ក្រុមតន្ត្រីរ៉ក់ ខ្មែរ-អូស្ត្រាលី The Cambodian Space Project ត្រូវបានអញ្ជើញឲ្យទៅប្រគំតន្ត្រីបង្ហើរចម្រៀងRock'n'Roll របស់ខ្មែរកាលពីទសវត្សន៍ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ ខ្លួនទៅកាន់ប្រជាជនចម្រុះជាតិសាសន៍នៅសហរដ្ឋអាមេរិក នាសាលសិល្បៈវប្បធម៌ The Kennedy Center។ អ្នកស្រី ចន្ធីដែលជាអ្នកចម្រៀងជនជាតិខ្មែរប្រចាំក្រុមតន្ត្រីនេះ សម្តែងក្តីរំភើបដែលបានចូលរួម លើកយកសិល្បៈតន្ត្រីសម័យឆ្នាំ៦០មកសម្តែងឡើងវិញ លើឆាកអន្តរជាតិ។
ក្រុមតន្ត្រីរ៉ក់ខេនរ៉ូល «The Cambodian Space Project» នឹងប្រគំតន្ត្រីនៅសាលមហោស្រព The Kennedy Center ដែលជាស្ថាប័នវប្បធម៌និងសិល្បៈដ៏ធំមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិកនៅថ្ងៃអង្គារខាងមុខ។
តារាចម្រៀងស្រីជនជាតិខ្មែរ អ្នកនាង កាក់ ចន្ធី និងក្រុមតន្ត្រីខ្លួនដែលមានសញ្ជាតិចម្រុះកម្ពុជានិងអូស្ត្រាលី គ្រោងប្រគំបទចម្រៀងរ៉ក់ខេនរ៉ូលខ្មែរនៃទសវត្សរ៍៦០។
អ្នកនាង កាក់ ចន្ធី បានប្រាប់ VOA ថា៖
«ខ្ញុំគិតថាវាពិសេសមែនដោយត្រង់ថា គេអញ្ជើញយើងទៅ ពិសេសនោះគឺទៅប្រទេសធំ ហើយទីក្រុងដ៏ធំមួយដែលគេ (ប្រារព្ធ)កម្មវិធីបុណ្យហ្នឹង នៅក្នុងមហោស្រពហ្នឹង។ ពិតជាអស្ចារ្យមែនទែន ខ្ញុំរំភើប។ ដូចជាខ្ញុំ Rock'n'Roll ទៅអញ្ចឹង អាចចូលទៅសម្តែងទៅក្នុងកម្មវិធីបុណ្យដ៏ធំមួយអញ្ចឹងពិតជានឹកស្មានមិនដល់»។
ក្រុមតន្ត្រី The Cambodian Space Project មានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិ ខណៈអ្នកស្គាល់ក្រុមតន្ត្រីនេះនៅមានចំនួនតិចតួចនៅឡើយក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។
ក្រុមតន្ត្រីនេះបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ដោយតន្ត្រីករជនជាតិ Tasma គឺលោក Julien Poulson និងអ្នកស្រីកាក់ ចន្ធី។ កាលនោះ លោក Julien ស្តាប់លឺសម្លេងច្រៀងដ៏ក្រអួនរបស់អ្នកស្រីចន្ធី ដែលកំពុងច្រៀងក្នុងបារមួយនៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជាដែលធ្លាប់បានត្រូវគេដាក់ឈ្មោះឲ្យថា «ទីក្រុងគុជក្នុងតំបន់អាស៊ីអាគ្នេយ៍» កាលពីទសវត្សរ៍៦០។
តន្ត្រីរ៉ក់ដែលបាត់បង់ទៅ
ដោយការស្រឡាញ់និងកោតសរសើរសិល្បៈករនិងតន្ត្រីកាលពីយុគសម័យមាសរបស់ប្រទេសកម្ពុជា ក្រុមតន្រ្តីនេះបានបង្កើតឡើង ក្នុងគោលបំណងស្តារឡើងវិញនូវតន្ត្រីដែលកម្ពុជាបានបាត់បងអំឡុងសម័យខ្មែរក្រហម។
