ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ​ប្តឹង​លោក​ សម រង្ស៊ី​ និង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​​វិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​​វិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ចោទ​ប្រកាន់​ថា​ ​ការ​អធិប្បាយ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​លោក។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ព្រឹកថ្ងៃ​ច័ន្ទ ​ទី០១ ខែ​សីហា​នេះ​ បាន​ដាក់​ពាក្យ​បណ្តឹងប្រឆាំង​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ និង​សហការី​របស់​លោក​ម្នាក់​ទៀត ដែល​បាន​ថ្លែង​អំពី​ឃាត​កម្ម​លើ​លោក ​កែម ឡី។

ពាក្យ​បណ្តឹង​របស់​លោក​ គី តិច ​មេធាវី​តំណាង​ឲ្យ​លោក​ ហ៊ុន សែន ​ដែល​បាន​ដាក់​ចូល​ទៅ​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នាថ្ងៃ​ច័ន្ទ​នេះ​ បាន​ឲ្យ​ដឹងថា​ លោក ​សម រង្ស៊ី ​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​អំពី​សកម្ម​ភាព​បាញ់​សម្លាប់​លោក ​កែម ឡី។

បណ្តឹង​នោះ​បាន​ដកស្រង់​ការ​សរសេរ​របស់​លោក ​សម រង្ស៊ី​ លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ថា​ «ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ថ្ងៃនេះ​ជា​អំពើ​ភេវរកម្ម​មួយ​ទៀត​ រៀបចំ​ដោយ​រដ្ឋអំណាច»។​

លោក ​ហ៊ុន សែន​ ក៏​បាន​ប្តឹង​លោកស្រី​ ថាក់ ឡានី​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ បន្ទាប់​ពី​លោក​ស្រី​ថ្លែង​អំពី​ការ​សម្លាប់​លោក ​កែម ឡី។​ បណ្តឹង​របស់​លោក​ ហ៊ុន សែន​ ប្រឆាំង​នឹង​លោក​ស្រី​ ថាក់ ឡានី​ បាន​ដកស្រង់​សម្តី​របស់​លោក​ស្រី​ក្នុង​ន័យ​ដើម​ថា​«ឥឡូវ​ហ្នឹង​ ហ៊ុន សែន ​មិន​ដឹង​គិត​យ៉ាង​ម៉េច​ទៀត​ទេ​ នៅ​មិន​នៅ ចុះ​ឡើងៗ​ ទៅ​បាញ់​លោក​ កែម ឡី»។​

ពាក្យ​បណ្តឹង​របស់​លោក​ ហ៊ុន សែន​ បាន​ឲ្យ​ដឹង​ថា ​ការ​ថ្លែង​របស់​លោក​ស្រី​ ថាក់ ឡានី​ បាន​កើត​មាន​ឡើង​ ​នៅក្នុង​ពេល​លោក​ស្រី​រៀបចំវេទិកា​សាធារណៈ​នៅ​ឯ​ខេត្ត​រតនៈគិរី​ កាលពី​ថ្ងៃ​ទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៦។​

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ចោទ​ប្រកាន់​ថា​ ​ការ​អធិប្បាយ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​លោក។​

លោក​បាន​បញ្ជាក់​នៅក្នុង​ពាក្យ​បណ្តឹង​នោះ​ថា​ ការ​ថ្លែងនេះ​មាន​ចរិត​ជា​ការ​ញុះ​ញង់​បំផុស​បំផុល​ក្នុង​ចេតនា​បញ្ឆេះ​កំហឹង​មហាជន​ ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​ និង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ​ទៀត​ផង។

លោក ​ហ៊ុន សែន​ បាន​សុំឲ្យ​តុលាការ​ផ្តន្ទាទោស​លោក​ សម រង្ស៊ី​ និង​លោក​ស្រី​ថាក់ ឡានី​ តាមផ្លូវ​ច្បាប់។​ លោក​បានទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ សម រង្ស៊ី​ និង​លោក​ស្រី​ ថាក់ ឡានី ក្នុង​ម្នាក់ៗចំនួន​១០០រៀល​សម្រាប់​ការ​ប៉ះពាល់​កិត្តិយស​ និង​កិត្យានុភាព​របស់​លោក។​

នៅ​ក្នុង​វីឌីអូ​មួយ​បង្ហោះ​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​ដោយ​អង្គភាព​ព័ត៌មាន​ Freshnews​ ដែល​គេ​ដឹង​ថា​ ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ស្រី ថាក់ ឡានី​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំងថ្លែង​អំពី​ការ​ស្លាប់​របស់​លោក​ កែម ឡី។​ លោក​ស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«ហើយ​ឥឡូវ​ហ្នឹង​ ហ៊ុន សែន​ មិន​ដឹង​គិត​យ៉ាងម៉េច​ទៀត​ទេ​ នៅ​មិន​នៅ ​ចុះ​ឡើងៗ​ទៅ​បាញ់​លោក​ កែម ឡី។​ កែម ឡី​ អ្នក​វិភាគនយោបាយ​ឃើញ​ទេ?​ ដែល​គាត់​បាន​លើក​ឡើង​ នែ!​ Global Witness ​លើក​មុន​គាត់​បាន​លើក​ឡើង​អំពីទិដ្ឋភាព​ ហ៊ុន សែន​ ពុក​រលួយ​ កូនចៅ​ពុក​រលួយ​ សល់​លុយ​ប៉ុន្មាន​លាន​នៅ​ឯណា? ឯកសារ​ Global Witness ​មាន​ទាំង​អស់។​ ច៎ា ​មាន​ទាំងអស់​ ក៏​ប៉ុន្តែ​គេ​និយាយ​តាម​ឯក​សារ​តើ!»​

VOA ​មិនទាន់​អាច​ទាក់​ទង​លោក​ស្រី ​ថាក់ ឡានី​ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ ដើម្បី​សុំការ​អធិប្បាយ​អំពី​ពាក្យ​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​ការ​ថ្លែង​របស់​លោកស្រី​នៅ​ខេត្ត​រតនៈគិរី ​បាន​ទេ​ ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ។​

ប៉ុន្តែ​លោក​ស្រី​បាន​ប្រាប់​ព្រឹត្តប័ត្រ​ព័ត៌មាន​ The Cambodia Daily ​កាល​ពីថ្ងៃ​អាទិត្យ​ថា​ លោកស្រី​មិន​បាន​ថ្លែង​ថា​ លោក​ ហ៊ុន សែន ​ជា​អ្នក​នៅ​ពីក្រោយ​ការ​សម្លាប់​លោក​ កែម ឡី​ នោះ​ទេ​ ហើយ​លោក​ស្រី​បានអះអាង​ថា​ ពាក្យសម្តី​របស់​លោក​ស្រី​ត្រូវ​បាន​គេ​កាត់​ត។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​មិនទាន់​ឆ្លើយ​តប​សារអេឡិចត្រូនិក​ ឬអ៊ីម៉េល​នៃ​ VOA ​នៅ​ឡើយ​ទេ​ មកដល់​ល្ងាច​ថ្ងៃ​ច័ន្ទនេះ​ ទាក់​ទិន​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។ តុលាការ​ក្រុង​ភ្នំពេញ​ទើបតែបាន​ផ្តន្ទាទោស​លោក​ សម រង្ស៊ី​ ​កាលពីចុង​ខែកក្កដា​ពីបទ​«បរិហារ​កេរ្តិ៍»​លោក​ ហេង សំរិន​ ប្រធាន​សភាជាតិ​នៅ​លើ​ទំព័រ ​Facebook។​ ​

លោក​ កែម ឡី​ គឺ​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។​ ការ​ស្លាប់​របស់​លោក​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីលោក​បាន​ផ្តល់​ការ​អធិប្បាយ​លើ​របាយ​ការណ៍​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពីការ​កសាង​ទ្រព្យ​សម្បតិ្ត​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

របាយ​ការណ៍​អង្គការ​ Global Witness ​មាន​ចំណង​ជើង​ថា​«ការ​គ្រប់គ្រង​ដ៏​ប្រទូសសារ៉ាយ៖​ អាណា​ចក្រ​សាជីវកម្ម​របស់​គ្រួសារ​អ្នក​ដឹកនាំ​កម្ពុជា»​ ដែល​បាន​ចេញ​ផ្សាយ​ជាសាធារណៈ​កាលពី​ដើម​ខែ​កក្កដា បានបង្ហាញថា​ គ្រួសារ​របស់​លោក​ ហ៊ុន សែន​ មាន​ភាគហ៊ុន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​ចំនួន​ ១១៤​ ដែល​មាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន​ជាង​២០០លាន​ដុល្លារ​អាមេរិក។

ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចំនួន​១១៤នេះ មាន​ក្រុមហ៊ុន​អាជីវកម្ម​ចំនួន​៩​បាន​ត្រួត​ត្រា​ យ៉ាង​ច្រើន​លើ​វិស័យ​ដែល​អាច​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បូករួម​ទាំង​វិស័យ​ ដែល​គេដឹង​យ៉ាង​ទូលំទូលាយ​ថា​ មាន​អំពើ​ពុករលួយ​ច្រើន​ ដូច​ជា​វិស័យ​រ៉ែ​ ល្បែង​ស៊ីសង​ និង​អចលនទ្រព្យ។​

របាយ​ការណ៍​កម្រាស់​ជាង​៥០​ទំព័រនេះ​ បាន​ឲ្យដឹង​បន្ថែម​ថា​ លោក​ ហ៊ុន សែន ​គឺ​ជា​នាយករដ្ឋ​មន្ត្រី​កាន់​តំណែង​យូរ​ជាងគេ​លំដាប់​ទី៦​នៅ​ក្នុង​ពិភពលោក​ ពោល​គឺ​ក្តាប់​អំណាច​រយៈពេល​ជាង​៣០​ឆ្នាំ​ ដែល​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ និង​ការ​ដាក់​គំនាប​យ៉ាង​ខ្លាំង​ក្លា​លើ​គណបក្ស​នយោបាយ​ប្រឆាំង​ ​តាមរយៈ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​ការ​ចាប់​ដាក់​ពន្ធនាគារ​តាម​អំពើ​ចិត្ត៕

XS
SM
MD
LG