ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​តស៊ូ​មតិ​ស្នើសុំ​ឲ្យ ​UNHCR​ ពន្លឿន​ការ​តាំង​ទីលំនៅ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង​២០០​នាក់​នៅ​ថៃ


រូបឯកសារ៖ ព្រះសង្ឃនិងបាតុករធ្វើការតវ៉ាដើម្បីសេរីភាពសាសនានិងសិទ្ធិមនុស្សដល់ពលរដ្ឋខ្មែរក្រោម នៅមុខស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។
រូបឯកសារ៖ ព្រះសង្ឃនិងបាតុករធ្វើការតវ៉ាដើម្បីសេរីភាពសាសនានិងសិទ្ធិមនុស្សដល់ពលរដ្ឋខ្មែរក្រោម នៅមុខស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។

ក្រុមអ្នក​តស៊ូមតិ​ស្នើសុំ​ឲ្យ ​UNHCR ​ពន្លឿន​ការ​តាំង​ទីលំនៅ​ឲ្យ​ជនជាតិ​ខ្មែរក្រោម​ចំនួន​ជាង​២០០ នាក់ ​នៅ​ប្រទេស​ថៃ​ ក្រោយ​ពេល​ពួកគេ​រត់​ភៀស​ខ្លួន​ចេញ​ពី​វៀតណាម​ដើម្បី​ស្វែងរក​សិទ្ធ​ជ្រក​កោណ​ក្នុង​ប្រទេស​ទី៣។​

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាង​ ២០០ នាក់​ដែល​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ដោយសារ​ការ​អះអាង​ថា​ បាន​រង​ការ​គាបសង្កត់​សេរីភាព​សាសនា ​និងការ​រំលោភ​សិទ្ធិមនុស្ស​ជាដើម​នោះ​ ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជនភៀសខ្លួន ​ហៅថា UNHCR​ ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ពិនិត្យ​មើល​សំណុំ​រឿង​របស់​ពួកគេ​ និង​ពន្លឿន​ការ​តាំង​ទីលំនៅ​ដល់​អ្នក​ដែល​បាន​ទទួល​សិទ្ធិ​ជា​ជន​ភៀសខ្លួន​ឲ្យ​បាន​ឆាប់។

ក្រុម​អ្នក​តស៊ូ​មតិ ​និង​ក្រុមជន​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោណ​ក្នុង​ប្រទេស​ទី៣​ខ្លះ បាន​ថ្លែងប្រាប់ ​VOA ​ពី​ក្តី​បារម្ភ​លើ​បញ្ហា​ជាច្រើន​ ដូចជា​ការ​រស់​នៅ​ខុស​ច្បាប់​ក្នុង ប្រទេស​ថៃ ​ការ​ប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅវិញ​ ដែល​អាច​រង​ទុក្ខទោស​ធ្ងន់ធ្ងរ ពី​អាជ្ញាធរ​វៀតណាម ​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ជីវភាព​ក្នុង​ប្រទេស​ថៃ​ បញ្ហា​សុខភាព បញ្ហា​អប់រំ​សម្រាប់​ក្មេង​ជាដើម។

ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ថ្មីៗ​នេះ ​ដើម្បី​ជួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ក្រសួង​ការបរទេស​ និង​ទីភ្នាក់ងារ​អន្តរសាសនា​អាមេរិក​ដើម្បី​បន្ត​ការ​តស៊ូមតិ ​និង​ជម្រាប​ពី​ស្ថានភាព​សិទ្ធិមនុស្ស ​និង​សេរីភាព​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​នោះ​ លោក​ ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ថ្លែង​ប្រាប់ ​VOA ថា​ ការ​ចេញ​ទៅ​តាំងទី​លំនៅ​ក្នុង​ប្រទេស​ទី៣​របស់​ពលរដ្ឋ​ខ្មែរក្រោម​មាន​ការ​លំបាក​ខ្លាំង​ ដែល​លោក​បាន​ទទូច​ដល់​សហរដ្ឋអាមេរិក​និង​អង្គការ​សហ​ប្រជាជាតិ​ ឲ្យ​សម្រួល​កិច្ចការ​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ឬ​ពិនិត្យ​មើល​ឡើង​វិញ​ ចំពោះ​ជន​ដែល​ត្រូវ​បដិសេធ​ជា​ជន​ភៀសខ្លួន​ដោយ​អង្គការ ​UNHCR។