បទចម្រៀង «Whisky Cambodia» គឺជាបទចម្រៀងមួយដែលក្រុមតន្តី្រនេះបាននិពន្ធឡើងដោយខ្លួនឯង និងកំពុងពេញនិយមពីសំណាក់មិត្តអ្នកស្តាប់។ ហើយវានឹងត្រូវបានយកទៅសម្តែងនៅមហោស្រព The Kennedy Center ដែលមានរយៈពេល៤៥ នាទី។ អ្នកនាងចន្ធី ដែលគេតែងហៅថា«ស្រីធី» នឹងច្រៀងចម្រៀងរ៉ក់ខេនរ៉ូលផ្សេងៗទៀតរបស់អ្នកស្រីប៉ែន រ៉ន និងអ្នកស្រីរស់ សេរីសុទ្ធា ដែលត្រូវបានគេស្គាល់ថាជារាជនីសំឡេងមាសនៅក្នុងទសវត្សរ៍ទី៦០និង៧០។
កាលពីទសវត្សរ៍ទី៦០និងទី៧០ តន្ត្រីនៅកម្ពុជាទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌អាមេរិក ដែលត្រូវជ្រៀបចូលមកតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងកំឡុងពេលអាមេរិកធ្វើសង្គ្រាមប្រឆាំងនឹងវៀតណាមកុំម្មុយនីស្ត។ ក្រុមតន្ត្រីដែលល្បីៗដូចជា ក្រុមបក្សីចាំក្រុង ក្រុមតន្ត្រីបាយ័ន និងក្រុម Draka បាននាំមកនូវតន្ត្រីរ៉ក់ខេនរ៉ូលប្លែកថ្មីសម្រាប់ប្រជាជនក្នុងទីក្រុង នេះបើតាមការឲ្យដឹងពីលោក សេង តារា ជាអ្នកស្រឡាញ់តន្ត្រីមួយរូប ដែលបានប្រមូលនិងចងក្រងបទចម្រៀងចាស់ៗជាឯកសារ។
«ខ្ញុំឃើញថាអ្នកទទួលយកឥទ្ធិពលពីបរទេសទាំងអស់ហ្នឹង ភាគច្រើនគាត់ជាមនុស្សដែលបានរៀនសូត្រច្រើន ដែលគាត់ចេះភ្ជាប់បញ្ចូលគ្នារវាងសិល្បៈខ្មែរ និងសិល្បៈបែបបរទេស ដែលយើងមើលទៅមិនមានលក្ខណៈបែបបស្ចឹមប្រទេសសុទ្ធសាធ។ បើសិនជាគាត់យកតែសិល្បៈខ្មែរសុទ្ធសាធ អាហ្នឹងវាល្អម្យ៉ាងដែរក៏ប៉ុន្តែ វាអត់មានការកើតគំនិតថ្មី។ គាត់ចេះធ្វើអញ្ចឹងបានល្អមែន ទែន»។
នៅពេលដែល តន្ត្រីសិល្បៈ និងស្ថាបត្យកម្មកំពុងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងទីក្រុងភ្នំពេញ ប្រទេសជិតខាងនៅភាគខាងកើតកំពុងធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនោះគឺ«សង្គ្រាមវៀតណាម»។
ក្រោយសង្គ្រាមវៀតណាមបានចប់ទៅ ខ្មែរក្រហមបានកាន់កាប់រាជធានីភ្នំពេញ។ ភាពទំនើប ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលវប្បធម៌បរទេសត្រូវបានលុបចោលទាំងអស់។ បញ្ញវ័ន្ត សិល្បៈករ និង តន្ត្រីករ គឺជាគោលដៅដែលខ្មែរក្រហមកម្ចាត់ចោល។ ឯកសារ ចម្រៀង និងកំណត់ត្រាផ្សេងៗ ត្រូវបានគេប្រមូលដើម្បីកំទេចចោល ហើយអ្នកណាដែលបង្ហាញអត្តសញ្ញាណខ្លួនថាឥស្សរជនវប្បធម៌ ដូចជាសិល្បករ និងតន្ត្រីករជាដើមត្រូវបានគេសម្លាប់។ ប្រជាជនជាង១លាន៧សែននាក់ត្រូវបានបាត់បង់ជីវិតក្នុងរបបប៉ុលពត។
