជាតិ ​ទទួល​បាន​៤​អាសនៈ ដោយ​មាន​សមាជិក​ម្នាក់​ បាន​ទទួល​តំណែង​ជា​ចៅសង្កាត់​រង​ទី២។

ទោះ​ជា​យ៉ាង​ណា ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ឆ្នាំ២០១៣ នៅ​ក្នុង​សង្កាត់​សាលា​កំរើក​នេះ គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ទទួល​សំឡេង​គាំទ្រ​លើស​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

ចៅ​សង្កាត់​សាលាកំរើក និង​ជា​បេក្ខជន​ចូលរួម​ប្រកួត​យក​តំណែង​ចៅសង្កាត់ លោក សាម ឡន អាយុ​៦០​ឆ្នាំ ដែល​បាន​បម្រើ​ការងារ​ជា​ចៅ​សង្កាត់​ប្រមាណ​១៥ឆ្នាំ​មក​ហើយ បាន​ថ្លែង​ប្រាប់​VOA​ថា លោក​នៅ​តែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដូច​អាណត្តិ​មុនៗ បើ​ទោះ​ជា​សំឡេង​គាំទ្រ​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ជាតិ​បាន​ធ្លាក់​ចុះ​ក៏ដោយ។

លោក​អះអាង​ថាប្រជាពលរដ្ឋ​បាន​ឃើញ​ការងារ​ល្អ​របស់​លោក​នៅ​ក្នុង​សង្កាត់​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​ជឿ​ថា​ខ្ញុំ​ប្រហែល(នឹង​ទទួល​បាន)៧ឬ​៨អាសនៈ ព្រោះ​ខ្ញុំ​អត់​មាន​អី​ធ្វើ​ខុស​ជាមួយ​ប្រជាពលរដ្ឋ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន។ អ្វីៗ​ដែល​គាត់​សំណូម​ពរ ខ្ញុំ​ដោះស្រាយ​ជូន​បាន»។

ចៅ​សង្កាត់​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា​ ​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ២០១២ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​សំឡេង​គាំទ្រ​លើស​គណបក្ស​សង្រ្គោះ​ជាតិ ​ប្រមាណ​២.០០០​សំឡេង។ ប៉ុន្តែ​សម្រាប់​ការ​បោះឆ្នោតថ្នាក់​ជាតិ​ឆ្នាំ២០១៣​វិញ គណបក្ស​កាន់​អំណាច​បាន​ចាញ់​គណបក្ស​សង្រ្គោះ​ជាតិ​ប្រមាណ​១.៧០០​សំឡេង។

លោក​បាន​អះអាង​ថា ​លោក​នឹង​បន្ត​ធ្វើ​ផ្លូវ​នៅ​ក្នុង​សង្កាត់​ឲ្យ​បានល្អ ​រៀបចំ​ប្រព័ន្ធ​លូ និង​ផ្ដល់​សេវា​នៅតាម​សង្កាត់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា។

លោក​មាន​ប្រសាសន៍​ថា៖ «តាម​ខ្ញុំ​ចុះ​ទៅ​ដល់​មូលដ្ឋាន គឺ​សំឡេង​ប្រជាពលរដ្ឋ គេ​ថា​បើ​បោះឆ្នោត​ឃុំ​សង្កាត់ គេ​គាំទ្រ​ច្រើន ព្រោះ​ឃុំ​សង្កាត់ គេ​យល់​ឃើញ​ថា​មនុស្ស​ដែល​បម្រើ​ប្រជាពលរដ្ឋ ឃើញ​ថា​មាន​លក្ខណៈ​សមស្រប មាន​ការ​ចូលរួម មាន​ការពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ច្រើន»។

លោក សាម ឡន ក៏បាន​រិះគន់បេក្ខជន​វ័យ​ក្មេង​មកគណបក្ស​សង្រ្គោះ​ជាតិ​ថា ​ជា​មនុស្ស​ចំណូល​ថ្មី ​នៅ​ក្មេង ​នឹង​មិន​មាន​បទពិសោធន៍​ដូច​រូប​លោក​នោះ​ទេ។

លោក​បន្ត​ថា​លោក​មាន​សមត្ថភាពល្អ​ប្រសើរ​ជាង​បេក្ខជន​រូប​នោះ ទាំង​ផ្នែក​ធនធាន សីលធម៌ និង​បទពិសោធន៍។​

លោក​មានប្រសាសន៍ថា៖ «ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ថា​គេ​មិន​ល្អ ឬ​ក៏​គេ​មិន​សកម្ម​អី​ទេ។ តែ​ការងារ​របស់​គាត់​ដូច​នៅ​ថ្មី មិន​ទាន់​មាន​បទពិសោធន៍»។

លោក​បន្ត​ថា៖ «គាត់​អត់​មាន​ទី​លំនៅ ហើយ​គាត់​មិនដែល​ទាំងបាន​ជួប​នឹង​មហាជន​ច្រើន​ផង ធ្វើ​ម៉េច​គេ​នឹង​ស្គាល់​ប៉ុន្មាន ស្គាល់​តែ​មិត្តភ័ក្ដិ​គាត់​ប៉ុន្មាន​ក្រុម​ហ្នឹង​ឯង»។

​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ​នេះ​ គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង ប៉ុន្តែ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​ប៉ុណ្ណោះ ដែល​បាន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​នៅ​គ្រប់​ឃុំ​សង្កាត់​ចំនួន​ ១៦៤៦ ទូទាំង​ប្រទេស។​

