យុវជនកម្ពុជាមិនគ្រាន់តែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ តែក៏ជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យាថ្មីនេះ តាមវិធីសាស្រ្តរបស់ពួកគេផងដែរ។ នេះបើតាមការលើកឡើងរបស់ លោកស្រី ជូលី ជុង (Julie Chung) ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅក្នុងមហោស្រពបច្ចេកវិទ្យាជាលើកដំបូងនាព្រឹកថ្ងៃសុក្រនេះ។
ថ្លែងទៅកាន់អ្នកស្រឡាញ់វិស័យបច្ចេកវិទ្យានាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាទីក្រុងភ្នំពេញ លោកស្រី ជូលី ជុង បានបញ្ជាក់ថាការបង្កើតបច្ចេកវិទ្យាថ្មីៗនេះគឺភាគច្រើនចេញពីក្រុមយុវជនដូចជាលោក Mark Zuckerberg អ្នកបង្កើតហ្វេសប៊ុកដ៏ល្បីល្បាញ លោក Steve Jobs អ្នកច្នៃប្រឌិតកុំព្យូទ័រ Apple នឹងលោក Bill Gatesសហស្ថាបនិកក្រុមហ៊ុនMicrosoft ជាដើម។
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារូបនេះ ថ្លែងយ៉ាងដូច្នេះ៖ «ការច្នៃបង្កើត និងបច្ចេកវិទ្យា ជាឩបករណ៍ប្រកបដោយឥទ្ធិពលមួយក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និងឱកាសថ្មី។ ខណៈដែលមានបច្ចេកវិទ្យាច្នៃ បង្កើតថ្មីមួយចំនួនមានប្រភពចេញពីសហរដ្ឋអាមេរិក យុវជន យុវនារីកម្ពុជាមួយចំនួនក៏បង្ហាញថាការបង្កើតបច្ចេកវិទ្យាថ្មីអាចកើតមាននៅទីនេះ គឺក្នុងប្រទេសកម្ពុជា»។
លោកស្រី ជូលី ជុង ក៏បានលើកឧទាហរណ៍ពីស្រ្តីវ័យក្មេងកម្ពុជាមួយរូបដែលជាទូតតំណាងកម្មវិធី Technovation របស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា គឺកញ្ញា សុខ ស៊ីគៀង។ កញ្ញា សុខ ស៊ីគៀង ជាស្ត្រីជោគជ័យលើផ្នែកបច្ចេកវិទ្យាមួយរូប ដែលកំពុងបណ្ដុះបណ្ដាលយុវតីកម្ពុជាប្រមាណ៦០រូប ឲ្យចូលរួមប្រកួតក្នុងកម្មវិធី Technovation នេះ ដើម្បីឲ្យក្មេងស្រីទាំងនោះអាចដោះស្រាយបញ្ហាក្នុងសហគមន៍របស់ពួកគេតាមរយៈបច្ចេកវិទ្យា។
មហោស្រពបច្ចេកវិទ្យាលើកទី១នេះ ត្រូវបានធ្វើឡើង ដើម្បីលើកទឹកចិត្តយុវជនកម្ពុជាកាន់តែច្រើន ចូលរួមបង្កើតគំនិតថ្មីតាមរយៈបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាក្នុងសង្គមរបស់ពួកគេ។ មហោស្រពរយៈពេលពីរថ្ងៃ ដែលនឹងបញ្ចប់ថ្ងៃសៅរ៍នេះ បានផ្តល់ឱកាសឲ្យយុវជនកម្ពុជា និងអ្នកជំនាញបច្ចេកវិទ្យាបានជួបពិភាក្សាគ្នា ព្រមទាំងជាចំណងភ្ជាប់មូលនិធិគាំទ្រគម្រោងបច្ចេកទេស និងអ្នកដែលមានគំនិតបង្កើតថ្មី។
លោក សុខ ពុទ្ធីវុធ ប្រធានសមាគមសហព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាផងនោះ ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន ថាបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ឬហៅថាICTs កំពុងនឹងបម្រើការលើគ្រប់វិស័យទាំងអស់ រួមទាំងកសិកម្មផងដែរ។
លោក សុខ ពុទ្ធីវុធ ដែលជាកូនប្រុសរបស់លោក សុខ អាន បានថ្លែងថាប្រទេសអភិវឌ្ឍន៍ កំពុងប្រើប្រាស់បច្ចេកទេសទំនើបៗនៅក្នុងវិស័យកសិកម្ម ហើយកម្ពុជាក៏កំពុងរៀបចំផែនការដូចគ្នាដែរ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូល បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍នេះទៅក្នុងកម្មវិធីសិក្សាផ្នែកកសិកម្មផងដែរ។
«នៅថ្ងៃអនាគតគេធ្វើចំការ គេមិនបាច់ទៅធ្វើផ្ទាល់ទេ គេចុចតែលើ i-pad គឺអាត្រាក់ទ័រទៅច្រូត ទៅដាំ ទៅបាញ់ថ្នាំ។ នេះជាគោលដៅដែលយើងចង់ទៅដល់។ តែយើងត្រូវតែធ្វើផែនការ យើងត្រូវចេះរៀបចំ ដើម្បីឲ្យមានឬសគល់រឹងមាំ ជាពិសេសជាមួយយុវជនជំនាន់ក្រោយ ឲ្យពួកគាត់យល់ពីបច្ចេកទេសនឹងទៅ ដើម្បីគាត់អាចត្រៀមខ្លួន ពេលដែលអនាគតទៅគាត់ចូលវិស័យណាក៏ដោយ ក៏គាត់អាចយកICTនេះទៅជួយគាត់បាន»។
លោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើង បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ឬហៅថាICTs បានរួមចំណែកពន្លឿនល្បឿនការងារពន្លឿនការអភិវឌ្ឍ និងពន្លឿនការទំនាក់ទំនងផងដែរ។
«ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICTs) មានដូចជា ទូរស័ព្ទដៃ អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម បានពង្រីកឱកាសដើម្បីពន្លឿនការអភិវឌ្ឍ។ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានសក្តានុពល បន្ថយការចំណាយ បង្កើនប្រសិទ្ធភាពការងារ លុបបំបាត់គម្លាតភូមិសាស្ត្រ និងសង្គមក្នុងការទទួល ក៏ដូចជាចែករំលែកព័ត៌មាននៅប្រទេសកម្ពុជា»។
គេសង្កេតឃើញថា ទាំងយុវជនកម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា កំពុងបង្វែរចំណាប់អារម្មណ៍របស់ខ្លួនមកកាន់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ឬហៅថា ICTs នេះ។ ជាក់ស្តែង កាលពីសប្តាហ៍មុន រដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានរៀបចំ«ពិព័រណ៍វិទ្យាសាស្រ្ត និងវិស្វកម្ម»លើកទី២នៅកម្ពុជាដោយមានអ្នកចូលរួមជិត២ម៉ឺននាក់។ ចំនួននេះមានការកើនឡើងជិត៤ដង ធៀបទៅនឹងឆ្នាំមុន ដែលមានអ្នកចូលរួមត្រឹម៥ពាន់នាក់។ ស្របពេលជាមួយគ្នាដែរ រដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធមានទាំងវិស័យឯកជន និងស្ថានទូតនានាប្រចាំនៅកម្ពុជា ក៏បានធ្វើការដើម្បីបញ្ជ្រាបការយល់ដឹងអំពីការសិក្សាមុខវិជ្ជាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ឬហៅថា STEM ទៅក្នុងប្រព័ន្ធអប់រំកម្ពុជាតាំងពីថ្នាក់បឋមផងដែរ៕