«បញ្ហា​ជន​ភៀសខ្លួន​ហ្នឹង​ ពេល​យើង​ជម្រាប​នៅ​ក្រសួង​ការបរទេស ​(អាមេរិក)​ ហ្នឹង គេ​ថា​ គេ​នឹង​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ខាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន ​នៅ​ទីក្រុង​បាងកក។​ ត្រង់​បាន​ប៉ុណ្ណា​ មិន​ដឹង​ទេ​ តែ​គេ​នឹង​ជួយ​និយាយ​ឲ្យ ​ហើយ​ពេល​យើង​ប្រាប់​គេ​អំពី​ពលរដ្ឋ​ខ្មែរក្រោម​ ២០៥ ​នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ហ្នឹង​ មួយ​ចំនួន​បាន​ត្រូវ​ទទួល​ស្គាល់​ថា​ជា​ជន​ភៀសខ្លួន​ តែ​គ្នា​អត់ទាន់​ត្រូវគេ​យក​ចេញ​ទៅ​កាន់​ប្រទេស​ទី៣​ នៅ​កក​ពេញ​ហ្នុង ​ហើយ​មួយ​ចំនួន​ទៀត​កំពុង​តែសុំ​ឲ្យគេ​បាន​សម្ភាស​ឲ្យ​ចូល​ទៅ​ក្នុង​ជនភៀស​ខ្លួន​ ហើយ​មួយ​ចំនួន​តូច​ទៀត​នោះ​អត់​ត្រូវបាន​ទទួល​ស្គាល់​ថា ជា​ជន​ភៀស​ខ្លួន‍»។

រូបឯកសារ៖ លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។

លោក​បា្រក់ សេរីវុឌ្ឍ ​បាន​បន្តពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​របស់​អាជ្ញាធរ​វៀតណាម ​និង​ការ​លំបាក​ក្នុង​ពេល​ដែល​រត់គេច​ខ្លួន​មក​កម្ពុជា​ ដែល​ពិបាក​ក្នុងការ​ទទួល​បាន​ឯកសារ និង​គ្មាន​សុវត្ថិភាព​ដែរ។

«បញ្ហា​ជន​ភៀស​ខ្លួន​ជាបញ្ហា​ច្រើន។ ​ទី១​ នៅ​ប្រទេស​វៀតណាម​ យួន​វា​ធ្វើបាប​យើង​ដូច សម័យ​ប៉ុល ពត​ អីចឹង​ ដល់​គ្នា​រត់​មក​ស្រុកខ្មែរ​ ខ្មែរ​គ្នា​យើង​គេ​មិន​ធ្វើបាប​ខ្លាំង​ទេ​តែ​យើង​អត់​មាន​បាន​កាន់​អត្តសញ្ញាណប័ណ្ណ​ជា​ខ្មែរ។​ បាន​ដល់​អីចឹង​ទៅ​ អត់​បាន​ទៅ​ជា​ខ្មែរទេ​ អត់មាន​មធ្យោបាយ​ ត្រូវ​ធ្វើអ្វី​ដែល​ផ្លូវការ​អត់​បាន​ទេ។ ​ហើយ​បើ​នៅស្រុក​ខ្មែរ បើ​អ្នក​ណា​មាន​រឿង​ធ្ងន់(ពីវៀតណាម)​ ផងហ្នឹង​ ក៏មិន​ស្រួល​ដែរ​ ចារកម្ម​យួន​បង្កប់​គ្រប់​កន្លែង‍»។

លោក​ សេរីវុឌ្ឍ ​បាន​រៀបរាប់​ថា​ នៅ​ពេល​ពលរដ្ឋ​រត់​មក​ដល់​ប្រទេស​ថៃ​ អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ សួរ​រក​ឯកសារ​បញ្ជាក់​ពី​ការ​ចាប់​ដាក់គុក​ក្នុង ប្រទេស​វៀតណាម ​និង​ការ​គំរាម​កំហែង​ ពួកគេ​ក៏​គ្មាន​ឯកសារ​ដែរ។​ លោក​ថា​ ក្នុង​ចំនួន ​១០០​ នាក់​ ស្ទើតែ​គ្មាន​ម្នាក់ ​ដែល​រឿង​នេះ​ជា​បញ្ហា​របស់​ខ្មែរ​ក្រោម ​ដែល​លោក​អះអាង​ថា អ្នក​ស្រឡាញ់​ជាតិ​ ការពារ​ទឹកដី​តាំងពី​អតីតកាល ​មក​ត្រូវ​រងគ្រោះ​ដោយ​គ្មាន​ការ​គិតគូ។

