នៅថ្ងៃសុក្រនេះ លោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យតុលាការដាក់ទោសលោក សម រង្ស៊ី និងលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីឲ្យជាប់ពន្ធនាគាររ បន្ថែមពីលើការទាមទារសំណង១០០រៀល បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ប្តឹងអ្នកទាំងពីរពាក់ព័ន្ធនឹងការថ្លែងរបស់ពួកគេដែលថា រដ្ឋាភិបាលកម្ពុជាប្រហែលជានៅពីក្រោយឃាតកម្មសម្លាប់លោកកែម ឡី នោះ។
មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក គី តិច ប្តឹងទាមទារឲ្យតុលាការដាក់ ពន្ធនាគារលើលោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាជាសហការីរបស់លោកម្នាក់ទៀតដែលបាននិយាយថា ពួកគេជឿថារដ្ឋាភិបាលនៅពីក្រោយការស្លាប់របស់ លោក កែម ឡី។
ការចូលឆ្លើយបំភ្លឺនេះ ក្រោយប៉ុន្មានថ្ងៃ លោក ហ៊ុន សែន បានដាក់ពាក្យបណ្តឹងប្តឹង លោក សម រង្ស៊ី ដែលបានសរសេរលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក ហ៊ុន សែន ក៏បានប្តឹងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលបានថ្លែងពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី។
លោក គី តិច មេធាវីតំណាងអាណត្តិរបស់លោក ហ៊ុន សែន ប្រាប់ VOA ក្រោយបញ្ចប់ការចូលបំភ្លឺថា ការថ្លែងរបស់លោក សម រង្ស៊ី និង លោកស្រី ថាក់ ឡានី គឺជាការទម្លាក់កំហុស និងបំភ្លៃការពិតលើលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា សម្តីទាំងនោះជាការញុះញង់ក្នុងចេតនាធ្វើឲ្យមហាជនខឹង និងអាចបង្កឲ្យមានចលាចលនៅក្នុងសង្គម។
លោក គី តិច បន្ថែមថា លោកបានពិភាក្សាជាមួយលោក ហ៊ុន សែន ហើយសុំឲ្យតុលាការផ្តន្ទាទោសដោយដាក់ពន្ធនាគារអ្នកទាំងពីរ។
លោកមានប្រសាសន៍ថា៖ «សម្តេចចង់ឲ្យច្បាប់រកឲ្យឃើញដើម្បីកុំឲ្យមនុស្សដែលចេះតែដើរនិយាយបំផ្លើសទម្លាក់កំហុសទៅលើបុគ្គលដែលគេមានភាពស្អាតស្អំហ្នឹង ចេះតែដើរធ្វើបានៗ ចឹងសូមឲ្យច្បាប់រកយុត្តិធម៌ឲ្យសម្តេច ទី១ ទី២សុំឲ្យផ្តន្ទាទោសបុគ្គលប្រព្រឹត្តបទល្មើស»។
លោកបន្ថែមថា លោកបានស្នើសុំតំណាងអយ្យការកោះហៅសាក្សីសំខាន់ៗដែលចូលរួមក្នុងវេទិកាដែលលោកស្រី ថាក់ ឡានី ថ្លែងនោះឲ្យចូលបំភ្លឺ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកកាន់សំណុំរឿងនេះ ប្រាប់ VOA តាមរយៈតេលេក្រាមថា លោកកំពុងបន្តចំណាត់ការស៊ើបអង្កេតដើម្បីចោទប្រកាន់។
លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់ និងជាមេធាវីឯករាជ្យមួយរូបមានប្រសាសន៍ថា បើតាមផ្លូវច្បាប់ ករណីនេះមិនអាចឈានដល់ការដាក់ទោសទណ្ឌនោះទេ។
លោកបន្ថែមថា៖ «អ្វីដែលគាត់និយាយគ្រាន់តែជាយោបល់ ជាគំនិត ជាមតិរបស់គាត់ ហើយទី២ប្រសិនបើគាត់និយាយសំដៅទៅលើរដ្ឋអំណាចទូទៅ តើអាការចោទប្រកាន់ហ្នឹងវាជាក់ស្តែង ឬអត់? មានន័យថាវាប្រាកដថា គាត់និយាយហ្នឹងវាឥចឹង ឬអត់ ឬក៏គ្រាន់តែជាការទទួលខុសត្រូវរបស់រដ្ឋអំណាច។ តែប្រសិនបើក្នុងករណីដែលគាត់ចោទប្រកាន់តែម្តង គាត់ថាប្រាកដហើយគឺពួកហ្នឹងជាអ្នកធ្វើ ប្រសិនបើក្នុងករណីបែបហ្នឹង វាគ្រាន់តែជាបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារកេរ្តិ៍ជាសាធារណៈអត់មានជាប់ពន្ធនាគារទេ»។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ថា «ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះជាអំពើភេវរកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច»។
វីឌីអូមួយបង្ហោះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយអង្គភាពព័ត៌មាន Freshnews ដែលគេដឹងថា ស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា បង្ហាញថា លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងថ្លែងថាលោក ហ៊ុន សែន នៅពីក្រោយការសម្លាប់លោក កែម ឡី។
លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ហើយឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើងៗទៅបាញ់លោក កែម ឡី។ កែម ឡី អ្នកវិភាគនយោបាយឃើញទេ? ដែលគាត់បានលើកឡើង នែ! Global Witness លើកមុនគាត់បានលើកឡើងអំពីទិដ្ឋភាព ហ៊ុន សែន ពុករលួយ កូនចៅពុករលួយ សល់លុយប៉ុន្មានលាននៅឯណា? ឯកសារ Global Witness មានទាំងអស់។ ច៎ា មានទាំងអស់ ក៏ប៉ុន្តែគេនិយាយតាមឯកសារតើ!»
VOA មិនអាចទាក់ទងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ដើម្បីស្រាយបំភ្លឺបានទេ នាល្ងាចថ្ងៃសុក្រនេះ។
ប៉ុន្តែលោកស្រីបានប្រាប់ព្រឹត្តប័ត្រព័ត៌មាន The Cambodia Daily កាលពីថ្ងៃអាទិត្យថា លោកស្រីមិនបានថ្លែងថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយការសម្លាប់លោក កែម ឡី នោះទេ ហើយលោកស្រីបានអះអាងថា ពាក្យសម្តីរបស់លោកស្រីត្រូវបានគេកាត់ត។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងឆ្លើយតប VOA តាមរយៈសារអេឡិចត្រូនិក ឬអ៊ីម៉េលថា៖ «អ្នកដែលគួរតែចាប់[ដាក់]ពន្ធនាគារ គឺមន្ត្រីក្នុងជួររដ្ឋាភិបាលដែលនៅពីក្រោយខ្នងការវាយប្រហារដោយគ្រាប់បែកដៃយ៉ាងសាហាវក្នុងឆ្នាំ១៩៩៧ ការបាញ់សម្លាប់លោក ជា វិជ្ជា ក្នុងឆ្នាំ ២០០៤ ការបាញ់សម្លាប់លោក ឈុត វុទ្ធី ក្នុងឆ្នាំ ២០១២ និងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ។ ប្រជាពលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ថា អ្នកណាជាអ្នកប្រព្រឹត្តឃាតកម្មទាំងអស់នោះ ហើយលោកក៏ដឹងដែរថា ជនឧក្រិដ្ឋទាំងនោះនៅកន្លែងណាសព្វថ្ងៃ ប៉ុន្តែលោកមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការបញ្ចេញមតិ។ ដូច្នេះ ខ្ញុំនិយាយពេលនេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ»។
សាលាដំបូងរាជធានីភ្នំពេញទើបតែបានផ្តន្ទាទោសលោក សម រង្ស៊ី កាលពីចុងខែកក្កដាពីបទ«បរិហារកេរ្តិ៍»លោក ហេង សំរិន ប្រធានសភាជាតិនៅលើទំព័រ Facebook។
លោក កែម ឡី គឺជាអ្នកវិភាគនយោបាយដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានផ្តល់ការអធិប្បាយលើរបាយការណ៍របស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីការកសាងទ្រព្យសម្បតិ្តដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
របាយការណ៍អង្គការ Global Witness មានចំណងជើងថា«ការគ្រប់គ្រងដ៏ប្រទូសសារ៉ាយ៖ អាណាចក្រសាជីវកម្មរបស់គ្រួសារអ្នកដឹកនាំកម្ពុជា» ដែលបានចេញផ្សាយជាសាធារណៈកាលពីដើមខែកក្កដា បានបង្ហាញថា គ្រួសាររបស់លោក ហ៊ុន សែន មានភាគហ៊ុនចុះបញ្ជីនៅក្នុងក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន ១១៤ ដែលមានដើមទុនចុះបញ្ជីសរុបចំនួនជាង២០០លានដុល្លារអាមេរិក។
តុលាការបានកោះហៅលោកស្រី ថាក់ ឡានី ចូលបំភ្លឺនៅរសៀលថ្ងៃទី០៨ ខែសីហា និងលោក សម រង្ស៊ី ត្រូវឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦៕