ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ត្បូង​ប្រឈម​នឹង​ការ​រិះគន់​ចំពោះ​គោលនយោបាយ​ជន​ភៀស​ខ្លួន


ក្មេងៗ​ភៀស​ខ្លួន​ស៊ីរី​លេង​នៅ​ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុង Gaziantep ប្រទេស​តួកគី កាលពី​ថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០១៦។

ស្រប​ពេល​ដែល​បណ្តា​ប្រទេស​អឺរ៉ុប​កំពុង​ព្យាយាម​ដោះស្រាយ​ជន​ទេសន្តប្រវេសន៍​ជាង​១លាន​នាក់​ ដែល​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​ក្នុង​ប្រទេស​បញ្ចឹមបូព៌ា​ ប្រជាជន​ស៊ីរី​មួយ​ចំនួន​តូច​កំពុង​ស្វែងរក​កិច្ច​គាំពារ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

មាន​តែ​ប្រជាជន​ស៊ីរី​មួយ​ចំនួន​តូច​តែប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា ជា​ជន​ភៀស​ខ្លួន។ ពួកគេ​ភាគច្រើន​ទទួល​បាន​ទិដ្ឋាការ​មនុស្សធម៌​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ស្នាក់នៅ​ក្នុង​ប្រទេស​ដោយ​គ្មាន​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ លំនៅឋាន​ ឬ​សេវា​សុខភាព​ឡើយ។

ក្នុង​តួលេខ​របស់រដ្ឋាភិបាល​បង្ហាញថា​ ចាប់តាំង​ពី​ឆ្នាំ​១៩៩៤​ មាន​ប្រជាជន​ស៊ីរី​ចំនួន​១.១៤៤នាក់​បាន​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ប៉ុន្តែ​សិទ្ធ​ជា​ជន​ភៀស​ខ្លួន​ត្រូវ​បាន​ប្រគល់​ឲ្យ​តែ​៣នាក់​ប៉ុណ្ណោះ។

លោក Ahmed Lababidi អាយុ​២៣ ឆ្នាំ ​ជា​ពលរដ្ឋ​ស៊ីរី​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សេង​ទៀត​ដែល​ពាក្យ​ស្នើសុំ​របស់​លោក​ត្រូវ​បាន​បដិសេធ។ សព្វថ្ងៃ​ លោក​រស់​នៅ​លើ​កោះ​ Jeju​ ដែល​ប្រើរយៈ​១ ម៉ោង​ពី​ខាង​ត្បូង​ទីក្រុង​សេអ៊ូល​ ប្រសិនបើ​ធ្វើ​ដំណើរ​តាម​អាកាស។ លោក​ និង​ប្អូន​ប្រុស​របស់​លោក​បាន​ភៀស​ខ្លួន​ពី​ស្រុក​កំណើត​ទីក្រុង​ Aleppo​ នៅ​ឆ្នាំ​២០១២​ បន្ទាប់​មក​ក៏​ធ្វើ​ដំណើរ​មក​កូរ៉េ​ខាង​ត្បួង​ដោយ​ទិដ្ឋាការ​ពាណិជ្ជកម្ម​បណ្តោះ​អាសន្ន។

ប៉ុន្តែ​ពេល​លោក ​Lababidi​ ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ក្នុង​ស្រុក​មួយ​ លោក​និយាយថា​ គេ​ប្រាប់​លោក​ថា​ការ​ភៀស​ខ្លួន​ពី​សង្គ្រាម​មិន​ដែល​ជា​លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​សិទ្ធ​ជា​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទេ។

លោក​រៀបរាប់​ពី​សម្តី​ដែល​មន្រ្តី​នោះ​បាន​ប្រាប់​លោក​ថា៖ «ពួកគេ​គ្រាន់​តែ​និយាយថា​ អ្នកមិនមែន​ជា​ជន​ភៀស​ខ្លួន​ទេ​ ព្រោះ​វា​គ្រាន់​តែ​ជា​សង្គ្រាម​តែ​ប៉ុណ្ណោះ​ អ្នក​អាច​ស្នាក់​នៅ​ទីនេះ​បាន​ ប៉ុន្តែ​មិន​មែន​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ទេ»។

លោក​ Lababidi​ បន្ថែម​ថា​ ភ្នាក់ងារ​នោះ​បាន​ប្រាប់​លោក​ថា​ លក្ខខណ្ឌ​ស្នើ​សុំ​សិទ្ធិ​ស្នាក់​នៅ​គឺ​អាស្រ័យ​លើ​ការ​បង្ហាញ​ភស្តុតាង​បញ្ជាក់​ថា​ ជីវិត​របស់​លោក​នឹង​ទទួល​រង​ការ​គំរាម​កំហែង​ ប្រសិន​បើ​លោក​ត្រឡប់​ទៅ​ប្រទេស​ស៊ីរី​វិញ។

