ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្នាដៃ​សិល្បៈ​ថ្មី​ «បង្សុកូល»​ នឹង​យក​ទៅ​សម្ដែង​នៅ​បរទេស


អ្នកពិភាក្សាទាំង៨រូប អង្គុយនៅលើឆាក ក្នុងសន្និសីតកាសែតស្នាដៃបង្សុកូល នៅឯសារមន្ទីរជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ ។ (រីទ្ធី គីមហេង/ VOA)

សព្វ​ថ្ងៃ​ជា​តន្ត្រី​ករ​បុរាណ​ ​ដែល​មាន​ឈាម​ជ័រ​ក្នុង​គ្រួសារ​សិល្បៈ​បុរាណ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​អ្នកស្រី ​ហ៊ឹម​ សាវី ​និង​អ្នក​សិល្ប​ករ​ខ្មែរ​៨​រូប​ទៀត​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នានា ​ដើម្បី​ចូល​រួម​សម្ដែង​ស្នា​ដៃ​សិល្បៈ​ថ្មី​មួយ​មាន​ឈ្មោះ​ «បង្សុកូល»។ «បង្សុកូល» គឺជា​សិល្បៈ​រួម​បញ្ចូល​គ្នា​រវាង​តន្ត្រី​សម័យ ​និង​បុរាណ​ ព្រមទាំង​សំឡេង ​កាយវិការ​និង​ចក្ខុវិញ្ញាណ។

អ្នក​ស្រី​ ហ៊ឹម​ សាវី​ អាយុ​៤៤​ឆ្នាំ​ ​រៀប​រាប់​ពី​ទុក្ខ​សោក​ដែល​ខ្លួន​បាន​ទទួល​ភាព​ឈឺ​ចាប់​ក្នុង​របប​ខ្មែរ​ក្រហម​ នៅ​ពេល​ដែល​អ្នកស្រី​ច្រៀង​នៅ​ក្នុង​ស្នាដៃ​ថ្មី​ឈ្មោះ​«បង្សុកូល» ​ដែល​ជា​ការ​សម្ដែង​សិល្បៈ​ថ្មី​មួយ​ ធ្វើឡើង​ដើម្បី​រំលឹក​ឧទ្ទិស​ដល់​ប្រជាជន​ខ្មែរ​ដែល​បាន​ស្លាប់​ក្នុង​របប​មួយ​នោះ។

អ្នក​ស្រី សាវី​ ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុងសម័យ​ខ្មែរ​ក្រហម បាន​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ក្ដុក​ក្ដួល​ ​ពេល​ខ្លះ​ខ្ញុំ​ច្រៀង​អត់​ចេញ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ខំ​សង្កត់​ចិត្ត​ នៅ​ពេល​ដែល​សម្ដែង»។

អ្នកស្រី​បាន​ក្លាយ​ជា​កូន​កំព្រា​ឪពុក​តាំង​ពី​ឆ្នាំ​១៩៧៥​ ក្រោយ​ពួក​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​របស់​អ្នកស្រី​ដែល​ជា​ទាហាន។ របប​ខ្មែរ​ក្រហម​បាន​ធ្វើឲ្យ​អ្នកស្រី​ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​ម្ដាយ​ ​តាំង​ពី​ខ្លួន​មាន​អាយុ​ទើប​តែ​ ៦​ឆ្នាំ​ម្ល៉េះ។

អ្នកស្រី​ពន្យល់​បន្ត​ថា​ ជីវិត​អ្នកស្រី​កាល​ណោះ​កម្សត់​ណាស់ ពោល​គឺ​មាន​តែ​ខោ​អាវ​មួយ​កំប្លេ​ជាប់​ខ្លួន​ និង​ញាំ​តែ​បបរ​ប៉ុណ្ណោះ។ ពេល​នោះ​ គាត់​ជា​កង​កុមារ​ ដែល​គេ​ប្រើ​ឲ្យ​ដើរ​រើស​អាចម៍​គោ​ អាចម៍​ក្របី​ និង​កាប់​ដើម​ទន្ទ្រានខេត្ត​ មក​ធ្វើ​ជី​បាច​ស្រូវ។

