ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​កីឡាការិនី​៣នាក់​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​​ជប៉ុន


អត្តពលិកហែលទឹកកម្ពុជា ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅស្តាតអូឡំាពិក។ (រូបភាពផ្តល់ដោយ Hem Puch កីឡាករហែលទឹកជម្រើសជាតិកម្ពុជា)

មន្រ្តី​ផ្នែក​កីឡានៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ខ្លួនត្រៀម​បញ្ជូន​កីឡាករ​និង​កីឡាការិនី​ខ្មែរ​សរុប​៣នាក់ ​ដែល​មាន​អត្តពលិក​ហែល​ទឹក​២​នាក់ និង​រត់​ល្បឿន​១នាក់​ទៅ​ប្រកួត​កីឡា​អូឡាំពិក (Olympic) ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុងទីក្រុង​តូក្យូនៃ​ប្រទេស​ជប៉ុនចាប់​ពីសប្តាហ៍ទី​៣​នៃខែ​កក្កដា​នេះ។

នេះ​ជា​ការ​ផ្តល់​សិទ្ធិ​អនុគ្រោះ​សម្រាប់​កម្ពុជាពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរ​ជាតិ លើកីឡា​២ប្រភេទ​ គឺ​ហែលទឹក និង​រត់​លឿន​ដែល​មិន​តម្រូវ​ឲ្យ​កីឡាករកម្ពុជា​ប្រកួត​ជម្រុះ​ក្នុង​តំបន់​ឡើយ។

សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់គណៈ​កម្មការជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(គ.ជ.ប.អ)​កាល​ពីថ្ងៃ​ព្រហស្បតិ៍ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​សិទ្ធិ​អនុគ្រោះចូលរួម​ប្រកួត​កីឡា​អូឡាំពិកឆ្នាំ​២០២០ដែល​ត្រូវ​បាន​ពន្យារ​មួយ​ឆ្នាំ​មក​ហើយ​ដោយសារ​ជំងឺ​កូវីដ១៩។ កីឡា២​ប្រភេទដែល​កម្ពុជា​នឹង​បញ្ជូន​អត្តពលិក​៣នាក់​មាន​ការរត់​ល្បឿន​ប្រកួត​ដោយ​កីឡា​ករ​ ប៉ែន សុគង់​និង​កីឡា​ហែល​ទឹក​មួយវិញ្ញាសា​ដែល​ហែល​សេរី​៥០​ម៉ែត្រ​បុរស​-នារី​ដែល​នឹង​មាន​កីឡាករ​ខ្មែរ​២នាក់​ប៉ុន្តែ​មិន​ទាន់​មាន​ការ​ប្រកាស​ឈ្មោះ​អត្តពលិកផ្លូវ​ការ​នៅ​ឡើយ​ទេ។

លោក ​វ៉ាត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​VOA​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «អូឡាំពិក​ហ្គេម​នៅ​តូក្យូ យើង​ទៅ​តែ​២​ប្រភេទ​ទេ តែ​អត្តពល​កម្ម ​[រត់ល្បឿន] និង​ហែល​ទឹក។ យើង​អត់​មាន​កីឡាករ​ជាប់​កៅអី​ពេញ​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រកួត​ទេ។ យើង​ត្រូវ​បាន​ការ​អញ្ជើមឲ្យ​ចូល​រួម ដោយ​សិទ្ធិ​អនុគ្រោះ​យើង​ចូល​រួម​ដើម្បី​បំពេញ​សិទ្ធិ​កាតព្វកិច្ច​ជា​ចលនា​សមាជិក​អូឡាំពិក​អន្តរជាតិ»។

ការ​ប្រកួត​កីឡា​អូឡាំពិក​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ ដែល​ធ្វើ​ឡើង​រៀងរាល់​៤ឆ្នាំ​ម្តង​និងមាន​ប្រជាជាតិជាង​២០០​ប្រទេស​ចូលរួម។​កាល​ពី​ឆ្នាំ​២០១៦ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល ដែល​កាល​នោះ​កម្ពុជា​ក៏​បាន​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ផង​ដែរ ដែល​មាន​កីឡាការិនី​កម្ពុជា​ដំបូង គឺ​ស៊ន សៀវម៉ី ដែល​បាន​ឆ្លង​កាត់​វគ្គ​ជម្រុះ​សម្រាប់​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​មួយ​នេះ។ កីឡា​អូឡាំពិក​ឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី៨​ខែ​សីហា ​ឆ្នាំ​២០២១។

បុគ្គលិក​សន្តិសុខ​ឈរ​យាម​នៅ​ក្បែរ​រូប​សញ្ញា​អូឡាំពិកនៅ​ទី​ក្រុង​តូក្យូប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១។
បុគ្គលិក​សន្តិសុខ​ឈរ​យាម​នៅ​ក្បែរ​រូប​សញ្ញា​អូឡាំពិកនៅ​ទី​ក្រុង​តូក្យូប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១។

