ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​និង​គ្រួសារ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ពន្លឿន​ក្នុង​ការស្វែង​រក​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​ជិត​២​ឆ្នាំ​មក​ហើយ


រូបឯកសារ៖ សកម្មជន​ម្នាក់ បិត​ភ្ជាប់​រូបថត​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន គឺ​លោក Wanchalearm Satsaksit នៅ​លើ​ជញ្ជាំង​ក្បែរ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ សកម្មជន​ម្នាក់ បិត​ភ្ជាប់​រូបថត​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន គឺ​លោក Wanchalearm Satsaksit នៅ​លើ​ជញ្ជាំង​ក្បែរ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០។

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ចំនួន​៥០​ស្ថាប័ន ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្រាវជ្រាវ និ​ង​ស្វែង​រក​តម្រុយ​នៃ​ការ​បាត់​ខ្លួន​របស់សកម្មជន​ថៃ​ម្នាក់​ គឺ​លោក​ Wanchalearm Satsaksit ​ដែលបាន​បាត់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ​ប្រមាណ​២​ឆ្នាំ​មុន​ ខណៈ​ក្រុម​គ្រួសារ​របស់​សកម្មជន​ថៃ​រូប​នោះ​ ក៏​ស្នើ​ឲ្យ​តុលា​ការ​កម្ពុជា​ពន្លឿន​ការ​ស៊ើប​អង្កេត​ផង​ដែរ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​៤ ​ខែ​មេសា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ ការ​ខកខាន​ក្នុង​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​លើ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ​គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​កាតព្វ​កិច្ចរបស់​ប្រទេស​កម្ពុជា។​ ពួកគេ​បន្ត​ថា ​ការ​ពន្យារ​ពេល​«មិន​សម​ហេតុ​ផល»​ក្នុង​ការ​ស្វែង​រក​មនុស្ស​ដែល​បាន​បាត់​ខ្លួន​ គឺ​មិន​ស្រប​តាម​គោល​ការណ៍​ណែនាំ​សម្រាប់​ការ​ស្វែង​រក​មនុស្ស​ដែល​បាន​បាត់​ខ្លួនដើម្បី​សន្មត​ថា​ ​មនុស្ស​នោះ​នៅ​មាន​ជីវិត​ ​និង​គោរព​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស ​និង​ត្រូវ​ចាប់​ផ្តើម​ស្រាវជ្រាវ​ដោយ​មិន​ពន្យារ​ពេល​ ​ប្រើ​ប្រាស់​ព័ត៌មាន​តាម​មធ្យោបាយ​សម​ស្រប។​

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ រួម​មាន ​Asian Resource Foundation​ (ARF) ​របស់​ប្រទេស​ថៃ Association​ of​ Women​ for​ Awareness ​& ​Motivation​ ​(AWAM) ​ប្រទេស​ប៉ាគី​ស្ថាន​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​លីកាដូ ​និង​សមាគម​អាដហុក​ជា​ដើម។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ «ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខក​ខាន​របស់​ប្រទេស​កម្ពុជា»​ក្នុង​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​មាន​ប្រសិទ្ធ​ភាព​ចំពោះ​ការ​បាត់ខ្លួនសកម្ម​ជន​ជន​ជាតិ​ថៃ គឺ​ លោក​ ​Wan​c​hale​arm​ ​Sat​s​a​k​sit​ ដោយ​បង្ខំ និង​ការ​នាំ​ឱ្យ​មាន​និទណ្ឌ​ភាព​ក្នុង​ប្រទេស​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖​ «យើងខ្ញុំ​ឈរ​ជា​សាមគ្គីភាព​ជាមួយ​លោក​ ​Wanchalearm​ ​និង​ក្រុម​គ្រួសារ​របស់​គាត់​ ​ព្រមទាំង​ជនរងគ្រោះ​នៃ​ការ​បាត់ខ្លួន​ដោយ​បង្ខំ​ទាំងអស់​ ​ហើយ​សូម​ស្នើ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ ​ដើម្បី​ធានា​ពី​សិទ្ធិ​របស់​ជនរងគ្រោះ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ ​និង​សំណង​ ​ក៏ដូចជា​កំណត់​ជោគវាសនា​ ​ឬ​ទីកន្លែង​ដែល​អ្នក​បាត់ខ្លួន​កំពុង​ស្នាក់​នៅ»។​

