ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ការពារ​ជនភៀសខ្លួន​នៅថៃ​ដំណើរការ​យឺតៗ​នៅ​ឆ្នាំ​ដំបូង


រូបឯកសារ៖ ជនអន្តោប្រវេសន៍ពីប្រទេសមីយ៉ាន់ម៉ា​ពេលត្រូវបានឃាត់ខ្លួនដោយ​យោធាថៃ នៅខេត្ត Kanchanaburi ប្រទេសថៃ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ ជនអន្តោប្រវេសន៍ពីប្រទេសមីយ៉ាន់ម៉ា​ពេលត្រូវបានឃាត់ខ្លួនដោយ​យោធាថៃ នៅខេត្ត Kanchanaburi ប្រទេសថៃ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ខណៈ​ដែល​មាន​ការ​រាយការណ៍​អំពី​ការ​កើនឡើង​នៃ​ការ​គាប​សង្កត់​ឆ្លង​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ក្រុម​អ្នក​តស៊ូមតិ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ការ​អនុវត្ត​កម្មវិធី​ការពារ​ជន​ភៀសខ្លួន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ប្រទេស​ថៃ​មាន​ដំណើរ​វិវឌ្ឍន៍​យឺតៗ​ប្រកប​ដោយ​ក្ដី​សង្ឃឹម។

ក្រុម​អ្នក​តស៊ូមតិ​បាន​បញ្ជាក់​ថា ជន​ភៀសខ្លួន​ដែល​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​កម្មវិធី​នេះ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​ដោយសារ​តែ​ភ័យខ្លាច​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​បង្ហាញ​អត្តសញ្ញាណ​របស់​ពួកគេ​ដល់​ប៉ូលិស និង​ថា​ការ​ចេញ​មុខ​ស្នើសុំ​នេះ​អាច​ទទួល​បាន​លទ្ធផល​ផ្ទុយ​ពី​ការ​ចង់​បាន។

ប្រទេស​ថៃ​មិន​ទទួលស្គាល់​ជនភៀសខ្លួន​ជា​ផ្លូវការ​ទេ ហើយ​ចាត់ទុក​បុគ្គល​ណា​ដែល​ចូល​ក្នុង​ប្រទេស​នេះ​ដោយ​គ្មាន​ទិដ្ឋាការ​ដែល​មាន​សុពលភាព​ឬ​គ្មាន​លិខិត​ឆ្លងដែន​ថា​ជា​ជន​ទេសន្តរប្រវេសន៍​ខុស​ច្បាប់។

កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន រដ្ឋាភិបាល​ថៃ​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​យន្តការ​ត្រួត​ពិនិត្យ​ថ្នាក់​ជាតិ​ដើម្បី​ផ្ដល់ «ឋានៈ​ជន​ស្ថិត​ក្រោម​ការ​ការពារ» ដល់​អ្នក​មកពី​ប្រទេស​ដទៃ​ដែល​អាច​បញ្ជាក់​ថា​ពួកគេ «មិន​អាច​ឬ​មិន​ចង់» ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ «ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ដែល​មាន​អំណះអំណាង​ច្បាស់លាស់​ថា​នឹង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ»។

VOA បាន​សុំ​ការ​អត្ថាធិប្បាយ​អំពី​យន្តការ​ត្រួត​ពិនិត្យ​ថ្នាក់​ជាតិ​នេះ​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា​ឆ្នាំ​មុន។ ប៉ុន្តែ ទាំង​ប៉ូលិស​ថៃ​ដែល​មាន​ការិយាល័យ​អន្តោប្រវេសន៍​ជា​អ្នក​ដឹកនាំ​កម្មវិធី​នេះ និង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ ក៏​ដូចជា​ក្រសួង​ការបរទេស​ថៃ​ដែល​ជា​ស្ថាប័ន​ពាក់ព័ន្ធ មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់ VOA ទេ។

នៅ​ក្នុង​ជំនួប​ជាមួយ​អង្គការ​ផ្ដល់​ជំនួយ​កាលពី​ខែ​កញ្ញា​កន្លង​ទៅនេះ មន្ត្រី​អន្តោប្រវេសន៍​ថៃ​បាន​និយាយ​ថា មនុស្ស​តិច​ជាង ១០ នាក់ ដែល​រួម​មាន​ទាំង​មនុស្ស​ពេញវ័យ​និង​កូនៗ​របស់​ពួកគេ ត្រូវបាន​ត្រួត​ពិនិត្យ​ពេញលេញ​និង​ទទួល​បាន​សិទ្ធិ​ជ្រកកោន​តាមរយៈ​យន្តការ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ផ្ដល់​ជំនួយ​ដែល​បាន​ប្រាប់ VOA។

បើតាម​អង្គការ​ផ្ដល់​ជំនួយ មន្ត្រី​អន្តោប្រវេសន៍​បាន​ឱ្យ​ដឹង​ថា អ្នក​ដាក់ពាក្យ​ម្នាក់​ត្រូវបាន​ច្រានចោល​ ហើយ​អ្នក​ដាក់ពាក្យ​ប្រហែល ២០០ នាក់​ទៀត​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​វាយតម្លៃ​លើ​ពាក្យ​ស្នើ​សុំ​របស់​ពួកគេ។

អ្នកស្រី Krittaporn Semsantad ប្រធាន​កម្មវិធី​នៃ​អង្គការ Peace Rights Foundation នៅ​ប្រទេស​ថៃ បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​នោះ​ថា៖ «បើ​និយាយ​ពី​ការ​អនុវត្ត​យន្តការ​នេះ​វិញ វា​មិន​ទាន់​មាន​សមាមាត្រ​ជាមួយ​នឹង​ចំនួន​អ្នក​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​និង​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ទេ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា ពួកគេ​បាន​ប្រឹង​ប្រែង​អស់​លទ្ធភាព។ ប៉ុន្តែ នៅ​មាន​លក្ខខណ្ឌ​កម្រិត​យ៉ាង​ខ្លាំង»។

អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ប្រមាណ ៥.០០០ នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ។ ប៉ុន្តែ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ចំនួន​ជាក់ស្ដែង​អាច​មាន​ច្រើន​ជាង​នេះ។

នៅ​ពេល​ត្រូវបាន​ទទួល​យក​តាមរយៈ​កម្មវិធី​សិទ្ធិ​ជ្រកកោន​នេះ ជន​ភៀសខ្លួន​គួរតែ​មាន​សុវត្ថិភាព​រួចផុត​ពី​ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ប៉ុន្តែ​ក្រុម​អង្គការ​តស៊ូមតិ​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា យន្តការ​ត្រួត​ពិនិត្យ​ថ្នាក់​ជាតិ​នេះ​មាន​ដំណើរការ​យឺត​ពេក​ដែល​មិន​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង។

ពួកគេ​និយាយ​ថា គណៈកម្មការ​ត្រួតពិនិត្យ​មាន​ការ​លំបាក​ក្នុង​ការ​ផ្ទៀងផ្ទាត់​ជីវប្រវត្តិ​របស់​អ្នក​ស្នើសុំ និង​មាន​អ្នក​បកប្រែ​តិច​ពេក​ដែល​ជា​បញ្ហា​ប្រឈម​ផ្នែក​ភាសា។ ពួកគេ​ថា អ្នក​ស្នើសុំ​ជាច្រើន​ថែម​ទាំង​មិន​បាន​ដឹង​ថា​មាន​កម្មវិធី​បែប​នេះ​នៅ​ប្រទេស​ថៃ​ទៀតផង។

ក្រុម​អង្គការ​តស៊ូមតិ​បាន​បញ្ជាក់​ទៀត​ថា មនុស្ស​ជាច្រើន​ថែម​ទាំង​មិន​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​ការ​ពិនិត្យពិច័យ​លើ​ពាក្យសុំ​របស់​ពួកគេ​ដោយ​យុត្តិធម៌ ហើយ​ពួកគេ​ខ្លាច​ថា​ប្រសិនបើ​ពាក្យ​ស្នើសុំ​របស់​ពួកគេ​ត្រូវបាន​ច្រានចោល ពួកគេ​អាច​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដែល​ពួកគេ​បាន​រត់​គេច​ចេញ​វិញ។

