ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​លោក​ស្រី​ ថាក់​ ឡានីជា​នរណា?


រូបថត​ឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួម​​បាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។
រូបថត​ឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួម​​បាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។

ក្រោយ​ពី​រឿង​ក្តី​នេះ⁣​ ទី​បំផុត​ព្រឹក​ ថ្ងៃ​ទី២​ ខែ​កញ្ញា​ លោកស្រី​ថាក់​⁣ ឡានី​ ត្រូវ​បាន​ សមាជិក​ព្រឹទ្ធ​សភា​​ដក​អភ័យ​ឯកសិទ្ធ​ជា​ផ្លូវការ​ដោយ​ការ​បោះឆ្នោត​ដោយ​សំឡេង​ ៤៦​ លើ​ ៤៦​​ស្រប​ពេល​លោកស្រី​មិន​នៅ​ក្នុង​ប្រទេស។

លោកស្រី ថាក់ ឡានី​ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោ​បាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ គេ​កម្រ​ឃើញ​លោកស្រី ចេញ​មុខ​ចេញ​មាត់ ឬ​ថ្លែង​ជា​សាធារណៈ ទាក់ទង​នឹង​នយោបាយ​ណាស់។ ថ្មីៗ​នេះ​ គេ​ឮ​ឈ្មោះ​លោក​ស្រី​⁣ជា​ញឹក​ញាប់​តាម​រយៈ​រឿង​ក្តីក្តាំ​ជាមួយ​នឹង​លោក⁣ ហ៊ុន⁣ សែន។

លោកស្រី​ ថាក់ ឡានី គឺ​ជា​សមា​ជិក​ព្រឹទ្ធិ​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី​ ក្នុង​និ​តិ​កាល​ទី​បី។ នៅ​ក្នុង​តំណែង​ជា​សមាជិក​ព្រឹទ្ធ​សភា​ លោកស្រី​កាន់​កាប់​ភូមិភាគ​ទី​២។

បច្ចុប្បន្ន​លោក​ស្រី​ត្រូវ​បាន​តុលាការ​ដាក់​ទោស​ បន្ទាប់ពី​ លោក ​ហ៊ុន សែន​ បាន​ប្តឹង លោក​ស្រី​ កាល​ពី​ថ្ងៃទី១​ ខែ​សីហា។​ លោក ហ៊ុន សែន​ តាម​រយៈ​មេធាវី​តំណាង​របស់​លោក បាន​ប្តឹង​លោកស្រី​⁣ ថាក់​ ឡានី​ ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ថា​ លោក​ ហ៊ុន សែន គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​កែម​ ឡី។​ លោកស្រី​ ថាក់ ឡានី​បាន​បដិសេធ ហើយ​ប្រាប់​ទៅ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ ពាក្យ​សម្តី​របស់​លោក​ស្រី​ត្រូវ​បាន​គេ​កាត់ត។

អតីត​ភាព​របស់​លោកស្រី​ថាក់​ ឡានី​

លោក​ស្រី​ ថាក់​ ឡានី​កើត​នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ១៩៥៥​ មាន​ស្រុក​កំណើត​នៅ​ភូមិ​លំផាត់​ ⁣ ឃុំ​លំផាត់​ ស្រុក​ជ័យ​ឧត្តម​ ខេត្ត​រតនគិរី។​

លោកស្រី​ ថាក់​ ឡានី​ ជា​អតីត​សិស្ស​នៃ​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​ក្នុង​ទី​ក្រុង​ភ្នំពេញ​និង​បាន​រៀន​ចប់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​កម្រិត​ទី​២​⁣ ក្នុង​ឆ្នាំ​១៩៧២។​

លោក​ស្រី​ចេះ​ភាសា​ឡាវ​យ៉ាង​ស្ទាត់​ជំនាញ⁣​និង​ចេះ​ភាសា​បារាំង​កម្រិត​មធ្យម។​ អ្នក​ដែល​រួម​ការ​ងារ​ជាមួយ​លោក​ស្រី​បាន​ប្រាប់​VOAថា⁣​ គេ​កម្រ​ឮ​លោកស្រី​និយាយ​ភាសា​បរទេស​ណាស់។​ លោកស្រី​ចេះ​ភាសា​ឡាវ​ គឺ​មក​ពី​លោក​ស្រី​ធំ​ធាត់​ឡើង​ក្នុង​ខេត្ត​រតនគិរី​ដែល​ជា​ខេត្តមាន​ព្រំ​ប្រទល់​ជាប់​នឹង​⁣ឡាវ។

សព្វ​ថ្ងៃ​នេះ​ លោកស្រី​ ថាក់​ ឡានី​ មាន​សមាជិក​គ្រួសារ​តែ​ពីរនាក់​ប៉ុណ្ណោះ​គឺ​លោកស្រី​ និង​ស្វាមី។​ ស្វាមី​បច្ចុប្បន្ន​របស់​លោកស្រី​ជា​ស្វាមី​ទី២​ ជួប​គ្នា​ក្រោយ​សម័យ​ខ្មែរ​ក្រហម។​ ស្វាមី​របស់​លោកស្រី​ជា​មន្ត្រីចូល​និវត្ត​គឺ​លោក​ ឈុន​ ប៊ុន​សាន។​ លោក​ ប៊ុនសាន​ មាន​វ័យ​ជាង​៧០​ឆ្នាំ​ហើយ។

លោក​ ប៊ុនសាន​ ជា​អតីត​ទាហាន​សម័យ​សាធារណរដ្ឋ​កម្ពុជា​ក្រោម​ការ​គ្រប់​គ្រង់​របស់​លោក​សេនា​ប្រមុខ​ លន់​ នល់។​ សព្វថ្ងៃ​លោក​ពុំ​ប្រកប​មុខ​របរ​អ្វី​នោះ​ទេ​ ប៉ុន្តែ​លោក​គឺ​ជា​លេខា​ផ្ទាល់​និង​ជា​អ្នក​បើក​រថយន្ត​ជូន​លោកស្រី​ ថាក់​ ឡានី​ទៅ​ធ្វើ​ការ​ និង​ចុះ​បេសកកម្ម​ ដោយ​ឆ្លាស់​គ្នា​ជាមួយ​អ្នកបើក​រថយន្ត​របស់​លោកស្រី។

លោក​ ប៊ុន​សាន​ និង​លោកស្រី​ ថាក់​ ឡានី​បាន​ស្គាល់​គ្នា​ក្នុង​ឆ្នាំ​ ១៩៧៩ ។​ មុន​ពេល​ដែល​លោក​ស្រី​ ថាក់​ ឡានី និង​លោក​ ប៊ុនសាន​ រួម​រស់​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ លោកស្រី​ជា​ស្ត្រី​មេម៉ាយ​ ហើយ​កូន​និង​ប្តី​របស់​លោកស្រី​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។​ នេះ​បើ​តាម​ប្រសាសន៍​របស់​ស្វាមី​របស់​លោកស្រី។​ ឯ​លោក​ ប៊ុនសាន​ វិញ​ក៏​ជា​បុរស​ពោះម៉ាយ​ ដែល​ប្រពន្ធ​លោក​មាន​គ្រួសារ​ថ្មី។ លោក​មាន​កូន​បី​នាក់។​ ក្រោយពី​រួម​រស់​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ អ្នក​ទាំង​ពីរ​មិន​មាន​កូន​នោះ​ទេ។​ នេះ​បើ​យោង​តាម​លោក​ ប៊ុនសាន​ ដែល​បាន​ដំណាល​ប្រាប់​VOAអំពី​ប្រវត្តិ​គ្រួសារ​របស់​លោក។​

«ដល់​ពេល​បែកគ្នា​ទៅ​លួច​ស្រលាញ់​គ្នា។ គេ​អត់​ទាំង​ឲ្យ​ខ្ញុំ​បាន​ការ​នឹង​គ្នា​ផង។​ គាត់​ទាហាន​ ខ្ញុំ​ស៊ីវិល»។​

ប្រវត្តិ​ការងារ​ក្នុង​វិស័យ​នយោបាយ

មុនការ​បោះ​ឆ្នោតឆ្នាំ​ ១៩៩៨​ លោក​ស្រី​ជាសមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ក្នុងស្រុក​កាល​ពីមុន​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៣​ លោក​ស្រី​ថ្លែង​ថា​ លោក​ស្រីធ្លាប់​ជា​មេបញ្ជាការ​ទ័ព​នារី​កាល​ពី​អំឡុង​ឆ្នាំ​ ១៩៧៩។

លោក​ស្រី​បន្ត​ថា ​ក្រោយ​មក​ លោកស្រី​បើក​សហគ្រាស​កាត់​ដេរ​កងទ័⁣ព​ និង​ធ្វើជា​គ្រូ​បង្រៀន​កាត់​ដេរ​ ។​ លោក​ស្រី​បញ្ជាក់​ថា​ កង​ទ័ព​លោកស្រី​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កងទ័ព​វៀតណាម​ហើយ​ក្នុង​អំឡុង​ឆ្នាំ ១៩៨០ លោក​ស្រី​បាន​កេណ្ឌ​ទ័ព​ស្រ្តី​បាន​ជាង​២០០ នាក់​ធ្វើ​ការ​ក្នុង​សហ​គ្រាស​កាត់​ដេរ​នោះ។​

លោក​ស្រី​ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​ក្នុង​កងទ័ព​ជាមួយ​លោកស្រី​ ម៉ែន​ សំអន​ និង​លោកស្រី​ មាន​ សំអាន​ជា​ដើម​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ទាវ​ វណ្ណុល ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម​រង្ស៊ី។​

ក្រោយ​មក​ លោកស្រី​សម្រេច​ចិត្ត​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​លោកស្រី​ធ្លាប់​បាន​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​ដដែល​ថា​ ហេតុ​ផល​ដែល​លោក​ស្រី​ដើរ​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​គឺ​ដោយសារ​តែ​លោកស្រី​មិន​ពេញ​ចិត្ត​នឹង​នយោ​បាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ អំពើ​ពុក​រលួយ ​និងបក្ស​ពួក​និយម​ជាដើម​ តែ​ពុំ​មាន​ការ​ទាស់​ទែង​អ្វី​នឹង​បុគ្គល​ជា​មេដឹក​នាំ ឬ​សមាជិក​បក្ស​នោះ​ទេ។

ក្នុង​ឆ្នាំ​ ១៩៩៨​ លោកស្រី​ ថាក់​ ឡានី​ ត្រូវ​បាន​ប្រធាន​គណ​បក្ស​⁣សម​រង្ស៊ី​ គឺ​លោក សម​ រង្ស៊ី​ ចាត់​តាំង​ឲ្យ​ទៅ​សម្រប​សម្រួល​ការងារ​នៅ​ឯ​ខេត្ត​ស្ទឹង​ត្រែង។ ហើយ​លោក​ស្រី​ក៏​បាន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ផង​ដែរ។​ ក៏​ប៉ុន្តែ​នៅ​ពេល​នោះ​លោកស្រី​មិន​ទទួល​បាន​កៅអី​នោះ​ទេ។​ តែ​ក្រោយ​មក​ ក្នុង​ឆ្នាំ​២០០០​ ដល់​២០០៣​ លោកស្រីត្រូវ​បាន​គេ​ចាត់​តាំង និង​ផ្លាស់​ឲ្យ​ទៅ​មណ្ឌល​កំពង់​ចាម​វិញ។​

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី​មណ្ឌល​កំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ ពេល​នោះ​ លោកស្រី​ជា​សមាជិក​⁣ក្រុម​ប្រឹក្សា​ខេត្ត​ នៅ​ខេត្ត​កំពង់ចាម និង​ជួយ​រៀបចំ​ការ​បោះឆ្នោត​ ឃុំ​សង្កាត់​សម្រាប់​ឆ្នាំ ២០០២ នៅ​ទី​នោះ​ផង​ដែរ។

លុះ​ដល់​ឆ្នាំ​២០០៣​ លោក​ស្រី​ក៏​ជាប់​ជាតំណាង​រាស្រ្ត​ស្រ្តី​ក្នុង​អាណត្តិ​ទី៣​ រួច​បន្តធ្វើ​ជា​តំណាង​រាស្រ្ត​ដល់⁣​អាណត្តិទី​៤ ​គឺ​ក្នុង​ឆ្នាំ​២០០៨​ម្តង​ទៀត​។

ក៏​ប៉ុន្តែ​ មួយ​ឆ្នាំ​កន្លះ​ មុន​ផុត​អាណត្តិ​ទី៤ ក្នុង​ឆ្នាំ​ ២០១២ ​លោក​ស្រី​បាន​លា​លែង​ពី​តំណែង​ជា​តំណាងរាស្រ្ត​⁣ ទៅ​កាន់​តួនាទី​ក្នុង​ព្រឹទ្ធ​សភា​វិញ។​

ទំនាក់​ទំនង​ ជីវភាព​ និង​គ្រួសារ

គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចកី្ត​សើ្ន​សុំ​លើក​អភ័យ​ឯកសិទិ្ធ​របស់​លោកស្រី​ ថាក់ ឡានី សមាជិកា​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី២ កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ (រូបថត​ផ្តល់​ឲ្យ)
គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចកី្ត​សើ្ន​សុំ​លើក​អភ័យ​ឯកសិទិ្ធ​របស់​លោកស្រី​ ថាក់ ឡានី សមាជិកា​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី២ កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ (រូបថត​ផ្តល់​ឲ្យ)

នៅ​ថ្ងៃ​ដែល​គណ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធ​របស់​លោកស្រី​ ថាក់ ឡានី​នោះ​ លោក​⁣ ទាវ⁣ វណ្ណុល​ ដែល​ជា​សមាជិក​ព្រឹទ្ធិ​សភា​មក​ពីគណបក្ស​សមរង្ស៊ី​ បាន​ចូលរួម​ការ​ប្រជុំ​ និង​ស្នើ​មិន​ឲ្យ​ដក​អភ័យ​ឯកសិទ្ធ​របស់​លោកស្រី។

តាម​រយៈ ​លោក​⁣ទាវ​ វណ្ណុល​ បាន​ឲ្យ​ដឹង​ថា​ លោក​ស្រី​មិន​មែន​ជា​មនុស្ស​ដែល​មាន​វោហា​ស័ព្ទប៉ុន្មាន​ទេ។

«ជំទាវ​ថាក់​ ឡានី​ គាត់​ជា​មនុស្ស​មួយ​មិន​ជា​អ្នក​មាន​វោហាស័ព្ទ​អី​នោះ​ទេ។​ នៅ​ក្នុង​ការ​ប្រជុំ​ក្នុង​សភា​ក្តី​ គាត់​មាន​ការ​យល់​ដឹង​យ៉ាង​ម៉េច​ក៏​គាត់​មិន​ជា​អ្នក​មាន​វោហា​ស័ព្ទ​ខ្លាំង​ក្លា​អី​ទេ»។

តែ​លោក​ ម៉ៅ​ មុនីវណ្ណ​ តំណាង​រាស្រ្ត​គណបក្ស​ សម រង្ស៊ី​ មណ្ឌល​កំពង់​ចាម​ ដែល​ជា​សហការី​មួយ​រូប​ ដែល​តែង​តែ​ចុះ​ធ្វើ​ការងារ​សហគមន៍​និង​ជួប​ប្រជា​ជន​ក្នុង​មូល​ដ្ឋានជាមួយ​លោកស្រី​បាន​ឲ្យ​ដឹង​ថា​ ⁣ លោកស្រី​ ថាក់​ ឡានី​ ជា​មនុស្ស​ដែល​និយាយ​ត្រង់ៗ។

«គាត់​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់​ គាត់​ឃើញ​អី​ថា​ហ្នឹង​ ឃើញ​អី​ថា​ហ្នឹង​ប្រាវ​ៗ​ៗ​ អញ្ចឹង​ទៅ​ណាស់។​ គ្រាន់​តែ​គាត់​ជា​មនុស្ស​អញ្ជឹង​ឯង​ មនុស្ស​ឃើញ​អី​ថា​ហ្នឹង​ ហើយ​គាត់​ដូច​ជា​មនុស្ស​ដែល​ និយាយ​រួម​ទៅ​ គាត់​ដូច​រៀង​ឆ្នាស់​ដែរ​ហ្នឹង»។

លោក​បាន​បន្ថែម​ទៀត​ថា​ លោក​ស្រី​មាន​ជីវភាព​ធូធារ។

«គាត់​ដូច​ជា​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ដោយ​សារ​ពីមុន​មក​ គាត់​ធ្លាប់​ធ្វើ​ជា​ប្រធាន​សហ​គ្រាស​កាត់​ដេរ​កងទ័ព​ ជំនាន់​រដ្ឋ​កម្ពុជា។​ គាត់​មាន​ផ្ទះ​ច្រើន​ណាស់​ ផ្ទះ​ច្រើន​មែន​ទែន​។ គ្រាន់​តែ​ខ្ញុំ​ស្គាល់​គាត់​ ឃើញ​ផ្ទះ​គាត់​ ៤ ឬ៥ មាន​វីឡា​ផង​មាន​ផ្ទះ​ល្វែង​ផង​ទាំង​ជុងៗ។ គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។​ គាត់​លក់​ផ្ទះ​ លក់​ដី​ ទិញ​ដី​ ទិញ​ផ្ទះ​ អី​អញ្ចឹង»។​

បច្ចុប្បន្ន​ភាព​របស់​លោក​ស្រី​ថាក់ ឡានី

ក្រោយ​ពី​រឿង​ក្តី​នេះ⁣​ ទី​បំផុត​ព្រឹក​ ថ្ងៃ​ទី២​ ខែ​កញ្ញា​ លោកស្រី​ថាក់​⁣ ឡានី​ ត្រូវ​បាន​ សមាជិក​ព្រឹទ្ធ​សភាដក​អភ័យ​ឯកសិទ្ធ​ជា​ផ្លូវការ​ដោយ​ការ​បោះឆ្នោត​ដោយ​សំឡេង​ ៤៦​ លើ​ ៤៦ស្រប​ពេល​លោកស្រី​មិន​នៅ​ក្នុង​ប្រទេស។

ស្វាមី​របស់​លោក​ស្រី​ ថាក់​ ឡានី​ បាន​ប្រាប់​ VOA​ថា​ លោកសង្ឃឹម​ថា​នឹង​បាន​ជួបគ្នា​ឆាប់ៗ។

«ខ្ញុំ​មាន​រឿង​អញ្ចឹង​ទៅ​ វា​គ្រាន់​តែ​មាន​ការ​សោកសៅ​ហ្នឹង​ណា​ វា​ពិបាក​ចិត្ត។​ ខ្ញុំ​គ្មាន​កូន​គ្មាន​ចៅ​អី​ទេ​ តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ហ្នឹង។​ ហើយ​យើង​វា​ចាស់​ហើយ»។

បច្ចុប្បន្ន​ស្វាមី​លោកស្រី​ រស់​នៅ​ម្នាក់​ឯង​ នៅ​ក្នុង​ផ្ទះ​វីឡា​របស់​លោក⁣។​ ជួន​កាល​មាន​ក្មេងៗ​ប្រុស​ស្រី​ ពីរ​ឬ​បី⁣​នាក់​ និង​តៃកុង​ឡាន​ដែល​លោក​រាប់​អាន​និង​ជួយ​ផ្គត់ផ្គង់​ជ្រោម​ជ្រែង​ មក​សួរ​សុខ​ទុក្ខ​លោក​នៅ​ថ្ងៃ​ចុង​សប្តាហ៍៕

XS
SM
MD
LG