នៅថ្ងៃទីមួយនៃការឈប់បាញ់គ្នានិងការដោះដូរចំណាប់ខ្មាំងនិងអ្នកទោសកាលពីថ្ងៃសុក្រទី២៤ ខែវិច្ឆិកា រវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ការដឹកជញ្ជូនជំនួយនិងប្រេងឥន្ធនៈបានចាប់ផ្តើមចូលក្នុងតំបន់ហ្កាហ្សាពីច្រកព្រំដែន Rafah នៃប្រទេសអេហ្ស៊ីប។ បណ្តាញព័ត៌មានអារ៉ាប់រាយការណ៍ថារថយន្តធំៗដឹកជំនួយជាង ១០០ គ្រឿងបានបើកចូលក្នុងតំបន់ហ្កាហ្សានៅពាក់កណ្តាលរសៀល។
រថយន្តធំៗដឹកជំនួយនិងរថយន្តដឹកប្រេងឥន្ធនៈជាងមួយរយគ្រឿងបានបើកចូលក្នុងតំបន់ហ្កាហ្សានៅពេលការដោះដូរចំណាប់ខ្មាំងនិងអ្នកទោសរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ត្រូវអនុវត្ត។
ពួកមន្ត្រីអេហ្ស៊ីបបាននិយាយថារថយន្តធំៗបួនគ្រឿងដឹកឧស្ម័នសម្រាប់ធ្វើម្ហូបនិងប្រេងម៉ាហ្សូត១សែន៣ម៉ឺនលីត្រនឹងត្រូវអនុញ្ញាតឱ្យដឹកចូលហ្កាហ្សារៀងរាល់ថ្ងៃក្នុងពេលឈប់បាញ់គ្នាបួនថ្ងៃដែលត្រូវបានគ្រោងទុក ជាមួយនឹងការផ្គត់ផ្គង់ស្បៀងនិងថ្នាំពេទ្យព្រមទាំងបរិក្ខារពេទ្យ។
ជនជាតិអ៊ីស្រាអែល១៣នាក់ដែលពួកហាម៉ាស់បានចាប់ជាចំណាប់ខ្មាំងត្រូវបានពួកហាម៉ាស់ប្រគល់ឱ្យអេហ្ស៊ីបតាមច្រកព្រំដែន Rafah នៅពេលជិតព្រលប់។
ទូរទស្សន៍ Al Jazeera នៃប្រទេសកាតាក៏បានរាយការណ៍ដែរថាក្រុមប៉ាឡេស្ទីន Qassam បានដោះលែងចំណាប់ខ្មាំង២៤នាក់ មានរួមទាំងពលករមកពីប្រទេសថៃផងដែរ។
អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន៣៩នាក់ពីមជ្ឈមណ្ឌលឃុំឃាំង Damoun មជ្ឈមណ្ឌលឃុំឃាំង Megiddo និង Ofer របស់អ៊ីស្រាអែលកាលពីរសៀលថ្ងៃសុក្រ។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi ដែលបានធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញនិងប៊ែលហ្ស៊ីកកាលពីថ្ងៃសុក្របាននិយាយតាមទូរទស្សន៍ថាពួកមេដឹកនាំអន្តរជាតិមានរូមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរបាននិយាយប្រាប់លោកថាជនជាតិប៉ាឡេស្ទីននឹងមិនត្រូវបង្ខំឱ្យចេញពីតំបន់ហ្កាហ្សាហើយចូលក្នុងអេហ្ស៊ីបទេ។
លោកនិយាយថា«តាមការពិតស្ថានភាពជីវភាពក្នុងហ្កាហ្សាពិបាកខ្លាំងណាស់ហើយការណ៍នេះនឹងជំរុញមនុស្សឱ្យចេញពីតំបន់នោះ។ លោកថ្លែងថា លោកបាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលធានារ៉ាប់រងដល់លោកថាលោកនឹងមិនអនុញ្ញាតឱ្យមានការបង្ខំជនជាតិប៉ាឡេស្ទីនឱ្យចេញពីហ្កាហ្សាហើយចូលក្នុងអេហ្ស៊ីបទេ។ លោក Sissi បន្ថែមថា អស់លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញនិងប៊ែលហ្ស៊ិកដែលបំពេញទស្សនកិច្ចនៅអេហ្ស៊ីបបានយស់ស្របជាមួយអេហ្ស៊ីបដែរ ដោយនិយាយថាលោកទាំងពីរនឹងមិនអន់ឱនដល់ការបង្ខំជនជាតិប៉ាឡេស្ទីនឱ្យធ្វើចំណាកស្រុកឡើយ»។
នាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញលោក Pedro Sanchez បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងទស្សនកិច្ចទៅកាន់ច្រកព្រំដែន Rafah នៃប្រទេសអេហ្ស៊ីបកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបសង្ឃឹមថានឹងមានជំនួយថែមទៀតចូលទៅក្នុងហ្កាហ្សាច្រើនជាងកម្រិតបច្ចុប្បន្ន។
លោក Sanchez បានអំពាវនាវដល់ពួកហាម៉ាស់ឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅសេសសល់ហើយបានសុំឱ្យអ៊ីស្រាអែលមានការទប់ចិត្តថែមទៀត។ លោកបានថ្លែងថា៖«ខ្ញុំក៏និយាយជាថ្មីទៀតអំពីសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនឯង តែវាត្រូវធ្វើនៅក្នុងបរិវេណនិងការកម្រិតដោយច្បាប់មនុស្សធម៌អន្តរជាតិ ហើយនេះមិនមែនជាករណីទេ។ ការសម្លាប់ជនស៊ីវីលដោយគ្មានរើសមុខ មានរួមទាំងកុមារានិងកុមារីរាប់ពាន់នាក់ជាការមិនអាចទទួលយកបានជាដាច់ខាត។ អំពើហិង្សានឹងនាំឱ្យមានតែហិង្សាថែមទៀតប៉ុណ្ណោះ»។
លោក Sanchez បានស្នើឱ្យមានសន្និសីទសន្តិភាពអន្តរជាតិមួយដើម្បីពិភាក្សាជម្លោះរវាងអារ៉ាប់និងអ៊ីស្រាអែលដែលនៅតែមាននិងដើម្បីសង្កត់លើសេចក្តីត្រូវការឱ្យអនុវត្ត «ដំណោះស្រាយរដ្ឋពីរ»រវាងអ៊ីស្រាអែលនិងជនជាតិប៉ាឡេស្ទីន។
នាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្ស៊ីកលោក Alexander De Croo ដែលបំពេញទស្សន កិច្ចនៅអេហ្ស៊ីបបាននិយាយថាគោលដៅនៃការសម្របសម្រួលរបស់សហភាពអឺរ៉ុបរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនគឺធ្វើឱ្យមាន«ការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍»មួយ ហើយអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ជាច្រើននៅខាងផ្នែកអេហ្ស៊ីបនៃព្រំដែនចូលទៅក្នុងហ្កាហ្សា។
លោកក៏បានរិះគន់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលក្នុងហ្កាហ្សា នៅពេលលោកថ្កោលទោសពួកហាម៉ាស់ប៉ាឡេស្ទីនដែលគ្រប់គ្រងហ្កាហ្សាផងដែរ។ លោកបានថ្លែងទៀតថា៖«នៅផ្នែកម្ខាងទៀយនៃព្រំដែន មានការប្រយុទ្ធគ្នាយ៉ាងសាហាវ ជនស៊ីវីលច្រើននាក់ត្រូវបានសម្លាប់ ហើយជនរងគ្រោះដំបូងៗជាស្ត្រីនិងកុមារ គ្រួសារបានបែកបាក់ពីគ្នា សហគមន៍បានត្រូវបំផ្លាញ។ អ៊ីស្រាអែលមានសិទ្ធិការពារពលរដ្ឋរបស់ខ្លួន។ ពួកហាម៉ាស់ជាមនុស្សព្រៃផ្សៃ។ ពួកហាម៉ាស់ត្រូវធ្វើអ្វីទាំងអស់ដើម្បីដោះលែងចំណាប់ខ្មាំងស្លូតត្រង់គ្មានទោសពៃរ៍ទាំងអស់។ ចំណាប់ខ្មាំង១៣នាក់ប្រហែលនឹងត្រូវដោះលែងនៅថ្ងៃនេះ តែចំណាប់ខ្មាំងតែ១៣នាក់មិនគ្រប់គ្រាន់់ទេ។ ចំណាប់ខ្មាំងស៊ីវីលទាំងអស់ដែលត្រូវបានចាប់ខ្លួនត្រូវតែវិលត្រឡប់ទៅផ្ទះវិញ។ សូមបញ្ជូនពួកគេទៅផ្ទះវិញឥឡូវនេះ»។
ក្នុងសន្និសីទកំពូលរួមគ្នានៃពួកប្រទេសអារ៉ាប់និងក្រុមប្រទេសកាន់សាសនាអ៊ិស្លាមនៅក្នុងរាជធានីរីយ៉ាតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ពួកមេដឹកនាំអារ៉ាប់និងក្រុមមេដឹកនាំកាន់សាសនាអ៊ីស្លាមអំពាវនាវឱ្យមានការឈប់បាញ់គ្នាដោយគ្មានលក្ខខ័ណ្ឌនិងឱ្យមានការប្រឹងប្រែងដោយសហគមន៍អន្តរជាតិដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែលនិងពួកជនជាតិប៉ាឡេស្ទីន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ វីអូអេ