ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បដិសេធ​ដំណឹងថា​មានស្ត្រីថៃម្នាក់​ប្រឈម​មុខ​នឹង​ការជួញ​ដូរ​សរីរាង្គ


រូបឯកសារ៖ លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​លោក​នៅ​ជា​​ឯកអគ្គរាជទូត​កម្ពុជា​​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​Meridian អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ថ្ងៃព្រហស្បតិ៍ ទី​ ៦ ខែ​​មិថុនា ឆ្នាំ២០១៩។ (ម៉ែន គឹមសេង/វីអូអេ)

រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​ប្រកែក​មិន​ទទួលស្គាល់​សេចក្តី​រាយការណ៍​របស់​កាសែត​ថៃមួយ​ដែល​ថា​ មានស្ត្រី​ជនជាតិថៃ​មួយរូប​បាន​ប្រឈម​មុខ​នឹង​ការប៉ុនប៉ង​វះកាត់​យក​សរីរាង្គ​ នៅ​ពេល​ស្ត្រី​រូប​នោះ ត្រូវបាន​គេល្បួង​ឱ្យ​មកធ្វើការ​នៅ​មជ្ឈមណ្ឌល​ផ្តល់សេវាទូរសព្ទ​ខុសច្បាប់​មួយ​ ដែល​ធ្វើ​ប្រតិបត្តិ​ការ​ដោយ​ក្រុម​មួយ​ដែល​ប៉ូលិសថៃ អះអាថា​ ជា​ក្រុម​ជន​អន្ធពាល​ចិន​។

សេច​ក្តីរាយ​ការណ៍​ខាង​លើ​ត្រូវ​បាន​ធ្វើឡើង​ កាលពី​ថ្ងៃទី​ ១២ ​ខែមីនា ​ឆ្នាំ​ ២០២២​ ដោយ​សារព័ត៌មាន​អន​ឡាញ​របស់​ថៃ Thai Exminer ដែល​ចេញ​ផ្សាយ​ដំណឹង​សម្រាប់​ជនជាតិ​បរទេស​។ សេចក្តី​រាយការណ៍​ខាង​លើ​ត្រូវ​ក្រសួង​ការបរទេស​ និង​សហប្រតិបតិ្តការ​អន្តរជាតិ​កម្ពុជាច្រាន​ចោល​ភ្លាមៗ​ថា មិន​ពិត​ និង​គ្មាន​មូលដ្ឋាន។

បើតាម​សេចក្តីបំភ្លឺ​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ជុំ​ សុន្ទរី អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​បដិសេធ​រួចហើយ​ថា​ នោះគឺ​ជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ពិត​ប្រាកដ។

លោក ជុំ​ សុន្ទរី​ បានផ្តល់​ការអត្ថាធិប្បាយ​ក្នុងប្រព័ន្ធ​តេឡេក្រាម​ជាមួយ​អ្នក​សារព័ត៌មាន​តាម​ន័យដើមថា៖​

«ទន្ទឹមនឹង​នេះ​ ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ ក៏បាន​ទាក់​ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ​ ស្វែង​រក​ការបញ្ជាក់​លើ​ព័ត៌មាន​នេះ​ តែ​រហូត​មកដល់​ពេល​នេះ​ (ព្រឹកថ្ងៃ​ទី​១៣​ ខែមីនា​) ពុំ​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ណាមួយ​ថា​ នេះ​ជាករណី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ដូចព័ត៌មាន​ដែល​បានផ្សាយ​នោះ​ឡើយ។ ស្ថាន​ទូត​កំពុង​បន្ត​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ​ រកព័ត៌មាន​បន្ថែម​ទៀត»។