«ខ្ញុំ​មាន​សកម្មភាព​ខ្លះៗ​លើ​គេហទំព័រ​ហ្វេសប៊ុក ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ពួកគេ​ស្គាល់​ឈ្មោះ​របស់ខ្ញុំ» លោក​និយាយថា​ ទោះ​បី​ជា​លោក​ប្រាក់​មន្រ្តី​នោះ​បែប​នេះ​ ក៏​មិន​បាន​ការ​ដែរ។

សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ

អ្នក​តាម​ដាន​ស្ថានការណ៍​មួយ​ចំនួន​ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ពី​បទ​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ភាគី​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ទាក់ទង​នឹង​សិទ្ធិ​របស់​ជន​ភៀស​ខ្លួន។ សន្ធិសញ្ញា​នេះ​កំណត់​ថា​តើ​អ្នក​ណា​ខ្លះ​ជា​ជន​ភៀស​ខ្លួន​ និង​ទំនួល​ខុស​ត្រូវ​របស់​ប្រទេស​ម្ចាស់​ផ្ទះ​ចំពោះ​បុគ្គល​នោះ។

«ជាក់​ស្តែង​ណាស់​ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ទាំង​នេះ​ លើក​លែង​តែ​ករណី​ដែល​មាន​ភស្តុតាង​ច្បាស់លាស់​តែ​ម្តង»។ នេះ​ជា​សម្តី​របស់លោក​ Phil Robertson​ អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​អាស៊ី។

លោក ​Robertson​ និយាយ​ថា​ទិដ្ឋាការ​មនុស្ស​ធម៌​របស់​កូរ៉េ​ខាង​ត្បូង​ គឺ​ស្ថិត​ក្នុង​ «ជំពូក​សិប្បនិម្មិត» ដែល​ «ផ្តល់​សិទ្ធិ​តិច» ​ទៅ​កាន់​អ្នក​ស្វែង​រក​សិទ្ធ​ជ្រក​កោន។ ហើយ​លោក​បាន​លើក​ឡើង​ថា​ ប្រទេស​ជប៉ុន​ក៏​កំពុង​រង​ការ​រិះគន់​ស្រដៀង​គ្នា​នេះ​ដែរ​ចំពោះ​គោល​នយោបាយ​ជន​ភៀស​ខ្លួន។

លោក​បាន​និយាយ​ថា៖ «ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​សុទ្ធ​តែ​ជា​សង្គម​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ប្រសើរ​ និង​មាន​លទ្ធភាព​ផ្តល់​ជំនួយ​ជា​ទីលំនៅ​ដល់​ជន​ភៀស​ខ្លួន។ ពួកគេ​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ក្នុង​សង្គម​របស់​ខ្លួន»។

លោក ​Robertson​ លើកឡើង​ថា ​គោលនយោបាយ​របស់​កូរ៉េ​ខាង​ត្បូង​ចំពោះ​ជនជាតិ​ស៊ីរី​ ឬ​ជន​ភៀស​ខ្លួន​ដទៃ​ទៀត​ មាន​ភាព​ខុស​ស្រឡះ​ពី​កម្មវិធី​ផ្លាស់​ទី​លំនៅ​យ៉ាង​ទូលំទូលាយ​ចំពោះ​ជន​ចំណាក​ស្រុក​កូរ៉េ​ខាង​ជើង។ លោក​និយាយ​ថា​ វា​ជា​ការ​ធ្វើ​ពុត​សម្រាប់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ការពារ​ជន​ភៀស​ខ្លួន​មក​ពី​កូរ៉េ​ខាង​ជើង​ ស្រប​ពេល​ដែល​ខ្លួនឯង​ផ្ទាល់​មិន​បាន​ផ្តល់​ជំនួយ​ទៅ​ជន​ភៀស​ខ្លួន​ដែល​ចូល​ក្នុង​កូរ៉េ​ខាង​ត្បូង​ដោយ​ស្មើ​ភាព​គ្នា។​

ស្រ្តី​ដែល​ភៀស​ខ្លួន​ពី​កូរ៉េ​ខាង​ជើង​ដើរ​ចូល​ថ្នាក់​រៀន​នៅ​សាលា​រដ្ឋ​មួយ​ នៅ​ក្នុង​ក្រុង Anseong ប្រមាណ​ជា​៨០គ.ម​នៅ​ភាគ​ខាង​ត្បូង​ពី​រដ្ឋធានី​សេអ៊ូល កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៩។
ស្រ្តី​ដែល​ភៀស​ខ្លួន​ពី​កូរ៉េ​ខាង​ជើង​ដើរ​ចូល​ថ្នាក់​រៀន​នៅ​សាលា​រដ្ឋ​មួយ​ នៅ​ក្នុង​ក្រុង Anseong ប្រមាណ​ជា​៨០គ.ម​នៅ​ភាគ​ខាង​ត្បូង​ពី​រដ្ឋធានី​សេអ៊ូល កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៩។