ក្រុម​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ពង្រាត់​លោក​ត្រូវ​បាន​ថត​ជាប់​នៅ​លើ​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិ​ភាព (CCTV)​ ​រួម​មាន​ទាំង​រូបភាព​រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ​និង​ស្លាក​លេខ​រថយន្ត​ ​ក៏ដូចជា​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ផង​ដែរ។​

លោក​ Wanchalearm Satsaksit សកម្ម​ជន​ថៃ ​និ​ងជា​សកម្ម​ជន​ប្រជា​ធិប​តេយ្យ​ល្បី​ឈ្មោះ​ម្នាក់​ ដែល​តែង​រិះគន់​រដ្ឋា​ភិបាល​យោធា​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ ប្រាយុទ្ធ ចាន់​អូចា និង​បាន​គេច​ខ្លួន​មក​រស់​នៅ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ​ត្រូវ​បាន​គេ​ចាប់​ដាក់​ក្នុង​រថយន្ត​ Highlander​ ពណ៌​ខ្មៅ ​ហើយ​បើក​ចេញ​ទៅ​ពី​ខុនដូ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ​ហើយ​បើក​សំដៅ​ទៅ​ផ្លូវ​ជាតិ​លេខ​៦ ​ទៅ​ទិស​ខាង​ខេត្ត​កំពង់ចាម ​កំពង់ធំ​ និង​សៀមរាប ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០២០។​

សំណុំ​រឿង​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ដែល​គេច​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ថៃ​នេះ​ ស្ថិត​ក្នុង​ដៃ​របស់​តុលាការ​កម្ពុជា។ ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សាក​សួរ​បង​ស្រី​សកម្ម​ជន​ថៃ​រូប​នេះ។​ ប៉ុន្តែ​មេធាវី​លើក​ឡើង​ថា ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​អ្វី​បន្ថែម​ពី​តុលាការ​ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​នេះ​ទេ។​

រូបឯកសារ៖ អ្នកស្រី Sitanun Satsaksit ដែល​ជា​បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាត់ខ្លួន បង្ហាញ​មុខ​នៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០២០។
រូបឯកសារ៖ អ្នកស្រី Sitanun Satsaksit ដែល​ជា​បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាត់ខ្លួន បង្ហាញ​មុខ​នៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០២០។

អ្នកស្រី Sitanun Satsaksit ​ជា​បងស្រីរបស់​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រហូត​មក​ដល់​ពេល​នេះ ​ ក្រុម​គ្រួសារ​មិន​ទាន់​ទទួល​បានព័ត៌មាន​អ្វី​ពី​តុលាការ​កម្ពុជា​នៅ​ឡើយ​ទេ បន្ទាប់ពី​ការបង្ហាញ​ខ្លួន​របស់​អ្នកស្រី​នៅ​តុលាការ​កម្ពុជា ​កាល​ពី​ចុង​ឆ្នាំ​២០២០។ ​

អ្នកស្រី​បញ្ជាក់​ថា៖ ​«នាង​ខ្ញុំ​ជំរុញ​ឲ្យ​តុលាការ​កម្ពុជា​បន្ត​ស្វែង​រក​ប្អូន​ប្រុស​របស់​នាង​ខ្ញុំ​ឲ្យ​បាន​ឆាប់»។ ​

ទោះ​ជា​យ៉ាងណា ​អាជ្ញាធរ​កម្ពុជា​ធ្លាប់​អះអាង​ថា ចាប់​តាំង​ពីឆ្នាំ​២០១៧​មក ​ជន​ជាតិ​ថៃ ​Wanchalearm​ មិន​មាន​ឈ្មោះ​សុំ​ទិដ្ឋាការ​ពី​អាជ្ញាធរ​កម្ពុជា​នោះ​ទេ។​ ដូច្នេះ​សកម្ម​ជន​ជនជាតិ​ថៃ​នោះ​អាច​ចេញ​ពី​កម្ពុជា ​ឬរស់​នៅ​ដោយ​ខុស​ច្បាប់។​ ប៉ុន្តែ​ចុង​ក្រោយ​នេះ ​បង​ស្រី​របស់លោក​ Wanchalearm​ បាន​បញ្ជាក់​ថា ​ប្អូន​ប្រុស​មាន​លិខិត​ឆ្លង​ដែន​ខ្មែរ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ប្លង់ សុផល​ និង​លោក ​អ៊ី រិន្ទ ​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

