ប្រទេសថៃបានកំណត់នឹងផ្តល់សច្ចានុមតិដល់អនុសញ្ញាអង្គការសហប្រជាជាតិមួយ ដែលនាំឱ្យឃើញមានវិធីថ្មីៗសម្រាប់ការពារក្រុមបុគ្គលដែលស្ថិតក្នុងហានិភ័យពីការចាប់ពង្រត់នៅក្រៅតុលាការ ការចាប់ជំរិតយកលុយឬការបាត់ខ្លួន។
ពួកអ្នកការពារសិទ្ធិមនុស្សនិយាយថា ប្រទេសថៃដែលមានប្រវត្តិសិទ្ធិមនុស្សមិនល្អនៅប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងប្រឹងប្រែងឱ្យមានអាសនៈមួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ហើយសង្ឃឹមថា ការផ្តល់សច្ចានុមតិនេះនឹងជួយដល់បេក្ខភាពខ្លួននៅចុងឆ្នាំ។
ក្រសួងការបរទេសថៃបាននិយាយប្រាប់វីអូអេថា គោលដៅគឺធ្វើឱ្យអនុសញ្ញានេះត្រូវបានផ្តល់សច្ចានុមតិពេញលេញដោយរដ្ឋាភិបាលក្រុងបាងកកនៅត្រឹមថ្ងៃទី ១៣ ខែមិថុនា។
ប្រទេសថៃបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិសម្រាប់ការពារមនុស្សទាំងអស់ពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ក្នុងឆ្នាំ ២០១២ តែមិនទាន់បានផ្តល់សច្ចានុមតិផ្លូវការដល់អនុសញ្ញានេះនៅឡើយទេ។
ក្រសួងការបរទេសថៃបាននិយាយប្រាប់វីអូអេថា៖ «កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ ប្រទេសថៃបានតម្កល់ឯកសារនៃការផ្តល់សច្ចានុមតិដល់អនុសញ្ញាអន្តរជាតិការពារមនុស្សទាំងអស់ពីការបាត់ខ្លួនដោយបង្ខំ។ ប្រទេសថៃបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការការពារជនទាំងអស់ពីការបាត់ខ្លួនដោយបង្ខំ»។
ក្រសួងនេះបានកត់សម្គាល់ថា ដំណើរការត្រូវបានរំពឹងថានឹងបញ្ចប់ការផ្តល់សច្ចានុមតិនេះក្នុងរយៈពេលមួយខែ។ ក្រសួងនេះថា អនុសញ្ញា ICPPED ជាសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិស្នូលទី ៨ របស់ថៃ។
កំណត់ត្រាបង្ហាញថា ប្រទេសថៃមានប្រវត្តិយូរមកហើយនៃការបាត់ខ្លួនដោយបង្ខំ។ ក្រុមការងារ អ.ស.ប.ស្តីពីការបាត់ខ្លួនដោយបង្ខំឬដោយអចេតនារាយការណ៍ថា ពីឆ្នាំ ១៩៨០ដល់ឆ្នាំ ២០២៣ ករណី «បាត់ខ្លួនដោយបង្ខំឬដោយអចេតនា» ចំនួន ៧៧ ក្នុងចំណោម ៩៣ ករណីដែលត្រូវបានចងក្រងជា «ករណីបាត់ខ្លួនដោយបង្ខំ» នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។
អ្នកស្រី Sanhawan Srisod ជាទីប្រឹក្សាជំនួយអន្តរជាតិខាងច្បាប់នៃគណៈកម្មការអន្តរជាតិក្រុមអ្នកច្បាប់។ អ្នកស្រីបាននិយាយប្រាប់វីអូអេថា ប្រទេសថៃចាត់វិធានការសាធារណៈដើម្បីធ្វើឱ្យកេរ្តិ៍ឈ្មោះខ្លួនខាងសិទ្ធិមនុស្សប្រសើរឡើង។
អ្នកស្រីថ្លែងថា «ចេតនារបស់ប្រទេសថៃក្នុងការចាប់យកតួនាទីនាំមុខក្នុងការការពារសិទ្ធិមនុស្ស មិនមែននៅត្រឹមកម្រិតសាកលប៉ុណ្ណោះទេ ប៉ុន្តែនៅកម្រិតក្នុងប្រទេសផងដែរ»។
