កាលពីថ្ងៃអង្គារ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់ការយល់ព្រមជាផ្លូវការដល់លទ្ធផលនៃការ បោះឆ្នោតទូទៅកាលពីថ្ងៃទី២៤ ខែមីនា របស់ប្រទេសនេះ ដោយបានប្រកាសថា គណបក្សភឿថៃ (Pheu Thai) ដែលមានចំណងទាក់ទងជាមួយអតីតនាយករដ្ឋមន្ត្រីរត់គេចខ្លួន Thaksin Shinawatra បានទទួលជ័យជម្នះនៅក្នុងមណ្ឌលចំនួន ១៣៦។
គណៈកម្មការនេះបានថ្លែងថា គណបក្ស Palang Pracharath បានទទួលការគាំទ្រលំដាប់ទីពីរ ដោយទទួលអាសនៈចំនួន ៩៧។
គេមិនទាន់ដឹងច្បាស់លាស់នៅឡើយទេថា តើនរណានឹងបង្កើតរដ្ឋាភិបាលថ្មីនោះទេ ពីព្រោះគណបក្សទាំងពីរដែលមានការគាំទ្រច្រើនកំពុងស្វះស្វែងរកដៃគូដើម្បីឱ្យមានសំឡេងភាគច្រើនក្នុងសភា។
គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃបានទទួលការរិះគន់ខ្លាំងដោយសារបានចេញផ្សាយលទ្ធផលដំបូងៗនៃការបោះឆ្នោតនេះ ដែលបានត្រូវពន្យាពេល និងនាំឱ្យមានការសាំញ៉ាំ ហើយក៏បានត្រូវចោទប្រកាន់ដែរថា លម្អៀងទៅខាងក្រុមយោធា។
មានកៅអីទាំងអស់ចំនួន ៥០០ ក្នុងសភាតំណាងរាស្ត្រ ហើយគណៈកម្មការរៀបចំការបោះឆ្នោតបានផ្តល់ការយល់ព្រមដល់កៅអី ៣៤៩ ក្នុងបណ្តាអាសនៈ ៣៥០ ដែលបានទទួលជ័យជម្នះតាមរយៈការបោះឆ្នោតដោយផ្ទាល់។
កៅអី ១៥០ ដែលនៅសេសសល់ដែលគេហៅថា អាសនៈក្នុងបញ្ជីរបស់គណបក្សនឹងត្រូវផ្តល់ឱ្យដោយផ្អែកលើសមាមាត្រនៃការបោះឆ្នោតនៅទូទាំងប្រទេសតាមរយៈរូបមន្តសាំញ៉ាំមួយ ហើយគណៈកម្មការនេះត្រូវតែចាត់ការអំពីបញ្ហានេះឱ្យមានមុនថ្ងៃព្រហស្បតិ៍។ មានភាពមិនច្បាស់លាស់អំពីថាតើរូបមន្តនេះនឹងត្រូវអនុវត្តបែបណាដែលនាំឱ្យមានការពិបាកក្នុងការបែងចែកអាសនៈនៅក្នុងសភាជាន់ទាប។
អាសនៈសម្រាប់មណ្ឌលមួយមិនបានទទួលការយល់ព្រមនៅឡើយទេ បន្ទាប់ពីបេក្ខជននៃគណបក្ស Pheu Thai ដែលមានការគាំទ្រច្រើនជាងគេគ្មានគុណវុឌ្ឍិ ដោយសារបានរំលោភលើបទបញ្ញត្តិមួយនៃការបោះឆ្នោត ដោយលោកបានប្រគេនប្រាក់កាសដល់សង្ឃមួយអង្គនៅពេលឃោសនាបោះឆ្នោត៕