បច្ចេកវិទ្យាសម្រាប់ទូរស័ព្ទដៃនិងឧបករណ៍ចល័តកំពុងតែអភិវឌ្ឍយ៉ាងលឿនទៅមុខ។ នៅក្នុងពិធីតាំងពិព័រណ៍ទូរស័ព្ទដៃដ៏ធំជាងគេមួយក្នុងពិភពលោក នៅទីក្រុង Barcelona ប្រទេសអេស៉្បាញ មហាក្រុមហ៊ុនបច្ចេកវិទ្យា Facebook និង Samsung ក៏ដូចជាគូប្រជែងធំៗរបស់ក្រុមហ៊ុនទាំង២នេះ សុទ្ធតែមានដំណឹងដ៏អស្ចារ្យសម្រាប់អតិថិជនដែលប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ។
ក្នុងពិធី Mobile World Congress ប្រចាំឆ្នាំនៅ Barcelona ទូរស័ព្ទ smartphone នាំមុខគេ។
Shu On Kwok និពន្ធជាន់ខ្ពស់នៃ AndroidPit ថ្លែងថា៖
«Smartphone កាន់តែមានឥទ្ធិពលនិងកាន់តែភ្ជាប់ជាមួយនឹងវត្ថុទាំងអស់ដែលអ្នកមាននៅផ្ទះ ឬនៅជាមួយអ្នកតែម្តង ដែលមានតាំងពីកាសពាក់ត្រចៀករហូតដល់កាមេរ៉ាសុវត្ថិភាពជាដើម»។
ដូច្នេះយកកុំព្យូទ័រចេញទៅព្រោះ Smartphone បាននាំមុខក្នុងការអនុញ្ញាតឲ្យយើងត្រួតត្រាលើបណ្តាញនៃឧបករណ៍អ៊ីនធឺណិត (Internet of Things) ឬ ហៅកាត់ថា IOT។
Nirave Gondhia និពន្ធនៃ Android Authority ថ្លែងថា៖
«IOT គឺជាពាក្យពេញនិយម ប៉ុន្តែន័យពិតប្រាកដនោះគឺថា Smartphone មិនត្រឹមតែជាចំណុចប្រសព្វនៃឧបករណ៍ចល័តប៉ុណ្ណោះទេ វាថែមទាំងភ្ជាប់អ្វីគ្រប់យ៉ាងនៅក្នុងផ្ទះរបស់អ្នក»។
ចំនួនឧបករណ៍ទាំងនោះកំពុងកើនឡើងជាលំដាប់ ចាប់ពីច្រាសដុសធ្មេញអគ្គិសនី រហូតដល់គ្រឿងយន្តដែលបំពាក់កាមេរ៉ា laser និងប្រព័ន្ធចាប់ចលនា sensor។
កាមេរ៉ា smartphone ក៏កំពុងតែរីកចម្រើនដែរ។ កាមេរ៉ាមួយចំនួនអាចប្ដូរចម្ងាយ focus បាន ហើយមួយចំនួនទៀតអាចថតរូបបានច្បាស់គ្រប់ពេលឬមានកាមេរ៉ា៣៦០ដឺក្រេ។
នាង Nicole Scott និពន្ធនៃ MobileGeeks និយាយថា៖
«អញ្ចឹងនៅបារផឹកស្រា អាច selfie បានច្រើននាក់»។
ទូរស័ព្ទ G5 របស់ LG អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថែមគ្រឿងជាច្រើនក្នុងពេលតែមួយ និងអាចប្ដូរថ្មបាន។
នៅមិនទាន់អស់ទេ! តាមរយៈការសហការរវាង Facebook និង Samsung ឆាប់ៗនេះយើងនឹងអាចទាក់ទងជាមួយមនុស្សម្នានៅក្នុងពិភពនិម្មិត (virtual reality) ជាជាងត្រឹមតែជួបជាមួយនឹងមិត្តតាមវីដេអូលើអ៊ីនធឺណិត។
កាមេរ៉ា៣៦០ដឺក្រេទាំងមុខនិងក្រោយរបស់ Samsung នឹងភ្ជាប់ជាមួយនឹងទូរស័ព្ទ Samsung និងកាស VR។
ប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg ថ្លែងថា៖
«ឆាប់ៗនេះ យើងនឹងអាចផ្សាយផ្ទាល់ពីអ្វីដែលយើងកំពុងធ្វើ ដូច្នេះមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់យើងនឹងមានអារម្មណ៍ថា ពួកគេដូចជាកំពុងតែនៅជាមួយយើងអញ្ចឹង»។
ដូចឆ្នាំមុនៗដែរ Apple មិនបានចូលរួមក្នុងពិធីនេះទេ ប៉ុន្តែផ្អែកតាមពាក្យចចាមអារ៉ាម ក្រុមហ៊ុននេះគ្រោងនឹងដាក់លក់ iPad ថ្មីក្នុងខែមីនា៕
ប្រែសម្រួលដោយ ហុង ចិន្តា