នៅពេលពួកអ្នកការទូតថៃធ្វើការចរចាឱ្យមានការដោះលែងពួកពលករថៃដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់ក្នុងប្រទេសអ៊ីស្រាអែល ពួកជនជាតិថៃកាន់សាសនាអ៊ិស្លាមសំខាន់ៗ មានរួមទាំងសមាជិកម្នាក់នៃសមាគមអតីតនិស្សិតសាកលវិទ្យាល័យមួយផង បានធ្វើកិច្ចការស្របគ្នានឹងអ្នកការទូតទាំងនោះតាមបែបផ្ទាល់ខ្លួនដើម្បីឱ្យមានការដោះលែងចំណាប់ខ្មាំងថៃ។
លោក Lerpong Sayed ដែលជាសាស្ត្រាចារ្យបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យអន្តរជាតិ Al-Mustafa នៃប្រទេសអ៊ីរ៉ង់ កំពុងបង្រៀននៅពេលក្រុមភេរវជនហាម៉ាស់វាយលុកចេញពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនជាតិថៃអស់ចំនួន៣៩នាក់និងចាប់ពង្រត់៣២នាក់ទៀត ជាមួយជនជាតិអ៊ីស្រាអែលរាប់រយនាក់ដែលត្រូវបានសម្លាប់និងចាប់ពង្រត់។
លោក Lerpong ដែលជាប្រធានសមាគមអតីតនិស្សិតថៃ-អ៊ីរ៉ង់មួយ បានចាប់ផ្តើមទាក់ទងនឹងសមាជិកសមាគមនេះដែលមានទំនាក់ទំនងជាមួយពួកមេដឹកនាំហាម៉ាស់ ហើយបានបង្កើតក្រុមមិនផ្លូវការមួយ។
នៅពេលគេមិនដឹងច្បាស់លាស់ថាតើអន្តរាគមន៍របស់ក្រុមលោកបានជួយសម្រេចដល់លទ្ធផលផ្តាច់ព្រ័ត្រនេះឬយ៉ាងណានោះទេ ប៉ុន្តែពួកហាម៉ាស់បានដោះលែងជនជាតិថៃ២៣នាក់តាំងពីខែវិច្ឆិកាមក ដែលភាគច្រើនជាពលករខាងកសិកម្មមានប្រាក់ចំណូល១ពាន់៥រយដុល្លារក្នុងមួយខែ គឺមានចំនួនប្រាំដងច្រើនជាងប្រាក់ចំណូលដែលពួកគេទទួលបាននៅក្នុងប្រទេសថៃ។
លោក Lerpong បាននិយាយប្រាប់ផ្នែកផ្សាយជាភាសាថៃនៃវីអូអេថា៖ «ខ្ញុំយល់ថាប្រទេសថៃមានជោគជ័យបំផុតក្នុងពិភពលោកក្នុងការជួយក្រុមចំណាប់ខ្មាំង។ ចាប់ពីពេលនេះទៅ យើងនឹងប្រើបណ្តាញទាក់ទងស្រដៀងគ្នានេះ...ដើម្បីសុំឱ្យក្រុមហាម៉ាស់ដោះលែងជនជាតិថៃដទៃទៀត»។
ការទាក់ទងគ្នាជាផ្លូវការ
មានអ្នកកាន់សាសនាអ៊ិស្លាមប្រមាណ៣លាននាក់ក្នុងចំណោមប្រជារាស្ត្រថៃភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា។ ពួកគេជាច្រើននាក់បានរស់នៅក្រោមការគ្រប់គ្រងគ្រាមានអាសន្នក្នុងប៉ែកនានានៅភាគខាងត្បូងប្រទេស ដែលនៅទីនោះការបះបោររបស់ក្រុមអ្នកកាន់សាសនាអ៊ិស្លាមបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់កាលពីពីរទសវត្សរ៍មុននេះ។
បើតាមប្រភពផ្លូវការមួយដែលសុំមិនឱ្យគេបញ្ចេញអត្តសញ្ញាណ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការវាយប្រហាររបស់ពួកហាម៉ាស់ ក្រសួងការបរទេសថៃបានចាប់ផ្តើមទាក់ទងជាមួយពួកសមភាគីផ្ទាល់របស់ខ្លួន នៅពេលលើកទឹកចិត្តឱ្យបើកបណ្តាញឯទៀតៗសម្រាប់ពិភាក្សាគ្នា។ គោលដៅគឺការដោះលែងក្រុមចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ។
ក្នុងរយៈពេលខ្លីក្រោយការវាយប្រហារនោះ លោក Wan Muhamad Noor Matha អ្នកនយោបាយជើងចាស់កាន់សាសនាអ៊ិស្លាមនិងជាប្រធានរដ្ឋសភាបច្ចុប្បន្ននិងលោក Syed Sulaiman Husaini មេដឹកនាំក្រុមមូស្លីមនិកាយ Shia នៃប្រទេសថៃ បានទាក់ទងជាមួយក្រុមលោក Lerpong ហើយបានសុំឱ្យពួកគេប្រើបណ្តាញផ្ទាល់ខ្លួននិងបណ្តាញវិជ្ជាជីវៈក្នុងប្រទេសអ៊ីរ៉ង់។
លោក Lerpong បានថ្លែងប្រាប់វីអូអេភាសាថៃតាមទូរសព្ទថា វាជាការសមហេតុផលដែលទាក់ទងជាមួយអ៊ីរ៉ង់ដែលជាអ្នកគាំទ្រនិងផ្តល់ប្រាក់កាសឱ្យក្រុមហាម៉ាស់ជាយូរមកហើយ។ លោកបាននិយាយថាក្នុងឋានៈលោកធ្លាប់ជាសកម្មជនគាំទ្រសិទ្ធិជនជាតិប៉ាឡេស្ទីន លោកបានស្គាល់ពួកឥស្សរជនហាម៉ាស់នៅអ៊ីរ៉ង់រួចស្រេចហើយ។
លោក Lerpong បាននិយាយថានៅពេលអ្នកកាន់សាសនាអ៊ិស្លាមថៃល្បីឈ្មោះពីរនាក់នេះហៅទូរសព្ទទៅលោក លោក«កំពុងឋិតនៅអ៊ីរ៉ង់រួចជាស្រេចហើយ ដែលសម្រួលដល់ការទាក់ទងជាមួយភាគីពាក់ព័ន្ធដើម្បីរកវិធីដោះលែងពួកចំណាប់ខ្មាំងថៃ។ លោកបានបន្ថែមថាអាជ្ញាធរអ៊ីរ៉ង់ដែលមានការទាក់ទងជាមួយក្រុមហាម៉ាស់«ក៏បានជួយដែរ»។
នៅត្រឹមថ្ងៃទី២៦ ខែតុលា គណៈប្រតិភូថៃមួយបានជួបជាមួយលោក Khaled Qaddoumi អ្នកតំណាងក្រុមហាម៉ាស់នៅអ៊ីរ៉ង់។ បើតាមបណ្តាញសារព័ត៌មាន Channel News Asia ដោយត្រូវបានដាក់ទណ្ឌកម្មពីរដងដោយសហរដ្ឋអាមេរិក លោក Qaddoumi ត្រូវបានពណ៌នាដោយអ្នកធ្វើការចរចាម្នាក់ថា«ឋិតក្នុងចំណោមបុគ្គលគោលដៅកំពូលរបស់សហរដ្ឋអាមេរិក»។
លោក Lerpong បាននិយាយប្រាប់វីអូអេភាសាថៃថា៖ «ក្រោយពីក្រុមយើងបានជួបជាមួយពួកមន្ត្រីហាម៉ាស់ វាហាក់ដូចជាពួកគេបានសន្យាដល់ពួកយើងថា ប្រសិនបើមានការឈប់បាញ់គ្នា ក្រុមហាម៉ាស់នឹងដោះលែងក្រុមចំណាប់ខ្មាំងថៃដោយគ្មានលក្ខខណ្ឌ»។
ហើយនៅពេលការឈប់បាញ់គ្នាសម្របសម្រួលដោយប្រទេសកាតាចូលជាធរមានកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ជនជាតិថៃ១០នាក់ឋិតក្នុងចំណោមចំណាប់ខ្មាំងដំបូងៗដែលត្រូវបានដោះលែង។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Parnpree Bahiddha-Nukara បាននិយាយប្រាប់វីអូអេភាសាថៃកាលពីខែវិច្ឆិកាថា ភាពសាំញ៉ាំខាងភស្តុភារបានបន្ថែមឱ្យមានការលំបាកក្នុងការធ្វើឱ្យមានការដោះលែងក្រុមចំណាប់ខ្មាំង។
លោក Parnpree បានថ្លែងថា ពួកមន្ត្រីមជ្ឈិមបូព៌ាបាននិយាយប្រាប់ពួកសមភាគីថៃរបស់គេថា៖ «មានការពិបាកក្នុងការដោះលែងក្រុមចំណាប់ខ្មាំងនៅពេលនោះ ព្រោះអ្នកដែលត្រូវបានចាប់បង្ខាំងមិនមែនជាក្រុមតែមួយទេ គឺមានច្រើនជាងមួយក្រុម ហើយប្រហែលមានច្រើនជាងពីរក្រុមផង។ ហើយក្រុមចំណាប់ខ្មាំងប្រហែលត្រូវដាក់ឱ្យនៅដាច់ពីគ្នា»។
នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin ត្រូវបានដកស្រង់ពាក្យសម្តីកាលពីថ្ងៃទី៥ ខែធ្នូដោយបណ្តាញព័ត៌មានថៃ Standard ថា ចំណាប់ខ្មាំងនៅសេសសល់អាចត្រូវដោះលែងប្រសិនបើមានការឈប់បាញ់គ្នាមួយលើកទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters មិនមានការឈប់បាញ់គ្នាទៀតទេតាំងពីដើមខែធ្នូមក ហើយចំណាប់ខ្មាំងជាង១៣០នាក់នៅតែឋិតក្នុងតំបន់ហ្កាហ្សាតទៅទៀតតាំងពីថ្ងៃទី១៥ ខែធ្នូមក។
លោក Lerpong បាននិយាយថា ក្រុមអ្នកចរចារបស់ក្រុមអតីតនិស្សិតបានទាក់ទងជាមួយ«ក្រុមជនដែលទាក់ទិនមកពីក្រុមហាម៉ាស់និងអ៊ីរ៉ង់»ដើម្បីឱ្យដឹងច្បាស់លាស់អំពីចំនួនជនជាតិថៃដែលនៅជាប់ឃុំឃាំងជាចំណាប់ខ្មាំងនៅឡើយនិងដើម្បីឱ្យដឹងអំពីជោគវាសនាពួកគេផងដែរ។
លោក Lerpong បានថ្លែងថា៖ «ដរាបណាជនជាតិថៃនៅតែត្រូវជាប់ឃុំឃាំង កាតព្វកិច្ចរបស់យើងនៅតែមានតទៅទៀត»។
លោកបានថ្លែងថា នៅពេលអនាគត អាជ្ញាធរថៃត្រូវពិចារណាជាថ្មីអំពីការអនុញ្ញាតឱ្យពលករទៅធ្វើការនៅតំបន់ដែលអាចមានសង្គ្រាម។
លោក Lerpong បាននិយាយថា៖ «នៅក្នុងការចរចាគ្នា ក្រុមហាម៉ាស់បាននិយាយប្រាប់ពួកយើងថា ពួកគេគ្មានបញ្ហាជាមួយក្រុមពលករមកពីប្រទេសទាំងអស់នៅទូទាំងពិភពលោកទេ ជាពិសេសមកពីប្រទេសថៃ។ ប៉ុន្តែបញ្ហាគឺថាកន្លែងធ្វើការរបស់ពួកគេឋិតក្នុងតំបន់មានជម្លោះ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