នៅលើឆាកនៃមូលនិធិទេយ្យទានជាតិសម្រាប់សិល្បៈ (National Endowment for the Arts) ឈ្មោះលោក យ៉ារី លីវ៉ាន់ អ្នកសិល្បៈខាងផ្នែកកុលាលភាជន៍ត្រូវបានប្រកាសជាជ័យលាភីម្នាក់សម្រាប់ឆ្នាំ២០១៥នេះ។
លោក យ៉ារី លីវ៉ាន បានក្លាយជាជនជាតិខ្មែរអាមេរិកាំងម្នាក់ទៀត ដែលបានទទួលរង្វាន់ខាងផ្នែកស្នាដៃសិល្បៈបុរាណពីស្ថាប័នដ៏ជាទីគោរពនេះកាលពីដើមខែតុលា។លោក យ៉ារី បានថ្លែងក្នុងពិធីទទួលពានរង្វាន់នោះថា៖«ខ្ញុំសូមថ្លែងអំណរគុណមូលនិធិទេយ្យទានជាតិសម្រាប់សិល្បៈ ដែលបានប្រគល់រង្វាន់ដ៏មានកិត្តិយសនេះដល់រូបខ្ញុំ»។
ក្នុងអាជីពជាអ្នកសិល្បៈខាងផ្នែកកុលាលភាជន៍ជាង៣០ឆ្នាំ និងធ្លាប់ទទួលបានរង្វាន់ជាច្រើនលើកមកហើយ ប៉ុន្តែនេះគឺជារង្វាន់ដ៏មានកិត្តិយសបំផុតសម្រាប់លោក យ៉ារី លីវ៉ាន។
លោក យ៉ារី បានផ្តល់បទសម្ភាសន៍ដល់VOAបន្ទាប់ពីទទួលរង្វាន់នោះថា៖
«ពេលដែលទទួលរង្វាន់លើកទីមួយ យើងមិននឹកស្មានថា យើងបានទទួលរង្វាន់លើកទីពីរទេ ហើយទទួលរង្វាន់លើកទីពីរ យើងមិននឹកស្មានថាយើងទទួលរង្វាន់លើកទីបីហ្នឹងដែរ។ ប៉ុន្តែការខំប្រឹងប្រែងរបស់យើងពីរង្វាន់មួយៗគឺយើងខំប្រឹង ដើម្បីធ្វើស្នាដៃដើម្បីទំនាក់ទំនងជាមួយសង្គមបង្រៀនអ្នកដទៃ កាន់តែយើងមានគម្រោងកាន់តែច្រើនឡើង ដើម្បីទំនាក់ទំនងជាមួយសង្គម និងក្មេងៗ»។
ក្នុងពិធីប្រគល់រង្វាន់ និងការប្រគុំតន្ត្រីដែលមានជ័យលាភីដទៃទៀតខាងផ្នែកតន្ត្រីប៊្លូ និងរបាំប្រពៃណីជប៉ុន លោក យ៉ារី បានពន្យល់ដល់អ្នកចូលរួមពីសិល្បៈកុលាលភាជន៍ខ្មែរ និងអត្ថន័យរបស់វានៅក្នុងសង្គម និងជីវភាពរស់នៅរបស់ពលរដ្ឋនៃពលរដ្ឋអាស៊ីអាគ្នេយ៍។
លោកClifford Murphy នាយកកម្មវិធីនៃមូលនិធិទេយ្យទានជាតិសម្រាប់សិល្បៈបានបញ្ជាក់ថា៖
«លោក យ៉ារី គឺជាអ្នកសិល្បៈដ៏អស្ចារ្យ។ លោកមានសមត្ថភាពសិល្បៈគួរឱ្យស្ញប់ស្ញែង។ ហើយនេះគឺជារង្វាន់ដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសរបស់យើងសម្រាប់សិល្បៈបុរាណ គឺលោកសក្តិសមនឹងទទួលបានការទទួលស្គាល់នេះខ្លាំងណាស់ ប៉ុន្តែលោកក៏ត្រូវបានគេទទួលស្គាល់ក្នុងសហគមន៍ខ្មែរអាមេរិកាំងរបស់គាត់ថា ជាមនុស្សសំខាន់ដែរ។ ហើយការចូលរួមចំណែករបស់គាត់នៅក្នុងសហគមន៍ក៏សមនឹងទទួលបានការទទួលស្គាល់ផងដែរ»។
ក្នុងការផលិតស្នាដៃសិល្បៈ លោក យ៉ារី បានប្រកាន់យកគោលការណ៍សំខាន់ៗគឺ រក្សាស្នាដៃដូនតាតាមក្បាច់បុរាណ ការប្តូរផ្តាច់ក្នុងអាជីព ដោយធ្វើការងារជាប្រចាំ ហើយនឹង...
«ហើយទីបីគឺយើងបើកចំហរដូរតម្រិះវិជ្ជាគ្នាទៅវិញទៅមក យើងរៀនពីគេហើយយើងខិតខំបង្រៀនទៅអ្នកដទៃជាពិសេសគឺក្មេងៗ»។
ជាពលរដ្ឋខ្មែរអាមេរិកាំងដែលកំពុងរស់នៅក្នុងទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិត លោក យ៉ារី មិនដែលភ្លេចដល់ការរួចរស់ជីវិតពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមដោយសារតែលោកមានជំនាញនេះ ហើយបានជួយធ្វើឡដុតឥដ្ឋ និងបង្រៀនក្រុមខ្មែរក្រហមឱ្យចេះជំនាញនេះដែរ។
ពេលបច្ចុប្បន្នលោក យ៉ារី លីវ៉ាន បានជួយបង្រៀនដល់សិស្សពីសាលាបឋមសិក្សារហូតដល់មហាវិទ្យាល័យណា ដែលមានចំណាប់អារម្មណ៍នឹងសិល្បៈកុលាលភាជន៍ខ្មែរដោយមិនយកកម្រៃអ្វីទេ៕