ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថៃ​ស្នើ​កម្ពុជា​ឲ្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នៃ​ការចាប់​សកម្មជន​ថៃ​ដាក់​បញ្ចូល​ក្នុង​រថយន្ត​នៅ​ភ្នំពេញ


ក្រុមសកម្មជន​ថៃ​ប្រមូលផ្តុំគ្នា​នៅមុខ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​នៅ​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដើម្បី​តវ៉ា​ឲ្យ​មាន​ការអន្តរាគមន៍​អំពី​ការបាត់ខ្លួន​សកម្មជន​ថៃ​ម្នាក់​ឈ្មោះ Wanchalearm Satsaksit កាលពី​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ (AP Photo/Sakchai Lalit)
ក្រុមសកម្មជន​ថៃ​ប្រមូលផ្តុំគ្នា​នៅមុខ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​នៅ​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដើម្បី​តវ៉ា​ឲ្យ​មាន​ការអន្តរាគមន៍​អំពី​ការបាត់ខ្លួន​សកម្មជន​ថៃ​ម្នាក់​ឈ្មោះ Wanchalearm Satsaksit កាលពី​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ (AP Photo/Sakchai Lalit)

រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​កម្ពុជា​មិន​ទាន់​អាច​បញ្ជាក់​​ថា​ ​តើ​នឹង​មាន​​ការ​ស៊ើប​អង្កេត​ស្វែង​រក​សកម្ម​ជន​ថៃ​រូប​នោះ​ ឬ​យ៉ាង​ណា​ទេ។

រដ្ឋាភិបាល​ថៃ​បាន​ផ្ញើ​កំណត់​ទូត​មួយច្បាប់​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា​ ដោយ​ស្នើ​ឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចាប់​សកម្មជន​ថៃ​ដាក់​ក្នុង​រថយន្ត​នៅ​ភ្នំពេញ​គឺ​លោក ​Wanchalearm Satsaksit។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យក្រសួង​ការ​បរទេស​កម្ពុជា។​

លោក​ Wanchalearm Satsaksit​ សកម្មជន​ជាតិថៃ​ដែល​រិះគន់​រដ្ឋាភិបាល​ថៃ ​ដែលបាន​គេច​ខ្លួន​មក​រស់​នៅ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​បាត់​ខ្លួន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​សាក្សី​៣​នាក់​បាន​ប្រាប់ ​VOA​ ​ថា ពួកគេ​ឃើញ​ជន​ជាតិ​ថៃ​លោក ​Wanchalearm​ អាយុ​៣៧​ឆ្នាំ​ ត្រូវ​បាន​បុរស​៣​នាក់​ចាប់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​មុខ​ខុនដូ​មួយ​ដែល​សកម្មជន​រូប​នោះ​ស្នាក់​នៅ​ច្រើន​ឆ្នាំ​មក​ហើយ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​រាជ​ធានី​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​ និង​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក កុយ គួង ​ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ក្រសួង​បាន​ទទួល​កំណត់​ទូត​របស់​រដ្ឋាភិបាល​ថៃ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។ ​លោក​បន្ថែម​ថា​ នៅ​ក្នុង​កំណត់​ទូតចុះ​ថ្ងៃ​ទី​៥​ ខែ​មិថុនា ​ស្ថានទូត​ថៃ​បាន​ស្នើ​ឲ្យ​កម្ពុជា​«ផ្ទៀង​ផ្ទាត់»​ព័ត៌មាន​នៃ​ការ​ចាប់​ខ្លួន​នេះ។

លោក ​កុយ គួង​ បញ្ជាក់​ថា​ ​អាជ្ញាធរ​កម្ពុជា​នឹង​«ផ្ទៀងផ្ទាត់»​ព័ត៌មាន​ទាំង​នោះ​មុន​នឹង​មាន​ចំណាត់​ការ​បន្ត​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖ ​«កម្ពុជា​បញ្ជូន​ករណី​នេះ​ទៅ​ក្រសួង​មហាផ្ទៃ​ ផ្នែក​សន្តិសុខ​ជាតិ​ដើម្បី​ឲ្យ​ផ្ទៀង​ផ្ទាត់​ថា ព័ត៌​មាន​នេះ​ពិត​ ឬ​មិន​ពិត។ ព័ត៌មាន​បច្ចុប្បន្នហ្នឹង​ គេ​អាច​ធ្វើ​អី​ក៏​បាន​ដែរ ​ដូច្នេះ​ការ​ផ្ទៀង​ផ្ទាត់​ជា​រឿង​សំខាន់​ណាស់​ថា ជា​រឿង​ពិត​ ឬ​មិន​ពិត។ ​ព័ត៌មាន​សព្វថ្ងៃ​នេះ ​យើង​ដឹង​ហើយ ​ បច្ចេក​វិទ្យា​ទំនើប​ណាស់ ​គេ​អាច​ធ្វើ​ម៉េច​ក៏​បាន​ដែរ។​ ខ្ញុំ​ចង់​និយាយ​ថា បច្ចេក​វិទ្យា​បច្ចុប្បន្ន​ មនុស្ស​ក្លែង​ក្លាយ​ព័ត៌មាន​មួយ​គំនរ​ហ្នឹង។ ​គេ​ប្រឌិត​ព័ត៌មាន​មួយ​គំនរ​ហ្នឹង»។​

ស្ថានទូត​ថៃ​នៅ​កម្ពុជាបាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​លើ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​និង​កំណត់​ទូត​ផ្ញើ​មក​កម្ពុជា​ទេ។ ​ស្ថានទូត​បង្វែរ​សំណួរ​ទៅ​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការ​បរទេស​ថៃ​នៅ​ទីក្រុង​បាងកកវិញ​ដែល​ VOA ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​បាន​នៅ​ឡើយ​ទេ។​

ក្រោយ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទទួល​កំណត់​ទូត​របស់​ស្ថានទូត​ថៃ ​លោក​ ឆាយ គឹមខឿន ​អគ្គ​ស្នង​ការ​រង និង​ជា​អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាលជាតិ ​បាន​ប្រាប់​សារព័ត៌មាន ​Fresh News​ ថា​ ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ពាក់​ព័ន្ធ​នឹង​វីដេអូ​កាមេរ៉ា​ដែល​បង្ហាញ​ពី​ការ​ចាប់​សកម្មជន​ថៃ​ដាក់​ក្នុង​រថយន្ត។ ​ប៉ុន្តែ​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នោះ​មិន​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​ចាប់​ដាក់​រថយន្ត​ទាំង​មូល​នោះ​ទេ។​

លោក Wanchalearm Satsaksit សកម្មជននយោបាយថៃ ដែលត្រូវបានរាយការណ៍ថា ត្រូវបានចាប់ពង្រត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ (Facebook/ Wanchalearm Satsaksit)
លោក Wanchalearm Satsaksit សកម្មជននយោបាយថៃ ដែលត្រូវបានរាយការណ៍ថា ត្រូវបានចាប់ពង្រត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ (Facebook/ Wanchalearm Satsaksit)

រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​កម្ពុជា​មិន​ទាន់​អាច​បញ្ជាក់ថា​ ​តើ​នឹង​មានការ​ស៊ើប​អង្កេត​ស្វែង​រក​សកម្ម​ជន​ថៃ​រូប​នោះ​ ឬ​យ៉ាង​ណា​ទេ។

ប្រភព​ដែល​នៅ​ក្បែរ​កន្លែង​ជនជាតិ​ថៃ​នោះ​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​រថយន្ត​បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កាមេរ៉ា​សុវត្ថិភាព​នៅ​សាខា​ធនាគារ​កាណាឌីយ៉ា​និង​ស្ថានីយ​ចាក់​ប្រេង ​PTT​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​អាច​បញ្ជាក់​ថា​ ​តើ​រថយន្ត​នោះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​ទៅ​ទិស​ខាង​ណា។ ​ប្រភព​ឲ្យ​ដឹង​ថា​ ​រថយន្តរបស់​ជន​មិន​ស្គាល់​មុខ​បាន​ដឹក​ជនជាតិ​ថៃ​នោះ​ចេញ​មក​ផ្លូវ​ជាតិ​លេខ​៦ ​ប៉ុន្តែ​ពួកគេ​មិន​អាច​បញ្ជាក់​ថា​ ​តើ​រថយន្ត​នោះ​ឆ្ពោះ​ទៅ​ភ្នំពេញ​វិញ ​ឬ​ក៏​ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ចាម ​កំពង់​ធំ ​ឬ​សៀមរាប​នោះ​ទេ។​

កាល​ពី​សប្តាហ៍​មុន​ ​អ្នក​យក​ព័ត៌មាន​ VOA ​បាន​ចុះ​ទៅ​កន្លែង​ដែល​សកម្ម​ជន​ថៃ​រូប​នោះ​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​រថយន្ត​ ហើយ​សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​លើក​ឡើង​ថា​ ​សកម្មជន​ថៃ​នេះ​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​ម៉ាក​ Toyota Highlander ​នៅ​វេលា​ម៉ោង​ជិត​៥​ល្ងាច​ នៅ​ក្បែរ​ខុនដូ​ដែល​លោក​ស្នាក់​នៅ​យូរ​ឆ្នាំ​មក​ហើយ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​រាជធានី​ភ្នំពេញ។​

សាក្សី​៣​នាក់​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ​បាន​ប្រាប់​ VOA ​ថា​ ​ពួក​គេ​បាន​ឃើញ​លោក​ Wanchalearm​ ដើរ​ចេញ​ពី​អគារ​ខុនដូ​មក​ទិញ​ស្រាបៀរ ​បារី​ និង​ទឹក​ដោះ​គោដាក់​ស្បោង​ផ្លាស្ទិក​មុន​នឹង​ចូល​ទៅ​អង្គុយ​នៅ​លើ​គ្រែ​តូច​មួយ​ក្បែរ​ចិញ្ចើម​ផ្លូវ។​ ពេល​នោះ​លោក​បាន​ទិញ​ប្រហិត​ដែល​គេ​លក់​តាម​រទេះ។​

ខណៈ​លោក​ Wanchalearm​ ដែល​ពាក់​អាវ​ផ្កា​ដៃ​ខ្លី ស្លៀក​ខោ​ខ្លី​ត្រឹម​ជង្គង់​ កំពុង​អង្គុយ​រង់​ចាំ​ប្រហិត​របស់​គាត់​ នោះ​ ​ស្រាប់​តែ​មាន​រថយន្ត​ពណ៌​ខ្មៅ​មួយ​គ្រឿង​មក​ដល់។​ មាន​បុរស​៣​នាក់​ស្លៀក​ពាក់​ស៊ីវិល​ ពាក់​ម៉ាស​បិទ​មុខ​ចេញ​ពី​រថយន្ត។ ​ពេល​នោះ​សកម្ម​ជន​ថៃ​នោះ​ត្រូវ​បាន​វាយ​ត្រង់​កញ្ចឹង​ក​ ហើយ​ក្រៀក​ក្បាល​ពី​ខាង​ក្រោយ​ព្យាយាម​អូស​លោក​ចូល​រថយន្ត​ ដែល​មិន​មាន​អ្នក​ណា​ចាប់​ភ្លឹក​មើល​ចាំ​ផ្លាក​លេខ​នោះ​ទេ។​

សាក្សី​ដែល​ឃើញ​ការ​ចាប់​នោះ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​សារ​បារម្ភ​អំពី​សុវត្ថិភាព។ ​ពួកគេ​ថា ​បុរស​ជាតិ​ជាតិ​ថៃ​នោះ​បាន​ស្រែក​ជា​ភាសា​ខ្មែរ​ថា​«ជួយ​ផង!​ ជួយ​ផង!»ជា​ច្រើន​ដង​ ហើយ​លោក​ក៏​ធ្លាក់​វ៉ែនតា។ បុរស​ជន​ជាតិ​ថៃ​ក៏​ត្រូវ​បាន​ចាប់​យក​ទៅ។​

លោក ​ស៊ឹង សែនករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ការ​ចាប់​ខ្លួន​នេះ ​បើ​ទោះ​ជា​មិន​មាន​ពាក្យ​បណ្តឹង​ក៏​ដោយ​ ដោយសារ​ករណី​នេះ​កំពុង​ត្រូវ​បាន​តាម​ដាន​ដោយ​សហគមន៍​អន្តរ​ជាតិ។

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​កំពុង​តែ​បារម្ភ​នៅ​ក្នុង​មូលហេតុ​ហ្នឹង​ ហើយ​ប្រសិន​បើ​បាត់​មនុស្ស​ ជា​ទូទៅ​យើង​ឃើញ​ថា ​ច្បាស់​ណាស់​សមត្ថកិច្ច​នឹង​មិន​ទុក​ឲ្យ​អ្នក​ហ្នឹង​បាត់​ខ្លួន​អ៊ីចឹង​ទេ។​ ច្បាស់​ជា​ចាត់​វិធានការ​ស្រាវជ្រាវ​ជា​ធម្មតា​ហើយ។​ ហើយ​ប្រសិន​បើ​អត់​ប្រើ​វិធាន​ការ​ហ្នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ គេ​អាច​យល់​ថា​ ​រឿង​ហ្នឹង​ជា​រឿង​មួយ​ផ្សេង។​ វា​អាច​ថា ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ហ្នឹង​ច្រើន​ជាង»។

សកម្មជន​មួយ​ចំនួន បាន​ប្រមូលផ្ដុំគ្នា​នៅមុខ​ស្ថានទូត​កម្ពុជា​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេសថៃ​នៅ​ថ្ងៃច័ន្ទទី ៨ ខែមិថុនា​ឆ្នាំ ២០២០ ដោយ​មាន​កាន់រូបថត​របស់​សកម្មជន​ជនជាតិ​ថៃ​លោក Wanchalearm Satsaksit ដែល​ត្រូវបាន​រាយការណ៍​ថា ត្រូវបាន​ចាប់ពង្រត់​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
សកម្មជន​មួយ​ចំនួន បាន​ប្រមូលផ្ដុំគ្នា​នៅមុខ​ស្ថានទូត​កម្ពុជា​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេសថៃ​នៅ​ថ្ងៃច័ន្ទទី ៨ ខែមិថុនា​ឆ្នាំ ២០២០ ដោយ​មាន​កាន់រូបថត​របស់​សកម្មជន​ជនជាតិ​ថៃ​លោក Wanchalearm Satsaksit ដែល​ត្រូវបាន​រាយការណ៍​ថា ត្រូវបាន​ចាប់ពង្រត់​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

កាល​ពីថ្ងៃ​ច័ន្ទ ​ប្រជាជន​ថៃ​មួយ​ចំនួន​ ​ដែល​គាំទ្រ​សកម្មជន​រូប​នោះ​ បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាង​កក​ផង​ដែរ​ ដោយ​មាន​កាន់​ក្រដាស​បង្ហាញ​សារ​ថា ​ជួយ​ដល់​សកម្មជន ​Wanchalerm។​ ពួក​គេ​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ស្វែង​រក​សកម្មជន​ ដែល​បាត់​ខ្លួន​នេះ​ផង​ដែរ។​

លោក​ Wanchalearm​ គឺ​ជា​សកម្ម​ជន​ប្រជា​ធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់​ដែល​តែង​រិះគន់​រដ្ឋាភិបាល​យោធា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា​ (Prayuth Chan-ocha)។​ មួយ​ថ្ងៃ​មុន​ការ​ចាប់​ដាក់​ក្នុង​រថយន្ត​នោះ​សកម្ម​ជន​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ចុង​ក្រោយ​មួយ​លើ​ហ្វេសប៊ុក​របស់​លោក​រិះគន់​នាយក​រដ្ឋមន្រ្តី​ថៃ។ ​នៅ​ក្នុង​វីដេអូ​ប្រមាណ​១​នាទីនោះ​ សកម្មជន​រូប​នេះ​បាន​«ជេរ​ប្រមាថ»ថា លោក​ប្រាយុទ្ធ​ជា​មេដឹកនាំ​និយាយ​បាន​តែ​មាត់​ ដឹកនាំ​ប្រទេស​មិន​កើត ​និង​ជា​ «មេ​ដឹកនាំ​ល្ងង់​ខ្លៅ»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ លើក​ឡើង​ថា​ ​សកម្ម​ជន​រូប​នេះ​បាន​គេច​មក​នៅ​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២០១៤។​ អង្គការ​ Human Rights Watch​ បញ្ជាក់​ថា​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៨​ ​ អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​Wanchalearm​ ផង​ដែរ៕

XS
SM
MD
LG