ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសារព័ត៌មានកម្ពុជាប្រើបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតដោយប្រុងប្រយ័ត្ន ខណៈពិនិត្យមើលឥទ្ធិពល AI


រូបឯកសារ៖ កញ្ចក់កុំព្យូទ័របង្ហាញគេហទំព័រ ChatGPT ដែលជា​បច្ចេកវិទ្យាបញ្ញាសប្បិនិម្មិត AI ថតកាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
រូបឯកសារ៖ កញ្ចក់កុំព្យូទ័របង្ហាញគេហទំព័រ ChatGPT ដែលជា​បច្ចេកវិទ្យាបញ្ញាសប្បិនិម្មិត AI ថតកាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣។

កញ្ញា ឃ្លាំង គីមហួយ ជា​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​មួយ​រូប។ កញ្ញា​បាន​ធ្លាប់​បាន​ប្រើ​បញ្ញា​សិប្ប​និម្មិត​ AI ដើម្បី​សម្រួល​ដល់​ការងារ​របស់​កញ្ញា​ ដូចជា​ការ​ជួយ​ពិនិត្យ​វេយ្យករណ៍​នៅ​ពេល​ដែល​កញ្ញា​សរសេរ​អត្ថបទ​ជា​ភាសា​អង់គ្លេស។

កញ្ញា​ថ្លែង​ថា៖ «មែន​ទែន​ទៅ​ខ្ញុំ​ស្គាល់​ AI យូរ​ហើយ ​ក៏​ប៉ុន្តែ​ក្នុង​ការ​សាក​ល្បង​សរសេរ​ព័ត៌មាន​ប្រើ AI ហ្នឹង ​ខ្ញុំ​ចាប់​ផ្តើម​ដូច​ជា​ខែ​មីនា តែ​ដូច​យើង​ដឹង​ស្រាប់​ហើយ ChatGPT គឺ​អត់​ទាន់​ទូលំ​ទូលាយ​ទេ​ អាច​និយាយ​បាន​ថា​ មិន​ទាន់​អាច​ប្រើ​ជា​អក្សរ​ខ្មែរ​អី​បាន​ អ៊ីចឹង​សម្រាប់​ការ​សរសេរ​ព័ត៌មាន​ហ្នឹង​ គឺ​នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​អត្ថបទ​ជា​ភាសា​អង់គ្លេស​ដែល​ខ្ញុំ​ប្រើ​ AI»។

បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ ឬ​ហៅ​កាត់​ថា AI បាន​ធ្វើ​ការ​វិវត្ត​បច្ចេក​វិទ្យា​កាន់​តែ​ខ្លាំង​ មាន​ភាព​ជឿន​លឿន​ និង​មាន​មុខងារ​ទូលំ​ទូលាយ​ជាង​មុន ដែល​អាច​ឲ្យ​គេកែច្នៃ​យក​ទៅប្រើប្រាស់នៅ​ក្នុង​វិស័យ​កាន់តែ​ទូលាយ ហើយ​ដែល​មាន​សក្តានុពលបង្កើត​ជា​មុខងារ​ស្វ័យប្រវត្តិ​ជំនួស​ការងារ​របស់​មនុស្ស​បាន​កាន់​តែ​ច្រើន​ជាង​មុន។

នា​ពេល​ថ្មីៗ ក្រុម​ហ៊ុន Google បាន​ឱ្យ​ដឹង​ថា​ ពួក​គេ​បាន​នឹង​កំពុង​ពង្រឹង​ និង​ដាក់​សាក​ល្បង​ឱ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ AI ក្នុង​ការ​ដែល​ឱ្យ​ពួក​គេ​សរសេរ​អត្ថបទ​ព័ត៌មាន និង​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ជាដើម។