អ្នកស្រី Tanyakorn Thippayapokin អ្នក​សម្របសម្រួល​ផ្នែក​តស៊ូមតិ​គោលនយោបាយ​សម្រាប់​អង្គការ Asylum Access Thailand ដែល​បាន​ចូលរួម​ក្នុង​ជំនួប​នេះ​ដែរ បាន​ថ្លែង​ថា៖ «អ្នក​ទាំងនោះ​បារម្ភ​ថា ប្រសិនបើ​ពួកគេ​ដាក់​ពាក្យ​ស្នើ​សុំ​តាម​រយៈ​យន្តការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​នេះ ពួកគេ​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ទៅ​រដ្ឋាភិបាល​ថៃ ហើយ​ប្រសិនបើ​ពួកគេ​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​បំពេញ​តាម​ការ​ចង់បាន​របស់​យន្តការ​ត្រួតពិនិត្យ​ថា្នក់​ជាតិ​នេះ ពួកគេ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ»។

អ្នក​តស៊ូមតិ​នានា​បាន​និយាយ​ថា លក្ខខណ្ឌ​កំណត់​សម្រាប់​ការ​ស្នើសុំ​មាន​លក្ខណៈ​តឹងតែង​ពេក​ដែល​រារាំង​ពលករ​ចំណាកស្រុក​ស្របច្បាប់​ដែល​អាច​ជា​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​ត្រូវការ​ការ​ការពារ​ផង​នោះ មិន​ឱ្យ​ស្នើសុំ​បាន។ អ្នក​តស៊ូមតិ​ទាំងនោះ​ថែមទាំង​បាន​និយាយ​ថា គោលការណ៍​នៃ​ការ​ស្នើសុំ​នេះ​ផ្ដល់​អំណាច​ទូលំទូលាយ​ពេក​ឱ្យ​រដ្ឋាភិបាល​បដិសេធ​ពាក្យសុំ​របស់​អ្នក​ស្នើសុំ​ក្រោម​ហេតុផល​មិន​ច្បាស់លាស់​នៃ​ហានិភ័យ​សន្តិសុខ​ជាតិ។

អ្នក​ខ្លះ​បារម្ភ​ថា ការណ៍​ដែល​មិន​មាន​ការ​ពន្យល់​អំពី​ហានិភ័យ​ផ្នែក​សន្តិសុខ​ជាតិ​នេះ រដ្ឋាភិបាល​អាច​បដិសេធ​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ដើម្បី​កសាង​ឬ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិតខាង។

លោក Kannavee Suebsang ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ​និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ដំណោះស្រាយ​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ជន​ចំណាកស្រុក​ដែល​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ បាន​លើកឡើង​អំពី​ករណី​នៃ​ជាតិសាសន៍​អ៊ុយហ្គ័រ (Uyghur) ៤៨ នាក់​មកពី​ចិន ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ដាក់​ឃុំ​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​តាំងពី​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​តែ​ការ​ចូល​មក​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​មក។

អ្នកស្រី Krittaporn បាន​និយាយ​ថា មន្ត្រី​អន្តោប្រវេសន៍​បាន​ប្រាប់​អ្នកស្រី​ថា ជាតិសាសន៍​អ៊ុយហ្គ័រ​ដែល​ជាប់​ឃុំ​ទាំងនេះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​បំពេញ​លក្ខខណ្ឌ​របស់​យន្តការ​ត្រួត​ពិនិត្យ​ថ្នាក់​ជាតិ ប៉ុន្តែ​អ្នកស្រី​បាន​បន្ថែម​ថា ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​អាច​ជួប​ជាមួយ​ពួកគេ​ដើម្បី​ដឹង​ថាតើ​ពួកគេ​ត្រូវបាន​ផ្ដល់​ឱកាស​ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​ឬ​ក៏​យ៉ាងណា​នោះទេ។

ក្រុម​អ្នកតស៊ូ​មតិ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ​ពង្រីក​ការ​ជូន​ដំណឹង​ដល់​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​និង​ជន​ភៀសខ្លួន​អំពី​កម្មវិធី​នេះ ជួល​អ្នក​បកប្រែ​ភាសា​បន្ថែម និង​កាត់បន្ថយ​មន្ត្រី​ទីភ្នាក់ងារ​សន្តិសុខ​នៅ​ក្នុង​គណៈកម្មការ​ព្រួតពិនិត្យ ដើម្បី​ឱ្យ​កម្មវិធី​នេះ​ដំណើរការ​បាន​ប្រសើរ​ជាងមុន៕

XS
SM
MD
LG