លោក​ត្រាន់ ម៉ានរិន្ទ ​ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ បាន​ប្រៀប​ធៀប​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ពលរដ្ឋ​គ្មាន​រដ្ឋ​ ដូចជា​ពួក​រ៉ូហ៊ីងយ៉ា​ភូមា​ដែរ ​ដោយសារ​នៅ​ពេល​ខ្មែរ​ក្រោម​មក​កាន់​ប្រទេស​កម្ពុជា ​ទោះជា​ពួកគេ​ជា​ខ្មែរ​ តែ​មិន​ត្រូវបាន​ទទួល​លិខិត ស្នាម​ផ្លូវការ​ ឬ​ការ​គាំពារ​ផ្សេងៗ​ដែរ។

«យួន​ធ្វើបាប ​យើង​រត់​មក​ខ្មែរ ​ខ្មែរ​ដែល​ថា​យើង​ខ្មែរ​ហ្នឹង​ថា​តែមាត់ ​ដល់​អីចឹង​ទៅ​វា​អត់​មាន​ការ​អនុវត្តន៍​ អត់​មាន​ធ្វើ ​វា​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ភៀស​ខ្លួន​មក​ថៃ‍»។

ពលរដ្ឋ​ខ្មែរ​ក្រោម​ ២០៥​នាក់ ​មាន​ក្មេង​ ចាស់ ​ប្រុស ​ស្រី​ កំពុង​រស់នៅ​ក្នុង​កន្លែង​សុវត្ថិភាព​មួយ​ក្នុង​ប្រទេស​ថៃ​ ក្រោយពី​បាន​ភៀសខ្លួន​ពី​វៀតណាម​មក​ស្វែងរក​សិទ្ធិ​ជ្រកកោណ​ពី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ជាច្រើន​ឆ្នាំ​មក​នេះ។

ក្នុង​ចំណោម​នោះ​ មាន​ចំនួន​ ១១៩ នាក់​ ត្រូវគេ​រាយការណ៍​មក​ថា​បាន​ជាប់​ជា​ជន​ភៀស​ខ្លួន​ជាច្រើន​ឆ្នាំ​ហើយ​ តែ​មិន​ទាន់​ទទួល​បាន​ការ​តាំង​ទីលំនៅ​នៅ​ប្រទេស​ណា​មួយ​ដោយ​គ្មាន​ការ​ពន្យល់​ពីមូល​ហេតុ។​ ដោយ​ឡែក​ពលរដ្ឋ​ចំនួន​ ៦២ នាក់​ទៀត​កំពុង​ស្ថិតនៅ​ក្រោម​ការ​ពិចារណា​របស់​អ.ស.ប.​ ហើយ​មាន​ពលរដ្ឋ​ចំនួន ​២៣ នាក់​ត្រូវបាន​បដិសេធ​ដោយ​អង្គការ ​UNHCRដែល​ថា​មិនមាន​ឯកសារ​និង​គ្រប់​លក្ខណៈ​សម្បត្តិ​ដែល​អាច​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀសខ្លួន។

លោក ​ថាច់ ស៊ុង​ អាយុ​ ៥៩ ​មាន​កូន ​៥ នាក់ ​រស់នៅ​ក្នុងស្រុក​អណ្តូងទឹក​ ខេត្ត​ឃ្លាំង បាន​ចាកចេញ​ពី​ទឹកដី​កំណើត​កាលពី​ឆ្នាំ​ ២០០១​ ដោយសារ​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខ​បុកម្នេញ​លោក ​និង​តាម​រកចាប់​ខ្លួន​លោក ​នៅពេល​លោក​តវ៉ា​រឿង​ការ​រំលោភ​បំពាន​សេរីភាព​សាសនា ​និង​ការ​គោរព​សិទ្ធិមនុស្ស។

«ដោយ​សារ​តែខ្ញុំ​មិនអាច​រស់នៅ​ក្នុងស្រុក​កំណើត​បាន​នៅក្នុង​តំបន់​ដែនដី​ខ្មែរក្រោម ព្រោះអី​យើងដឹង​ហើយ​ថា ​វៀតណាម​គេ​ចេះតែ​តាម​រក​យើង ​ដោយសារ​តែ​គេ​ចោទ​ប្រកាន់​យើង​ថា ​គឺជា​ជនមួយ​ដែល​បង្កឡើង​នូវ​អសន្តិសុខ​សង្គម​របស់​ជាតិ​ និយាយ​ឲ្យ​ខ្លី​ គឺគេ​ចោទ​ប្រកាន់​យើង​ថា​ យើង​ជា​ជន​ក្បត់ជាតិ​ ដោយសារ​តែ​យើង​បង្កនូវ​អ្វី​ដែល​យើង​គិត​ថា​ជា​ការ​ទាមទារ​សេរីភាព​សាសនា ​និង​សិទ្ធិមនុស្ស‍»។

អ្នកស្វែងរកសិទ្ធិជ្រកកោណខ្មែរក្រោម គឺលោក ​ថាច់ ស៊ុង​ អាយុ​ ៥៩ កំពុងអង្គុយក្នុងផ្ទះដែលលោកកំពុងលាក់ខ្លួនក្នុងប្រទេសថៃ។ (រូបភាពផ្តល់ឲ្យ)
អ្នកស្វែងរកសិទ្ធិជ្រកកោណខ្មែរក្រោម គឺលោក ​ថាច់ ស៊ុង​ អាយុ​ ៥៩ កំពុងអង្គុយក្នុងផ្ទះដែលលោកកំពុងលាក់ខ្លួនក្នុងប្រទេសថៃ។ (រូបភាពផ្តល់ឲ្យ)

លោក​លើក​យក​ឧទាហរណ៍​មួយ​មក​បញ្ជាក់​ពី​ការ​ប្រឆាំង​របស់​លោក ​ចំពោះ​អាជ្ញាធរ​វៀតណាម​ដែល​បង្ខំឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ធ្វើ​កឋិនទាន ​តែ​១ថ្ងៃ ​រួមគ្នា​ក្នុង​រយៈពេល​ ២៩ ថ្ងៃ ​ដែល​ខ្មែរក្រោម​ធ្លាប់​ប្រតិបត្តិ​តាំងពី​បុរាណ​កាល​មក។

លោក​បញ្ជាក់​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ពី​កន្លែង​មួយ​ក្នុង​ប្រទេស​ថៃ ដោយ​បន្ត​ថា ​លោក​បាន​ភៀសខ្លួន​មក​នៅ​កម្ពុជា​ តែ​មិន​អាច​មានការ​ធានា​ពី​សុវត្ថិភាព​ គ្មាន​ការ​ចេញ​ឯកសារ​ជា​ផ្លូវការ ​និង​ការ​គាំពារ​លោក​បានទេ។​ លោក​បន្ត​ថា ​ក្រោម​ហេតុផល​នេះ​ហើយ លោក​ក៏​សម្រេច​ចិត្ត​មកកាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដើម្បី​សុំសិទ្ធិ​ជ្រក​កោណ​ជា​ជន​ភៀសខ្លួន​ពី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ UNHCR។ ​លោក​បាន​អះអាង​ថា​ លោក​បាន​ទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​រយៈពេល​ជាង​៤ឆ្នាំ​ហើយ​ តែ​មិន​ទាន់​ត្រូវ អ.ស.ប.​ រក​ប្រទេស​ឲ្យ​លោក​បាន​ចេញ​ទៅតាំង​ទីលំនៅ​នោះ​នៅ​ឡើយ​ទេ។

«រឿង​នេះ​ស្រេចតែ​ U.N (អ.ស.ប.) ​បញ្ជូន​ខ្ញុំ​ទៅ​កន្លែងណា​គឺ​ខ្ញុំ​ទទួល​ហើយ។​ នៅ ប្រទេស​ណា​ក៏ដោយ ​ឲ្យតែ​ប្រទេស​នោះ​ មាន​សេរីភាព​ មាន​ប្រជាធិបតេយ្យ​សម្រាប់​ខ្ញុំ សុវត្ថិភាព​សម្រាប់​គ្រួសារ​របស់​ខ្ញុំ‍»។

លោក​ថា ​សំណុំ​រឿង​របស់​លោក​ត្រូវ​អង្គការ​សហប្រជាជាតិ​ច្រានចោល​ជាច្រើន​លើក​ មុននឹង​ឈាន​ដល់​ការ​ទទួល​ស្គាល់​ជា​ជន​ភៀសខ្លួន​កាលពី​ឆ្នាំ​ ២០១៤ ​ក្រោយ​ពី​លោក​តវ៉ា​បើក​សំណុំ​រឿងជា​ថ្មី។​ រឿង​នោះ​ដោយសារ​ថា​គ្មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ ​ដែល​ធ្វើឲ្យ​លោក​ដាក់​សម្ភាស​ម្តង​ហើយ​ម្តង​ទៀត។ ​នៅក្នុង​កាត​របស់​លោក​ដែល​ចេញ ដោយ​អ.ស.ប. ​ដែល ​VOA ​បាន​ឃើញ ​គ្រាន់តែ​ដាក់​ថា​ លោក​គឺជន​ដែល​ទទួល​បាន​ការ​គាំពារ​ ឬហៅថា ​The Person ​of concern។