អ្នកស្រី ហឹុម សាវី (ឆ្វេង) ដែលជាអ្នកចំរៀងនៅក្នុងស្នាដៃបង្សុកូល និងលោក អាន ចនផន (ស្តាំ) ដែលជាស្ថាបនិកសមាគមសិល្បៈខ្មែរអមត: កំពុងពិភាក្សាកំឡុងពេលសន្និសីតកាសែតស្នាដៃបង្សុកូល នៅឯសារមន្ទីរជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧។ (រិទ្ធី គីមហេង/ VOA)
អ្នកស្រី ហឹុម សាវី (ឆ្វេង) ដែលជាអ្នកចំរៀងនៅក្នុងស្នាដៃបង្សុកូល និងលោក អាន ចនផន (ស្តាំ) ដែលជាស្ថាបនិកសមាគមសិល្បៈខ្មែរអមត: កំពុងពិភាក្សាកំឡុងពេលសន្និសីតកាសែតស្នាដៃបង្សុកូល នៅឯសារមន្ទីរជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧។ (រិទ្ធី គីមហេង/ VOA)

ទោះ​បី​ជា​ពេល​សម្ដែង​ឈុត​ឆាក​ខ្លះ​ក្នុង​ស្នា​ដៃ​សិល្បៈ​ «បង្សុកូល» អ្នកស្រី​ពិបាក​ទប់​អារម្មណ៍​ខ្លួន​ឯង​ ក៏ប៉ុន្តែ​អ្នកស្រី​តាំង​ចិត្ត​ថា​ អ្នកស្រី​មិន​អាច​យំ​បាន​ទេ។

«ខ្ញុំ​មិន​អាច​យំ​បាន​ទេ​ បើ​ទោះ​ជា​ខ្ញុំ​ចង់​យំ​ ​ដោយ​សារ​កាល​ណា​ខ្ញុំ​យំ​ទៅ​ ខ្ញុំ​នឹង​ច្រៀង​លែង​ចេញ​តែ​ម្ដង»។

ស្នាដៃ​សិល្បៈ​ «បង្សុកូល»នេះ ​នឹង​ត្រូវ​គេ​យក​ទៅ​សម្តែង​ដំបូង​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ខែ​តុលា​ សហរដ្ឋអាមេរិក​ក្នុង​ខែ​ធ្នូ​ នៅ​ប្រទេស​បារាំង​ក្នុង​ខែ​ឧសភា​ ឆ្នាំ២០១៨​ និង​ត្រឡប់​មក​សម្ដែង​ក្នុង​ ប្រទេស​កម្ពុជា​វិញ​ ឆ្នាំ​២០១៩​ ជា​ឆ្នាំ​គម្រប់​ខួប​ទី​៤០​ឆ្នាំ​ ដែល​ប្រទេស​កម្ពុជា​រួច​ពី​របប​ខ្មែរ​ក្រហម។

ស្នាដៃ​ «បង្សុកូល» ត្រូវ​បាន​ផ្តូចផ្តើម​ដោយ​សិល្បៈ​ខ្មែរ​អមតៈ ​សហការ​ជាមួយ​អង្គការអម្រឹតា​សិល្បៈ​ និង​មជ្ឈមណ្ឌល​បុប្ផាណា​ ក្រោម​ការ​ឧបត្ថម្ភ​ពី​ស្ថាន​ទូត​អូស្ត្រាលី​ និង​សហរដ្ឋអាមេរិក។

លោក​ រិទ្ធី​ ប៉ាន់​ ប្រធាន​មជ្ឈមណ្ឌល​បុប្ផាណា​ និង​ផលិតករ​ខ្សែ​ភាពយន្ត​ «ដំបូង​ខ្មែរ​ក្រហមសម្លាប់​ប៉ា​របស់​ខ្ញុំ» ​ដែល​ដឹកនាំ​រឿង​ដោយ​តារា​ភាពយន្ត​ Hollywood អ្នកស្រី Angelina Jolie បាន​និយាយ​ថា​ ការ​សម្តែង​របស់​ស្នាដៃ​នេះ​គឺ​មិន​បាន​បញ្ចប់​ជាមួយ​ឈុត​ឆាក​កម្សត់​នោះ​ទេ។

