ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ថៃ​រាយការណ៍​ពីកំណត់ត្រាខ្ពស់បំផុតនៃករណីឆ្លងជំងឺកូវីដ១៩​ បន្ទាប់​ពី​​រក​ឃើញ​ការ​ឆ្លង​​ក្នុង​ពន្ធនាគារ


រូបឯកសារ៖ មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃដែលត្រូវបានឃុំខ្លួន លោក  Panupong Jadnok ហៅ ​Mike Rayong លើកម្រាមដៃបីដែលតំណាងឲ្យការតស៊ូមតិ នៅពេលលោកបានទៅដល់តុលាការព្រហ្មទណ្ឌមួយ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០១។

ប្រទេស​ថៃ​បាន​ប្រកាស​កំណត់ត្រា​ថ្មី​នៃករណី​ឆ្លង​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ​ដែលខ្ពស់បំផុត ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​រក​ឃើញការឆ្លង​នៅ​ក្នុង​ពន្ធនាគារ ២ ​កន្លែង ​ដែល​មានអ្នកទោស​ជិត​ ៣.០០០​ នាក់​បាន​ឆ្លង។

ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​នោះ ​មាន​មេដឹកនាំប្រឆាំង​រដ្ឋាភិបាល​ម្នាក់ ​ដែល​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ទី​នោះ​ ខណៈ​ដែល​កំពុង​រង់ចាំ​ការ​កាត់ទោស​ចំពោះ​ការ​ប្រមាថ​ព្រះមហាក្សត្រ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

​អាជ្ញាធរ​បាន​រាយការណ៍ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ​ចំនួន​ ៣២ ​នាក់ ​និងករណី​ឆ្លង​ថ្មី ៤.៨៨៧ ​នាក់ ដែលនេះ​ជា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ ក្រោយអ្នក​ទោស​ចំនួន​ ២.៨៣៥ ​នាក់​ទៀត​ ត្រូវ​បាន​បន្ថែម​ក្នុង​តួលេខ​ក្រោយ​ការ​ធ្វើ​តេស្ត​អ្នកទោស​រាប់​ពាន់​នាក់​ នៅ​ក្នុង​ពន្ធនាគារ ២ កន្លែង​ នៅ​ក្នុង​ទីក្រុង​បាងកក​មក។

មន្ត្រីពន្ធនាគារម្នាក់​បាន​និយាយ​ថា អ្នក​ទោស​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ​ទាំង​នោះ ​រួមមាន​លោក Panupong Jadnok ហៅ ​Mike Rayong អាយុ​ ២៤ ​ឆ្នាំ ​ដែល​ត្រូវបាន​ឃុំ​ខ្លួន​នៅ​ទី​នោះ​ ចាប់​តាំង​ពីថ្ងៃ​ទី ៨ ខែ​មីនា​មក​ ក្រោម​បទចោទ​ដែល​រួម​មាន​ការដឹកនាំ​ការ​បះបោរ​ និង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ Maha Vajiralongkorn ផង។

លោក​ជា​សមាជិក​ទី ៤ ​របស់​ចលនា​ដែល​ដឹកនាំ​ដោយ​យុវជន​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រមាថព្រះមហាក្សត្រ ហើយដែល​ធ្វើ​តេស្ត​មាន​កូវីដ១៩ វិជ្ជមាន​នៅ​ក្នុង​ពន្ធនាគារ។​

ប្រទេស​ថៃ​កំពុង​រង​ផលប៉ះពាល់​នៃ​ការ​ផ្ទុះ​ដ៏ខ្លាំង​បំផុត​នូវ​ជំងឺ​កូវីដ១៩ ​នៅ​ពេល​នេះ ដោយ​មាន​ការឆ្លង​បាន​កើនឡើង​ ៣ ​ដង ​ដល់ទៅ​ចំនួនជាង ​៩៣.៧០០ ​ករណី ​និង​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ ៥ ដងដល់ទៅ ​៥១៨​ នាក់ ​ក្នុង​រយៈពេល​ ៦ សប្តាហ៍​កន្លង​មក​នេះ បន្ទាប់​ពី​រាំង​ខ្ទប់​បានជោគជ័យ​អស់មួួយឆ្នាំ​កន្លង​មក​នេះ។

មេដឹកនាំ​តវ៉ា​ប្រឆាំង​ដែល​បាន​ឆ្លង​វីរុស​នោះ​ផ្សេង​ទៀត​គឺ លោក Arnon Nampa និង​លោក Chukiat Sangwong ហើយ​និង​អ្នកស្រី Panusaya Sithijirawattanakul ដែល​បាន​ធ្វើ​តេស្តមាន​កូវីដ១៩ ​វិជ្ជមាន ​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ បន្ទាប់ពី​អ្នកស្រី​បាន​ស្ថិត​នៅ​ក្រៅឃុំដោយសារ​ប្រាក់​ធានា។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ក្រុម​អ្នក​ទោស​នៅ​ក្នុង​ប្រទេស​ថៃ គួរ​តែ​ទទួល​បាន​ការ​ការពារប្រសើរ​ជាង​នេះ៕

XS
SM
MD
LG