ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវតី​កម្ពុជា​ប្រកួត​គ្នា​​ក្នុង​ការ​បង្កើត Apps ដើម្បី​ជួយ​សម្រួល​ជីវភាព​មហាជន​ក្នុង​សង្គម


បេក្ខនារី​ម្នាក់​នៃ​ក្រុម​ជ័យ​លាភី​ជម្រើស​ថ្នាក់​អនុវិទ្យាល័យ​នៃ​កម្មវិធី Technovation Cambodia ឈរ​កាន់​ស្លាក​រង្វាន់​នៅ​ក្រោយ​ពេល​ប្រកាស​លទ្ធផល ខណៈបេក្ខនារី​ក្រុម​ដទៃ​កំពុង​ឈរថត​រូប​នឹង​អ្នក​រៀប​ចំ​កម្មវិធី​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​​មេសា ឆ្នាំ​​២០១៦ កន្លង​ទៅ។ (អូន​ ឆេងប៉រ/VOA)។
បេក្ខនារី​ម្នាក់​នៃ​ក្រុម​ជ័យ​លាភី​ជម្រើស​ថ្នាក់​អនុវិទ្យាល័យ​នៃ​កម្មវិធី Technovation Cambodia ឈរ​កាន់​ស្លាក​រង្វាន់​នៅ​ក្រោយ​ពេល​ប្រកាស​លទ្ធផល ខណៈបេក្ខនារី​ក្រុម​ដទៃ​កំពុង​ឈរថត​រូប​នឹង​អ្នក​រៀប​ចំ​កម្មវិធី​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​​មេសា ឆ្នាំ​​២០១៦ កន្លង​ទៅ។ (អូន​ ឆេងប៉រ/VOA)។

យុវតី​ចំនួន​១៤​ក្រុម ដែល​ក្នុង​មួយ​ក្រុមៗ​​មាន​​​សមាជិក​​ពី​៣​ទៅ​៥នាក់ បាន​​ឡើង​​មក​​ធ្វើ​​បទ​បង្ហាញ​​​​ម្ដង​មួយ​​ក្រុមៗ ជា​​បន្ត​​បន្ទាប់​ក្នុង​បរិយាកាស​​ដ៏​​អធិកអធម​នៅ​ក្នុង​ពិធី​​បិទ​បញ្ចប់​កម្មវិធី​បណ្ដុះបណ្ដាល ​និង​​​ប្រកួត​​ប្រជែង​​​សមត្ថភាព ​នៅ​​សាល​ពហុបំណង នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ ក្នុង​​រាជធានី​​ភ្នំពេញ។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ យុវតី​វ័យ​ក្មេង​រាប់​សិប​នាក់​ បាន​ឡើង​ទៅ​ធ្វើ​បទ​បង្ហាញ​ប្រកួតប្រជែង​ស្នាដៃចងក្រង និង​រចនា​រៀបចំ​កម្មវិធី​ទូរស័ព្ទ​របស់​ពួក​គេ ឆ្លើយតបនឹងបញ្ហានៅក្នុងសហគមន៍នានាក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធី Technovation Cambodia។ អ្នករៀបចំកម្មវិធី​បាន​ឱ្យ​ដឹង​ថា កម្មវិធីនេះមានគោល​បំណងលើក​ទឹក​ចិត្ត និង​លើក​ចំនួន​ស្ត្រីនៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​វិទ្យាសាស្ត្រ។

យុវតី​ចំនួន​១៤​ក្រុម ដែល​ក្នុង​មួយ​ក្រុមៗមាន​សមាជិកពី​៣​ទៅ​៥នាក់ បានឡើងមកធ្វើបទ​បង្ហាញម្ដង​មួយក្រុមៗ ជាបន្តបន្ទាប់​ក្នុង​បរិយាកាសដ៏អធិកអធម​នៅ​ក្នុង​ពិធីបិទ​បញ្ចប់​កម្មវិធី​បណ្ដុះបណ្ដាល ​និង​ប្រកួតប្រជែង​សមត្ថភាព ​នៅសាល​ពហុបំណង នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ ក្នុងរាជធានីភ្នំពេញ។