ការចាប់ផ្តើម នៃក្រុមតន្ត្រី The Cambodian Space Project
ក្រៅពីច្រៀង និងថតឡើងវិញនូវបទចម្រៀងលំនាំដើមពីទសវត្សរ៍ទី៦០និង៧០ ក្រុមតន្ត្រី The Cambodian Space Project ក៍បានផលិតចម្រៀងបន្ថែមដោយខ្លួនឯង។ តារាចម្រៀងរ៉ក់សម្បុរស្រអែម ស្រីធី បានអភិវឌ្ឍខ្លួនពីអ្នកចម្រៀងបទលំនាំដើម ទៅជាអ្នកនិពន្ធបទចម្រៀងម្នាក់។ ជំនាញនៃការនិពន្ធចម្រៀងនេះគឺចេញពី បេះដូងនិងខួរក្បាលរបស់អ្នកស្រី។
«បទចម្រៀងពួកគាត់ សរសេរបទមួយៗគឺធ្វើឲ្យយើងដាក់ដប ដូចថាដាក់ក្នុងចិត្តបេះដូងអញ្ចឹងទៅណា។ ខ្ញុំជាដើម ដែលបានសរសេរបទចម្រៀងដោយខ្លួនឯងនេះ ខ្ញុំអត់ដែលមានគ្រូទេ តែបទចម្រៀង អ្វីដែលយើងឃើញ អ្វីដែលក្នុងបេះដូង និងចិត្ត អ្វីដែលយើងមាន ពេលខ្លះយើងប្រាប់គេ គេភ្លេចអស់ហើយ។ បើយើងយកមកសរសេរបទចម្រៀងដោយខ្លួនឯង ធ្វើឲ្យយើងស្តាប់ទៅវានៅមានអត្ថន័យសម្រាប់ជីវិតរបស់យើងទៀត»។
ស្រីធីកើតនៅខេត្តព្រៃវែងភាគខាងជើងប្រទេសកម្ពុជា។ អ្នកស្រីបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៣ ដូច្នេះការសរសេរ និងការអានរបស់អ្នកស្រីនៅមានកម្រិត ដែលជាបញ្ហាមួយក្នុងការអានអក្សរភ្លេងនៅពេលដែលអ្នកស្រីធ្វើការជាមួយនឹងតន្ត្រីករ។
«បងអត់ចេះ ដូ រ៉េ មី...អីទេ ប៉ុន្តែសរសេរបណ្តើរអីទៅ ចង់ឡើងអញ្ចឹងទៅឲ្យគាត់កាច់ហ្គីតាឡើងទៅ គាត់ចង់ចុះឲ្យកាច់ហ្គីតាចុះអញ្ចឹងទៅ ពេលបងចង់ ដូ ទៅបងធ្វើទៅខ្លួនឯងអញ្ចឹងទៅ។ ត្រង់ហ្នឹងហើយបងមានការលំបាកបន្តិច។ គេមិនជឿទេ សូម្បីបងទៅស្ទូឌីយ៉ូគេប្រាប់ថា បងឯងធ្វើអញ្ចេះ ចូល ដូ ចូល រ៉ូ ចូល រ៉េ មី អញ្ចេះអីហ្នឹង ខ្ញុំអត់ចេះសោះហ្មង។ ខ្ញុំមានការលំបាកត្រង់ហ្នឹង។ តែអានេះស្តាយរបស់ខ្ញុំ»។
ស្រីធី គឺជាមនុស្សម្នាក់ដែលចូលចិត្តកំប្លែង និងភាពសប្បាយរីករាយ។ តារាចម្រៀងពីទសវត្សរ៍ឆ្នាំ១៩៦០ ដែលជានិម្មិតរូប ស្រីធីគឺ លោកស្រី ប៉ែន រ៉ន បានក្លាយជាអ្នកចម្រៀងជាតិមួយរូប នៅពេលដែលបានចាប់ដៃគូច្រៀងជាមួយនឹងលោក ស៊ិន ស៊ីសាមុត។ ជាអកុសល លោកស្រី ប៉ែន រ៉នត្រូវបានគេគិតថា ត្រូវបានគេសម្លាប់នៅថ្ងៃចុងក្រោយបំផុតដែលខ្មែរក្រហមដឹកនាំ។
