ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រឹទ្ធសភានឹងប្រជុំពេញអង្គពិចារណាលើអភ័យឯកសិទ្ធិសមាជិកាគណបក្សប្រឆាំង


រូបថត​ឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួម​​បាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។

សម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភានឹងធ្វើឡើងនៅម៉ោង០៨នាទីព្រឹក នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​គ្រប់​គ្រង​ប្រទេស​ចំនួន​ប្រមាណ៥០​រូប​គ្រោង​ចូលរូម​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ព្រឹទ្ធ​សភា​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃទី​១​ ខែ​កញ្ញា​នេះ​ ដើម្បី​ពិនិត្យ​ និង​សម្រេច​លើ​សេចក្តី​ស្នើ​សុំ​ដក​អភ័យ​ឯក​សិទ្ធិ​របស់​លោកស្រីថាក់ ឡានី សមាជិកា​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សម រង្ស៊ី​ បើ​ទោះ​ជា​មាន​ការ​ធ្វើ​ពហិការ​ពី​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រឆាំង​ក្តី។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា។​

ការ​ប្រជុំ​ព្រឹទ្ធសភា​ពេញអង្គ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​នាថ្ងៃ​ពុធនេះ​ ដែល​បាន​ផ្តល់​សេចក្តី​យល់​ព្រម​លើ​សំណើ​របស់​ក្រសួង​យុត្តិធម៌​ និង​អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​ ដែល​ស្នើ​សុំ​ឲ្យ​ដក​អភ័យ​ឯក​សិទ្ធិ​របស់​លោក​ស្រី​ថាក់ ឡានី​ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​ទៅ​មុខ​ទៀត។​

លោក​អ៊ុំ សារិទ្ធ​ អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា បាន​ប្រាប់​ VOA នាព្រឹក​ថ្ងៃ​ពុធ​នេះ​ថា សមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់​មាន​ចំនួន​៦១​រូប។ ហេតុ​ដូច​នេះ ប្រសិន​បើ​សមាជិក សមាជិកា​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​មិន​ចូលរួម​ទេ​នោះ​ ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅ​តែ​អាច​បើក​កិច្ច​ប្រជុំ​បាន​ដដែល។​

លោក​មាន​ប្រសាសន៍​ថា ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​ច្រើន​ លើស​ពី​២/៣​សម្រាប់​ការ​ប្រជុំ​ដក​អភ័យ​ឯក​សិទ្ធិ​នេះ។​

លោក​ស្រី​ថាក់ ឡានី ​បាន​រង​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​ប្តឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ដើម​ខែ​សីហា​នេះ បន្ទាប់​ពី​លោក​ស្រី​បាន​ធ្វើ​ការ​អធិប្បាយ​នៅក្នុង​វេទិកា​សាធារណៈ​មួយ​ ដោយ​បាន​លើក​ឡើង​ថា​ អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោកហ៊ុន សែន ​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​កែម ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​នៅ​កម្ពុជា។​

លោក​សោ ចាន់ដេត​ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សម រង្ស៊ី បាន​ប្រាប់​ VOA ​កាលពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​សមាជិក​ព្រឹទ្ធ​សភាគណបក្ស​ប្រឆាំង​ទាំងអស់​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំសម្រាប់​ការ​ដក​អភ័យ​ឯក​សិទ្ធិ​លោក​ស្រី​ថាក់ ឡានី​ នោះ​ទេ។

លោក​ថ្លែង​ថា​ លោកស្រី​ថាក់ ឡានី ​គ្រាន់​តែ​ធ្វើ​ការ​សម្តែង​មតិ​ស្រប​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ ហើយ​ថា​ ការ​វាយ​ប្រហារ​ផ្នែក​ច្បាប់​លើ​លោក​ស្រី​ថាក់ ឡានី ​គឺ​ជា​យុទ្ធសាស្ត្រ​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ផ្តួល​គូ​ប្រជែង​របស់​ខ្លួន។​

យ៉ាង​ណាក៏​ដោយ​ ក្រុម​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ប៉ាន់​ស្មាន​ទុក​ជាមុន​ថា​ រឿង​ក្តីក្តាំ​ដែល​នាំឲ្យ​កើន​កម្តៅ​នយោបាយ​នេះ​ នឹង​ចុះ​ថមថយ​មក​វិញ​ នៅ​ពេល​វេលា​ដែល​កៀក​នឹង​ការ​បោះឆ្នោត។​

សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ព្រឹទ្ធ​សភា​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​០៨​នាទី​ព្រឹក នាថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ៕

XS
SM
MD
LG