ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ស្រាវជ្រាវ​ពីស.រ.អា ​និង​អាស៊ី​អាគ្នេយ៍​នឹង​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​សាសនា​និង​ទំនាក់​ទំនង​យេនឌ័រ


រូបភាព​​នៃ​​ឯកសារ​សិក្ខាសាលា​ស្តី​អំពី​ការ​ស្រាវជ្រាវ​ជា​អន្តរជាតិ​លើក​ទី២ (2nd International Research Conference)។

នៅ​ថ្ងៃ​ទី២១ ​និង​២២ ​ខែ​មេសា​នេះ ​សាស្ត្រាចារ្យ​ មេដឹកនាំ​សហគមន៍ ​និង​អ្នក​វិភាគ​នឹង​ជួប​ជុំ​គ្នា​នៅ​សាកលវិទ្យាល័យ​ Georgetown ​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ទស្សនៈ​វិស័យ​នៃ​ការ​ផ្លាស់​ប្តូរ​សាសនា ​និង​ទំនាក់​ទំនង​យេនឌ័រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប្រជាពលរដ្ឋ​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម ​ព្រះ​ពុទ្ធ​សាសនា ​និង​គ្រិស្ត​សាសនា។ ខណៈ​ដែល​ប្រទេស​នីមួយៗ​នៃ​តំបន់​នេះ ​កំពុង​អភិវឌ្ឍ​ជឿន​លឿន​ទៅ​មុខ ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​កំពុង​តែ​ផ្លាស់​ប្តួរ​យ៉ាង​ឆាប់​រហ័ស​ទាំង​ខាង​សេដ្ឋកិច្ច​ សង្គម​ និង​សាសនា។

ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​គម្រោង​ស្តី​អំពី​សាសនា ​គោលនយោបាយ​សាធារណៈ ​និង​ការ​ប្រែប្រួល​ខាង​សង្គម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ (Religion, Public Policy, and Social Transformation in Southeast Asia) ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ ​អ្នក​ជំនាញ​នៅ​សហរដ្ឋ​អាមេរិក ​និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​មក​ជួប​ជុំ​គ្នា ​ដើម្បី​ពិភាក្សា​អំពី​ការ​សិក្សា​ស្រាវជ្រាវ​ខាង​គោល​នយោបាយ ​នៅ​ក្នុង​សិក្ខាសាលា​ស្តី​អំពី​ការ​ស្រាវជ្រាវ​ជា​អន្តរជាតិ​លើក​ទី២ (2nd International Research Conference)។

ក្រៅ​ពី​អ្នក​ជំនាញ​មក​ពី​សហរដ្ឋ​អាមេរិក ​គេ​ឃើញ​មាន​អ្នក​ជំនាញ​មួយ​ចំនួន​ធំ​តំណាង​ឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​សិង្ហបុរី ​ថៃ ​ភីលីពីន ​កម្ពុជា ​វៀតណាម ​និង​មីយ៉ាន់ម៉ា ​នឹង​ពិភាក្សា​គ្នា​ជា​តុ​មូល ឆ្លើយ​តប​នឹង​សំណួរ​ជុំវិញ​បញ្ហា​ការ​ផ្លាស់​ប្តូរ​ខាង​សាសនា។

ការ​ពិភាក្សា​នេះ​គឺ​ដើម្បី​ស្វែង​យល់ ​ថា​តើ​ប្រទេស​នីមួយៗ​អាច​យក​ទ្រឹស្តី​សាសនា​មក​កែ​ប្រែ​ឲ្យ​ក្លាយ​ជា​ចលករ​ដ៏​រួម​ខ្លាំង​មួយ ​ដើម្បី​ការ​ប្រែ​ប្រួល​ខាង​សង្គម ​ឬ​ក៏​ការ​ផ្លាស់​ប្តូរ​ដ៏​ប្រសើរ​បំផុត​មួយ​បាន​យ៉ាង​ដូច​ម្តេច។ ជា​ពិសេស ​គឺ​ដើម្បី​ប្រើប្រាស់​ដំណើរ​ការ​នៃ​ការ​វិភាគ​ទស្សនៈ​នេះ​ក្នុង​ការ​បង្កើត ​និង​កែប្រែ​គោល​នយោបាយ​សាធារណៈ។

កញ្ញា ​សូ ហ្វារីណា ​អ្នក​ជំនាញ​ខាង​សាសនា​អ៊ីស្លាម ​ប្រវត្តិសាស្ត្រ​និយាយ​ផ្ទាល់​មាត់ ​និង​យេនឌ័រ ​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត ​នឹង​ចូល​រួម​ជា​អ្នក​វិភាគ​ម្នាក់​ដែរ។ ការ​វិភាគ​របស់​កញ្ញា ​ហ្វារីណា គឺ​ផ្តោត​យ៉ាង​សំខាន់​លើ​សាសនា ​និង​យេនឌ័រ​នៅ​កម្ពុជា។

នាង សូ ហ្វារីណា ​ថា៖ «‍សាសនា​គឺ​ជា​កត្តា​សំខាន់ ​ហើយ​វា​មិន​អាច​កាត់​ផ្តាច់​បាន​ពី​សង្គម​សាធារណៈ។ ហើយ​សាសនា​ក៏​អាច​នាំ​ទៅ​រក​សន្តិភាព។ ក៏​ប៉ុន្តែ ​សាសនា​អាច​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ដោយ​បុគ្គល ​និង​អ្នក​នយោបាយ​ ដែល​អាច​បង្កើត​ឲ្យ​មាន​ជម្លោះ ​និង​សង្គ្រាម​សាសនា»។

នាង ហ្វារីណា ​នឹង​ពិភាក្សា​លម្អិត​អំពី​តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​សេរីភាព​សាសនា ​ដែល​នៅ​កម្ពុជា ​យើង​ឃើញ​ថា ​ប្រជាជន​ប្រមាណ​ជិត​៥០ម៉ឺន​នាក់​គឺ​ជា​អ្នក​បដិបត្តិ​សាសា​អ៊ីស្លាម។

នាង ហ្វារីណា ​ថា៖ ‍«‍ខ្ញុំ​នឹង​និយាយ​អំពី​តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ឲ្យ​មាន​សេរីភាព​សាសនា​នៅ​ប្រទេស​កម្ពុជា ​ហើយ​នឹង​ចលនា​សាសនា​ថ្មី ​ជា​ពិសេស​គឺ​សាសនា​អ៊ីស្លាម ​ហើយ​នឹង​ផល​ប៉ះពាល់​ទៅ​លើ​ទំនាក់​ទំនង​យេនឌ័រ»។

ប្រធាន​បទ​នៃ​សិក្ខា​សាលា​នេះ ​ដែល​នឹង​ប្រារព្ធ​ឡើង​រយៈពេល​២ថ្ងៃ ​នៅ​សាកលវិទ្យាល័យ​ Georgetown ​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក ​គឺ​ផ្តោត​សំខាន់​លើ​ការ​ផ្លាស់​ប្តូរ​ខាង​សាសនា អត្តសញ្ញាណ ​និង​យេនឌ័រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍៕

XS
SM
MD
LG