ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​លើ​បុគ្គលិក​សុខាភិបាល​ឥណ្ឌូណេស៊ី​រក​ឃើញ​ថា វ៉ាក់សាំង​កូវីដ១៩ Sinovac របស់​ចិន​មាន​ប្រសិទ្ធភាព


រូប​ឯកសារ៖ ដប​វ៉ាក់សាំង​ SinoVac ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ជិត​រូប​វីរុស​កូរ៉ូណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩ ក្នុង​រោងចក្រ​មួយ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
រូប​ឯកសារ៖ ដប​វ៉ាក់សាំង​ SinoVac ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ជិត​រូប​វីរុស​កូរ៉ូណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩ ក្នុង​រោងចក្រ​មួយ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​ប្រទេស​ឥណ្ឌូណេស៊ី បាន​រក​ឃើញ​ថា វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Sinovac Biotech របស់​ប្រទេស​ចិន មាន​ប្រសិទ្ធភាព ៩៨% ក្នុង​ការ​ការពារ​មិន​ឲ្យ​ស្លាប់ និង ៩៦% មិន​ឲ្យ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ចំណោម​ក្រុម​បុគ្គលិក​សុខាភិបាល​ឥណ្ឌូណេស៊ី​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​រក​ឃើញ​នេះ​ផ្អែកលើ​ទិន្នន័យ​ពី​បុគ្គលិក​សុខាភិបាល​ចំនួន ១២០.០០០ នាក់​នៅ​ក្រុង​ទីក្រុង​ហ្សាការតា ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​នៅ​រវាង​ខែ​មករា​និង​មីនា​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​របស់​មន្ត្រី​សុខាភិបាល​លោក Pandji Dhewantara ដែល​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​នេះ។

កន្លង​មក ការ​សាកល្បង​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Sinovac Biotech ដំណាក់​កាល​ទី ៣ មាន​លទ្ធផល​ផ្សេងៗ​គ្នា​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​លោក Pandji Dhewantaraបាន​និយាយ​ថា ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​លោក​បាន​រក​ឃើញ​ថា វ៉ាក់សាំង​នេះ​ក៏​អាច​ការពារ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ មិន​ឲ្យ​ចេញ​រោគ​សញ្ញា បាន ៩៤% ផងដែរ នៅ​ក្នុង​ចំណោម​មន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី​ដែល​ចូលរួម​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ។

មន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី​អ្នកស្រី Siti Nadia Tarmizi បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «ផ្អែក​តាម​ទិន្នន័យ​របស់​ក្រុម​ការងារ​ស្រាវជ្រាវ​នេះ យើង​ឃើញ​ថា ឧប្បត្តិហេតុ​ដែល​បណ្ដាល​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​និង​ស្លាប់​របស់​បុគ្គលិក​សុខាភិបាល​ហាក់​ដូចជា​ថយចុះ»។

ដោយ​ឡែក ទិន្នន័យ​របស់​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូណេស៊ី​បាន​បង្ហាញ​ថា ចំនួន​គ្រូពេទ្យ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ចាប់​តាំងពី​ពេល​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ក្នុង​ឆ្នាំ​នេះ​មក៕

XS
SM
MD
LG