ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប កំពុង​សហការ​ជាមួយ​អ្នកជំនាញ តាមចាប់​អ្នកលួច​ចូល​​គេហទំព័រ​របស់​ខ្លួន​


រូបឯកសារ៖ មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។
រូបឯកសារ៖ មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ កំពុង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ និង​អ្នក​ជំនាញ​ ដើម្បី​ស្វែង​រក​អ្នក​ដែល​លួច​ចូល​ ឬ​ហៅ​ថា​ Hacker ដែល​បាន​ចូល​ Hack​ ​គេហទំព័រ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ គ.ជ.ប ។

បន្ទាប់​ពី​មាន​ការ​លួច​ចូល​ក្នុង​គេហទំព័រផ្សព្វផ្សាយ​បញ្ជីឈ្មោះ​អ្នក​បោះ​ឆ្នោត ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ពី​ការ​សហការ​ជាមួយស្ថាប័ន​មាន​សមត្ថកិច្ចដើម្បី​តាម​ចាប់​ជន​ដែល​ប្រព្រឹត្ត ​ល្មើស​មក​អនុវត្ត​ទោស​តាម​ច្បាប់។ អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា សមត្ថកិច្ច​គួរ​ពន្លឿន​ការ​តាម​ចាប់​អ្នក​ដែល​លួច Hack ​ចូល​ក្នុងគេហទំព័រ​នោះ​ ដើម្បី​ទំនុក​ចិត្ត​អ្នក​បោះឆ្នោត។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ កំពុង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ និង​អ្នក​ជំនាញ​ ដើម្បី​ស្វែង​រក​អ្នក​ដែល​លួច​ចូល​ ឬ​ហៅ​ថា​ Hacker ដែល​បាន​ចូល​ Hack​ ​គេហទំព័រ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ គ.ជ.ប ។

គេហទំព័រ​ www.voterlist.org.kh ជា​គេហទំព័រ​ដែល​មាន​បង្ហោះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជិត​៨​លាន​នាក់​ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ ​ស្វែង​រក​ឈ្មោះ​របស់​ពួកគេ​លើ​គេហទំព័រ​នោះ។

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ នៅ​ដើម​ឆ្នាំ​២០១៧​នេះ​ គេហទំព័រ​របស់​គ.ជ.ប. ដែល​បង្ហោះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​គេលួច Hack ចំនួន​២​ដង​រួច​មក​ហើយ។ លោក​បន្ត​ថា ​អ្នក​ដែល​ Hack នោះ​អាច​មាន​បំណង​បំផ្លាញ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ ដើម្បី​រំខាន​ដល់​ការ​បោះឆ្នោត ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត​មក​លើ​ គ.ជ.ប។​

លោក​ ហង្ស ​ពុទ្ធា​ បន្ថែម​ថា ​បើ​ទោះ​បី​ជា​ការ Hack នោះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ទិន្នន័យ​ក្នុង​គេហទំព័រ​នោះ​ក៏​ដោយ ​ក៏​ (គ.ជ.ប) ​កំពុង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ និង​អ្នក​ជំនាញ ​តាម​ចាប់​អ្នក​ Hack ដើម្បី​រក្សា​បរិយាកាស​មុន​ការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

លោក​បញ្ជាក់​ប្រាប់​ VOA ថា៖​

«គ.ជ.ប​ មាន​ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ពិសេស​ស្ថាប័ន​ដែល​ធ្វើ​ការងារ​លើ​ផ្នែក​សន្តិសុខ​ខាង​ផ្នែក​បច្ចេកវិទ្យា។ ចំពោះ​ចំណាត់ការ​បែប​ណា​នោះ ​មិន​ទាន់​មាន​ការ​សម្រេច​ទេ។ ប៉ុន្តែ​បញ្ហាសំខាន់​ គឺ​ (គ.ជ.ប) ខ្លួន​ឯង​ហ្នឹង​រៀបចំ​ការ​ការពារ និង​មាន​ភាព​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ​ទៅ​លើ​អ្វី​ដែល​ជា​សមត្ថកិច្ច​របស់​ខ្លួន»។

