ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាច្រានចោលព័ត៌មាននៃការធ្វើទារុណកម្ម និង​បង្ខាំង​​ជនជាតិចិន


រូបឯកសារ៖ ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិន។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិន។ (ស៊ុន ណារិន/វីអូអេ)

នគរបាល​កម្ពុជា​ចាប់​ខ្លួន​ជនជាតិ​ចិន​ និង​បក្ខពួក​ចំនួន​៣​នាក់​ផ្សេង​ទៀត ដោយ​ចោទ​ប្រកាន់​ថា ​ពួកគេ​បានប្រឌិត​រឿង​ចាប់​បង្ខាំងធ្វើ​ទាសករ​ដើម្បី​បូម​ឈាម​លក់។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចេ​ញផ្សាយ​កាល​ពី​ថ្ងៃចន្ទ។

ចំណាត់​ការ​របស់​អាជ្ញាធរ​កម្ពុជា​កើត​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ពី​ករណី​ចាប់​បង្ខាំង ​វាយដំ ​និង​បូមឈាម​យក​ទៅ​លក់​ក្នុង​ចំណោម​ជនជាតិ​ចិន ​កាល​ពី​ពេល​កន្លង​មក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា រយៈពេល​ថ្មី​ៗ​កន្លង​មក​នេះ មាន​សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន​ បានផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​ការ​ចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើ​ជា​ទាសករ​លក់ឈាម នៅ​តំបន់​ឆៃណាថោន ខេត្ត​ព្រះសីហនុ​ ហើយ​វា​បានប៉ះពាល់​បរិយាកាស និង​ចិត្តសាស្រ្ត​សង្គម ព្រមទាំង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​សំណាក់​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​។ សេចក្តី​ប្រកាសបន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ដូច​នេះ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ជា​បន្ទាន់​នៅ​ទីតាំង​ច្រើន​កន្លែង និង​ប្រមូល​ចម្លើយ​សាក្សី​មួយ​ចំនួន ហើយ​បាន​រក​ឃើញ​ថា ព័ត៌មាន​ខាង​លើ​នេះ​ជា«​ព័ត៌មាន​ប្រឌិត» ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ជនជាតិ​ចិន​ឈ្មោះ Li Ya Yuan Lun ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​អ្នកពាក់ព័ន្ធ​ចំនួន​ ៣​នាក់​ផ្សេង​ទៀត។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ក៏​បាន​អំពាវនាវ​ឲ្យ​សារព័ត៌មាន និង​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់កែសម្រួល​ឡើង​វិញ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ខាងលើ​ ដើម្បី​ចៀសវាង​ការ​ភ័ន្តច្រឡំ​ពី​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ។

ចំណាត់​ការ​របស់​នគរបាល​កម្ពុជា​កើត​ឡើង​បន្ទាប់ពីសារព័ត៌មាន​សំឡេងប្រជាធិបតេយ្យ VODបាន​ចុះ​ផ្សាយ​អត្ថបទ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​សម្ភាស​បុរសជាជនជាតិ​ចិន​ខាង​លើ ដែល​អះអាង​ថា ខ្លួន​ជា​ជនរងគ្រោះ​ពី​ការ​ចាប់​បង្ខាំង​ធ្វើ​ទាសករ​ ដើម្បីបូម​ឈាម​លក់។

យោង​តាម​សារព័ត៌មានVOD បុរស​ជនជាតិ​ចិន​មួយ​រូប​បាន​បញ្ជាក់​ពី​ការ​បូមឈាម​របស់​ខ្លួន​ជាច្រើន​ដង​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២១​មក ហើយធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​របស់​លោកទន់​ខ្សោយ​ និង​ប្រឈមហានិភ័យ​ខ្ពស់។

បុរស​នោះ​បាន​បញ្ជាក់​ថា ​នៅ​ពេល​មក​ដល់​កម្ពុជា​ពី​ប្រទេស​ចិន ដែល​លោក​បាន​និយាយ​ថា លោក​ប្រហែល​ត្រូវ​បាន​ដាក់​ថ្នាំសណ្តំ ហើយ​បញ្ជូន​មក​ដោយ​មិន​ដឹង​ខ្លួន លោក​ត្រូវ​បាន​គេ​ឲ្យ​ស្នាក់​នៅ​អគារ​ជិនស៊ី១០ (Jinshui Building 10) ក្នុង​តំបន់​ឆៃណា​ថោន (Chinatown) ក្រុង​ព្រះសីហនុ​ចំនួន​ពីរ​សប្តាហ៍ មុន​ពេល​បញ្ជូន​មក​ទីតាំង​មួយទៀត​នៅ​ខេត្ត​កោះកុង ដោយ​ត្រូវ​រង​ការ​វាយដំ​អំឡុង​ពេលស្ថិត​នៅ​ទី​នោះ។ ក្រោយ​ពី​ស្នាក់​នៅ​បាន​មួយ​ខែ​កន្លះ លោក​ក៏​ត្រូវ​គេ​បញ្ជូនតំបន់តំបន់​ឆៃណាថោន​ ក្នុង​ខេត្ត​ព្រះសីហនុ​វិញ។

បុរស​ជនជាតិ​ចិនបន្ត​ថា ​គេ​ចាប់​ផ្តើម​បូម​ឈាម​របស់​លោក​ ដោយសារ​តែ​លោក​បាន​បដិសេធ​មិន​ព្រម​ធ្វើការ​តាម​អ្វីដែល​គេ​ចង់​បាន។ ​អំឡុង​ពេល​ប៉ុន្មាន​ខែ​នោះ លោក​ត្រូវ​បាន​គេ​បូមឈាម​ចំនួន​៧ ដង​ រហូត​ដល់​មិន​អាច​បូម​មាន​បន្ត​ទៅ​ទៀត​ ហើយ​លោក​មិន​ដឹង​ឈាម​របស់​គាត់​ត្រូវ​បាន​គេ​យក​ទៅ​ណា​នោះ​ទេ។ នេះ​បើតាម​សារព័ត៌មាន​VOD។

វីអូអេ​មិនទាន់​អាច​សុំការ​ឆ្លើយ​តប​ពី​ស្ថានទូត​ចិនប្រចាំនៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត ​និយាយ​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​រក​ឃើញ​ថា ករណី​ខាង​លើ​ជា​រឿង​ប្រឌិត​មួយ​ក៏ដោយ ​ប៉ុន្តែ​កន្លង​មក​ អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា មាន​ការការ​កើនឡើង​ផង​ដែរ​នូវ​បទល្មើស​បង្កឡើង​ដោយ​ជនជាតិ​ចិន ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ​ការ​បាញ់​បោះ​សេរី គ្រឿង​ញៀន ​និង​ឃាតកម្ម​ជាដើម​ ដែល​បញ្ហា​នេះ​ជាការព្រួយ​បារម្ភ​មួយ ទោះ​បី​មាន​ការ​បង្រា្កប​ជា​បន្តបន្ទាប់​ពី​អាជ្ញាធរ​ក៏ដោយ។

លោកថ្លែង​ថា៖ «ទាំងអស់​នេះហើយ​ដែល​មិន​គួរ​ឲ្យ​កើត​មាន​នៅ​ក្នុង​ទឹកដី​កម្ពុជា។ ហើយ​សមត្ថកិច្ច​ត្រូវ​តែ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​រាល់​បទល្មើស​របស់​ជន​បរទេស​ដែល​ចូល​មក​ក្នុង​ប្រទេសកម្ពុជា​យើង​។ ជាពិសេស​ យើង​ឃើញ​ថា នៅ​ក្រុង​ព្រះសីហនុ​ បញ្ហា​ធំ​ជាង​គេ​គឺ​ ជនជាតិ​ចិន​ដែល​ចូល​មក​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​បង្ក​នូវ​បទល្មើស​ច្រើន​ដែរ»។

លោកបន្ត​ថា៖ «អ៊ីចឹង​ត្រូវ​តែ​មាន​ការ​យក​ចិត្តទុក​ដាក់​លើ​ការ​គ្រប់គ្រង​លើ​លំហូរ​ចូល​នៃ​ជនបរទេស ជា​ពិសេស​ជនជាតិ​ចិន​ដែល​សម្បូរ​ច្រើន​ជាង​គេ​ហ្នឹង ហើយ​និង​ជនជាតិ​ដទៃ​ទៀត»។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារថា បទល្មើស​តាម​រូបភាពផ្សេងៗ​ ​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​នៅ​កម្ពុជា គឺ​នៅ​តែ​បន្ត​មាន​ ប៉ុន្តែ​រឿង​សំខាន់​គឺ អាជ្ញាធរ​អាច​ចុះ​បង្រ្កាប​បាន​ទាន់​ពេល​វេលា។

លោកថ្លែង​ថា៖ «រឿង​ល្បែងស៊ីសង​បទល្មើស​អី​ហ្នឹង​ កម្រ​នឹង​បង្រ្កាប​ឲ្យ​អស់ ​វា ​Perfect (ល្អ​ប្រពៃ) ស្អាតស្អំ ដូច​ជំនាន់​ខ្មែរ​ក្រហម​ មិន​អាច​ទេ មិន​មាន​ទេ។ ចង់​និយាយ​អ៊ីចឹង។ ប្រទេស​ណា​ក៏​វា​មាន​បទល្មើស​បង្កប់​ ឬ​ក៏​បង្រ្កាប​ដែរ។ យើង​ទទួល​ស្គាល់​ថា វា​មាន។ ប៉ុន្តែ​សំខាន់​បំផុត ​គឺ​យើង​បង្រ្កាប​បាន។ យើង​អាច​គ្រប់គ្រង​បាន។ ​អា​ហ្នឹង​វា​ជា​រឿង​ល្អ​ប្រសើរ​ត្រង់​ហ្នឹង»។

គួរ​បញ្ជាក់​ថា​ កាល​ពីថ្ងៃ​ទី២៤ ខែ​កុម្ភៈ​ ឆ្នាំ២០២២ ក្រុម​ធុរជន​ចិន​តាម​រយៈ​សភា​ពាណិជ្ជកម្ម​ចិន​កម្ពុជា​បាន​សរសេរ​លិខិត​ចំហ​រួមដ៏​កម្រ​មួយ​ផ្ញើ​ជូន​អាជ្ញាធរ​ចិន ​និង​កម្ពុជា ឱ្យ​បង្ក្រាប​អ្វី​ដែល​ពួក​គេចាត់ទុកថា​ ជា​ឧក្រិដ្ឋកម្ម«ខុស​ច្បាប់​ដ៏​កាច​សាហាវ»​ ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ចិន​នៅ​កម្ពុជា។ នៅ​ក្នុង​លិខិត​ខាង​លើ​ ក្រុម​អ្នក​ជំនួញ​ចិន​នៅ​កម្ពុជា ​បាន​រៀប​រាប់​អំពី​កំណើន​នៃ​ករណី​បាញ់​ប្រហារ​ ចាប់​ជំរិត ការ​គំរាម​កំហែង​យក​ប្រាក់ និង​ការ​កំណត់ ​«តំបន់​ទឹកដី»​ វ៉ាង​ទី​កាង​គ្រប់​គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ពួក​គេ​ស្នើ​រដ្ឋ​អំណាច​កម្ពុជា​និង​ចិន​ចាត់​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំង​នេះ​ឱ្យ​បាន​«ធ្ងន់​ធ្ងរ​បំផុត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG