ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រឹទ្ធសភាបានដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី


អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក​ម៉ម ប៊ុននាង​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​សម្ងាត់​ដក​អភ័យឯកសិទ្ធិ​អ្នកស្រី​ថាក់ ឡានី​កាល​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្ដឹងកាលពីថ្ងៃទី១ ខែសីហា តាមរយៈមេធាវីតំណាងរបស់លោក ទាក់ទងនឹងការចោទថា លោកហ៊ុន សែន នៅពីក្រោយឃាតកម្មលើលោកកែម ឡី។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​លើក​អភ័យ​ឯកសិទ្ធិ​របស់​លោកស្រី​ថាក់ ឡានី ​សមាជិកា​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី ​ដើម្បី​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​បណ្តឹង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។ ​ការ​លើក​អភ័យ​ឯកសិទ្ធិ​នេះធ្វើ​ឡើង​ ស្រប​ពេលដែល​លោក​ស្រី​ថាក់ ឡានី ​មិន​នៅ​ក្នុង​ប្រទេស។​

ព្រឹទ្ធ​សភា​សម្រេច​លើក​អភ័យ​ឯកសិទ្ធិ​លោក​ស្រី​ថាក់ ឡានី​ ជា​ផ្លូវ​ការ​ ដោយ​សំឡេង​៤៦​លើ​៤៦​ ខណៈ​ដែល​សមាជិក​ព្រឹទ្ធ​សភាគណបក្ស​ប្រឆាំង​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ។ ​ការ​លើក​អភ័យ​ឯកសិទ្ធិ​នេះ​ធ្វើ​ឡើង​តាម​ការ​ស្នើ​របស់​តុលាការ​ ដើម្បី​ចាត់​ការ​លើ​បណ្តឹង​របស់​លោក​ហ៊ុន សែន។​

លោកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ប្ដឹង​កាល​ពី​ថ្ងៃទី១ ​ខែ​សីហា ​តាមរយៈ​មេធាវី​តំណាង​របស់​លោក ​ទាក់ទង​នឹង​ការ​ចោទ​ថា លោក​ហ៊ុន សែន នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​កែម ឡី។​

គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចកី្ត​សើ្ន​សុំ​លើក​អភ័យ​ឯកសិទិ្ធ​របស់​លោកស្រី​ ថាក់ ឡានី សមាជិកា​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី២ កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ (រូបថត​ផ្តល់​ឲ្យ)
គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចកី្ត​សើ្ន​សុំ​លើក​អភ័យ​ឯកសិទិ្ធ​របស់​លោកស្រី​ ថាក់ ឡានី សមាជិកា​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី២ កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ (រូបថត​ផ្តល់​ឲ្យ)

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​សម្ងាត់​រយៈពេល​មួយ​ម៉ោង ​ដោយ​គ្មាន​វត្ត​មានរបស់​សមាជិក​មកពី​គណបក្ស​ប្រឆាំង​ ​លោក​ម៉ម ប៊ុននាង ​អ្នក​នាំពាក្យ​ព្រឹទ្ធសភា ថ្លែង​ថា​ ព្រឹទ្ធសភា​សម្រេច​លើក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ស្រី​ថាក់ ឡានី ​ដោយយោង​តាម​អង្គ​ហេតុ ​និង​អង្គ​ច្បាប់​ តាម​ការស្នើ​ពី​តុលាការ។ ​លោក​បញ្ជាក់​ថា ​ កំហុស​របស់​លោកស្រី​ថាក់ ឡានី ​អាច​នឹង​មិនត្រូវ​បាន​លើក​អភ័យ​ឯកសិទ្ធិ​ ប្រសិន​លោកស្រី​សុំទោស​ជា​សាធារណៈ​តាំងពី​ដំបូង។​

លោក​បន្ថែម​ថា៖​

«គេ​សិក្សា​ស្រាវជ្រាវ​ឃើញ​តម្រុយ​ជា​ពិរុទ្ធជន​ពី​បទ​បរិហារ​កេរ្តិ៍ ​និង​ការ​ញុះញង់។ អាហ្នឹង​តាម​មាត្រា​នៃ​ក្រម​ព្រហ្មទណ្ឌ។​ តុលាការ​រក​ឃើញ​តម្រុយ​ហ្នឹង​ដោយ​ផ្អែក​លើ​សាក្សី​បួន​នាក់​ដែល​គេ​អញ្ជើញ​មក​បំភ្លឺ។​ អញ្ចឹងគឺ​គាត់​បាន​និយាយ​ទាំងអស់​ តែ​គាត់អត់​ទទួល​ស្គាល់​ផង​ហ្នឹង!​ អញ្ចឹង​គឺ​យើង​មាន​តែ​ពិនិត្យទៅ​លើ​អង្គហេតុ​ និង​អង្គ​ច្បាប់ ​ហើយ​ពង្រឹង​នីតិរដ្ឋ ដើម្បី​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​របស់​យើង​នៃ​ប្រទេស​កម្ពុ​ជា​កាន់​តែ​រឹងមាំ ​គឺ​យើង​ត្រូវ​តែ​អនុវត្ត​តាម​នីតិរដ្ឋ​ និង​តាម​អ្វី​ដែល​តុលាការ​បាន​រក​ឃើញ»។​

លោក​ម៉ម ប៊ុននាង​ បន្ថែម​ថា ​ការ​បោះឆ្នោត​លើក​អភ័យ​ឯកសិទ្ធិ​នេះ​ធ្វើ​ឡើង​ដោយ​សំឡេង​៤៦​លើ​៤៦ ​ឬ​លើស​ពី​ពីរ​ភាគ​បី​នៃ​សមាជិក​សរុប​៦១​រូប ក្នុង​នោះ​មាន​សមាជិក​ព្រឹទ្ធ​សភា​២រូប​តែង​តាំង​ពី​រដ្ឋ​សភា។ ​លោក​ថ្លែង​ថា ​ សមាជិក​ចូល​រួម​ប្រជុំ​ទាំងអស់​សុទ្ធតែ​មក​ពី​គណបក្ស​កាន់​អំណាច​ ដោយសារ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រ​ឆាំង​ទាំង​១១រូប​មិន​ចូល​រួម​ប្រជុំ។​

លោក​លី សុផាណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ក្នុង​សារ​អេឡិច​ត្រូនិច ​តេឡេក្រាម​ថា ​ព្រះរាជ​អាជ្ញា​ដែល​ចាត់​ការ​រឿងក្តី​នេះ​មាន​អំណាច​ប្រើប្រាស់​នូវ​វិធានការ​ស្រាវជ្រាវ​នានា ​រួមទាំង​ការ​ស្តាប់​ចម្លើយ​លើ​គ្រប់​បុគ្គល ​និង​ការ​សម្រេច​នានា ​ដែល​មាន​ប្រយោជន៍​ដល់​ការ​ស៊ើប​អង្កេត​ ដោយ​ត្រូវ​គោរព​ការ​សម្ងាត់​នៃ​ការ​ស៊ើប​អង្កេត​នោះ។​

រូបថត​ឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួមបាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។
រូបថត​ឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួមបាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។

លោក​ទាវ​ វណ្ណុល សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី ​បាន​ប្រាប់ ​VOA​ ថា​ ការ​សម្រេច​របស់​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​គឺ​ជា​ការ​ដាក់​សម្ពាធ​នយោបាយ​មក​លើ​គណបក្ស​ប្រឆាំង។​

លោក​មាន​ប្រសាសន៍​ថា៖​

«កំហុស​ឆ្គង​របស់​ជំទាវថាក់ ឡានី ​មិន​រហូត​ដល់​ទៅ​ដក​អភ័យ​ឯកសិទ្ធិ​ទេ។​ ដូច្នេះ​អ្វី​ដែល​គណបក្ស​កាន់​អំណាច​សម្រេច​ដក​អភ័យ​ឯកសិទ្ធិជំទាវ​ថាក់ ឡានី​ គឺ​ជា​សម្ពាធ​នយោបាយ​ពិត​ប្រាកដ»។​

លោក​ទាវ វណ្ណុល​ បាន​ប្រាប់​ VOA​ ថា ​ លោកស្រី​ថាក់ ឡានី​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ព្យាបាល​ជំងឺ​តាំងពីដើម​ខែ​សីហា​ គឺ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​លោក​ ហ៊ុន សែន។​