ចំណែក​ឯ​លោក ភួង វ៉ាន់ថា អ្នក​យក​ព័ត៌មាន​ឱ្យ​អង្គភាព​សារព័ត៌មាន ​Cambodiness ប្រាប់​វីអូអេ​ថា លោក​មើល​ឃើញ​ពី​ការ​ជួយ​ពន្លឿន​ការងារ​ដល់​អ្នក​សារព័ត៌មាន​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ AI។ លោក​ថា លោក​មិន​ធ្លាប់​ប្រើ​ប្រាស់​ AI ក្នុង​ការ​សរសេរ​អត្ថ​បទ​ព័ត៌មាន​ឡើយ​ ប៉ុន្តែ​លោក​មើល​ឃើញ​ពី​អត្ថ​ប្រយោជន៍​ដែល​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត​នេះ​អាច​សរសេរ​អត្ថបទ​ខ្លីៗ​បាន​។

លោក​ថ្លែង​ថា៖ « យើង​អាច​និយាយ​ថា​ វា​អាច​សម្រួល​ការងារ តែ​វា​មិន​អាច​ជំនួស​អ្នក​កាសែត​បាន​ទេ​ ហើយ​សម្រួល​នេះ​ខ្ញុំ​ចង់​សំដៅ​ដូច​ថា​ព័ត៌មាន​បែប​ Hot News [ព័ត៌មាន​ទាន់​ហេតុ​ការណ៍​] បែប​ក្តៅ​ហ្នឹង​យើង​អាច​បញ្ចូល​ទន្និន័យ​ទៅ វា​អាច​ Generate [ដំណើរ​ការ​] អត្ថបទ​ឱ្យ​យើង​។ ប៉ុន្តែ​សម្រាប់​បទ​យក​ការណ៍​ ឬ​ក៏​អត្ថបទ​បែប​ស៊ី​ជម្រៅ​ចង់​មិន​ចង់​ត្រូវ​តែ​មាន​អ្នក​សារ​ព័ត៌មាន​ដែល​ជា​មនុស្ស​ដើម្បី​ទៅ​ធ្វើ​ដដែល​ ពីព្រោះ​ AI មិន​អាច​ស្វែង​មិន​អាច​ស្វែង​យល់​ មិន​អាច​សង្កេត​ មិន​អាច​មើល​ពី​ទិដ្ឋភាព​នៃ​ព័ត៌មាន​ទាំង​មូល​ របៀប​នៃ​ការ​រាយ​រាប់​ ឬ​ក៏​សរសេរ​លម្អិត​អំពី​ស្ថានភាព​ ឬ​ក៏​អត្ថបទ​ដែល​យើង​គ្រោង​នឹង​ធ្វើ​នោះ​ទេ»។

យ៉ាង​ណា​មិញ អ្នក​សារ​ព័ត៌មាន​វ័យ​ ៣១ ឆ្នាំ រូប​នេះ​បន្ត​ថា បើ​ទោះ​បី​ជា​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត​នេះ​អាច​សម្រាល​បន្ទុក និង​ពន្លឿន​ការងារ​អ្នក​សារព័ត៌មាន​ក៏​ពិត​មែន ប៉ុន្តែ​វា​នៅ​តែ​ត្រូវ​ការ​មនុស្ស​ដែល​ជា​អ្នក​សារ​ព័ត៌មាន​ត្រួត​ពិនិត្យ​មើល​ដដែល។

លោក​ថ្លែង​ថា៖ «ជា​រួម​ AI មិន​មែន​ជា​អ្នក​ធ្វើ​ព័ត៌មាន​ខ្លួន​ឯង​ទេ វា​ត្រូវ​ការ​អ្នក​ដែល​ប្រើ​វា ដូច​ថា​អ្នក​សារ​ព័ត៌មាន​មិន​ត្រូវ​ស្រង់​ទិន្ន​ន័យ​ មិន​ត្រូវ​ប្រមូល​ទិន្នន័យ​ មិន​ត្រូវ​ធ្វើ​គ្រប់​យ៉ាង​ ហើយ​គ្រាន់​តែ​បញ្ចូល​ទិន្នន័យ​ហ្នឹង​ទៅ វា​គ្រាន់​តែ​ជួយ​រៀប​ជា​ខ្លោង​ឃ្លា ប្រយោគ​ អ៊ីចឹង​ចង់​មិន​ចង់​វា​នៅ​តែ​ត្រូវ​ការ​អ្នក​សារព័ត៌មាន​ដែល​ជា​មនុស្ស​ហ្នឹង​គ្រប់​គ្រង​ធ្វើ​ អ៊ីចឹង​តុល្យា​ភាព​អីហ្នឹង​ វា​នៅ​តែ​ត្រូវ​ការ​អ្នក​កាសែត​យើង​ដែល​ជា​មនុស្ស​ដើម្បី​សម្រេច​ដើម្បី​ធ្វើ​»។

រូបឯកសារ៖ ផ្លាកសញ្ញា ChatGPT និង OpenAI ដែលជា​បច្ចេកវិទ្យាបញ្ញាសប្បិនិម្មិត AI ថតកាលពីថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ ២០២៣។
រូបឯកសារ៖ ផ្លាកសញ្ញា ChatGPT និង OpenAI ដែលជា​បច្ចេកវិទ្យាបញ្ញាសប្បិនិម្មិត AI ថតកាលពីថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ ២០២៣។

សារព័ត៌មាន​បាន​វិវត្តន៍​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម និង​សារ​ព័ត៌មាន​ពលរដ្ឋ​ ធ្វើ​ឱ្យ​បណ្តាញ​ព័ត៌មាន​ប្រពៃណី​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ថ្មី។ ខណៈ​ពេល​ដែល​មាន​ការ​ប្រកែក​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ធ្វើ​ឱ្យ​ខូច​ដល់​ភាព​ជឿ​ជាក់ និង​វិជ្ជា​ជីវៈ​នៃ​អ្នក​សារ​ព័ត៌មាន ក្រុម​អ្នក​ជំនាញ​សារព័ត៌មាន​ថា អ្នក​សារ​ព័ត៌មាន​អាជីព​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ និង​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​យ៉ាង​ម៉ត់​ចត់ ធានា​នូវ​ភាព​ត្រឹមត្រូវ និង​គណ​នេយ្យ​ភាព។ បន្ថែមលើនេះ នៅ​ក្នុង​យុគ​សម័យ​ដែលព័ត៌មាន​ក្លែង​ក្លាយ និង​ព័ត៌មាន​មិន​ពិត​កំពុងកើនឡើង ​តួនាទី​របស់​អ្នក​សារ​ព័ត៌មាន​កាន់​តែ​មាន​សារៈ​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន​ដល់​សាធារណជន​។

កញ្ញា​ ឃ្លាំង គីម​ហួយ ​ដែល​មាន​អាយុ​២២​ឆ្នាំ បាន​ប្រលូក​ចូល​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ប្រមាណ​មួយឆ្នាំ​ជាង​នោះ បានឱ្យដឹងថា ជា​ទូទៅ​ការ​សរសេរ​អត្ថបទ​ព័ត៌មាន​មូយ​ត្រូវ​ពឹង​ផ្អែក​ទៅ​ឯកសារ​ពាក់​ព័ន្ធ​នានា ការ​សម្ភាសន៍​ប្រភព និង​ការ​ចុះ​ផ្ទាល់ និង​សង្កេត​ពី​ទិដ្ឋភាព​ជាក់​ស្តែង​នៃ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ដើម្បី​យក​មក​សរសេរ​ជា​អត្ថបទ​ព័ត៌មាន​។ សម្រាប់កញ្ញា គីមហួយ បញ្ញាសិប្បនិម្មិត​ត្រឹម​តែ​ជា​ឧបករណ៍​មួយ​ ហើយ​ការ​សរសេរ​របស់​វា​គឺ​ផ្អែក​ទៅ​លើ​ទិន្នន័យ​ដែល​មនុស្ស​ផ្តល់​ឱ្យ​ប៉ុណ្ណោះ។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា AI អាច​ជំនួស​ការងារ​របស់​អ្នក​សារព័ត៌មាន​បាន តែ​ជំនួស​បាន​តែ​មួយ​ផ្នែក​ទេ​មិន​ទាំង​ស្រុង​ទេ​ ពីព្រោះ​អី​ AI គ្រាន់​តែ​ជា​ឧបករណ៍​មួយ​ វា​មិន​មែន​ជា​មនុស្ស​ដែល​អាច​ទៅ​រាយការណ៍​នៅ​កន្លែង​កើត​ហេតុ ឬ​ក៏​ទៅ​សម្ភាសន៍​គេ​បាន​ទេ លទ្ធផល​របស់​ AI គឺ​ផ្អែក​ទៅ​លើ​គំរូ​ និង​ទិន្នន័យ​ជាជាង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ ឬ​ការ​រាយការណ៍​ស៊ើប​អង្កេត​។ ហើយ​យើង​ត្រូវ​ដឹង​ថា​ខ្លឹមសារ​ដែល​បង្កើត​ដោយ AI ហ្នឹង​លទ្ធ​ផល​គឺ​នៅ​តែ​ត្រូវ​ការ​មនុស្ស​ដើម្បី​ត្រួត​ពិនិត្យ​ និង​កែ​សម្រួល​ដដែល​ទេ​ ព្រោះ​ធានា​បាន​នូវ​ភាព​ត្រឹម​ត្រូវ និង​គុណ​ភាព»។

កញ្ញា​បន្ថែម​ថា ការសរសេរ​របស់​បញ្ញា​សិប្បនិម្មិត​គឺ​មិន​មាន​តុល្យភាព​នោះ​ទេ ដោយ​សារ​តែ​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​បញ្ជា​ឱ្យ​សរសេរ​ទៅ​តាម​ការ​ចង់​បាន​របស់​មនុស្ស​តែ​ប៉ុណ្ណោះ។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ការ​សរសេរ​ដោយ​ AI អត់​មាន​តុល្យភាព​ទាំង​ស្រុង​ទេ ព្រោះ​វា​ត្រូវ​បាន​បញ្ជា​ដោយ​មនុស្ស​ដដែល​ហ្នឹង​ ឥឡូវ​ឧទាហរណ៍​យើង​សរសេរ​ទៅ​លើ​ប្រធាន​បទ​មួយ​ហ្នឹង​ ហើយ​ប្រធាន​បទ​មួយ​ហ្នឹង​ប្រសិន​បើ​យើង​បញ្ជា​គិត​ក្នុង​ផ្លូវ​វិជ្ជមាន​ វា​នឹង​សរសេរ​បែប​វិជ្ជមាន​។ តែ​ប្រសិន​បើ​យើង​ឱ្យ​វា​សរសេរ​លក្ខណៈ​ជា​ភាព​អវិជ្ជមាន​ វា​នឹង​សរសេរ​អវិជ្ជមាន​ហើយ​ អ៊ីចឹង​វា​នៅ​តែ​តាម​ការ​បញ្ជា​របស់​មនុស្ស​ដដែល​ទេ»។

អ្នក​ជំនាញ​ខាង​បញ្ញា​សិប្បនិម្មិត និង​ជា​នាយក​ប្រចាំ​ប្រទេស​នៃ Konrad-Adenauer-Stiftung Cambodia (KAS Cambodia) លោក Jason Chumtong បាន​លើក​ឡើង​ថា មនុស្ស​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​តាំង​យូរ​ណាស់​មក​ហើយ ដោយ​តាម​រយៈ​ការ​លេង​វីដេអូ​ហ្គេម។ លោក​បន្ត​ថា ​បញ្ញា​សិប្បនិម្មិត AI នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ប្រើ​ក្នុង​ភាព​ទូលំ​ទូលាយ​ ក្នុង​នោះ​មាន​ដូច​ជា ChatGPT ដែល​ជា​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ដែល​ពេញ​និយម​ជាង​គេ។

លោក​បញ្ជាក់​ថា អ្នក​ដែល​បាន​ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត AI អាច​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ និង​តាម​ទាន់​បច្ចេក​វិទ្យា​ថ្មីៗ​ជាង​អ្នក​ដែល​មិន​សាក​ល្បង​ប្រើ។

លោក​ថ្លែង​ថា៖ « ជា​ការ​ពិត​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ វា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ AI។ មាន​កម្មវិធី AI ជា​ច្រើន​នៅ​លើ​អ៊ីន​ធឺ​ណិត​ដែល​អ្នក​អាច​ទាញ​យក​មក​ប្រើ​ប្រាស់​បាន​ដោយ​ឥត​គិត​ថ្លៃ។ ខ្ញុំ​គិត​ថា​កម្មវិធី​ដែល​ពេញ​និយម​បំផុត​នោះ​គឺ​កម្មវិធី ChatGPT ហើយ​មនុស្ស​ជា​ច្រើន​អាច​ប្រើ​វា​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍ ដែល​នេះ​មាន​ន័យ​ថា​អ្នក​ផ្សេង​ទៀត​អាច​នឹង​ខាត​បង់​ផល​ប្រយោជន៍។»។

បញ្ញា​សិប្បនិម្មិត​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ច្រើន​ក្នុង​ការ​សរសេរ​អត្ថបទ​ខ្លីៗ ប្រើ​ប្រាស់​ដើម្បី​ក្នុង​ការ​សម្រួល​ និង​ពិនិត្យ​វេយ្យករណ៍​ជាដើម។ បច្ចេកវិទ្យា​ AI ក៏​ត្រូវ​បាន​លើក​ឡើង​មក​និយាយ និង​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​តាម​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ដូច​ជា the New York Times, Washington Post, Los Angeles Times, Associated Press ហើយ​ទី​ភ្នាក់​ងារ​ព័ត៌មាន Xinhua បាន​បង្កើត​អ្នក​ធ្វើ​បទ​បង្ហាញ​ព័ត៌មាន​ពី​ AI ផង​ដែរ។

រូបឯកសារ៖ ពលរដ្ឋម្នាក់កំពុងអានកាសែត នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ២៣ ខែ​មីនា​ ឆ្នាំ២០១៨ ។ (ខាន់​ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋម្នាក់កំពុងអានកាសែត នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ២៣ ខែ​មីនា​ ឆ្នាំ២០១៨ ។ (ខាន់​ សុគុំមនោ/វីអូអេ)

យ៉ាង​ណា​មិញ​ ស្ថាបនិក​គម្រោង Code For Girls និង​ជា​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​ទិន្នន័យ​ និង​បញ្ញា​សិប្បនិម្មិត AI កញ្ញា រិទ្ធិ សុវណ្ណ​ដាលីន អះអាង​ថា​ បច្ចេក​វិទ្យា AI នៅ​ក្នុង​ពេល​បច្ចុប្បន្ន​មិន​អាច​ទាន់​មាន​សមត្ថភាព​លើល​អ្នក​សារព័ត៌មាន​ជា​មនុស្ស​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​កញ្ញា​លើក​ឡើង​ថា អ្នក​ជំនាញ​បាន​នឹង​កំពុង​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា AI អាច​មាន​ភាព​ទាក់​ទាញ​ ជា​ពិសេស​អ្នក​អាន​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ពី​បញ្ញា​សិប្បនិមិ្មត​ដែល​អាច​នឹង​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រសើរ​ជាមួយ​ទស្សនិក​ជន។

កញ្ញា​ថ្លែង​ថា៖ «ប៉ុន្តែ​នា​ពេល​អនាគត​ មាន​អ្នក​សរសេរ​កម្មវិធី និង​អ្នក​ជំនាញ​បញ្ញា​សិប្បនិម្មិត​កំពុង​តែ​ធ្វើ​ការ​ទៅ​លើ​បញ្ហា​ទាំង​អស់​ហ្នឹង ហើយ​គេ​ព្យាយាម​ជួសជុល​ចំណុច​មួយ​ដែល​ខ្វះ​ខាត​ហ្នឹង​ អ៊ីចឹង​ខ្ញុំ​គិត​ថា​បើ​ចម្លើយ​ខ្ញុំ ​វា​មិនទាន់​អាច​ជំនាស់​ការងារ​អ្នក​សារព័ត៌មាន​១០០%​បាន​ទេ ប៉ុន្តែ​នា​ពេល​អនាគត​វា​នឹង​អាច»។

ប៉ុន្តែ​សម្រាប់​លោក Jason វិញ​ លោក​នៅ​តែ​បញ្ជាក់​ថា​ បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នឹង​មិន​អាច​ជំនួស​ការងារ​របស់​អ្នក​ព័ត៌មាន​បាន​ឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ ខ្ញុំ​មិន​គិត​ថា​ AI អាច​ជំនួស​អ្នក​កាសែត​មនុស្ស​បាន​ទេ។ បើ​ក្រឡេក​មើល​ការងារ​អ្នក​កាសែត វា​មិន​មែន​គ្រាន់​តែ​ការ​សរសេរ​ទេ។ ការ​សរសេរ AI ក៏​អាច​ធ្វើ​បាន​ដែរ ប្រសិន​បើ AI សរសេរ​បាន​ល្អ វា​អាស្រ័យ​លើ​អ្នក​ក្នុង​ការ​សម្រេច។ ប៉ុន្តែ AI មិន​អាច​ចេញ​ទៅ​ក្រៅ​ក្នុង​ធ្វើការសម្ភាសន៍ និយាយ​ជាមួយ​មនុស្ស​ ហើយ​សម្លឹង និង​ព្យាយាម​ឆ្លុះ​បញ្ចាំង​ ពីរ​នេះ​ទៅ​មិន​រួច​សម្រាប់ AI ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ធាតុ​ដ៏​សំខាន់​ណាស់​សម្រាប់​អ្នក​កាសែត»។

បើ​ទោះ​បី​ជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​មាន​ការ​កើន​ឡើង​ និង​ជឿន​លឿន​ផង​នោះ អ្នក​សារ​ព័ត៌មាន​នៅ​តែ​គិត​ថា ​បញ្ញា​សិប្បនិម្មិត​នឹង​មិន​អាច​ជំនួស​ការ​ងារ​របស់​ពួក​គេឡើយ ដោយ​ពួក​គេ​ទាំង​នោះ​អះអាង​ថា អ្នក​សារ​ព័ត៌មាន​នៅ​តែ​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ផលិត​មាតិកា​ព័ត៌មាន​ជូន​ទស្សនិកជន។

លោក​ ភួង វ៉ាន់ថា ​ថ្លែង​ថា៖ «ប៉ុន្តែ​គេ​នៅ​តែ​ត្រូវ​ការ​អ្នក​សារព័ត៌មាន​ដើម្បី​ផលិត​រឿង​ហ្នឹង​ហើយ​ឱ្យ AI អាន​ជំនួស​ ឬធ្វើ​បទ​បង្ហាញ​ជំនួស​ ប៉ុន្តែ​វា​នៅ​តែ​អ្នក​សារព័ត៌មាន​ក្នុង​ការ​ធ្វើ​ព័ត៌មាន​ឱ្យ​ស៊ីជម្រៅ​ ឱ្យ​ទៅ​តាម​គោល​ការណ៍​ព័ត៌មាន​ និង​វិជ្ជា​ជីវៈ​ដដែល​ហ្នឹង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG