ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្រគល់​មេដាយ​ឲ្យ​សមាគម​រក្សា​មរតក​ខ្មែរ​នៅ​ស.រ.អា.


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយ​ពី​ខិតខំ​ប្រឹងប្រែង​អភិរក្ស​សិល្បៈ​វប្បធម៌​ខ្មែរ​អស់រយៈ​ពេល​៣៥​ឆ្នាំ​កន្លងមក​នេះ ​ទីបំផុត​សមាគម​រក្សាមត៌កខ្មែរ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ស.រ.អា.​ ត្រូវ​បាន​រដ្ឋាភិបាលខ្មែរកោត​សរសើរ​ដោយ​ប្រគល់​មេដាយ​ឲ្យ​ប្រធាន​សមាគម​នេះ​ និង​ភរិយា​ដែលជា​អ្នកផ្តួចផ្តើម​បង្កើត​សមាគម​នេះ​កាល​ពី​ឆ្នាំ​១៩៨០​មក​នោះ។

ដូច​រាល់ៗ​ឆ្នាំដែរ ​សមាគម​រក្សាមត៌ក​ខ្មែរ​រៀបចំកម្ម​វិធី​សម្តែង​សិល្បៈ​ជូន​ជនជាតិ​ខ្មែរ​នៅស.រ.អា.បាន​ទស្សនា​កម្សាន្ត។ អ្វីដែល​ពិសេស​ក្នុង​ការ​សម្តែង​សិល្បៈ​នៅ​ខួប​៣៥​ឆ្នាំ​របស់ខ្លួន​ សមាគម​រក្សាមត៌ក​ខ្មែរ​បាន​ទទួល​មេដាយ​មុនីសារាភ័ណ្ឌថ្នាក់​ធិបឌិន​ដល់​លោក ​ទេស សារឿម​ ប្រធាន​សមាគម​ដ៏​ជោគជ័យ​នេះ ​និង​ភរិយា​របស់​លោក ​គឺ​អ្នកស្រី ​ទេស ​សំអឿន ដែល​ជាអ្នក​ផ្តួច​ផ្តើម​គំនិត​អភិរក្ស​វប្បធម៌ខ្មែរ​នៅ​តំបន់រដ្ឋធានី​វ៉ាស៊ីនតោន​នេះ។​

ការតុបតែ​នៅពីក្រោយ​ឆាក​មុន​ឡើង​សម្តែង​ទាមទារ​ការ​ប្រឹងប្រែង​ច្រើនជាង​ការខិតខំ​សម្តែង​លើឆាក​ដ៏ស្រស់​ស្អាត។ ​ ការសម្តែង​នៅលើឆាក​ពី​១០ទៅ​១៥​នាទី ​មើល​ទៅ​រលូន​ស្រុះគ្នា​ ហាក់​ដូចជា​ស្រួល តែនៅ​ពី​ក្រោយ​ឆាក​ក្រុម​សិល្បករ ​សិល្បការិនី ​គ្រូ​សិល្បៈ​ មាតាបិតា​និង​ក្រុមភ្លេង​បាន​ត្រៀម​រៀបចំច្រើន​ម៉ោង។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​ ឡាំ បញ្ចពរ ​ភារៈធារី​ស្ថានទូត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំរដ្ឋធានី​វ៉ាស៊ីនតោន​ទទួលស្គាល់​ថា ការ​អភិរក្សសិល្បៈ​វប្បធម៌ខ្មែរ​នៅ​ក្រៅ​ប្រទេស​ពិតជា​មាន​ការ​លំបាក​ គឺពិបាក​ជាង​ការ​ថែរក្សា​សិល្បៈ​វប្បធម៌​នៅមាតុភូមិ។​

លោក​ទេស សារឿម​ ប្រធាន​សមាគម​រក្សា​មត៌ក​ខ្មែរ​បាន​មាន​ប្រសាសន៍​ អំពី​ការលំបាក​និង​ការខិត​ខំប្រឹងប្រែង​កវែក​កឆ្នាំងបង្កើត​សមាគម​នេះ​ពីដំបូង​ ដែល​ខ្វះខាត​គ្រប់​យ៉ាង​ ខ្វះគ្រូ ​ខ្វះ​ឧបរកណ៍​ភ្លេង ​កន្លែង​ហាត់តូច​ចង្អៀត​ ហើយ​បង​ប្អូន​ខ្មែរដែល​ទើប​មក​នៅ​ស.រ.អា.​ ពីដំបូង​មាន​ជីវភាព​លំបាក។