លោក​បាន​ទទូច​ដល់​អ.ស.ប.​ពន្លឿន​ករណី​លោក​ ដោយសារ​តែ​បញ្ហា​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ថៃ​ ការ​លំបាក​រឿង​រស់នៅ​ ហើយនិង​បញ្ហា​សុខភាព​ជាដើម។

អតីត​ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ ​គឺ​លោក ​ថាច់ ថាញ់ហ្វាង ​អាយុ ​៣៧ ​ឆ្នាំ​ រស់នៅ​ក្នុង​ស្រុក​អណ្តូងទឹក ​ខេត្តឃ្លាំង ​បាន​ចាកចេញ​ពី​ទឹកដី​កំណើត​ ដោយសារ​ការធ្វើ​ទុក្ខបុក​ម្នេញ​របស់​អាជា្ញធរ​វៀតណាម​ បាន​ថ្លែង​ប្រាប់​ VOA ​ពី​ប្រទេស​ថៃ​ដែរ​ថា​ លោក​បាន​គេចខ្លួន​ពីកម្ពុជា​ក្រោម​មក​កម្ពុជា​ និង​មក​ដល់​ប្រទេស​ថៃ​កាលពី​ឆ្នាំ​ ២០១៥​ ដោយ​សារ​ថា ​មិន​អាច​មាន​សេរីភាព​ប្រតិបត្តិ​សាសនា​បាន ​ដោយសារ​អាជ្ញាធរ​វៀតណាម​បង្ខំ​ឲ្យ​ធ្វើអ្វី​ខុស​ពី​សាសនា​ព្រះពុទ្ធ ​ដូចជា​សង្ឃ​ត្រូវ​ស្លៀក​ខោ ​មិនមែន​ស្បង់​ចីពរ ​ប្រតិបត្តិ​តាម​ជំនឿ​សាសនា​បែប​ផ្សេង​ ខុសពី​ព្រះពុទ្ធ​សាសនា​ថេរវាទ​ ដែល​ខ្មែរ​ក្រោម​ប្រកាន់​យក។

«ខាង​មន្ត្រី​សង្ឃ​របស់​រដ្ឋាភិបាល​យួន​លើក​បន្តុប​ឡើង​មក​ ដោយ​រដ្ឋាភិបាល​យួន​ ហើយ​ យើងត្រូវ​កែ​កន្លែង​ណា​ដែល​យើង​មិន​ពេញ​ចិត្ត​អីចឹង​ទៅ​ យើង​ប្រតិកម្ម​ទៅ។​ រដ្ឋាភិបាល​យួន​គេ​មិន​ពេញ​ចិត្ត ​ហើយ​គេ​ត្រូវតែ​មាន​ការ​គាប​សង្កត់​យើង‍»។

អ្នកស្វែងរកសិទ្ធិជ្រកកោណខ្មែរក្រោម លោក ​ថាច់ ថាញ់ហ្វាង​ អាយុ​៣៧ ឆ្នាំ។ (រូបថតផ្តល់ឲ្យ)
អ្នកស្វែងរកសិទ្ធិជ្រកកោណខ្មែរក្រោម លោក ​ថាច់ ថាញ់ហ្វាង​ អាយុ​៣៧ ឆ្នាំ។ (រូបថតផ្តល់ឲ្យ)

លោក​ថា​ ក្រៅពីនេះ​ អាជ្ញាធរ​វៀតណាម​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​រៀនពី​ប្រវត្តិ​របស់​អតីត​មេដឹកនាំ​វៀតណាម​ ហូ ជីមិញ ​បន្ថែម​លើ​កម្មវិធី​ផ្សេងទៀត​ បើ​ពុំដូច្នោះ​ទេ​នឹងត្រូវ​ចោទ​ប្រកាន់​ថា​ជា​ក្រុម​ប្រឆាំង​ ហើយនិង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្សេង​ទៀត។