លោកស្រី​ថាក់ ឡានី ​បាន​បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចំនួន​ពីរ​លើក​ ដោយ​មេធាវី​របស់​អ្នកស្រី​បញ្ជាក់​ថា​ កូនក្តី​របស់​លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ ​លុះ​ត្រា​ព្រឹទ្ធ​សភា​ព្យួរ​អភ័យ​ឯកសិទ្ធិ​លោកស្រី​ជាមុន​សិន។​

មេធាវី​ការពារក្តី​អ្នកស្រី​ថាក់ ឡានី​ គឺ​លោក​សំ សុគង់ ​លើក​ឡើង​ថា ​ក្រុម​មេធាវី​របស់​លោកស្រី​ថាក់ ឡានី​ នឹង​ជួប​ជាមួយ​កូន​ក្តី​ដើម្បីសិក្សា​ផ្លូវ​ច្បាប់ ​និង​ប្រមូល​ភ័ស្តុតាង​ក្នុង​ការ​តតាំង​ក្តី​នៅ​តុលាការ។​

លោក​បន្ថែម​ថា៖​

«គោល​បំណង​សំខាន់​នោះ​គឺ​ចង់​ឲ្យ​តុលាការ​ពិនិត្យ​អំពី​ភាព​មិន​មាន​កំហុស ​ឬ​ភាព​ដែល​មិន​បាន​ធ្វើ​ដូច​អ្វី​ ដែល​កូន​ក្តី​បាន​លើក​ឡើង​ហ្នឹង​ ដើម្បី​ឲ្យ​តុលាការ​ហ្នឹង​សម្រេច​ឲ្យ​កូនក្តី​ហ្នឹង​រួច​ផុតពី​បទ​ចោទ ​ឬ​ទម្លាក់​បទ​ចោទ​ ឬ​តម្កល់​រឿង​ទុក​មិន​ចាត់​ការ»។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​យល់​ថា ​ការ​ដក​អភ័យ​ឯកសិទ្ធិ​សមាជិកា​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ​គឺ​ដូច​គ្នា​ទៅ​នឹង​ការ​គំរាម​សមាជិក​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា​មុនៗ​ដែរ។​ លោក​ថ្លែង​ថា ​ គណបក្ស​កាន់​អំណាច​គួរ​រក​វិធី​ចរចា​ដោយ​សន្តិវិធី​ ជាជាង​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា។​

នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​លោក​ហ៊ុន សែន ​ប្តឹង​ស្រ្តី​អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង ​បន្ទាប់​ពី​លោកស្រី​មូរ សុខហួរ ​ត្រូវ​បាន​លោក​ហ៊ុន សែន ​ប្តឹង​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៩​ ពី​បទ​បរិហារ​កេរ្តិ៍ ​បន្ទាប់ពី​អ្នកស្រី​ធ្វើ​សន្និសីទ​កាសែត​ចោទ​ប្រកាន់​ចំពោះ​កំហុស​របស់​លោក​ហ៊ុន សែន ​មុន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន ​ដែល​ថ្លែង​ថា ​មាន​ស្រ្តី​ជើង​ខ្លាំង​ម្នាក់​ពូកែ​រក​រឿង​គេ ​គឺ​រត់ទៅ​អោប​គេ​សោះ ​តែ​ថា ​គេ​ប្រឡេះ​ឡេវ​អាវ។​

រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។
រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។

ក្រៅពី​ប្តឹង​លោកស្រី​ថាក់ ឡានី លោក​ហ៊ុន សែន​ក៏​បាន​ប្តឹង​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​ កែម ឡី។ ​បណ្តឹង​នោះ​បាន​ទាមទារ​ឲ្យ​តុលាការ​ដាក់​ទោស​លោក​សម រង្ស៊ី ​និង​លោកស្រី​ថាក់ ឡានី​ ឲ្យ​ជាប់​ពន្ធនាគារ ​និង​ពិន័យ​ជា​ប្រាក់​១០០​រៀល​ក្នុង​ម្នាក់ៗ។​

លោក​កែម ឡី​ គឺ​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។​ លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពីលោក​បាន​ផ្តល់​ការ​អធិប្បាយ​លើ​របាយ​ការណ៍​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពីការ​កសាង​ទ្រព្យ​សម្បតិ្ត​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន៕​

XS
SM
MD
LG