ជនជាតិ​កូរ៉េ​ និង​អ្នក​ខាង​ក្រៅ​

រដ្ឋ​ធម្មនុញ្ញ​កូរ៉េ​ខាង​ត្បូង​ផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​ពេញលេញ​ដល់​ប្រជាជន​កូរ៉េ​ខាង​ជើង​ តាំង​ពី​ពេល​ដែល​ពួកគេ​ឈាន​ជើង​ចូល​ក្នុង​ប្រទេស​ម្ល៉េះ​ ព្រោះ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​មិន​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ទេ។

ក្រៅពី​នេះ​ ប្រជាជន​កូរ៉េ​ខាង​ត្បូង​ជាច្រើន​មិន​ចាត់​ទុក​ប្រជានជន​កូរ៉េ​ខាង​ជើង​ជា​ជនបរទេស​ឡើយ​ ពីព្រោះ​ពួកគេ​គឺ ​«ស្ថិត​ក្នុង​អម្បូរ​តែ​មួយ» នេះ​ជា​សម្តី​របស់​លោកស្រី ​Chung Shin-yong​ មេធាវី​អន្តោប្រវេសន៍​ម្នាក់​នៅ​សេអ៊ូល។

លោក​ស្រី​និយាយ​ថា​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​ដែល​ប្រជាជន​មាន​ទម្លាប់​រស់នៅ​ស្រដៀង​គ្នា។ ហេតុ​ដូច្នេះ​ហើយ​ទើប​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​មិនមែន​ជា​ជនជាតិ​កូរ៉េ​ ដោយសារ​ «ភាព​ខុសគ្នា​នៃ​ពណ៌​សម្បុរ​ ឬ​វប្បធម៌»។

លោក​ស្រី​បាន​បន្ត​ថា​ ការ​រើស​អើង​នេះ​ជា​បញ្ហា​ប្រឈមមួយ​សម្រាប់​ជន​ភៀស​ខ្លួន​មូស្លីម​ជា​ពិសេស​ ព្រោះ​អ្នក​នយោបាយ​កូរ៉េ​មួយ​ចំនួន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការ​អនុវត្ត​ច្បាប់​បាន​ព្យាយាម​បង្ហាញ​ពី​ទំនាក់ទំនង​របស់​ពួកគេ​ និង​ភេវរកម្ម។

មន្រ្តី​ម្នាក់​នៅ​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​សុំ​មិន​ចេញ​ឈ្មោះ​ដោយសារ​បទ​បញ្ជា​ការិយាល័យ​និយាយ​ថា​ ពាក្យ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ទាំង​អស់​សុទ្ធ​តែ​ «ត្រូវ​បាន​វាយ​តម្លៃ​ស្មើៗ​គ្នា»​ ថែម​ទាំង​ឆ្លង​កាត់​ការ​ពិចារណា​ទៅ​លើ​ស្ថានភាព​មាតុភូមិ​របស់​ពួកគេ​ និង​ភស្តុតាង​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ស្រុក​ផង​ដែរ។

ជនជាតិ​ស៊ីរី​ដែល​មាន​ឈ្មោះ​ថា​ Ahmed Lababidi​ និយាយ​ថា​ ការិយាល័យ​អន្តោប្រវេសន៍​មិន​បាន​ប្រាប់លោក​ពី​ចំនួន ឬ​រយៈពេល​ដែល​លោក​អាច​ពន្យារ​ទិដ្ឋាការ​មនុស្សធម៌​របស់​លោក​ទេ។ លោក​និយាយ​ថា​ លោក​បាន​រស់​នៅ​យ៉ាង​សុខ​ស្រួល​ក្នុង​លំនៅឋាន​ថ្មី​របស់​លោក​នៅ​លើ​កោះ​ ប៉ុន្តែ​លោក​ក៏​បាន​ពិចារណា​ពី​ជម្រើស​ផ្សេង​ដែរ។

ប្រសិន​បើ​ឪពុកម្តាយ​របស់​លោក​ ដែល​កំពុង​រស់នៅ​ប្រទេស​តួកគី​ ទទួល​បាន​សិទ្ធិ​ជា​ជនភៀស​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប​នោះ​លោក​ Lababidi​ និយាយថា​៖ «ប្រហែល​ជា​ខ្ញុំ​អាច​ទៅ​ជាមួយ​ពួកគាត់​ ប៉ុន្តែ​ខ្ញុំ​ចង់​រស់នៅ​លើ​កោះ Jeju»៕

ប្រែសម្រួលដោយ៖ វិញ សុជាតា

XS
SM
MD
LG