ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតចូលមកដល់ក្រសួងមហាផ្ទៃបានត្រៀមកងកម្លាំងប្រមាណជា៥០.០០០នាក់ ដើម្បីដាក់ពង្រាយតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។ អ្នកឃ្លាំមើលការបោះឆ្នោតរំពឹងថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចក្នុងពេលបោះឆ្នោត នឹងមិនមានការបំពាក់អាវុធ ឬការចល័តទ័ពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតនោះទេ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាកងកម្លាំងមានសមត្ថកិច្ចឲ្យការពារសន្តិសុខក្នុងពេលបោះឆ្នោតឃុំសង្កាត់ខាងមុខ ឲ្យបានដូចការបោះឆ្នោតជាតិថ្នាក់ឆ្នាំ២០១៣ ជាមួយការពង្រាយកម្លាំងប្រមាណជា៥០.០០០នាក់។
លោក ស ខេង ថ្លែងបែបនេះក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៅបណ្ឌិតសភានគរបាលកម្ពុជាកាលពីថ្ងៃអង្គារម្សិលមិញ។
លោកថ្លែងថា ការការពារសន្តិសុខក្នុងពេលបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ មានភាពល្អប្រសើរដូច្នេះលោកចង់ឲ្យកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ខិតខំការពារការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ខាងមុខនេះ ឲ្យមានសុវត្ថិភាពខ្ពស់ ដូចការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣។
លោក ស ខេង មានប្រសាសន៍ថា៖
«ពេលនោះគឺមិនមានអ្នកស្លាប់ម្នាក់ក្នុងពេលបោះឆ្នោត បើទោះបីថា ការប្រើពាក្យពេចន៍វោហារសាស្ត្រនានាប៉ះទង្គិចគ្នាយ៉ាងណាក៏ដោយ។ ទាំងគណបក្សនយោបាយ និងគណបក្សនយោបាយ អ្នកនយោបាយ និងអ្នកនយោបាយ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ សមាជិកគណបក្សមួយ និងសមាជិកគណបក្សមួយក្តី ហើយសមត្ថកិច្ចជាមួយនិងប្រជាពលរដ្ឋក្តី ក៏មិនបានប៉ះទង្គិចគ្នា។ ដូច្នេះសរុបទៅមិនមានអ្នកណាស្លាប់នៅក្នុងព្រឹត្តិការណ៍ការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣នោះទេ»។
រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយចុះថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៦ ដោយសម្រេចប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្វើជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងអនុប្រធានលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងមន្ត្រីពីស្ថាប័នពាក់ព័ន្ធ និងអភិបាលគ្រប់បណ្ដារាជធានី ខេត្តជាច្រើនរូបទៀតជាសមាជិក។
គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ មានភារកិច្ចតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីធានាដល់ដំណើរការបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦-២០១៩។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ VOA នារសៀលថ្ងៃពុធនេះថា កម្លាំងសមត្ថកិច្ចដែលមានស្លៀកពាក់ឯកសណ្ឋានប្រមាណជា៥០.០០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោតទាំងជាង២០.០០០ ការិយាល័យទូទាំងប្រទេស។ លោកបន្ថែមថា ការដាក់ពង្រាយកម្លាំងពី២ ទៅ៣នាក់ ក្នុងមួយការិយាល័យបោះឆ្នោតនេះ នឹងមិនធ្វើឲ្យមានការរំខានដល់អ្នកបោះឆ្នោតនោះទេ។
លោកបញ្ជាក់ថា៖
«បរិយាកាសជារួមមិនមានអីត្រូវភ័យខ្លាច ប៉ះពាល់ ឬក៏មិនមានសញ្ញាអីដែលយើងគួរព្រួយបារម្ភទេ។ យើងក៏មានពិសោធន៍ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសម្រាប់ការបោះឆ្នោតហ្នឹងច្រើនដងមកហើយ។ ដូច្នេះខ្ញុំសង្ឃឹមថា ដំណើរការបោះឆ្នោតឃុំសង្កាត់ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនានេះ នឹងមិនមានបញ្ហាអីទាក់ទងនឹងការអសុវត្ថិភាព អសន្តិសុខ ដែលជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតនោះទេ»។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថាខុមហ្រ្វែល ប្រាប់ VOA ថា ការដាក់ពង្រាយកម្លាំងដើម្បីការពារសន្តិសុខក្នុងពេលបោះឆ្នោតជាវិធានការល្អដែលគួរតែមាន។ ទោះជាយ៉ាងណាលោករំពឹងថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចក្នុងពេលបោះឆ្នោត នឹងមិនមានការបំពាក់អាវុធ ឬការចល័តទ័ពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះឡើយ។
លោកបញ្ជាក់ថា៖
«បើសិនជាមានទ្រង់ទ្រាយធំក្នុងការពង្រាយកងកម្លាំងប្រដាប់អាវុធ មានអាវុធច្រង៉េងច្រង៉ាងជុំវិញមណ្ឌលបោះឆ្នោត ឬក៏ក្បែរៗមណ្ឌលបោះឆ្នោត អាហ្នឹងវាអាចជាសារមួយមិនប្រក្រតីហើយ។ យើងមិនសង្ឃឹមថា មានរូបភាពអញ្ចឹងទេ»។
ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ នឹងធ្វើឡើង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ច្បាប់បោះឆ្នោតឃុំសង្កាត់និងច្បាប់បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ បានកំណត់ឲ្យគណបក្សនយោបាយ១ ហែក្បួនឃោសនា តែពីរដងប៉ុណ្ណោះ គឺនៅថ្ងៃបើកយុទ្ធនាការឃោសនា និងនៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត។ រីឯយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេលតែ១៤ថ្ងៃប៉ុណ្ណោះ៕