ទោះ​ជា​យ៉ាង​ណា ​សង្កាត់​សាលាកំរើក​មាន គណបក្ស​ចំនួន​៣​ប៉ុណ្ណោះ​ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ(LDP) ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតប្រជែង​យក​តំណែង​ចៅសង្កាត់។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​សាលាកំរើក​នៃ​សង្កាត់​សាលាកំរើក និង​ជា​អ្នក​លក់​ម្ហូប​តាម​ផ្លូវ លោកស្រី យឹម ឡៅ អាយុ​៦៥ឆ្នាំ មានប្រសាសន៍ថា ​លោកស្រី​មិនបានដឹង​ថា​តើ​អ្នកណា​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​ឡើយ។

លោកស្រី​មាន​ប្រសាសន៍​ថា​បេក្ខភាព​មេឃុំ​អាយុ​ក្មេង​ ​មិន​មែន​ជា​បញ្ហា​នោះ​ទេ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ទេ​គេ​ក្មេង គេ​រីកចម្រើន​ជាង ជឿន​លឿន គេ​យល់ដឹង​ច្រើន​ជាង​ចាស់​ដឹង? អ្នក​គេ​ចេះដឹង​ជ្រៅជ្រះ​ទៅ គេ​អាច​ធ្វើ​បាន​តាម​មើល​ទៅ»។

លោកស្រី​ចង់​ឲ្យ​មេឃុំ​ថ្មី ​ជួយ​ពិនិត្យមើល​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព ​នៅ​តំបន់​ដែល​លោក​ស្រី​កំពុង​រស់នៅ។​

ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក ហុង រតនា អាយុ​៣៧​ឆ្នាំ ជា​អ្នក​លក់​ចាប់​ហួយ​ នៅ​ខាង​មុខ​សង្កាត់​សាលាកំរើក បាន​ប្រាប់​VOAថា ​មេឃុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ដែល​ត្រូវ​បំពេញ ដូច្នេះ​អ្នក​ឈរ​ឈ្មោះ​ទាមទារ​ឲ្យ​មានបទពិសោធន៍​លើ​កិច្ច​ការ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​ខ្ញុំ​គិត​ ចំណេះ​ដឹង​គាត់​អាច​មាន បទពិសោធន៍​គាត់​មិន​ធ្លាប់​ឆ្លង​កាត់​ពីមុន​មក ពីព្រោះ​អី​ការងារ​មេឃុំ​ហ្នឹង ការងារ​គាត់​ច្រើន ទាល់តែ​អ្នក​មាន​បទពិសោធន៍ ទាំង​ធ្វើ ទាំង​ចំណេះដឹង បាន​ទៅ​រួច បើ​គាត់​នៅ​ក្មេង​ដែរ»។

លោក​ចង់​ឲ្យ​មេឃុំ​ថ្មី ​បន្ត​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់ និង​បន្ត​អភិវឌ្ឍ​សង្កាត់​ជា​បន្ត​ទៀត។ ​

ចំណែក​អ្នកស្រី ទៀម សុគន្ធា អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​សាលាកំរើក មាន​ប្រសាសន៍​ថា​អ្នកស្រី​ចង់​ឲ្យ​មេឃុំ​ថ្មី ជួយ​ដោះ​ស្រាយ​ប្រព័ន្ធ​លូ និង ​តម្លៃ​ភាស៊ី​ម៉ូតូ​តាម​ផ្សារ។

«មូស​ក៏​មូស ហើយ​ស្អុយ​ទៀត។ បើ​មាន​ភ្លៀងមាន​អី និយាយ​ពី​ឆួល»។

ចំណែក លោក នៀម លុក អាយុ៥៩ឆ្នាំ ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ត្រពាំង​ត្រែង និង​ជា​អ្នក​ធ្វើស្រែ​ចម្ការ មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មេឃុំ​ថ្មី​ជួយ​ដោះស្រាយ​តម្លៃ​ស្រូវ​ដែល​ធ្លាក់​ចុះ។

លោក​មាន​ប្រសាសន៍​ថា៖ សុំ​ឲ្យ​បានស្រូវ១​ពាន់ ទៅ​៨​រយ ៩​រយ​ទៅ គ្រាន់»។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក​ស្រី កែ សុវណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ​អាយុ​មិនមែន​ជា​បញ្ហា​សម្រាប់​តំណែង​មេឃុំ​នោះ​ទេ តែ​អ្វី​សំខាន់​នោះ គឺ​គោល​នយោបាយ​ល្អ​របស់​គណបក្ស​ និង​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ទាំង​នោះ។

លោក​ស្រី​សង្ឃឹម​ថា ​គណបក្សប្រឆាំង​ ​នឹង​ទទួល​បាន​តំណែង​មេឃុំ និង​ចៅសង្កាត់​ច្រើន​ក្នុង​ចំណោម​១០០​ឃុំ​សង្កាត់​ក្នុង​ខេត្តសៀមរាប។​

ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​៨.២៩២​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​១១.៤៥៩ និង​ទទួល​បាន​តំណែង​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១.៥៩២​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១.៦៣៣​នៅ​ក្នុង​អាណត្តិ​នោះ។

គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​២.៩៥៥ ​និង​តំណែង​មេឃុំ​ចៅ​សង្កាត់​តែ​ចំនួន​៤០​ប៉ុណ្ណោះ។

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា​ថា ​ខ្លួន​នឹង​ព្យាយាម​ផ្ដល់​តំណែង​ណាមួយ​សម្រាប់​មេឃុំ​ ចៅសង្កាត់ ​ដែល​មិនបានជាប់ឆ្នោត​នៅ​ពេល​ខាងមុខ ក្នុង​នោះ​មាន​តំណែង​ជា​ទី​ប្រឹក្សា​ជាដើម៕

XS
SM
MD
LG