លោក ​ថាច់ ថាញ់ហ្វាង ​បាន​អះអាងថា ​លោក​បាន​ទទួល​ស្គាល់​សិទ្ធិ​ជន​ភៀសខ្លួន​ពី អ.ស.ប.​ ទទួល​បន្ទុក​ជន​ភៀសខ្លួន​ហើយ​កាលពី​ឆ្នាំ​ ២០១៦ ​ក្នុង​ប្រទេស​ថៃ​ ក្រោយ​ពី​មួយ​ឆ្នាំ​ដែល​លោក​មក​ដល់។ ​តែ​លោក​មិនបាន​បង្ហាញ​ឲ្យ ​VOA ​បាន​ឃើញ​ពីកាត​ដែល ​អ.ស.ប.​ បាន​ចេញ​ជូន​លោក​ទេ។

ក្រៅពី​មាន​ក្តី​បារម្ភ​ខ្លាំង​ខ្លាច​ថា​ត្រូវគេ​ចាប់​បញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​វិញ​ ហើយ​រងទោស​ទណ្ឌ​ធ្ងន់ធ្ងរ​នោះ​ ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងពីរ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ​និង ​អ.ស.ប. ​បាន​គិតគូ​ពី​សេរីភាព​ និង​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កំណើត​ ហើយ​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​បច្ចុប្បន្ន។

លោក ​ហ្វៀល រ៉ូប៊ឺតសុន ​(Phil Robertson) ​នាយក​រង​អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​ អាជ្ញាធរ​វៀតណាម​ព្យាយាម​គ្រប់​គ្រង​យ៉ាង​តឹងរ៉ឹង​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ហើយ​មានការ​រឹតត្បិត​សេរីភាព​សាសនា​ មិន​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​បាន​ប្រតិបត្តិ ​និង​ចាត់ចែង​ដោយ​ខ្លួនគេ​ឡើយ។ ​លោក​បាន​អះអាង​ថា ​ខ្មែរក្រោម​ពិបាក​ក្នុង​ការ​ទទួល​បាន​ឯកសារ​ពី​ប្រទេស​កម្ពុជា។

«បញ្ហា​គឺថា​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ខ្លួន​នឹង​គាំពារ​ខ្មែរក្រោម​ទាំងអស់​ ដែល​ជា​ពលរដ្ឋ​ខ្មែរ ​តែ​ក្រោយ​មក​អ្វី​ដែល​កើតឡើង​គឺ​ថា​ កម្ពុជា​មិនបាន​ចេញ​ឯកសារ​ជា​មូលដ្ឋាន ​ឬ​ឯកសារ​ផ្សេងៗ​ជូន​ដល់​ខ្មែរក្រោម​ដែល​ត្រូវការ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​គេច​ខ្លួន​ដោយ​ការ​ធ្វើទុក្ខ​បុកម្នេញ​នយោបាយ​ និង​ការ​យាយី​ផ្សេងៗ​ ហើយ​មិន​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា​ទេ។​ ដូច្នេះ​ហើយ​ពួកគេ​បន្ត​គេចខ្លួន​ចេញ​ពីកម្ពុជា​ទៅកាន់​ប្រទេស​ថៃ​ ជា​កន្លែង​ដែល​ពួកគេ​ស្វែងរក​សិទ្ធិ​ជាជន​ភៀសខ្លួន‍»។

លោក​ថា​ ពលរដ្ឋ​ខ្មែរក្រោម​រងការ​ធ្វើទុក្ខ​បុកម្នេញ​លើ​សេរីភាព​សាសនា ​និង​សិទ្ធិមនុស្ស​ដោយ​អាជ្ញាធរ​វៀតណាម។

«លោក​អ្នក​ដឹងទេ​ ជា​ការ​ពិត​យើង​សង្ឃឹម​ថា​ អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន​ គាំទ្រ​អំណះអំណាង​របស់​ខ្មែរ​ក្រោម​ទាំង​នោះ​ ហើយ​រំពឹង​ថា​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ រួមទាំង​សហរដ្ឋ​អាមេរិក​ និង​កាណាដា ​នឹង​ស្វែងរក​វិធី​ដើម្បី​គាំពារ​ពលរដ្ឋ​ខ្មែរ​ក្រោម‍»។

រូបឯកសារ៖ ពលរដ្ឋខ្មែរនាំគ្នាធ្វើបាតុកម្មទាមទារការសុំទោសពីមន្ត្រីនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលអះអាងថា ទឹកដីខ្មែរក្រោមគឺជាទឹកដីរបស់វៀតណាម កាលពីថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលរដ្ឋខ្មែរនាំគ្នាធ្វើបាតុកម្មទាមទារការសុំទោសពីមន្ត្រីនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលអះអាងថា ទឹកដីខ្មែរក្រោមគឺជាទឹកដីរបស់វៀតណាម កាលពីថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០១៤។

