ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅនេះ ចាប់តាំងពីពេលជំងឺនេះបានផ្ទុះឡើង បន្ទាប់ពីពន្ធនាគារមួយចំនួននៅក្នុងទីក្រុងបាងកកមានករណីឆ្លងជំងឺនេះ ដែលជំរុញឲ្យមានការបន្តរាំងខ្ទប់តាមកន្លែងមួយចំនួននៅក្នុងប្រទេស។
រលកចុងក្រោយនៃការឆ្លងជំងឺនេះបានកើតឡើងកាលពីខែមេសា ដែលបង្កឡើងដោយបណ្តុំមនុស្សនៅកន្លែងកម្សាន្តពេលរាត្រី ដែលជាកន្លែងពេញនិយមរបស់អ្នកមាននៅក្នុងទីក្រុងបាងកក។
ករណីនេះបានបង្ខំឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បញ្ជាឲ្យភោជនីយដ្ឋាននិងរង្គសាលនានាបិទទ្វារ និងជំរុញឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដែលធ្វើឲ្យសេដ្ឋកិច្ចផ្នែកទេសចរណ៍និងសេវាកម្មរបស់ប្រទេសថៃប្រឈមនឹងការដួលរលំ។
ប្រទេសថៃបានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤.៨៨៧ ករណី កាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅនេះ ដែលនេះជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត បន្ទាប់ពីអ្នកទោសចំនួន ២.៨៣៥ នាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺនេះនៅពន្ធនាគារពីរកន្លែងក្នុងទីក្រុងបាងកក។
ការផ្ទុះឡើងនៃជំងឺនេះនៅពេលនេះបានធ្វើឲ្យមនុស្សជាង ៤០០ នាក់ស្លាប់ ដោយមន្ទីរពេទ្យមិនមានគ្រែពេទ្យសម្រាប់ទទួលអ្នកជំងឺបន្តទៀត ហើយរដ្ឋាភិបាលប្រឹងប្រែងចាក់វ៉ាក់សាំងជូនសាធារណជន ដែលកំពុងតែព្រួយបារម្ភអំពីវិបត្តិផ្ទួនៗផ្នែកសុខភាពនិងសេដ្ឋកិច្ច ខណៈប្រទេសនេះត្រៀមបើកឡើងវិញដើម្បីទទួលអ្នកទេសចរបរទេស។
កាលពីពេលថ្មីៗនេះ លោកPrayuth បានសន្យាចាក់វ៉ាក់សាំងឲ្យពលរដ្ឋគ្រប់រូប ដោយទទូចថា «ភាពស៊ាំដោយប្រយោលនឹងជំងឺ [កូវីដ១៩]» តាមរយៈការចាក់វ៉ាក់សាំង គឺជាជម្រើសតែមួយគត់នៅក្នុងការឆ្លងឲ្យផុតពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ នេះ។
ប៉ុន្តែអាជ្ញាធរសុខាភិបាលថា មានមនុស្សត្រឹមតែ ៦៤០.០០០ នាក់ប៉ុណ្ណោះក្នុងចំណោមប្រជាពលរដ្ឋថៃជិត ៧០ លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ចំនួនពីរលើករួចហើយ។
ប្រទេសថៃបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna ក្រុមហ៊ុន Sinovac ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន AstraZeneca។ ប្រទេសថៃនឹងផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នៅក្រោមអាជ្ញាប័ណ្ណរយៈពេលវែង។
ប៉ុន្តែសម្រាប់ពេលនេះ ប្រទេសថៃកំពុងប្រជែងទិញវ៉ាក់សាំងរាប់សិបលានដូសជាបន្ទាន់ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅខែមិថុនាខាងមុខ បន្ទាប់ពីមានភាពយឺតយ៉ាវក្នុងការទិញវ៉ាក់សាំងនេះកាលពីដើមឆ្នាំនេះ នៅពេលដែលអត្រាឆ្លងជំងឺនេះហាក់ដូចជាចុះអន់ថយទៅវិញ។
បុគ្គលិកអាកាសយានដ្ឋានលោក Sarayut Jumpa ថា លោកស្ថិតក្នុងចំណោមមនុស្សដែលមានសំណាងដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទីពីរ របស់ក្រុមហ៊ុន Sinovac របស់ចិន ដែលរៀបចំចាក់ជូននៅអាកាសយានដ្ឋាន Suvarnabhumi ដែលជាអាកាសយានដ្ឋានដ៏ចម្បងមួយក្នុងទីក្រុងបាងកក និងដែលតម្រូវឲ្យមានការត្រួតពិនិត្យនៅពេលចូលចាក់វ៉ាក់សាំង។
លោក Sarayut និយាយដូច្នេះថា៖ «វ៉ាក់សាំងនេះប្រហែលជាមិនអាចការពារយើងបាន ១០០% ទេ ប៉ុន្តែការសិក្សាស្រាវជ្រាវបានបង្ហាញថា ខ្ញុំនឹងមិនសូវឈឺធ្ងន់ទេ ក្នុងករណីខ្ញុំឆ្លងវីរុសនេះ»។
លោកបានបន្ថែមថា កិច្ចការបន្ទាប់របស់លោកគឺត្រូវបញ្ចុះបញ្ចូលឪពុកម្តាយរបស់លោកឲ្យជឿថា វ៉ាក់សាំងនេះមានសុវត្ថិភាព។
ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលមានលក្ខណៈយឺតយ៉ាវនៅក្នុងប្រទេសថៃ បានធ្វើឡើង ស្របពេលដែលមានការចែកចាយព័ត៌មានមិនពិតនៅតាមអ៊ីនធឺណិតអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ។
ដោយសារបុគ្គលិកអាកាសយានដ្ឋានជាង ៤.០០០ នាក់បានចាក់វ៉ាក់សាំង និងមានអ្នកដំណើរចំនួនតិចនិងនៅឆ្ងាយពីគ្នា នៅពេលនេះ អាកាសយានដ្ឋាននេះត្រៀមខ្លួនរួចរាល់ក្នុងការដាក់ឲ្យប្រើជាកន្លែងចាក់វ៉ាក់សាំងសាធារណៈបានភ្លាមៗនៅពេលដែលរដ្ឋាភិបាលផ្ដល់ការអនុញ្ញាត។
លោក Kittipong Kittikachorn អគ្គនាយករងនៃអាកាសយានដ្ឋាននេះ បាននិយាយថា៖ «នៅមុនពេលមានការរាតត្បាតជំងឺកូវីដ១៩ យើងធ្លាប់ទទួលបានអ្នកដំណើរអន្តរជាតិចំនួន ២០០.០០០ នាក់ក្នុងមួយថ្ងៃ។ ឥឡូវនេះ យើងទទួលបានត្រឹមតែប្រមាណ ១.០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ»។
លោក Kittipong Kittikachorn បានបន្ថែមថា៖ «អាកាសយានដ្ឋាននេះបានត្រៀមបរិក្ខារចាំបាច់ទាំងអស់រួចរាល់ហើយដើម្បីប្រែក្លាយឲ្យទៅជាកន្លែងចាក់វ៉ាក់សាំង»។
កន្លងមក ប្រទេសថៃគិតថា ខ្លួនបានគេចផុតពីវិបត្តិសុខភាពសាធារណៈដ៏អាក្រក់បំផុតដែលបង្កឡើងដោយជំងឺកូវីដ១៩ នេះ តាមរយៈការបិទព្រំដែននិងវិធានការចត្តាឡីស័កចំនួន ១៤ ថ្ងៃដ៏តឹងរ៉ឹង។
ផ្ទុយទៅវិញ វិធានការទាំងនោះបានប៉ះពាល់ដល់សេដ្ឋកិច្ច ដែលចំណូលទទួលបានពីវិស័យទេសចរណ៍មានចន្លោះពី ១/៥ ទៅ ១/៤ នៃចំណូលសរុបរបស់ខ្លួន។
ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃបានធ្លាក់ចុះជាង ៦% កាលពីឆ្នាំមុន។ ក្តីសង្ឃឹមដែលរំពឹងថា សេដ្ឋកិច្ចនឹងប្រសើរឡើងវិញនៅត្រីមាសទី ៣ នៃឆ្នាំនេះ ហាក់ដូចជាមានកាន់តែតិចទៅៗ បន្ទាប់ពីមានការផ្ទុះឆ្លងរាលដាលថ្មីចុងក្រោយបំផុតនៃជំងឺកូវីដ១៩ នេះ។
អាជ្ញាធរថៃកំពុងទទូចឲ្យមានការបើកប្រទេសឡើងវិញនៅខែតុលាខាងមុខសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចហើយ ដោយកោះ Phuket មានបំណងបើកទទួលភ្ញៀវទេសចរឡើងវិញនៅថ្ងៃទី ១ ខែកក្កដាខាងមុខ បន្ទាប់ពីមានយុទ្ធនាការចាក់វ៉ាក់សាំងដែលផ្តួចផ្តើមដោយវិស័យឯកជន។
ប៉ុន្តែរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ នេះ បានធ្វើឲ្យគម្រោងខាងលើនេះមានភាពស្រពិចស្រពិល។ សណ្ឋាគារដែលបានពុះពារឆ្លងកាត់ការបាត់បង់ប្រាក់ចំណូលពេញមួយឆ្នាំ ត្រូវបានបង្ខំឲ្យបិទទ្វារជាថ្មី។ ចំណែកឯរង្គសាល ភោជនីយដ្ឋាន និងក្លឹបរាត្រីនានានៅក្នុងប្រទេសដែលល្បីពីជីវិតក្នុងពេលរាត្រីមួយនេះ ត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិក។
នៅពេលនេះ វិបត្តិមួយនេះកំពុងក្លាយជាបញ្ហានយោបាយធ្ងន់ធ្ងរសម្រាប់លោកPrayuth ដែលជាអតីតមេបញ្ជាការមិនមានប្រជាប្រិយភាព ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ និងក្រោយមកបានក្លាយជានាយករដ្ឋមន្ត្រីជាប់ឆ្នោត។
លោក Krid Kanjanakit អាយុ ៣៦ ឆ្នាំ ដែលជាម្ចាស់សណ្ឋាគារមួយកន្លែងក្នុងទីក្រុង Pattaya បានប្រាប់ VOA ថា៖ «សេដ្ឋកិច្ចអាចងើបឡើងវិញបានឬក៏មិនបានគឺអាស្រ័យលើចំនួនមនុស្សដែលបានចាក់វ៉ាក់សាំង»។
លោកបានបន្ថែមថា៖ «ប៉ុន្តែបញ្ហាគឺថា រដ្ឋាភិបាលនេះធ្វើអ្វីៗក៏យឺតដែរ»។
កាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅនេះ តំណាងរាស្ត្រគណបក្សប្រឆាំងបានជំរុញឲ្យការិយាល័យគណៈកម្មការប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើលោក Prayuth ចំពោះការចោទប្រកាន់ថា បានខកខាននៅក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ឲ្យបានទាន់ពេលវេលា ដែលបណ្តាលឲ្យមានករណីស្លាប់ដែលមិនគួរនឹងកើតមាន៕