​យ៉ាងណា​ក៏ដោយ​ បណ្តាញ​ផ្សព្វផ្សាយ​របស់​ប្រទេស​ថៃមួយ​ចំនួន​ទៀត​ ក៏បាន​ចេញ​សេចក្តី​រាយការណ៍​ពាក់​ព័ន្ធ​នឹងស្ត្រី​ថៃនោះ​ដែរ​ តែគ្មាន​បណ្តាញ​ផ្សព្វផ្សាយ​ណា​រាយការណ៍​ឱ្យដឹង​ថា នាង​បានចូល​មក​កម្ពុជា​តាម​វិធីណា​ ហើយ​អត្តសញ្ញាណ​របស់​នាង​ត្រូវ​បាន​លាក់​បាំង​ដើម្បី​ហេតុផល​សុវត្ថិភាព។

បណ្តាញ​ផ្សព្វផ្សាយ​ខ្លះ​រាយការណ៍ថា ស្ត្រីជនជាតិ​ថៃ​ដដែល​នោះ​ ក៏ត្រូវ​បាន​គេបង្ខាំង​ទុក​ដើម្បី​ទារយក​ប្រាក់​ពីគ្រួសារ​នៅប្រទេស​ថៃ។ ប៉ុន្តែ​នាង​ត្រូវបាន​សង្គ្រោះ​ដោយសារ​ការ​ទាក់ទង​ជាមួយស្ត្រីថៃ​ម្នាក់​ទៀត ដែល​បានផ្តល់​ដំណឹង​ដល់​អាជ្ញាធរ​ឱ្យតាម​ចាប់​សញ្ញា​ទូរសព្ទ​របស់​នាង។

សារព័ត៌មាន​អន​ឡាញ​របស់​ថៃ ​Thai Examiner ​រាយការណ៍​ថា​ នាង​មាន​អាយុ​ ២៥ ​ឆ្នាំ និង​ជា​ពលរដ្ឋ​រស់​នៅ​ទីក្រុង​បាងកក ហើយ​ត្រូវបាន​សង្គ្រោះ​ចេញពី​ប្រទេស​កម្ពុជា​មួយ​ពលរដ្ឋ​ថៃ​ប្រមាណ ​៧ នាក់​ទៀត​ ក្នុងនោះ​មាន​ស្ត្រី​ ៦ នាក់ ​កាល​ពី​សប្តាហ៍​មុន​។

ស្ថាន​ភាព​រងគ្រោះ របស់​ស្ត្រីថៃ​រូបនោះ ត្រូវ​បាន​រាយការណ៍​ទៅកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​អគ្គស្នង​ការរង​នគរបាល​ជាតិ​ថៃ​ឧត្តម​សេនីយ៍ឯក​លោក​ សុរាឆាត ហាក់ផាន​ (​Surachate Hakparn)​។

លោក​ សុរាឆាត​ថា​ នៅពេល​ស្ត្រីវ័យ​ក្មេង​រូបនោះ​ ទៅដល់​ប្រទេស​កម្ពុជា​ នាង​ត្រូវបាន​ប្រាប់​ឱ្យ​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ទូរសព្ទនោះ ប៉ុន្តែ​នាង​ប្រកែក​ ហើយ​ក្រោយមក​ត្រូវបាន​គេវាយ​ដំ​បង្ខាំង​ទុក​ និង​ទុកឱ្យ​អត់​ឃ្លាន​។ នាយ​នគរបាល​ថៃ​ជាន់ខ្ពស់​រូបនេះ​ឱ្យដឹង​ទៀតថា​មុន​ពេល​ ស្ត្រីរូប​នោះ​ត្រូវបាន​សង្គ្រោះ​ នាង​ក៏​អះអាង​ថា ក្រុម​ជនពាល​បានបូម​យកឈាម​នាង​ប្រមាណ​ ៣ ទៅ​៤ បោ្លក​ នៅពេល​នាង​ត្រូវក្រុម​ជនពាល​បញ្ជូន​ទៅ​តំបន់​មួយ​ក្បែរ​ព្រំដែន​វៀតណាម។​

បើតាម​សារព័ត៌មាន​អនឡាញ​ថៃ​ The Thaiger នគរបាល​ថៃ​ កំពុង​ព្រមាន​ពលរដ្ឋ​ថៃ​អំពីការ​ទទួល​យក​ការងារ​នៅក្រៅ​ប្រទេស ដែលពួក​គេមិន​ត្រឹម​តែ​អាច​ត្រូវរងគ្រោះ​ដោយ​បញ្ហានិង​ថែម​ទាំង​ធ្លាក់​ចូល​ប្រតិបត្តិការ ឬ​សកម្មភាព​ឆបោក​នោះ​ទេ​ ប៉ុន្តែនគរបាល​និយាយថា​ អ្នកជួញដូរ​សរីរាង្គមនុស្ស​ត្រូវបាន​គេដឹង​ថា​ អាចវះយក​ក្រលៀន​ ថ្លើម​ និង​ភ្នែក បន្ទាប់​ពីការបូម​ឈាម​រួចនោះ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្សនៃ​អង្គការលីកាដូលោក​ អំ សំអាត​ ប្រាប់វីអូអេ​នៅថ្ងៃ​ចន្ទថា​ ការ​បំភ្លឺរបស់​ក្រសួង​ការបរទេស​កម្ពុជា​ ពាក់​ព័ន្ធនឹង​ស្ថានភាព​រងគ្រោះ​របស់​ស្ត្រី​ជនជាតិ​ថៃ​ខាង​លើ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ និង​ថា​អាជ្ញាធរ​កម្ពុជា​គួរបង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរថៃ​បើក​ការ​ស៊ើប​អង្កេត​រក​ជនសង្ស័យ​ ដើម្បី​បញ្ចៀស​ការ​ខាតបង់​របស់​កម្ពុជា​ ក្នុង​បញ្ហា​សនិ្តសុខ​ និង​សកម្មភាព​ជំនួញ។ លោក​លើក​ឡើងថា៖

«គឺ​បញ្ហា​ទេសចរណ៍​សម្រាប់​ប្រទេស​កម្ពុជា​យើង​ បញ្ហា​សន្តិសុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ ហើយ​និង​អ្នកវិនិយោគ​ទុន។ អាហ្នឹង​វាជា​រឿង​សំខាន់​។ អ៊ីចឹង​យើង​ត្រូវមាន​ការបង្ហាញ​នូវ​តម្លាភាព​នៃ​ការ​ស៊ើប​អង្កេត​ឱ្យ​មាន​ជំនឿ​ទុកចិត្ត​អាហ្នឹង​ជារឿង​សំខាន់​ សម្រាប់​កម្ពុជា​យើង»។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តព្រះសីហនុ​លោក​ ឃាង ភារម្យ​ ចាត់ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ទាក់ទិននឹង​ស្ត្រី​ជន​ជាតិ​ថៃ​នោះ ថា​ជាការ​បំប៉ោង​សភាព​ការណ៍​ដែលអាច​ប៉ះពាល់​ដល់​ស្ថានភាព​រស់​នៅរបស់​ប្រជា​ពលរដ្ឋ​និងការ​អភិវឌ្ឍសេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ។

បើតាម​លោក​ ឃាង​ ភារម្យ​ គ្មានករណី​ដូច​ការ​អះអាង​របស់​ស្ត្រី​ជនជាតិ​ថៃរូបនោះ​ ដែល​ថា​មានក្រុម​ឧក្រិដ្ឋ​ជន​ប៉ុន​ប៉ង​ប្រមាញ់​យក​សរីរាង្គ និង​បូមឈាម​នៅខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​ទេ បើផ្អែក​តាម​ការ​ស៊ើបអង្កេត​ដិត​ដល់​របស់​អាជ្ញាធរ​កម្ពុជា​។

«គឺ​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ ស៊ើប​អង្កេត​យ៉ាង​លម្អិត ​គឺ​ថា​មិនមាន​ករណី​បែប​នេះ​កើតឡើង​ក្នុង​ទឹក​ដី​នៃខេត្ត​ព្រះសីហនុ​នោះឡើយ​ ដូច្នេះ​ខ្ញុំសូម​ប្រកាស​បដិសេធ​ចោទ​ទាំង​ស្រុង​នូវ​ការចុះ​ផ្សាយ​ព័ត៌មាន​ខាង​លើដែល​ខ្វះ​មូលដ្ឋាន​ទិន្នន័យ ​និងភាព​ជាក់ស្តែង ហើយ​ជាពិសេស​ការ​ផ្សព្វផ្សាយ​នេះ វាគឺ​ជាការ​បំប៉ោង​នូវព័ត៌មាន​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​មានការ​រើស​អើង​ និង​បង្ក​ចលាចល​សង្គម​ ជាពិសេស​ទៀតនោះ ​គឺធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ព្រះសីហនុ»។

គួរ​បញ្ជាក់ថា​ កាល​ពី​ថ្ងៃទី​ ៩ ខែមីនា ​អភិបាល​ខេត្ត​ព្រះ​សីហនុ​លោក​ គួច ចំរើន បាន​ថ្លែង​ក្នុង​ពិធីមួយ​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដាក់​ចេញ​វិធាន​ការ​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ ដែល​រួមមានការ​គ្រប់​គ្រង​អាជីវ​កម្ម​ការ​គ្រប់​គ្រង​ការ​ស្នាក់​នៅ​របស់​ជន​បរទេស​ និង​ការ​ត្រួត​ពិនិត្យ​តាម​ទី​តាំង​កា​ស៊ី​ណូ​នៅ​តាម​តំបន់​តូច​ៗ និងតាម​ដង​ផ្លូវ​ជាដើមដើម្បី​ទប់​ស្កាត់​បទ​ល្មើស​នានា រួម​មាន​ការរត់​ពន្ធ​មនុស្ស​និងការ​ជួញ​ដូរ​កម្លាំង​ពល​កម្ម​ជា​ដើម​។ លោក​ក៏​ស្នើ​ឱ្យ​មាន​ចំណាត់​ការ​រហ័ស​ពីស្ថាប័ន​តុលាការផង​ដែរ។

មួយថ្ងៃ​ក្រោយ​ការ​ថ្លែងរបស់​អភិបាលខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ហោច​ណាស់​ ៣៦​ ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមមួយថា​ ខេត្ត​ព្រះសីហនុ​និង​ខេត្ត​មួយ​ចំនួន​ទៀត​របស់​កម្ពុជា ​ត្រូវ​បាន​កំណត់​ថាជា​ទីតាំង​នៃ​ការ​បង្ខាំង​មនុស្ស​ប្រើ​ប្រាស់​ក្នុង​ការងារ​ ដែល​ជា​ញឹក​ញាប់​ទាក់​ទង​នឹង​ប្រតិបត្តិការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ិនធឺ​ណិត ​ដែល​ដាក់​គោល​ដៅ​លើ​ជន​បរទេស​រស់​នៅ​ខាង​ក្រៅ​ប្រទេស​កម្ពុជា​។

​សេចក្តី​ថ្លែង​ការណ៍​រួម​ចុះថ្ងៃទី​ ១០ ខែ​មីនា​ បញ្ជាក់​ថា​៖ «​យើង​ខ្ញុំ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ដើម្បី​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ​នូវ​ការ​រំលោភ​បំពាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ព្រម​ទាំង​លុប​បំបាត់​រាល់​ទីតាំង​ទាំង​អស់ ​ដែល​ជាប់​ទាក់​ទង​នឹង​ល្បែង​ស៊ីសង​ខុសច្បាប់​និង​ប្រតិបត្តិការ​បោក​បញ្ឆោត ​ក៏ដូច​ជា​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ទាស​ភាព​ឬការ​ធ្វើ​ទារុណកម្ម»។

ក្រុម​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ​ការ​បន្ត​ឱ្យកើត​មាន​ឡើង​នៃ​ប្រតិបត្តិការ​ទាំង​នេះ ​គឺ​ជា​សោក​នាដកម្ម​មួយ​ហើយ​ក៏​ជា​ការ​សោក​ស្តាយ​មួយ​យ៉ាង​ខ្លាំង ​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ភាព​អ​មនុស្ស​ធម៌​បែប​នេះ៕

XS
SM
MD
LG