លោក ​ហែម គីរី ​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ប្រាប់​VOA​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថាកីឡាករ​កីឡាការិនី​កម្ពុជា​មិន​បាន​ជាប់​សិទ្ធិ​ប្រកួត​ដោយ​សារ​តែ​ថិរ​វេលា​នៅ​មិន​ទាន់​ដល់​កម្រិត​ដូច្នេះ​ហើយ​ទើបកម្ពុជា​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ក្នុងការ​ចូលរួម​ប្រកួត​បាន​តែ​វិញ្ញាសា​មួយ​ប៉ុណ្ណោះ គឺ​ហែលទឹកចម្ងាយ​៥០​ម៉ែត្រ​សេរី បុរស-នារី។

លោកថ្លែង​ថា៖ «យើង​ចូលរួម​ក្នុង​សិទ្ធិ​អនុគ្រោះ យើង​ចូល​រួម​តំណាង​ឲ្យ​កម្ពុជា​[ហើយ​]មិន​មែន​មាន​តែ​កម្ពុជា​មួយ​ទេ ដែល​មាន​កីឡាករ​កីឡា​កា​រិនី​ចូល​រួម​ក្នុង​សិទ្ធិ​អនុគ្រោះ ឬ​ហៅ​ថា​Universal​គឺ​មាន​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ដែល​ចូលរួម​ដូច​កម្ពុជា​ដែរ... ដែលមាន​តែ​ប្រភេទ​កីឡា២​គឺ​កីឡា​ហែលទឹក ​និង​អត្ត​ពល​កម្ម​រត់​។ ហើយ​ឆ្នាំ​នេះ ​អត្ត​ពលកម្ម​បាន​ទៅ​តែ​ម្នាក់​ទេ​ហើយ​ហែល​ទឹកទៅ​បាន​២នាក់ដដែលជារៀង​រាល់​លើក។ យើង​អត់ជាប់​សិទ្ធិ​ក្នុង ​Qualified [មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់] ដោយ​សារ​ថិរ​វេលា [និង] កម្រិត​យើង​នៅ​មិនទាន់​ដល់​...[ដោយ]​កម្រិត​យើង​នៅ​ក្រោម​[ហើយ]ជាប់​សិទ្ធិ​ដោយ​ស្វ័យ​ប្រវត្តិ»។

លោក​ ហែម គីរី បន្ថែម​ទៀត​ថា​កីឡាករ​កីឡាកា​រិនី​កម្ពុជាមាន​ការ​លំបាក​ក្នុង​ការ​ហាត់​សម​ដោយ​សារ​បញ្ហា​កូវីដ​១៩​ប៉ុន្តែ​លោក​ថា​ពួក​គេ​នៅ​តែ​ប្រឹង​ប្រែង​ក្នុង​ការ​ហ្វឹកហាត់ដោយ​លោក​សង្ឃឹម​ថា​អត្តពលិក​ហែល​ទឹក​នឹង​អាច​បំបែក​កំណត់​ត្រា​ថិរវេលា​ថ្មី​សម្រាប់​ខ្លួន​ឯង និងអាចយក​ឈ្នះ​អត្ត​ពលិកមក​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ចូ​ល​រួម​ប្រកួត។

លោក​បញ្ជាក់​ថា៖ «ក្តី​សង្ឃឹម​របស់​យើង​គឺយើងធ្វើ​ម៉េច​ឲ្យបាន​លទ្ធ​ផល​ល្អ​ដោយ​បច្ចេក​ទេស​ក្នុង​កីឡា យើងនិយាយ​ឲ្យ​សាមញ្ញ​ស្រួល​ស្តាប់​គឺ​ហែល​ឲ្យ​បាន​លឿន​ជាង​មុន ដោយ​ធ្វើ​ម៉េច​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះលើ​បណ្តា​ប្រទេស​ដែល​ចូលរួម​ឲ្យបាន​កាន់​តែ​ច្រើន ហើយ​លទ្ធផល​ដែល​សំខាន់​បំផុត​នោះ​គឺ​សិទ្ធិ​ផល​របស់​កីឡាករ​គឺត្រូវ​ឲ្យ​មាន​សិទ្ធិ​ផល​ថ្មី​បំបែក​ឯតទគ្គកម្ម​ខ្លួនឯង​អាហ្នឹង​គឺ​ជា​គោលដៅ​ដែល​ធំ​ដែ​ល​យើង​គិត​ថា​គាត់​នឹង​ធ្វើ​បា​ន​នៅ​ក្នុង​អូឡា​ពិក​នេះ​»។

បើ​តាម​មន្រ្តី​កម្ពុជា​កីឡាករ​កីឡាការិនី​កម្ពុជា​ផ្នែក​តៃក្វាន់ដូ​និង​គុនដាវ​ក៏​បាន​ចូលរួម​ប្រកួត​ជម្រុះ​ដើម្បី​ទៅ​ចូលរួម​កីឡាអូឡាំពិក​នេះ​ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ។

អត្តពលិកហែលទឹកកម្ពុជា ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅស្តាតអូឡំាពិក។ (រូបភាពផ្តល់ដោយ Hem Puch កីឡាករហែលទឹកជម្រើសជាតិកម្ពុជា)
អត្តពលិកហែលទឹកកម្ពុជា ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅស្តាតអូឡំាពិក។ (រូបភាពផ្តល់ដោយ Hem Puch កីឡាករហែលទឹកជម្រើសជាតិកម្ពុជា)

លោក ​ហែម ​ប៉ុច អត្តព​លិក​ហែល​ទឹក​មួយ​រូបអាយុ​២២ឆ្នាំ​ដែល​ធ្លាប់​បាន​ចូលរួម​ប្រកួត​ជើង​ឯក​ពិភព​លោក​កីឡា​ស៊ីហ្គេម​និង​ការ​ប្រកួត​ជា​ច្រើន​ទៀត​អស់​រយៈ​ពេល​៦ឆ្នាំ​មក​ហើយបាន​និយាយ​ថា ​លោក​ត្រូវ​បាន​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជាជ្រើស​រើស​ឲ្យ​ទៅ​ចូល​រួម​អូឡាំពិក​ហ្គេម​នៅ​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន។ លោកប្រាប់​VOA​តាមរយៈសារ​ហ្វេសប៊ុក​ថា ​លោកបាន​តាំង​ចិត្ត​រួច​ជាស្រេច និង​បានខិតខំ​ប្រឹងប្រែងហ្វឹក​ហាត់​ក្នុង​ការត្រៀម​ខ្លួនទៅ​ចូលរួម​ប្រកួតទោះបី​ជា​ប្រទេស​ដទៃ​មាន​កីឡាករខ្លាំង​ៗ​ក៏ដោយ។​លោក​ចង់​បំបែក​ឲ្យ​បាន​នូវថិរវេលា​ថ្មី​សម្រាប់​ខ្លួនឯងនិង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់ថា៖ «ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​គឺ​សប្បាយ​រីយ​រាយ​ខ្លាំង​មែន​ទែន នៅ​ពេល​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ហ្គេម។​ខ្ញុំ​នឹង​ប្ដេជ្ញា​ចិត្ត​រៀប​ចំ​ខ្លួន​ប្រឹងប្រែង​ក្នុងការ​ប្រកួត​ឲ្យអស់​ពី​សមត្ថ​ភាព។ ហើយ​សម្រាប់​ការ​ដណ្ដើម​យក​មេ​ដាយ​គឺ​ខ្ញុំ​មិន​ទាន់​មាន​កម្រិតឈាន​ទៅ​ដល់​មេ​ដាយ​នៅ​ឡើយ​ទេ​ព្រោះ​មាន​ប្រទេស​គេ​ខ្លាំងៗ​ជា​ច្រើន​បាន​ទៅ​ចូល​រួម​ប្រកួត​ផង​ដែរ។​ប៉ុន្តែ​ទោះ​ជា​ការ​ប្រកួត​លំបាក​ខ្លាំង​ប៉ុនណាក៏​ដោយ តាំង​នាម​ខ្ញុំ​ជា​កីឡាក​រ​តំណាង​ឲ្យ​កម្ពុជា ខ្ញុំ​នឹង​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ប្រកួត​ឲ្យអស់​ពី​កម្លាំ​ង​កាយ​ចិត្ត​របស់​ខ្ញុំ ជា​ពិសេស​គោល​ដៅ​ធំ​បំផុត​គឺ​បំបែក​ថិរវេលា​ថ្មី​មួយទៀត​ដើម្បី​កម្ពុជា​យើង»។

គួរ​បញ្ជាក់​ថា​ការប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូក្យូ​លើក​នេះ ត្រូវ​បាន​សម្រេច​ដោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ថា​នឹង​មិន​មានអ្នកចូល​ទស្សនា​អន្តរជាតិ​ដោយ​ផ្ទាល់​នោះ​ទេ ដែល​នេះ​ជាលើកទី​មួយក្នុង​ប្រវត្តិប្រកួត​កីឡា​អូឡាំពិក ដែល​ប្រព្រឹត្ត​ទៅជាង​៥០ឆ្នាំ​មក​ហើយ។

ទាក់ទង​នឹង​វិស័យ​កីឡានេះដែរ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ក្នុង​ឆ្នាំ២០២៣។

លោក​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យដឹង​ថា​កម្ពុជា​បានត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​នេះ​ខណៈប្រទេស​វៀត​ណាម​មិន​ទាន់សម្រេច​ចិត្ត​នៅឡើយ​ថាត្រូវ​រក្សា​ឬត្រូវ​ពន្យារ​ពេល​ទៅ​ឆ្នាំ​២០២២​ពេល​ដែលខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក ​វ៉ាត់ ចំរើន ​បញ្ជាក់​ថា​ស៊ីហ្គេម​នឹង​ជា​ប្រវត្តិសាស្រ្ត​លើក​ដំបូង​របស់​កម្ពុជា​ក្នុង​ការ​រៀបចំព្រឹត្តិការណ៍​កីឡាថ្នាក់​តំបន់៕

XS
SM
MD
LG