លោក​ ហង្ស ​ពុទ្ធា ​សុំ​មិន​ប្រាប់​ពី​តម្រុយ​របស់​អ្នក​ដែល​ Hack ​នោះ​ទេ ​ដោយ​លោក​អះអាង​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត។ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​ប្រាប់​ថា​ អ្នក​ដែល​ Hack នោះ​ត្រូវ​បាន​គេ​ដឹងថា ​កំពុងរស់​នៅ​ក្រៅ​ប្រទេស។

លោក ​ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ VOA ថា ​សមត្ថកិច្ច​ត្រៀម​ខ្លួន​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​ Hack គេហទំព័ររបស់ ​គ.ជ.ប ​ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ នៅ​ពេល​ទទួល​បាន​បណ្តឹង​ពី​ (គ.ជ.ប)។

ថ្មីៗ​នេះ​មាន​ការ​បង្ហោះ​តាម​បណ្តាញ​អ៊ីនធឺណិត​ដែល​និយាយ​ពី​សមត្ថភាព​របស់​ Hacker ក្នុង​ការ​លួច​ចូល​ទៅ​លុប​ ឬ​បំផ្លាញ​ទិន្នន័យ​បោះឆ្នោត​តាម​វិធីសាស្រ្ត​ផ្សេងៗ​ ដោយ​មាន​បង្ហាញ​ពី​រូបភាព​នៃ​ការ​ Hack ចូល​ក្នុង​គេហទំព័រ​របស់​ (គ.ជ.ប) ផង​ដែរ។ ទោះ​ជា​យ៉ាងណា​ លោក​ ហង្ស​ ពុទ្ធា ​បាន​ច្រាន​ចោល​ព័ត៌មាន​ និង​រូបភាព​ទាំង​នោះ ​ថា​ជា​ការ​មិន​ពិត។

លោក ​យឿង​ សុធារ៉ា​ មន្រ្តី​ច្បាប់ និង​អង្កេត ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្រ្វែល​ ប្រាប់ VOA ថា​ ​ដោយសារ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ធ្វើ​ឡើងតាម​បែប​បុរាណ មិនមែន​តាម​អ៊ីនធឺណិត​ដូច​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ ដូច្នេះ​លោក​ថា ​ការ​លួច Hack ​ចូល​គេហទំព័រ​របស់​ គ.ជ.ប ​នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ទេ។

លោក ​យឿង ​សុធារ៉ា​ បន្ថែម​ថា​ បើ​ទោះ​ជា​ការ​ Hack នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត ប៉ុន្តែ​លោក​ថា​ ទង្វើ​នេះ​ជា​អំពើ​ខុស​ច្បាប់​ដែល​សមត្ថ​កិច្ច​ត្រូវ​តែ​ស្វែង​រកជន​បង្ក​មក​ផ្តន្ទា​ទោស ដើម្បី​ធានា​ដល់​ទំនុក​ចិត្ត​របស់​ប្រជា​ពលរដ្ឋសម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ។​

លោក​បញ្ជាក់​ថា៖

«វា​ជា​អំពើ​ល្មើស​ច្បាប់​ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ អា​នេះ​ជា​កិច្ចការ​រំខាន​ដល់ការងារ​របស់ ​(គ.ជ.ប) ហើយ​ម្យ៉ាង ទៀត​ក៏​ធ្វើ​ឲ្យ​សាធារណជន មាន​ការ​ភាន់ច្រឡំ​ដែរ​ នៅ​ពេល​ដែល​មាន​សារ​អី​មួយ​ថា​ជា​សេចក្តី​សម្រេច​របស់ ​(គ.ជ.ប ) គាត់​ដាក់ Post (បង្ហោះ) ក្នុង​វេបសាយ​ហ្នឹង​ទៅ​ ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​យក​ទៅ​ចុះ​ផ្សាយ។ សាធារណជន​មើល​ទៅ​មាន​ការ​ភាន់ច្រឡំ។​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ការ ឬក៏​កិត្តិយស​របស់​ (គ.ជ.ប) ដែរ»។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ជិត​៨​លាន​នាក់។ ចំណែក​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៨​ ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​បារម្ភ​ពី​បរិយាកាស​នៃ​ការ​បោះឆ្នោត​ ខណៈ​ពេលដែល​គណបក្ស​ប្រឆាំង​កំពុង​ប្រឈម​នឹង​បញ្ហា​ក្បាលម៉ាស៊ីន​ដឹកនាំ៕

XS
SM
MD
LG