ជាឧទាហរណ៍ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ប្រទេសថៃបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបញ្ចៀសនិងការបង្ក្រាបការធ្វើទារុណកម្មនិងការបាត់ខ្លួនដោយបង្ខំ។
ក្រុមអ្នកការពារសិទ្ធិមនុស្សថ្លែងថា នៅពេលអនុវត្ត គេរំពឹងថាសន្ធិសញ្ញា អ.ស.ប. ស្តីពីការការពារត្រូវបានគេរំពឹងថា នឹងកាត់បន្ថយចំនួននៃ«ការបាត់ខ្លួនដោយបង្ខំ»។ យន្តការមួយនឹងត្រូវបង្កើតសម្រាប់ការពារក្រុមបុគ្គលមានការប្រថុយប្រថាន ដែលនឹងត្រូវបញ្ជូនទៅកាន់គណៈកម្មាធិការ អ.ស.ប. ស្តីពីការបាត់ខ្លួនដោយបង្ខិតបង្ខំ ដែលជាអាជ្ញាធរមើលការខុសត្រូវលើអនុសញ្ញានេះ។
អ្នកស្រី Sanhawan បាននិយាយថា៖ «ការផ្លាស់ប្តូរជាបន្ទាន់មួយគឺថាញាតិសន្តាន អ្នកតំណាងខាងច្បាប់ ឬជនណាម្នាក់ ដែលមានការយកចិត្តទុកដាក់ដល់ជនដែលអាចជាជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំនឹងមានមធ្យបាយច្រើនជាងមុន ដើម្បីស្វែងរកការពិត។ គណៈកម្មាធិការនេះអាចសុំឱ្យរដ្ឋជាភាគី ដូចជាប្រទេសថៃជាដើម ឱ្យចាត់វិធានការដើម្បីធ្វើឱ្យប្រាកដថាមនុស្សបាត់ខ្លួន រួមមានពួកប្រឆាំងនិងជនភៀសខ្លួននយោបាយត្រូវរកខ្លួនឱ្យឃើញ និងត្រូវការពារដោយគិតគូរអំពីភាពបន្ទាន់នៃស្ថានការណ៍»។
លោក Phil Robertson នាយកអង្គការការពារសិទ្ធិមនុស្សនិងពលកម្មនៅអាស៊ី ហៅកាត់ថា AHRLA បានថ្លែងថា លោកសង្ឃឹមថា រដ្ឋាភិបាលថៃនឹងកែលម្អស្ថានភាពក្រុមអ្នកប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាល។
លោកបានប្រាប់វីអូអេថា៖ «គេសង្ឃឹមថាការផ្តល់សច្ចានុមតិនេះនឹងធ្វើឱ្យប្រទេសថៃកែលម្អស្ថានភាពនិងបញ្ចប់ការបាត់់ខ្លួនបែបនេះជារៀងរហូត ប៉ុន្តែការណ៍នេះតម្រូវឱ្យមានការប្តេជ្ញានយោបាយពិតប្រាកដដើម្បីបញ្ឈប់វប្បធម៌នៃការបំភិតបំភ័យនិងនិទណ្ឌភាពដែលបានធ្វើឱ្យងាយស្រួលដល់ការបាត់ខ្លួនក្រុមអ្នករិះគន់និងគូប្រជែង»។
លោក Robertson ថា សន្ធិសញ្ញានេះគួរអនុវត្តចំពោះករណីរាប់សិបពីពេលមុនៗដែលមិនបានត្រូវដោះស្រាយហើយអាចលើកយកមកពិនិត្យជាថ្មីបាន។
លោក Robertson បាននិយាយថា៖ «ប្រសិនបើអាជ្ញាធរថៃម៉ត់ចត់អំពីបញ្ហានេះ ពួកគេគួរបើកធ្វើការស៊ើបអង្កេតជាថ្មីអំពីករណីទាំងនោះ ប៉ុន្តែគ្មានការបញ្ជាក់ណាមួយថាពួកគេប្រុងប្រៀបធ្វើដូច្នេះទេ។ សម្រាប់គ្រួសារជនរងគ្រោះរាប់សិបនាក់នៃការបាត់ខ្លួនដោយបង្ខំដែលរង់ចាំចម្លើយនិងភាពទទួលខុសត្រូវខ្ពស់អំពីករណីទាំងនេះ ការផ្តល់សច្ចានុមតិនេះគ្មានន័យអ្វីច្រើនទេ ពីព្រោះមិនត្រូវបានអនុវត្តសម្រាប់ករណីពីពេលមុនៗ»។
ករណីមួយបែបនេះមានរយៈពេល ២០ ឆ្នាំមកហើយ។ លោក Somchai Neelapaijit ដែលជាមេធាវីសិទ្ធិមនុស្សថៃល្បីឈ្មោះម្នាក់បា នបាត់ខ្លួននៅបាងកក កាលពីឆ្នាំ ២០០៤។
ប្រទេសថៃបានប្រកាសកាលពីឆ្នាំទៅថា ខ្លូនបានស្វះស្វែងឱ្យបានអាសនៈមួយក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ហើយប្រុងប្រៀបសម្រាប់ការបោះឆ្នោតនៅខែកញ្ញានៃមហាសន្និបាត អ.ស.ប. ដែលនឹងសម្រេចអំពីប្រទេសណាខ្លះ ដែលនឹងមានអាសនៈនៅទីនោះសម្រាប់អាណត្តិពីឆ្នាំ ២០២៥ ដល់ ២០២៧។
លោក Robertson ថា រដ្ឋាភិបាលក្រុងបាងកកឥឡូវនេះបានបង្កើនឱកាសរស់ខ្លួនដើម្បីឱ្យបានអាសនៈក្នុងក្រុមប្រឹក្សានេះ។
លោកបានពោលថា៖ «ថៃត្រូវការមានអ្វីមួយដើម្បីបង្ហាញក្នុងយុទ្ធនាការខ្លួនសម្រាប់ឱ្យបានជាប់ឆ្នោតក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. នៅខែកញ្ញា ដូច្នេះការផ្តល់សច្ចានុមតិដល់អនុសញ្ញានេះជាការសន្យាងាយបំផុតដែលខ្លួនអាចធ្វើបាន»។
ប៉ុន្តែសម្រាប់ប្រទេសមួយដែលមានរដ្ឋប្រហារយោធានិងការបង្ក្រាបក្រុមប្រឆាំងកាលពីប៉ុន្មានឆ្នាំមុននេះ ប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសថៃនៅតែជាកង្វល់មួយ។
ការបង្ក្រាបក្រុមប្រឆាំងដែលមានតាំងពីបាតុកម្មប្រឆាំងរដ្ឋាភិបាលនិងបាតុកម្មទាមទារឱ្យមានការកែទម្រង់របបរាជាធិបតេយ្យកាលពីឆ្នាំ ២០២០ បណ្តាលឱ្យមនុស្សជិត ២ ពាន់នាក់ត្រូវបានយកទៅកាត់ទោសដោយសារបានសម្តែងមតិនិងទស្សនៈនយោបាយ។ ក្នុងនោះមនុស្ស ២៧២ នាក់ប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលច្បាប់ហាមប្រាមមិនឱ្យរិះគន់របបរាជាធិបតេយ្យ។ តាមរយៈមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ការចោទនីមួយៗអាចនាំឱ្យមានទោសជាប់ពន្ធនាគារអតិបរិមា ១៥ ឆ្នាំ។
ពួកអ្នកការពារសិទ្ធិមនុស្សមានកង្វល់ថា សកម្មជននយោបាយខ្លះត្រូវបានប្រកែកមិនឱ្យមានការបង់ប្រាក់នៅក្រៅឃុំហើយនៅតែជាប់ឃុំឃាំងមុនការកាត់ក្តី។ បើតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្សថា នៅពេលនេះមានមនុស្ស ២៧ នាក់ កំពុងជាប់ឃុំក្នុងស្ថានភាពទាំងនេះ។
កាលពីដើមខែឧសភា សកម្មជននយោបាយកញ្ញា Netiporn Sanesangkhom ហៅ «Bung» បានស្លាប់ដោយគាំងបេះដូង នៅពេលជាប់ឃុំក្រោយកូដកម្មបង្អត់អាហារ។ នាងបានប្រឈមនឹងបទចោទប្រមាថព្រះចេស្តា ហើយការបង់ប្រាក់ដើម្បីសុំនៅក្រៅឃុំរបស់នាងត្រូវបានដកហូត។
លោក Akarachai Chaimaneekarakate ជាអ្នកនាំមុខនៃក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស។ លោកបាននិយាយប្រាប់វីអូអេថា៖ «ប្រទេសថៃមិនស័ក្តិសមមានអាសនៈមួយនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ទេ ប្រសិនបើខ្លូននៅតែបន្តដាក់គុកមនុស្សដែលនិយាយការពិតអំពីក្រុមអ្នកកាន់អំណាច»។
អ្នកស្រី Sanhawan នៃគណៈកម្មការអន្តរជាតិក្រុមអ្នកច្បាប់ ICJ បានថ្លែងថា នៅពេលដែលក្រុមសកម្មជននយោបាយនៅជាប់ឃុំក្នុងពន្ធនាគារ សំណួរអំពីការអនុវត្តន៍សិទ្ធិមនុស្សនៅតែមាននៅក្នុងប្រទេសថៃតទៅទៀត៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