ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​គំរាម​បិទ​បណ្តាញ​សង្គម Facebook ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​បែប​ឆបោក


រូបឯកសារ៖ រូបសញ្ញា Facebook ត្រូវបានគេឃើញនៅលើទូរស័ព្ទដៃកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២។
រូបឯកសារ៖ រូបសញ្ញា Facebook ត្រូវបានគេឃើញនៅលើទូរស័ព្ទដៃកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល នៃ​ប្រទេស​ថៃ លោក Chaiwut Thanakamanusorn បាន​ប្រកាស​ពី​គម្រោង​ប្តឹង​ក្រុមហ៊ុន Facebook បន្ទាប់ពី​មាន​កិច្ចប្រជុំ​នៅក្រសួង​កាលពី​ថ្ងៃទី២១ ខែសីហា​មក។

អ្នក​នាំ​ពាក្យ​ក្រសួង លោក Wetang Phuangsup បាន​ប្រាប់ VOA កាលពី​ថ្ងៃទី២៥ ខែសីហា ថា ពាក្យ​បណ្តឹង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ «ក្នុង​រយៈពេល​ ១ ទៅ ២ សប្តាហ៍​ទៀត»។

លោក Wetang Phuangsup បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «យើង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រមូល​ព័ត៌មាន ប្រមូល​ភស្តុតាង ហើយ​យើង​នឹង​ដាក់​ទៅ​តុលាការ​ដើម្បី​ចេញ​សាលក្រម​ស្ថាពរ​លើ​របៀប​ដោះស្រាយ​ជាមួយ​បណ្តាញ​សង្គម Facebook ព្រោះ​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ការ​ឆបោក»។

លោក Wetang បាន​ថ្លែង​ថា ការ​ឆបោក​ពេញ​និយម​បំផុត​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​បង់​ប្រាក់​នៅ​លើ​គេហទំព័រ​នេះ​ ដែល​ជំរុញ​ឱ្យ​មនុស្ស​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ក្លែងក្លាយ ដែល​ជារឿយៗ​ប្រើ​និមិត្តសញ្ញា​របស់​គណៈកម្មការ​មូលបត្រ​ថៃ ឬ​ការ​គាំទ្រ​ពី​អ្នក​ល្បីល្បាញ​ក្នុង​ស្រុក​ដើម្បី​ទាក់ទាញ​ពួកគេ។

លោក​បាន​បន្ថែម​ថា ក្នុង​ចំណោម​ពាក្យ​បណ្តឹង​ឆបោក​តាម​អ៊ីនធឺណិត​ប្រហែល ១៦.០០០ ករណី​ដែល​ត្រូវ​បាន​ប្តឹង​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ឆ្នាំ​មុន មាន ៧០% ទៅ ៨០% ពាក់ព័ន្ធ​នឹង​បណ្តាញ​សង្គម Facebook ហើយ​អ្នក​ប្រើប្រាស់​បាន​ខាតបង់​រហូត​ដល់ ១០០ លាន​ដុល្លារ​អាមេរិក។

លោក Wetang បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​ជឿ​ថា ក្រុមហ៊ុន Facebook មាន​ទំនួល​ខុសត្រូវ។ ក្រុមហ៊ុន Facebook កំពុង​យក​ប្រាក់​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន និង​យក​ប្រាក់​ពី​សង្គម​ថៃ​ទាំង​មូល។ ក្រុមហ៊ុន Facebook គួរ​តែ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម គួរ​តែ​ពិនិត្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម។ យើង​ជឿ​ជាក់​ថា ការ​ធ្វើ​បែប​នេះ​ពិត​ជា​អាច​កាត់​បន្ថយ​ការ​ឆបោក​បែប​វិនិយោគ​នៅ​ប្រទេស​ថៃ​តាម​បណ្តាញ​សង្គម Facebook បាន»។

លោក Wetang បាន​ថ្លែង​ថា ក្រសួង​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​ពិនិត្យ និង​បដិសេធ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បង់​ប្រាក់​សម្រាប់​ឆ្នាំ​មុន ហើយ​ឥឡូវ​នេះ​កំពុង​ងាក​ទៅ​រក​តុលាការ​ដើម្បី​អាច​បិទ​គេហទំព័​រនេះ​ដែល​ជា​មធ្យោបាយ​ចុងក្រោយ។

លោក​បាន​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «ប្រសិន​បើ​អ្នក​គាំទ្រ​បទល្មើស ជា​ពិសេស​តាម​អ៊ីនធឺណិត អ្នក​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​នោះ ហើយ​តាម​ច្បាប់ វា​អាច​ទៅ​រួច​ដែល​តុលាការ​នឹង​ចេញ​សាលក្រម​បិទ​បណ្តាញ​សង្គម Facebook»។

លោក​បន្ត​ក្នុង​សម្តី​ដើមថា៖ «តាម​ច្បាប់ យើង​អាច​សុំ​ឱ្យ​តុលាការ​ព្យួរ ឬ​ដាក់​ទោស​អ្នក​ដែល​គាំទ្រ​បទល្មើស​ទាំងអស់ ប្រសិនបើ​មាន​ភស្តុតាង»។

ទាំង​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន​មេ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន Meta មិន​បាន​ឆ្លើយតប​នឹង​សំណើ​ជាច្រើន​លើក​របស់ VOA សម្រាប់​ការ​ផ្តល់​អត្ថាធិប្បាយ ឬ​បទ​សម្ភាសន៍​នោះ​ទេ។

សម្ព័ន្ធ​អ៊ីនធឺណិត​អាស៊ី ឬ Asia Internet Coalition ដែល​ជា​សមាគម​ឧស្សាហកម្ម​ដែល​មាន​ក្រុមហ៊ុន Meta ជា​សមាជិក​របស់​ខ្លួន​ផង​ បាន​ទទួល​ស្គាល់​ថា ការ​ឆបោក​តាម​អ៊ីនធឺណិត​គឺ​ជា​បញ្ហា​ដែល​កំពុង​កើន​ឡើង​នៅ​ទូទាំង​តំបន់។ សមាជិក​ផ្សេង​ទៀត​រួម​មាន​ក្រុមហ៊ុន Google ក្រុមហ៊ុន Amazon ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន X ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា Twitter។

លោក Sarthak Luthra លេខាធិការ​នៃ​សម្ព័ន្ធ​អ៊ីនធឺណិត​នៅ​អាស៊ី​បាន​ប្រាប់​ VOA ថា៖ «ខណៈ​ពេល​ដែល​វា​កំពុង​ពិបាក​គ្រប់គ្រងដោយសារចំនួន​អ្នក​ប្រើប្រាស់ដ៏​ច្រើន​ វាក៏កាន់​តែពិបាកដោះស្រាយ​បញ្ហា​ដែរ​ ដោយ​សារបច្ចេកវិទ្យា​នៃ​កម្មវិធី​នៅលើ​បណ្តាញនេះ ត្រូវបាន​ប្រើ​ក្នុង​ផ្លូវ​ត្រូវ​ផង​ខុសផង»។​

លោក Luthra ​មិន​ថ្លែង​ក្នុង​នាម​ក្រុមហ៊ុន Meta ឬ​ឆ្លើយតប​នឹង​ការ​ប្តឹង​ជាក់លាក់​ណាស់​មួយ​របស់​ប្រទេស​ថៃ​ប្រឆាំង​នឹង​ក្រុមហ៊ុន Facebook នោះ​ទេ ប៉ុន្តែ​បាន​ថ្លែង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពុង​ចាត់​វិធានការ​ដើម្បី​រារាំង​អ្នក​ឆបោក រួម​ទាំងបង្រៀន​អ្នក​ប្រើប្រាស់​ពី​របៀប​កត់ចំណាំការ​ឆបោក​ អ្នកឆបោក​ផង​ដែរ។

ជា​ឧទាហរណ៍ កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន Meta បាន​ចាប់ផ្តើម​យុទ្ធនាការ #StayingSafeOnline ក្នុង​ប្រទេស​ថៃ «ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ប្រភេទ​នៃ​ការ​ឆបោក​តាម​អ៊ីនធឺណិត​ពេញ​និយម​បំផុត​មួយ​ចំនួន រួម​ទាំង​ជួយ​អ្នក​ប្រើប្រាស់​ឱ្យ​យល់​ពី​អ្នក​ឆបោក​ក្នុង​ទម្រង់​ផ្សេងៗ ល្បិច​របស់​ពួកគេ និង​គន្លឹះ​ដើម្បី​រក្សា​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត» នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន Meta។

លោក Luthra បាន​ថ្លែង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពុង​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ និង​ការពិន័យ​រដ្ឋប្បវេណី​កាន់​តែ​ច្រើន​ចំពោះ​មាតិកា​របស់​ពួកគេ​នៅ​ទូទាំង​តំបន់ ខណៈ​ដែលពួកគេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សេរីភាព​ដល់​ពួកគេ​បន្ថែម​ទៀត​ដើម្បី​គ្រប់គ្រង​ខ្លួន​ឯង និង​អនុវត្ត​ច្បាប់ «លើកលែង​ការ​ដាក់​ទោសទណ្ឌ» ដែល​ការពារ​ក្រុមហ៊ុន​ពី​ការ​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់​ចំពោះ​មាតិកា​ដែល​បង្កើត​ឡើង​ដោយ​អ្នក​ប្រើប្រាស់។

លោក​បាន​ថ្លែង​ថា ការ​បិទ​វេទិកា​ណា​មួយ​នៅ​ទូទាំង​ប្រទេស​មិន​មែន​ជា​ចម្លើយ​ទេ ហើយ​លោក​បាន​ព្រមាន​អំពី​ផលវិបាក​ដែល​មិន​បាន​គ្រោងទុក​នានា។

លោក Luthra បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «ទី១ វា​ពិត​ជា​ប៉ះពាល់​ដល់​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​អាជីវកម្ម និង​ការ​យល់ឃើញ​ជុំវិញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​មួយ ដូច្នេះ​ការ​បិទ​វេទិកា​មិន​មែន​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ករណី​នេះ​នោះ​ទេ។ រដ្ឋាភិបាល​ពិត​ជា​ត្រូវ​គិត​ពី​របៀប​លើក​កម្ពស់​សុវត្ថិភាព​តាម​អ៊ីនធឺណិត ដែល​ស្រប​ពេល​ជាមួយ​គ្នា រក្សា​បាន​នូវ​បរិយាកាស​អ៊ីនធឺណិត​បើកចំហរ»។

លោក Luthra បាន​បន្ថែមក្នុង​សម្តី​ដើមថា «តាម​ទស្សនៈ​សេដ្ឋកិច្ច វា​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ ​អាជីវកម្ម និង​លទ្ធភាព​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ជាក់លាក់មួយ​នោះ»។

នៅ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន Meta បាន​ថ្លែង​ថា មាន​អ្នក​ប្រើប្រាស់ Facebook ប្រមាណ ៦៥ លាន​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី២​នៅ​អាស៊ី​អាគ្នេយ៍។

អ្នកស្រី Sutawan Chanprasert នាយក​ប្រតិបត្តិ​អង្គការ DigitalReach ដែល​ជា​អង្គការ​សិទ្ធិ​ឌីជីថល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ថ្លែង​ថា ការ​បិទ​វេទិកា​នេះ​នឹង​ជះ​ឥទ្ធិពល​ «យ៉ាង​ខ្លាំង» ​ដល់​មនុស្ស​ភាគ​ច្រើន​ដែល​ប្រើប្រាស់​គេហទំព័រ​នេះ​ដើម្បី​រក​ប្រាក់​ដោយ​ស្រប​ច្បាប់ និង​ស្មោះត្រង់។

អ្នកស្រី​បាន​ថ្លែង​ថា ការ​បិទ​ក៏​នឹង​កាត់ផ្តាច់​បណ្តាញ​ដ៏​សំខាន់​សម្រាប់​ការ​បញ្ចេញ​មតិ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​ថៃ និង​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ស្រុក​ផង​ដែរ។

អ្នកស្រី Sutawan ​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «ពួកគេ​មួយ​ចំនួន​ពឹង​ផ្អែក​ខ្លាំង​លើ​បណ្តាញ​សង្គម Facebook ព្រោះ​វា​ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ ដូច្នេះ​ពួកគេ​ផ្សព្វផ្សាយ​មាតិកា​របស់​ពួកគេ​នៅ​លើ​បណ្តាញ​សង្គម Facebook ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ទស្សនិកជន ដោយសារ​តែ​ពួកគេ​មិន​មាន​សមត្ថភាព​បង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ពេញ​លេញ​មួយ​ដោយ​ខ្លួន​ឯង»។

អ្នកស្រី Sutawan បាន​ថ្លែង​ថា ការ​ចាត់​វិធានការ​រហូត​ដល់​បិទ​ Facebookដើម្បី​បង្រ្កាប​អ្នក​ឆបោក​ជា​វិធានការ «ជ្រុល​ហួសហេតុ​ពេក»។ អ្នកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តោត​លើ​ការ​ពង្រឹង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត និង​សន្តិសុខ​របស់​ប្រទេស និង​ការ​អនុវត្ត​ច្បាប់​ទាំងនោះ​វិញ។

លោក Wetang បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​ដឹង​ពី​ការ​ខាតបង់​ធ្ងន់ធ្ងរ​ដែល​អាច​កើត​ឡើង​ពី​ការ​បិទ​បណ្តាញ​នេះ ប៉ុន្តែ​ត្រូវ​ប្រថុយដាក់​បណ្តឹង​ដែល​អាច​នាំ​ឲ្យ​ដល់​ការ​បិទ​បណ្តាញ។

លោក​ Wetang បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook។ ​ប៉ុន្តែ​ដោយសារ​នេះ​ជា​បទល្មើស​ដែល​បាន​កើត​ឡើង​រួច​ហើយ និង​មាន​ភស្តុតាង​ច្បាស់​ណាស់​ដែល​យើង​មិន​អាច​មិន​ចាត់​វិធានការ​បាន​នោះ​ទេ»៕

XS
SM
MD
LG