យុវតីទាំង១៤​ក្រុម មានអាយុក្រោម២០ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​វិទ្យាល័យ និង​អនុវិទ្យាល័យ បាន​ទទួល​ការ​បណ្ដុះបណ្ដាល​អស់​ជា​ច្រើនសប្ដាហ៍ បូកបញ្ចូលទាំងបច្ចេកទេសសរសេរលេខកូដចងក្រងកម្មវិធី និង​ការរៀបចំដើម្បីអភិវឌ្ឍ​គម្រោង​កម្មវិធី​ឱ្យ​ដើរ​ទៅ​មុខ ដែល​ដំណើរការ​ជាផ្នែកនៃ​កម្មវិធី​ Technovation Cambodia​ គាំទ្រ​ដោយក្រសួងអប់រំ និងទីភ្នាក់​ងារសហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ ​USAID។

យុវតី​ជា​បេក្ខនារី​ម្នាក់ ពិគ្រោះ​នឹង​មិត្ត​រួម​ក្រុម​របស់​ខ្លួន អំឡុង​ពេល​ប្រឡង​ប្រណាំង​ថ្នាក់​ជាតិ​នៃ​កម្មវិធី Technovation Cambodia កាល​ពី​ថ្ងៃអាទិត្យ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៦ កន្លង​ទៅ។​ (អូន ឆេងប៉រ/VOA)
យុវតី​ជា​បេក្ខនារី​ម្នាក់ ពិគ្រោះ​នឹង​មិត្ត​រួម​ក្រុម​របស់​ខ្លួន អំឡុង​ពេល​ប្រឡង​ប្រណាំង​ថ្នាក់​ជាតិ​នៃ​កម្មវិធី Technovation Cambodia កាល​ពី​ថ្ងៃអាទិត្យ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៦ កន្លង​ទៅ។​ (អូន ឆេងប៉រ/VOA)

ខ្លឹមសារ​នៃ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុម​យុវតី​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​ទៅ​នោះ​ ដែលសុទ្ធតែមានអាយុ​ក្រោម២០​ឆ្នាំ ផ្ដោតទៅលើគម្រោង​អភិវឌ្ឍ និង​ដំណើរការ​កម្មវិធី​ទូរស័ព្ទ ដែល​ពួក​គេ​បាន​រៀបចំ​បង្កើត និងរចនាឡើងក្នុងការឆ្លើយតបនឹងបញ្ហា​របស់មហាជនក្នុង​សង្គម រាប់​ចាប់​តាំង​ពី​បញ្ហា​ នៅ​ក្នុង​ថ្នាក់​របស់សិស្សនិស្សិត ទៅដល់បញ្ហាកង្វះព័ត៌មានទីផ្សាររបស់កសិករ​នៅ​តំបន់​ជនបទ​ចុង​កាត់​មាត់​ញក។

បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​អស់​ជាង​ពីរ​ម៉ោង មាន​ក្រុម​ជ័យលាភី​ពីរ​ក្រុម សម្រាប់​ជម្រើស​ថ្នាក់​អនុវិទ្យាល័យ និងជម្រើសថ្នាក់​វិទ្យាល័យ។ ឯ​មួយ​ក្រុម​ទៀត​ត្រូវបាន​ជ្រើស​រើស​ជា​ជ័យ​លាភី​ផ្នែក​ប្រជាប្រិយភាព​លើ​វីដេអូបង្ហាញពី​គម្រោង​ដាក់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម។

ក្រុម Ligic មក​ពី​សាលា​អន្តរជាតិ​ Liger ដែល​មាន​សមាជិក​អាយុ​ចន្លោះ​ពី​១៣​ទៅ​១៤​ឆ្នាំ បានទទួលចំណាត់ថ្នាក់​លេខ​មួយ​លើ​ជម្រើស​អនុវិទ្យាល័យ លើការរៀបចំកម្មវិធីទូរស័ព្ទផ្ដោតទៅលើការផ្ដល់វេទិកាផ្គូរផ្គងតម្រូវការ និងការ​ផ្គត់ផ្គង់​ទីផ្សារ​កសិកម្ម​រវាង​កសិករ​ និង​ឈ្មួញ។​