លោក ​ទេស សារឿម ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​សមាគម​ទទួល​បាន​ជោគជ័យនិង​មាន​ការគាំទ្រ​ពី​ជនជាតិ​ផ្សេងៗ​នៅ​ស.រ.អា.និង​ពី​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក​ ជាពិសេស ​National Endowment for The Arts។ លោក​ពន្យល់​ថា ​ការ​លំបាក​ក្នុង​ពេល​បង្កើត​សមាគម​ដំបូង ​និង​ការលំបាក​នៅពេល​បច្ចុប្បន្ន​ទាមទារ​ការប្រឹង​ប្រែង​ដូច​គ្នា។ ​លោក​និយាយថា ​ទូកតូច​ក្តោងទូច​ទូកធំ​ក្តោង​ធំ។​

សមាគម​រក្សា​មត៌ក​ខ្មែរ​រៀបចំ​កម្មវិធីសម្តែងសិល្បៈ​អំណរ​ចូលឆ្នាំខ្មែរ​នៅអំឡុង​ចុង​សប្តាហ៍​មុនដំណាច់​ខែ​មេសា ​ហើយ​ឆ្នាំនេះ​ត្រូវ​នឹងថ្ងៃ​សៅរ៍​ទី២៥​ខែ​មេសា។ ​

ដូច​រាល់​ឆ្នាំ ​ក្រោយពី​ការ​សម្តែង​សិល្បៈ ​មាន​កម្មវិធី​ជូនពរ ​និង​ការ​ថ្លែង​អំណរ​គុណ​ពី​ក្រុម​សិល្បៈ​ករ ​សិល្បៈការិនី​ចំពោះ​អ្នកគាំទ្រ​ ដែល​ជាវ​សំបុត្រ​ទស្សនា និង​ផ្តល់​អំណោយ។ ​កម្មវិធី​ចុង​ក្រោយ​ គឺ​ការ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សិល្បៈករ​ សិល្បៈការិនី ​ថតជា​មួយ​បវរកញ្ញា​ខ្មែរ​នៅតំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ថតជា​មួយ​គ្រូរបាំ គ្រួសារ​ និង​សាច់​ញាតិ។​

លោក ​ទេស សារឿម និងភរិយា​បាន​ពាក់​មេដាយ​មុនី​សារាភ័ណ្ឌ​ថ្នាក់​ធិបឌិន​ថត​រូប​អនុស្សាវរីយ៍​បាន​បន្តិច​ក៏​ដោះ​ទុក។​

លោក ​ទេស​ សារឿម​ ថ្លែង​ថា ​មេដាយ​នេះ​ថ្វីបើ​ឈ្មោះលោក​ និង​ភរិយា​របស់​លោក​ជាអ្នក​ទទួល​មែន​ តែវាជា​សមិទ្ធិ​ផល​នៃ​ការ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា។​

​លោក​គិត​ថា ​មេដាយ​នេះ​ជា​របស់​សមាគម​ទាំងមូល។​

លោក​ គឹម ហេង​ ដែល​មាន​ចៅ​ប្រាំនាក់​ចូលរួម​រាំ​សិល្បៈ ​ដែរ​នោះ​ថ្លែង​ថា គ្រួសារ​ទាំងអស់​ទាំង​បាន​ខិតខំ​ទាំងអស់​គ្នា​រួម​ចំណែក​ធ្វើឲ្យ​ការ​សម្តែង​របាំ​សិល្បៈនេះ​បានរីកចម្រើន។​

លោក​យល់​ថា ទាំងអស់​គ្នា​យល់​ពី​អារម្មណ៍របស់​លោក​ ទេស​ សារឿម​ ដែល​ថ្លែង​ថា ​លោក​ទទួល​មេដាយ​ក្នុង​នាម​សមាគម​ទាំង​មូល៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG