ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេដឹកនាំ​អាស៊ាន​ប្តេជ្ញា​ការពារ​សន្តិភាព​ក្នុង​សមុទ្រចិន​ខាង​ត្បូង


រូបឯកសារ៖ មេដឹកនាំ​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ (អាស៊ាន) ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤ នៅ​ក្នុង​ទីក្រុង​បាង​កក ​ប្រទេស​ថៃ​ ចាប់​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ២០១៩​ ក្រោម​មូលបទ​ «ជំរុញ​ភាព​ជា​ដៃ​គូ​សម្រាប់​ចីរភាព»។

ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី៣៤​របស់​អាស៊ាន​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នៅតែ​បន្ត​​ស្ថិតជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ បន្ថែម​លើ​របៀបវារៈ​ផ្សេង​ទៀត​ រួមមាន​ការប្តេជ្ញាចិត្ត​ក្នុង​ការបញ្ចប់​កិច្ចចរចា​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ (RCEP) នៅ​ឆ្នាំ ២០១៩នេះ និង​ការតភ្ជាប់​អាស៊ាន។

ក្រុម​មេដឹកនាំ​សមាគម​ប្រ​ជាជាតិ​អាស៊ី​អាគ្នេយ៍ហៅ​កាត់​ថា​ (ASEAN)​ ​បាន​បញ្ជាក់​ជាថ្មី​ទៀត​នៃការ​រក្សា​ស្ថិរភាព​ក្នុង​សមុទ្រចិន​ខាង​ត្បូង​ ​ដើម្បី​ឲ្យ​តំបន់​ដ៏​ចម្រូង​ចម្រាស​មួយនេះក្លាយ​ជា​តំបន់​អភិវឌ្ឍន៍ ​និងជៀស​ផុត​ពី​ការ​កើត​មាន​ឡើង​នៃ​អំពើ​ហិង្សា។​ ​នេះបើ​យោង​តាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ដែល​ ​VOA​ ​បាន​ទទួល​នៅ​ថ្ងៃ​ចន្ទ។​

ការ​បញ្ជាក់​របស់​ក្រុម​មេដឹកនាំ​សមាគម​អាស៊ាន​យ៉ាង​ដូច្នេះ​ ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៣៤​របស់​អាស៊ាន​ ដែល​បាន​រៀប​ចំ​នៅ​ក្នុង​ទីក្រុង​បាង​កក ​ប្រទេស​ថៃ​ ចាប់​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ២០១៩​ ក្រោម​មូលបទ​ «ជំរុញ​ភាព​ជា​ដៃ​គូ​សម្រាប់​ចីរភាព»។​

សេចក្តីប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះថ្ងៃ​ទី​ ២៤ ​ខែ​មិថុនា​ ឆ្នាំ​២០១៩​ បានបញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ថ្នាក់​ដឹកនាំ​បាន​អះអាង​ជា​ថ្មី​អំពី​សារៈសំខាន់ក្នុង​ការ​រក្សា​ និង​លើក​កម្ពស់​សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព​ក្នុង​តំបន់។​

សេចក្តី​ប្រកាស​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ថ្នាក់​ដឹកនាំ​បាន​បញ្ជាក់​អំពី​ផល​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ឲ្យ​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​សមុទ្រ​មួយ​មាន​សន្តិភាព​ ស្ថិរភាព​ និង​វិបុល​ភាព»។​

​ថ្នាក់​ដឹកនាំ​អាស៊ាន​ក៏​បាន​ស្វាគមន៍​កិច្ចប្រឹង​ប្រែង​ដើម្បី​បញ្ចប់​ការ​ពិនិត្យ​ពិភាក្សា​ជុំទី១​នៃ​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ COC​នៅ​ឆ្នាំ​នេះ។​ ហើយ​ថ្នាក់​ដឹក​នាំ​អាស៊ាន​ ក៏​បន្ត​លើក​យកបញ្ហា​ឧបទី្វប​កូរ៉េ​ ​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៣៤នេះ​ផងដែរ។​

សម្រាប់​ភាគី​កម្ពុជា​ ​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ បាន​កត់​សម្គាល់​នូវ​ចំណុច​សំខាន់ៗ​ ដែល​ក្នុង​នោះរួម​មាន​ ទីមួយ​ អាស៊ាន​ត្រូវ​បន្ត​ការពារ​និង​ពង្រឹង​មជ្ឈភាព​ (ឬភាព​នៅ​ជា​កណ្តាល)​ និង​ឯកភាព​របស់​ខ្លួន​ ទីពីរ ​ដំណើរ​ឆ្ពោះ​ទៅមុខ​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​ ​និងទី​បី​ ភាព​ចាំបាច់នូវ​ឆន្ទៈ​នយោបាយ​ដ៏មោះ​មុត​ សំដៅ​ជំរុញ​ឲ្យ​ការ​ចរចា​កិច្ច​ព្រមព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(ឬហៅ​ថា​ RCEP)​បាន​បញ្ចប់​តាម​ការ​គ្រោង​ទុក។​

ទោះបី​មេដឹកនាំ​កម្ពុជា​ បាន​ប្រឹង​ជំរុញ​ឲ្យ​អាស៊ាន​ឈរ​នៅលើ​ភាព​ជា​អ្នក​នៅ​កណ្តាល​ក្តី​ប្រទេស​ចិន​ត្រូវ​បាន​គេមើល​ឃើញ​ថា​បាន​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​ច្រក​ចូល​មួយ​ដើម្បី​បញ្ចេញ​ឥទ្ធិពល​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ។​

ការណ៍​នេះ​ត្រូវ​បាន​គេ​មើលឃើញ​កាន់តែ​ច្បាស់​នៅ​ក្នុង​ឆ្នាំ​ ២០១២ ​នៅពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ ហើយ​ដឹកនាំ​ការប្រជុំ​នៅ​រាជធានី​ភ្នំពេញ​ ដោយ​មិន​បាន​ចេញ​សេចក្តី​ប្រកាស​រួម​ក្រោយ​ពី​ប្រជុំ​នោះភ្លាមៗ​ទេ ដោយ​សារ​មាន​ការ​ខ្វែង​យោបល់​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ចិន​មាន​ជម្លោះ​ជាមួយ​នឹង​បណ្តា​ប្រទេស​អាស៊ាន​ខ្លះ។​

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ច​ការ​តំបន់​និង​ជា​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​មិនមាន​គោល​ជំហរ​ជំទាស់​នឹង​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ​ បើ​ពិនិត្យ​លើ​ការ​ថ្លែង​នា​នា​របស់​រដ្ឋា​ភិបាល​កម្ពុជា​នា​ពេល​កន្លង​មក​នោះ។​

​លោក​បាន​ថ្លែង​តាម​សារឆ្លើយ​ឆ្លង​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​តាម​ន័យ​ដើម​ថា៖​

«Statement​ [សេចក្តីថ្លែងការណ៍]​ របស់​ថ្នាក់​ដឹកនាំ​កម្ពុជា​កន្លង​ទៅ​ គឺ​វាស្រប​ទៅ​នឹង​អាស៊ាន​ទាំង​អស់។​ អ៊ីចឹង​អត់​មាន​ស្អីដែល​ជាការ​បន្ទុច​បង្អាក់​ ​នៅ​ក្នុងជំហរ​រួម​របស់​អាស៊ាន​ទាក់​ទង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បួង​នោះទេ»។​

ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ វៀតណាម​ និង​កោះ​តៃវ៉ាន់​បាន​ប្រជែង​ទាំង​ស្រុង​ ឬ​ក៏​មួយ​ផ្នែក​ជាមួយ​នឹង​ការ​ទាមទារ​កាន់កាប់​របស់​ចិន​ចំនួន​ ៩០​ ភាគរយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ៣​ លាន៥​ សែន​គីឡូម៉ែត្រ​ការ៉េ​នេះ​ និង​សំបូរ​ទៅ​ដោយធនធាន​មច្ឆា ​និង​ប្រេង។

​ប្រទេស​ចិន​បាន​ព្រមាន​ប្រទេស​ទាមទារ​អធិបតេយ្យភាព​សមុទ្រ​ចិន​ខាង​ត្បូង​ផ្សេង​ទៀត​តាំង​ពី​ឆ្នាំ ​២០១០​ មក​ម្ល៉េះ ​ដោយ​ការ​ចាក់​ដី​បំពេញ​កោះ​តូចៗ​ជា​ច្រើន​ ​ដែល​កោះ​មួយ​ចំនួន​សម្រាប់​ការ​ប្រើប្រាស់​យោធា។

បច្ចុប្បន្ន​នេះ​ ប្រទេស​ចិន​ និង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​កំពុង​ចរចា​អំពី​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ជម្លោះ​កើត​ឡើង​ ប៉ុន្តែ​ក្រម​ប្រតិបត្តិ​ដែល​គ្រោង​នឹង​ព្រមព្រៀង​នៅ​ឆ្នាំ ​២០២១​ ខាង​មុខ​នេះ​ ត្រូវ​គេ​រំពឹង​ថា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ភាសាដែល​ប្រឆាំង​នឹង​ចិន​នៅ​ក្នុង​នោះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG