មន្ត្រីសហរដ្ឋអាមេរិកកម្រនិយាយពីផែនការធ្វើដំណើររបស់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA អាមេរិក លោក William Burns ណាស់ ប៉ុន្តែមន្ត្រីអាមេរិកមួយរូបបានបញ្ជាក់មកកាន់វីអូអេថា លោក Burns បានទៅដល់រដ្ឋធានីដូហា ប្រទេសកាតាហើយកាលពីថ្ងៃអង្គារម្សិលមិញ។
បើយោងទៅលើមន្ត្រីអាមេរិករូបនេះបានឱ្យដឹងថា កិច្ចប្រជុំពិភាក្សាកម្រិតខ្ពស់ នឹងត្រូវផ្តោតទៅលើជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលរហូតមកដល់ពេលនេះបានឈានចូលដល់ថ្ងៃទី៥៣ហើយ និងពីចំណាប់ខ្មាំងចំនួន១៧៥នាក់ទៀត ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់នៅឡើយនោះ។
លោក Paul Pillar ជាអតីតមន្ត្រីស៊ើបការណ៍ CIA ជាន់ខ្ពស់ ដែលពេលនេះកំពុងបង្រៀននៅសាកលវិទ្យាល័យ Georgetown សហរដ្ឋអាមេរិក បានប្រាប់វីអូថា គោលបំណងគឺហាក់ដូចជាចង់រក្សាការផ្អាកបទឈប់បាញ់គ្នាជាបណ្តោះអាសន្ននៅពេលនេះ បន្តទៅមុខទៀត។ លោកថ្លែងដូចនេះថា៖
«គោលបំណងរបស់រដ្ឋបាលអាមេរិកនាពេលនេះ គឺច្បាស់ណាស់ថា ចង់ព្យាយាមពន្យាពេលបទឈប់បាញ់គ្នានេះបន្តទៅមុខទៀតប្រសិនបើអាចធ្វើទៅបាន និងដើម្បីជួយឱ្យមានការដោះលែងក្រុមចំណាប់ខ្មាំងឱ្យបានច្រើនបន្ថែមទៀតតាមដែលអាចធ្វើបាន»។
យ៉ាងហោចណាស់ ក៏នេះជាលើកទី២ហើយក្នុងខែនេះ ដែលនាយកស៊ើបការណ៍សម្ងាត់អាមេរិករូបនេះ បានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយក្រុមហាម៉ាស់បានវាយប្រហារភេរវកម្មទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងមក ដែលបានសម្លាប់មនុស្សអស់ប្រមាណ១.២០០នាក់។
កាលពីដើមខែកន្លងទៅនេះ មន្ត្រីសហរដ្ឋអាមេរិកមួយចំនួននិយាយថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA រូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីពិភាក្សាពីចំណាត់ការឆ្លើយតបវិញរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់។
លោក Pillar និយាយថា វាមិនមែនជារឿងគួឱ្យភ្ញាក់ផ្អើលនោះឡើយ បើគិតពីប្រវត្តិការងាររបស់លោក Burns។ លោកបន្ថែមដូចនេះទៀតថា៖
«លោកជាអ្នកការទូតដែលសម្រេចបានស្នាដៃជាច្រើននិងត្រូវបានគោរពខ្លាំង ទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅក្រៅប្រទេស។ ដូច្នេះលោកបានក្លាយជាបុគ្គលដែលមានសារៈសំខាន់ខ្លាំង សម្រាប់រឿងទូទៅជាច្រើននៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ក្នុងការដោះស្រាយបញ្ហាការទូតលើរឿងជាច្រើន ដែលពាក់ព័ន្ធតិចតួចឬមិនពាក់ព័ន្ធទាល់តែសោះ ទៅនឹងការងារប្រចាំថ្ងៃរបស់លោកជានាយកទីភ្នាក់ងារចារកម្ម CIA នោះ»។
ប្រទេសកាតាបានដើរតួនាទីដ៏សំខាន់មួយ ក្នុងការសម្របសម្រួលឱ្យមានការជួបប្រជុំពិភាក្សាគ្នា រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលរយៈពេលថ្មីៗចុងក្រោយបំផុតនេះ គឺបានជួយចរចាឱ្យបន្តការផ្អាកការប្រយុទ្ធគ្នារវាងក្រុមទាំងពីរ ដើម្បីជាថ្នូរនិងការដោះលែងចំណាប់ខ្មាំង៥០នាក់ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ និងការដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនចំនួន១៥០នាក់ ដែលត្រូវបានឃុំឃាំងដោយប្រទេសអ៊ីស្រាអែល៕