«និយាយទៅបទចម្រៀងអ្នក Rock'n'Roll ហ្មងគឺអ្នកស្រីប៉ែន រ៉ន។ ដោយសារតែបទគាត់ ភាពស៊ិចស៊ី ការសើច ភាពកំប្លុកកំប្លែងរបស់គាត់ ហើយសម្លេងរបស់គាត់ សម្លេងគាត់ គឺពិរោះរណ្តំមែនទែន។ បើ រស់ សេរីសុទ្ធាសម្លេងមាស។ សម្រាប់ប៉ែន រ៉ន ដូចខ្ញុំហ្នឹង យក Rock'n'Roll មក រូបរាងខ្ញុំបានតែកំប្លុកកំប្លែង បើមនោសញ្ចេតនា អត់សូវមានទេ ព្រោះខ្ញុំនិយាយលែងច្រើន»។
នៅពេលដែលលោកស្រីរំឭកកាលពីវ័យកុមារ ស្រីធី តែងតែសរសើរម្តាយរបស់លោកស្រីថាជាអ្នកចម្រៀងដ៏ល្អបំផុតក្នុងស្រុក។ ម្តាយរបស់លោកស្រីតែងតែច្រៀងគ្រប់ពេល មិនថាពេលបោសសម្អាតផ្ទះ ពេលទៅផ្សារ និងពេលចម្អិនម្ហូបអាហារ។ ចំណែកឯឪពុករបស់លោកស្រីគឺជាអ្នកបើកបររថក្រោះក្នុងសម័យសង្គ្រាម លោកតែងតែបើកវិទ្យុស្តាប់ព័ត៌មាន ហើយជារឿយៗហើយជួនកាលស្រីធីអង្គុយស្តាប់ចម្រៀងជាមួយគាត់។
ស្រីធីបានមកដល់ទីក្រុងភ្នំពេញក្នុងវ័យ១៩ឆ្នាំដើម្បីស្វែងរកការងារ។ លោកស្រីត្រូវបានគេបោកបញ្ឆោតហើយជាប់នៅក្នុងផ្ទះបន ប៉ុន្តែលោកស្រីត្រូវបានសង្គ្រោះទាន់ពេល។ លោកស្រីធ្លាប់ឆ្លងកាត់ការងារជាច្រើនតាំងពីការងារសំណង់ អ្នកចម្រៀងខារ៉ាអូខេ និងសព្វថ្ងៃអ្នកស្រីជាអ្នកលក់វត្ថុអនុស្សាវរីយនៅក្នុងផ្សារទួលទំពូង។
ដើម្បីជម្នះលើភាពក្រីក្រនិងការបាក់ទឹកចិត្ត មានតែតន្ត្រីរ៉ក់ប៉ុណ្ណោះដែល អាចជួយលោកស្រីបាន។
«Rock'n'Roll គឺជាបទចម្រៀងមួយដែលធ្វើឲ្យយើងសប្បាយ បំភ្លេចទុក្ខ អ្វីដែលយើងពិបាកចិត្ត យើងអាចច្រៀងបំភ្លេច ឬស្តាប់បទចម្រៀង Rock'n'Roll ដែលវាមានពាក្យកំប្លុកកំប្លែងធ្វើឲ្យយើងបំបាត់ទុក្ខកង្វល់»។
ការមានជីវិតឡើងវិញនៃតន្ត្រីរ៉ក់
ក្រុមតន្ត្រី The Cambodian Space Project គឺជាប្រធានបទមួយដែលខ្សែភាពយន្តឯកសារ « Not Easy Rock'n'Roll» ហើយត្រូវបានចាក់បញ្ចាំងដំបូងនៅក្នុងមហោស្រពខ្សែភាពយន្តទីក្រុងស៊ីដនីកាលពីឆ្នាំ២០១៥ ហើយត្រូវបានដាក់បញ្ចាំងលើកម្មវិធីទូរទស្សន៍ BBC។
ស្រីធី និងលោក Julien មិនបានរំពឹងថា ក្រុមតន្ត្រីរបស់អ្នកទាំងពីរនឹងទទួលបានគាំទ្រយ៉ាងច្រើនដូច្នេះទេ។ ប៉ុន្តែក្នុងរយៈពេល៨ឆ្នាំ ក្រុមតន្ត្រីដែលឥឡូវនេះមានសមាជិកប្រាំនាក់ដែល ក្នុងនោះមានអ្នកស្រីដែលជាអ្នកចម្រៀងនិងអ្នកវាយស្គរម្នាក់ទៀតជាជនជាតិខ្មែរ បានឡើងសម្តែងលើឆាកអន្តរជាតិជាច្រើនតំបន់ និងច្រើនមហោស្រពតាំងពីតំបន់អាស៊ី អឺរ៉ុប និងប្រទេសអូស្ត្រាលី។
ផលិតករភាពយន្តលោក Marc Eberle ប្រាប់ VOA តាមសារអេឡិចត្រូនិចថា៖
«ការបញ្ចាំងរឿងនេះលើកម្មវិធីទូរទស្សន៍ BBC ដែលផ្សាយទៅកាន់ប្រមាណ ១៣០ប្រទេសលើពិភពលោក គឺជាផ្លូវមួយដ៏ល្អដែលពាំនាំវប្បធម៌របស់កម្ពុជាទៅពិភពលោក។ នៅប្រទេសជាច្រើន នៅអាមេរិកខាងត្បូង អាហ្វ្រិក និងនៅអាស៊ី ខ្សែភាពយន្តត្រូវបានទស្សនិកជនយល់អំពីវា និងចាប់អារម្មណ៍ជាខ្លាំង»។
បច្ចុប្បន្ន តន្រ្តីរ៉ក់និងរ៉ូលកំពុងមានជីវិតឡើងវិញបន្តិចម្តងៗជាមួយនឹងការលេចឡើងនៅក្រុមតន្ត្រី រ៉ក់ខេនរ៉ូលថ្មីៗជាច្រើន។ ក្រៅពីក្រុមតន្ត្រី The Cambodian Space Project ក្រុម Dengue Fever គឺជាក្រុមមួយផ្សេងទៀតដែលបង្កើតឡើងនៅក្នុងគោលបំណងស្រដៀងគ្នាគឺការអភិរក្សនិងច្នៃប្រឌិតថ្មីនូវតន្ត្រីរ៉ក់ខេនរ៉ូលរបស់ប្រទេសកម្ពុជា រួមនឹងក្រុមតន្ត្រីប៉ប់ និងរ៉ក់ឯទៀតរបស់យុវជនជំនាន់ក្រោយដែលបង្កើតស្នាដៃចម្រៀងថ្មីៗ។
លោក Jimmy Kiss ដែលជាតារាចម្រៀងផប់និងរ៉ក់កំពុងរះចំណោមក្រុមយុវវ័យក្មេងៗនៅកម្ពុជា សារទរនៅពេលដែលបានលឺថា តន្ត្រីរ៉ក់របស់ប្រទេសកម្ពុជាបានលេចមុខមាត់នៅលើឆាកអន្តរជាតិនិងក្នុងស្រុកម្តងទៀត ស្របពេលដែលខ្លួនលោកផ្ទាល់ ក៏ធ្លាប់បានសម្តែងនៅលើឆាកអន្តរជាតិក្នុងតំបន់អាស៊ី និងសហរដ្ឋអាមេរិកផងដែរ។
ទោះជាយ៉ាងណាក៏លោកមានការមិនយល់ស្របនៅពេលដែលគេនិយាយថា វិស័យតន្ត្រីនៅប្រទេសកម្ពុជាសព្វថ្ងៃបានអន់ថយ។
«ខុសត្រង់ថា សម័យមុន និងសម័យនេះអ្នកលេងភ្លេងពូកែក៏មានច្រើនដែរ តែការឲ្យតម្លៃលើតន្ត្រីគឺខុសគ្នា។ កាលពីដើមការឲ្យតម្លៃទៅលើតន្ត្រីខ្លាំង! អ្នកលេងភ្លេងមានទទួលអារម្មណ៍ថា គាត់មានកិត្តិយសចំពោះការបង្ហាញតន្ត្រីរបស់គាត់។ សម័យកាលនេះ អ្នកភ្លេងឥលូវក៏មានសមត្ថភាពច្រើនដែរ តែនៅពេលដែលគាត់បង្ហាញទៅតម្លៃកិត្តិយសគាត់មិនសូវមាន។ វាធ្វើឲ្យមើលទៅឃើញអន់ថយ ឃើញដូចមិនសូវខ្លាំងដូចពីមុន»។
ស្រីធី បាននិយាយថាទស្សនិកជនជនជាតិខ្មែរដែលគាំទ្រក្រុមតន្ត្រីរបស់អ្នកស្រីមានតែប្រមាណ១០ភាគរយប៉ុណ្ណោះ។ អ្នកស្រីក៏បានបន្តថា ក្នុងវ័យបច្ចុប្បន្ន និងទៅអនាគត អ្នកស្រីមិនអាចទាក់ទាញប្រិយមិត្តអ្នកស្តាប់វ័យក្មេងបាននោះទេ។ អ្នកស្រីបានលើកទឹកចិត្តឲ្យតារាចម្រៀងប៉ប់និងរ៉ក់វ័យក្មេងដែលកំពុងល្បីល្បាញឲ្យបន្តស្រាវជ្រាវនិងសិក្សា អំពីការនិពន្ធចម្រៀងរបស់កវីល្បីៗកាលពីទសវត្សរ៍៦០ ដែលមានយុទ្ធសាស្ត្រក្នុងការនិពន្ធចម្រៀងដែលពិរោះ នៅតែពេញនិយម និងស្តាប់មិនចេះជិនណាយទោះបីជាពេលវេលាកន្លងយូរប៉ុណ្ណាក៏ដោយ៕