​លោក​ រិទ្ធី​ ប៉ាន់ បាន​លើក​ឡើង​ថា៖ «យើង​មិន​បាន​បញ្ចប់​ «បង្សុកូល» ​ជាមួយ​ឈុត​ឆាក​កម្សត់ ​ប៉ុន្តែ​សារ​ដែល​សុទិដ្ឋិនិយម​ដោយ​ឈុត​ឆាក​បង្រៀន​កូន​ក្មេង​លេង​ឆៃយ៉ាំ​ មាន​ន័យ​ថា​ដូចជា​ផ្ដល់​របស់​អ្វី​មួយ​ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ ​ដើម្បី​ពួក​គេ​ឈប់​កើត​ទុក្ខ​ ប៉ុន្តែ​ឲ្យ​ពួក​គេ​ជឿ​ជាក់​ថា​នឹង​មាន​ផ្លូវ​ថ្មី​សម្រាប់​ពួក​គេ» ។

ទស្សនិកជនបរទេស និងអ្នកចូលរួមជាជនជាតិខ្មែរ ក្នុងសន្និសិីតកាសែត ស្នាដៃបង្សុកូល ឯសារមន្ទីរជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែក្កដា ឆ្នាំ២០១៧។ (រីទ្ធី គីមហេង/ VOA)
ទស្សនិកជនបរទេស និងអ្នកចូលរួមជាជនជាតិខ្មែរ ក្នុងសន្និសិីតកាសែត ស្នាដៃបង្សុកូល ឯសារមន្ទីរជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែក្កដា ឆ្នាំ២០១៧។ (រីទ្ធី គីមហេង/ VOA)

ស្រដៀង​គ្នា​ដែរ​ លោក ហ៊ឹម​ សុភី​ ​ដែល​ជា​អ្នក​តែង​និពន្ធ​ស្នាដៃ«បង្សុកូល»​នេះ​ ពន្យល់​បន្ថែម​ថា​ ថ្វីបើ​ «បង្សុកូល»​ ទាក់ទង​នឹង​ការ​ពិត​ដ៏​ឃោរឃៅ​នៃ​របប​ខ្មែរ​ក្រហម​ ប៉ុន្តែ​ស្នាដៃ​នេះមិន​បាន​ផ្ដោត​លើ​ភាព​សោកសៅ​នៃ​របប​នេះ​តែមួយ​មុខ​នោះ​ទេ។ ផ្ទុយ​ទៅវិញ​ វា​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដែល​នៅ​មាន​ជីវិត ​បន្ត​ក្ដី​សង្ឃឹម។

លោក ហ៊ឹម​ សុភី​ បាន​លើក​ឡើង​ថា៖ «ការ​ប្រើ​ប្រាស់​ឆៃយ៉ាំ​ដែល​មាន​ប្រជាប្រិយ​ និងជា​ផ្នែក​មួយ​នៃ​តន្ត្រី។​ ហើយ​តន្ត្រី​ជា​ផ្នែក​មួយ​នៃ​សិល្បៈ​។ ហើយ​ការ​សម្តែង​នេះ​ ដើម្បី​បង្ហាញ​ថា​អ្នក​ដែល​រស់​រាន​មាន​ជីវិត​ គឺជា​អនាគត​ផ្នែក​សិល្បៈ​វប្បធម៌​ត​ទៅ​មុន​ទៀត»។

ការ​សម្ដែង​ស្នា​ដៃ​សិល្បៈ​ថ្មី​មួយ​មាន​ឈ្មោះ​ «បង្សុកូល»​នេះ​ មិន​មែន​ធ្វើឡើង​ដោយ​រលូន​នោះ​ទេ។ កង្វះ​បច្ចេកទេស​សម្ដែង​ និង​ថវិកា​ឧបត្ថម្ភ​គឺ​ជា​ក្ដី​បារម្ភ​របស់​ក្រុម​ការងារ​ស្នាដៃ​សិល្បៈ​មួយ​នេះ។

លោក សុភី​ បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ការ​សម្តែង​ស្នា​ដៃ​មួយ​នេះ​ ពួក​គាត់​ត្រូវ​ការ​ការ​ចូល​រួម​ពី​សិល្បករ​បរទេស ​ដូច​ជា​ប្រភេទ​តន្ត្រី​បស្ចិម​ប្រទេស​ ហើយ​ពួក​គាត់​សង្ឃឹម​ថា​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​ ក្រុម​សិល្បករ​ខ្មែរ ​នឹង​អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​សម្តែង​ខ្លួន​ឯង​ផ្ទាល់​ដោយ​មិន​ចាំ​បាច់​មាន​ជំនួយ​ពី​សិល្បករ​បរទេស​នោះ​ទេ។

លោក​ ព្រីម​ ភ្លឿន នាយក​ប្រតិបត្តិ​របស់​សិល្បៈ​ខ្មែរ​អមតៈ បញ្ជាក់​ថាមូល​ហេតុ​នៃ​កា​សម្ដែង​របស់​សិល្បៈ​«បង្សុកូល»​នៅ​កម្ពុជា​ក្រោយ​គេ​ ​នៅ​ឆ្នាំ​២០១៩​ គឺ​សម្រាប់​ទុក​រយៈ​ពេល​២​ឆ្នាំ​ ​ឲ្យអ្នក​សម្ដែង​មាន​ពេល​ហាត់​សម​ដើម្បី​ទទួល​បាន​គុណ​ភាព​ខ្ពស់​ មុន​នឹង​នាំ​យក​ការ​សម្ដែង​នេះ​មក​កាន់​មាតុ​ប្រទេស​វិញ។

លោក​បាន​បញ្ជាក់​ថា៖ «ដោយ​សារ​វា​ជា​ស្នាដៃ​មួយ​ដែល​យើង​បង្កើត​ដំបូង ​ទាក់​ទង​ជាមួយ​ភាពយន្ត ​តន្ត្រី​ នឹង​ការ​ជ្រើស​ភ្លេង​បុរាណ​ខ្មែរ ​និង​ភ្លេង​បស្ចិម​ប្រទេស​មក​សម្ដែង​ យើង​នៅ​មាន​ការ​ខ្វះ​ខាត​អ្នក​ដែល​អាច​លែង​ឧបករណ៍​តន្ត្រី​ទាំង​នោះ​បាន»។

អ្នកស្រី​ សាវី​ និយាយ​ថា​ ដោយ​សារ​តែ​អ្នកស្រី​មិន​មែន​ជា​អ្នក​ស្មូត​អាជីព​ តែ​ដោយ​សារ​ចំណង់​ចំណូលចិត្ត​ ចំពោះ​ស្នាដៃ​ថ្មី​នេះ​ទើប​អ្នកស្រី​ព្យាយាម​ហ្វឹក​ហាត់​បន្ថែម។

«ការ​ហ្វឹក​ហាត់​របស់​ខ្ញុំ​គឺ​នៅ​តាម​ឡាន​នៅ​ពេល​ដែល​ខ្ញុំ​ឆ្លៀត​ឱកាស​ទំនេរ​ខ្ញុំ​យក​មក​ហាត់​ភ្លាម​ ដើម្បី​យក​ជា​មូលដ្ឋាន​គ្រឹះ​ព្រោះ​ខ្ញុំ​អត់​មាន​ពេល​គ្រប់​គ្រាន់​នោះ​ទេ»។

លោក ​ឆាំង​ យុ​ គឺជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែលប្រមែប្រមូល​និង​ចងក្រង​ឯកសារ​ទាក់​ទង​នឹង​របប​ខ្មែរ​ក្រហម។ លោក​តែង​លើក​ទឹក​ចិត្ត​ចំពោះ​រាល់ការ​សម្ដែង​សិល្បៈ​ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ព្យាបាល​របួស​ផ្លូវ​ចិត្ត​របស់​ជន​រង​គ្រោះ​នៅ​សម័យ​ខ្មែរ​ក្រហម។

លោក​ថ្លែង​ថា​៖ «ជាតិ​សាសន៍​ណា​ ដែល​ធ្លាប់​ឆ្លង​កាត់​របប​ប្រល័យ​ពូជ​សាសន៍​ដូច​ជា​ប្រទេស​កម្ពុជាជាដើម អាច​ធូរស្បើយផ្លូវចិត្តដោយការអត់អោនតែមិនបំភ្លេច។ ការ​បំភ្លេច បង្កការឈឺចាប់ជាងការជាសះស្បើយទាំងកម្រិតបុគ្គលនិង​សង្គមទាំងមូល»។

ក្រុម​សិល្បករ​ខ្មែរ​ «បង្សុកូល»​ ដូចជា​អ្នកស្រី ​ហ៊ឹម​ សាវី​ រំពឹង​ថា​ទស្សនិកជន​នៅ​ក្រៅ​ប្រទេស​នឹង​បាន​យល់​អំពី​សិល្បៈ​ខ្មែរ​ និង​ទស្សនីយភាព​អំពី​សម័យ​ខ្មែរ​ក្រហម៕

XS
SM
MD
LG