ប្រទេស​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​ផ្នែក​ជន​ភៀសខ្លួន​ បញ្ចេញ​អត្ថាធិប្បាយ​រៀង​ខ្លួន​លើ​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តស៊ូមតិ​ និង​ពលរដ្ឋ​ខ្មែរក្រោម។

លោក​នាយឧត្តម​សេនីយ៍ ​ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​បដិសេធ​ការ​លើក​ឡើង​នានា​ ដោយ​លោក​បញ្ជាក់​ថា​ កម្ពុជា​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​មាន​ទីលំនៅ​ ឬ​អាសយដ្ឋាន​ច្បាស់លាស់​ និង​ថ្ងៃខែឆ្នាំ​កំណើត។ បើ​ពលរដ្ឋ​ខែ្មរក្រោម​ដែល​មាន​អាសយដ្ឋាន​នៅ​ទឹកដី​ក្រៅ​ពី​នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ផ្ទៃក្រឡា​ ១៨១ ០៣៥​ គីឡូម៉ែត្រ​ការ៉េ​ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​គឺ​មិនអាច​ផ្តល់​ជូន​បានទេ។

«សុំ​ឲ្យ​បំពេញ​លក្ខខណ្ឌ​ឲ្យ​គ្រប់គ្រាន់​តាមអ្វី​ ដែល​ច្បាប់​យើង​បាន​កំណត់។​ យើង​ទទួល​ស្គាល់​ហើយ​ថា​ បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ពេល​ដែល​លោក​ឆ្លងផុត​ពី​ទឹកដី​វៀតណាម​មក​កម្ពុជា​ក្រោម ​មិនចាំ​បាច់​ដាក់ពាក្យ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​ទេ ​គឺ​ខ្មែរ​ជា​ស្វ័យ​ប្រវត្តិ ក៏ប៉ុន្តែ​ត្រង់​ថា​គាត់​អត់​មាន​អាសយដ្ឋាន​ពិត​ប្រាកដ ​យើង​ចេញ​អត្តសញ្ញាប័ណ្ណ​ឲ្យ​គាត់​ធ្វើ​ម៉េច?‍»។

លោក​បាន​បន្ត​ថា​ ច្បាប់​កម្ពុជា​មិនគ្រប់​ដណ្តប់​ដល់​អាសយដ្ឋាន​លើ​ទឹកដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​ជា​អធិបតេយ្យ​ប្រទេស​វៀតណាម​ទេ។

លោកស្រី ​ជេននីហ្វឺ ហារីសសុន ​(Jennifer Harrison)​ អ្នក​នាំពាក្យ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ UNHCR​ ប្រចាំ​ទីក្រុង​បាងកក​ ប្រទេស​ថៃ បាន​ថ្លែងប្រាប់ ​VOA​ តាម​សារ​អេឡិចត្រូនិក​ អ៊ីម៉េល​ថា​ អង្គការ ​UNHCR ​វាយ​តម្លៃ និង​ធ្វើ​កិច្ចសម្ភាសន៍​ដល់​ជន​ភៀសខ្លួន ​ឬ​មិនមែន​ជា​ជន​ភៀសខ្លួន​ទៅតាម​និយមន័យ​ជន​ភៀសខ្លួន​នៅ​ក្នុង​ច្បាប់​អន្តរជាតិ។

«អំណះ​អំណាង​នានា​ត្រូវ​វាយ​តម្លៃ​ទៅតាម​លក្ខណៈ​សម្បត្តិ​នៃ​រឿងរ៉ាវ​ដោយ​ផ្ទាល់ ហើយ​ជន​ដែល​ត្រូវបាន​បដិសេធ​ចំពោះ​ការ​ស្វែងរក​សិទ្ធិ​ជ្រកកោណ ​អាច​ស្នើសុំ​ឲ្យ​មាន​ប្តឹងឧទ្ធរណ៍​ ដើម្បី​ពិនិត្យ​សំណុំ​រឿង​ឡើងវិញ​ទៅ​តាម​ដំណើរការ​នីតិវិធី។ ដំណើរការ​ល្អិតល្អន់​នេះ​គឺ​ចាំបាច់​ត្រូវ​ការពារ​ភាព​ជឿទុក​ចិត្ត​បាន​ ចំពោះ​ដំណើរការ​ស្វែងរក​សិទ្ធិ​ជ្រកកោណ​ទាំង​នៅ​ក្នុង​ប្រទេស​ថៃ​ ក៏ដូច​ជា​នៅក្នុង​ពិភពលោក​ ដែល​នេះ​គឺជា​វិធានការ​ផ្នែក​សិទ្ធិមនុស្ស​ដ៏​សំខាន់​ដើម្បី​ធានា​បាន​នូវ​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​ត្រូវការ​ការ​គាំពារ​ជា​អន្តរជាតិ‍»។

លោក​ស្រី​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​សារៈ​សំខាន់​ចំពោះ​ការ​ចុះ​ឈ្មោះ​អ្នក​ស្វះស្វែង​រក​ការ​សុំ​សិទ្ធិ​ជ្រកកោណ​នៅ​ប្រទេស​ទី៣។

«ការ​ចុះ​ឈ្មោះ​ចំពោះ​អ្នក​ស្នើសុំ​សិទ្ធិ​ជ្រកកោណ​ និង​អ្នក​ស្នើសុំ​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​គឺជា​រឿង​សំខាន់​សម្រាប់​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ ក៏ដូចជា​រដ្ឋ​នានា ​និង​អង្គការ ​UNHCR ដែរ ​ដើម្បី​ឲ្យ​បាន​ដឹង​ថា​ នរណា​បាន​មក​ដល់​ពេល​ត្រូវការ​សម្រប​សម្រួល​ឲ្យ​ទទួល​បាន​ជំនួយ​ជា​មូលដ្ឋាន​និង​ការ​គាំពារ​នោះ។ ​បន្ថែម​លើ​នេះ​ ដំណើរការ​ចុះ​ឈ្មោះ​អាច​ធានា​បាន​ការ​ទទួល​ស្គាល់​បាន​ឆាប់​ចំពោះ​ជន​ ដែល​ងាយ​នឹង​មាន​គ្រោះថ្នាក់​ជា ពិសេស​នោះ។​ ជាង​នេះ​ទៅ​ទៀត​ ការ​ចុះ​បញ្ជី​ដោយ​មាន​អំណះអំណាង​ពិត​ប្រាកដ​អាច​ការពារ​មិនឲ្យ​មាន​ការ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​វិញ‍»។

មន្ត្រី​ អ.ស.ប.​ រូបនេះ​មិនបាន​បញ្ជាក់​ឲ្យ​ដឹង​ពី​បញ្ហា​ទាក់ទង​នឹង​ស្ថានការណ៍​ ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ត្រូវ​ភៀសខ្លួន​នៅ​វៀតណាម​ និង​បញ្ហា​លម្អិត​ផ្សេងៗ​ ដូចជា​ចំនួន​ក្រុម​ជន​ភៀស​ខ្លួន​ណាមួយ​ និង​ជើង​ហោះ​ហើរ​នោះ​ទេ ​ដោយ​យោង​ថា​ នេះ​ជា​ការ​សម្ងាត់។

ក្រុម​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​បន្ត​ការ​តស៊ូ​មតិ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​បាន​ថ្លែង​នៅ​សប្តាហ៍​ថ្មីៗ​ថា ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​រស់នៅ​ជុំវិញ​ពិភព​លោក​និង​ក្រុម​អ្នក​ជំនាញ​នានា ​នឹង​ជួប​ប្រជុំ​គ្នា​នៅក្នុង​ទីក្រុង​ ឡាអេ ​ប្រទេស​ហូឡង់​នៅដើម​ខែមិថុនា​ ឆ្នាំ ២០១៩ ​ខាងមុខ ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ពិភពលោក​លើក​ទី ២ ​ដែល​ផ្តោត​លើ «សិទ្ធិ​ខ្មែរ​ក្រោម​ក្នុងការ​សម្រេច​ជោគ​វាសនា​ដោយ​ខ្លួនឯង‍»​ ក្នុង​ពេល​ជាមួយ​គ្នា​ដែល​មាន​ការ​ប្រារព្ធ​ខួប​លើក​ទី ៧០ ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។ ​

ការ​បន្ត​កិច្ច​ប្រឹង​ប្រែង​តស៊ូមតិ​លើ​ឆាក​អន្តរជាតិ​ គឺ​ដើម្បី​ធ្វើឲ្យ​មាន​សេរីភាព ​និង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ​ដែល​បារាំង​បាន​កាត់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​កាលពី​ឆ្នាំ​ ១៩៤៩៕

XS
SM
MD
LG