តំណាង​ឱ្យ​ក្រុម Ligic យុវតី អ៊ុន ស្រីនាង អាយុ​១៣ឆ្នាំ បាន​ប្រាប់ ​VOA ​ថា ការណ៍ដែលសមាជិកក្រុមបានចាប់យក​ប្រធានបទ​ទីផ្សារ​កសិកម្ម​នេះ ដោយ​សារ​តែ​ក្រុម​របស់​គេ​បាន​អង្កេត​ឃើញ​អំពី​កង្វះ​ព័ត៌មានទីផ្សារ​របស់កសិករ​ខ្មែរ។​

យុវតី អ៊ុន ស្រីនាង ថ្លែង​ប្រាប់ VOA ថា៖

«ប៉ុន្តែ​ផលិត​ផល​ភាគ​ច្រើន​នោះ​សុទ្ធ​តែ​ល្អ ហើយ​លេខ​មួយ​នៅ​កម្ពុជា ប៉ុន្តែគាត់អត់ទាន់មានទីផ្សារច្បាស់ទេ។ ដូច្នេះ​យើង​ចង់​ឱ្យ​កម្មវិធី​យើង​ក្លាយ​ជា​ទីផ្សារ​សម្រាប់​គាត់​មួយ​ដែល​មិន​ត្រូវ​ការ​ឈ្មួញ​កណ្ដាលនាំកសិករ​ទៅនេះ​ទៅ​នោះ​ទេ។ ហើយកម្មវិធីទូរស័ព្ទ]យើងហ្នឹងចង់ឱ្យគាត់កសិករហ្នឹងជាប់ផ្ទាល់នឹងអតិថិជន​របស់គាត់ផ្ទាល់តែម្ដង»។​

រី​ឯ​ជ័យលាភី​ថ្នាក់​ជម្រើស​វិទ្យាល័យ​វិញ​បាន​ទៅ​លើ​ក្រុម New Sunrise មក​ពី​សាលា​អន្តរជាតិ​ញូវយ៉ក ដែល​មាន​សមាជិក​អាយុចន្លោះពី១៥ទៅ១៦​ឆ្នាំ ដែល​បាន​រចនា​កម្មវិធី​ទាក់​ទង​នឹងការ​ភ្ជាប់​ទំនាក់ទំនងព័ត៌មានរវាង​អ្នក​ផ្ដល់​និង​អ្នក​ទទួល​អាហាររូបករណ៍ និង​ឱកាស​ការងារ​ផ្សេងៗ។​

កញ្ញា ទុំ ម៉ារីណា អាយុ​១៦ឆ្នាំ ប្រធាន​ក្រុម New Sunrise បាន​និយាយ​ថា ​ការណ៍​ដែល​ក្រុម​របស់​ខ្លួន​រចនាចងក្រង​កម្មវិធី​ទូរស័ព្ទ​នេះ​ឡើង ដើម្បី​ចង់​ឱ្យ​ការ​ចែក​ចាយ​ព័ត៌មាន​ជា​ប្រព័ន្ធ​មួយ​ដែលអ្នក​ផ្ដល់ និង​អ្នក​ទទួលអាហារូបករណ៍អាច​ផលិត​ខ្លឹម​សារ​បង្ហោះ​ផ្សាយ​បាន​ដោយ​ខ្លួន​ឯង។​

«ព្រោះ​វា​ទាក់ទង​នឹង​ការ​អប់រំ​ ហើយ​ចង់​លើក​កម្ពស់​ការ​អប់រំ ហើយ​ចង់​ឲ្យប្រជាជន​ដទៃ​ទៀតមាន​ការយល់ដឹង​ពី​អាហារូបករណ៍ ហើយ​មាន​ចំណាប់អារម្មណ៍​ចូល​រួម​កាន់​តែ​ច្រើន»។​

បេក្ខនារី​ដែល​ត្រូវ​បាន​បណ្ដុះ​បណ្ដាល និង​ទទួល​ស្នាដៃ​កម្មវិធី​ទូរស័ព្ទ​មក​ប្រឡង​ប្រជែង​គ្នា អង្គុយ​ត្រៀប​ត្រា​ស្ដាប់​ការ​ធ្វើ​បទ​បង្ហាញ​របស់​បេក្ខនារី​ដទៃ​នៃ​កម្មវិធី Technovation Cambodia កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ ខែមេសា ឆ្នាំ២០១៦ កន្លង​ទៅ។ (អូន​ ឆេងប៉រ/VOA)
បេក្ខនារី​ដែល​ត្រូវ​បាន​បណ្ដុះ​បណ្ដាល និង​ទទួល​ស្នាដៃ​កម្មវិធី​ទូរស័ព្ទ​មក​ប្រឡង​ប្រជែង​គ្នា អង្គុយ​ត្រៀប​ត្រា​ស្ដាប់​ការ​ធ្វើ​បទ​បង្ហាញ​របស់​បេក្ខនារី​ដទៃ​នៃ​កម្មវិធី Technovation Cambodia កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ ខែមេសា ឆ្នាំ២០១៦ កន្លង​ទៅ។ (អូន​ ឆេងប៉រ/VOA)

Technovation Cambodia ជា​គម្រោង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​កម្មវិធី Technovation​ ដែល​ជា​សកម្មភាព​អន្តរជាតិមួយ​ ដែលជួយបំពាក់​បំប៉ន​សមត្ថភាពផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន ទៅ​ដល់​ក្មេងស្រីវ័យ​ជំទង់ ​នៅ​ជុំវិញពិភព​លោក​ ប្រយោជន៍​ដើម្បី​ឱ្យ​ពួកគេ​ប្រើ​ប្រាស់​សម្រាប់ដោះស្រាយបញ្ហានានា​ក្នុងសហគមន៍របស់​ពួកគេ​។​

កញ្ញា សុខ ស៊ីគៀង ជា​អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេសនៃកម្មវិធី Technovation បាន​និយាយ​ថា ក្រៅ​តែ​ពីលើកជំរុញឱ្យ​ក្រុម​យុវតី​ជា​បេក្ខនារីមាន​សមត្ថភាព ចូល​រួម​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍​ពួក​គេ កម្មវិធី​នេះក៏ជាការចូល​រួម​លើក​កម្ពស់​តម្លៃ​របស់​ពួក​គេ​ជា​យុវតីឱ្យ​មាន​ជំនឿ​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង។​

«ជា​ចំណែក]​ធំ គឺ​យើងចង់​ឱ្យ​ពួក​គាត់(បេក្ខនារី) មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង ថា​គាត់​ពិត​ជា​អាច​ជួយសង្គមបាន​មែន។​ ជា​បញ្ហា​ដែល​យើង​អាច​ចាប់​ផ្ដើម ឱ្យ​គាត់​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា​គាត់​អាច​ដោះ​ស្រាយ​បញ្ហា​បាន... ស្រុក​យើង​ផ្ដោត​ខ្លាំង​ទៅ​លើ Technology បើ​សិន​ជា​បញ្ហា​ណា​មួយ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ [ប្រើប្រាស់]​Technology ខ្ញុំ​ជឿ​ជាក់​ថា​វា​មាន​ល្បឿន​លឿន​ជាង​ផ្នែក​ផ្សេងៗ»។

កញ្ញា សុខ ស៊ីគៀង ក៏​បាន​បន្ថែម​ផង​ដែរ​ថា ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ក៏​ធ្វើ​ក្នុង​គោល​បំណង​បង្កើនចំនួន​ស្ត្រីនៅក្នុង​វិស័យ​បច្ចេក​វិទ្យា​ផង​ដែរ។

អ្នកស្រី គីម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួងអប់រំ ដែល​បាន​ចូលរួម​បើក​កម្មវិធី ក៏​បាន​ពោលសរសើអំពីសមត្ថភាព​របស់យុវតី​ជា​បេក្ខនារី​ផង​ដែរ ហើយ​ថា​ការណ៍​ដែល​រៀប​ចំ​កម្មវិធីនេះ​ឡើង វា​ចំ​ពេល​ដែល​ក្រសួង​ កំពុង​ជំរុញ​ពង្រឹង​គុណភាព​នៃ​ការ​អប់រំ​បច្ចេកវិទ្យា និងក៏ដូចជាចំ​ពេល​ដែល​រាជ​រដ្ឋាភិបាល​កំពុង​ដំណើរ​ការដាក់បញ្ចូលការប្រើប្រាស់បច្ចេក​វិទ្យាព័ត៌មាន​ដើម្បី​បម្រើ​កិច្ចការ​រដ្ឋបាល និង​សេវា​សាធារណៈ​ផង​ដែរ៕

XS
SM
MD
LG