លោក ​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​ប្រាប់​វីអូអេ​ថា ​អាជ្ញាធរ​បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​តាំង​ពី​មាន​ហេតុ​ការណ៍​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ ប៉ុន្តែ​មិនទាន់​មាន​តម្រុយ​ពិត​ប្រាកដ​ណាមួយ​នៅ​ឡើយ​ទេ ​សូម្បី​កំណត់​ហេតុ​ស្នាក់​នៅ ​ស្លាក​លេខ​រថយន្ត​ និង​ទូរស័ព្ទ​របស់​សកម្ម​ជន​នោះ ក៏​មិន​មាន​កំណត់​ត្រា​ច្បាស់​លាស់​ដែរ។ ​លោក​បន្ត​ថា​ ប្រសិន​បើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​នោះ​ មាន​តម្រុយ​ គួរ​តែ​ផ្តល់​ព័ត៌មាន​ជាក់​លាក់​ដល់​អាជ្ញាធរ​ ដើម្បី​ជា​កិច្ច​សហការ​ក្នុង​ការ​ស្វែង​រក​សកម្ម​ជន​ថៃ​នោះ។​

លោក​ថ្លែង​ថា៖​ «យើង​ធ្វើ​ការ​ស៊ើប​អង្កេត​ ក៏​យើង​មិន​បាន​រាយ​ការណ៍​ទៅ​អង្គការ​ទាំង​អស់​ហ្នឹង​ថា ​យើង​ស៊ើប​អង្កេត​ដែរ។ ​តាម​ពិត​យើង​បា​នធ្វើ​ហើយ​ ធ្វើ​ហើយ​ធ្វើទៀត​ គ្រាន់​តែ​មិន​ទា​ន់​បាន​លទ្ធផល។​ ម៉េច​បាន​ដឹង​ថា​យើង​មិន​ធ្វើ​ការ​ស៊ើប​អង្កេត?»​

​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃបន្ត​ថា​ ការ​ស៊ើប​អង្កេត​នេះ​គឺ​មាន​ដំណាក់​កាល​ ហើយ​វា​អាច​ត្រូវ​ការ​ពេល​វេលា​យូរ​បន្តិច។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក ​អំ សំអាត ​ថ្លែង​ថា ​ករណី​បាត់​ខ្លួន​ ដោយ​បង្ខំត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បានហ្មត់​ចត់ ​និង​ប្រមូល​ព័ត៌មាន​ដើម្បី​ផ្តល់ជូន​ទៅ​ក្រុម​គ្រួសារ​របស់​គេ​ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ពួកគេ​បា​នដឹង​ពី​ដំណើរ​ការវិវឌ្ឍ​នៃ​ការ​ស៊ើប​អង្កេត​ ការ​ស្រាវ​ជ្រាវ​ និង​ផ្តល់​តម្លា​ភាព ​និង​ភាព​ត្រឹម​ត្រូវ​ដែល​ក្រុម​គ្រួសារ ​និង​សាច់ញាតិ​អាច​ទទួល​យក​បាន។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«បើ​សិន​ជា​យើង​មិន​បាន​គោរព​ទៅ​តាម​កាតព្វ​កិច្ច​ទេ​ ​នោះ​ហើយ​វា​ធ្វើ​ឱ្យ​មាន​ការ​រិះគន់។​ វា​អាច​និយាយ​ពី​ឆន្ទៈ​របស់​អាជ្ញាធរ​របស់​[កម្ពុជា​]យើង​ មិន​សូវ​មាន​ឆន្ទៈ​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ ស្រាវ​ជ្រាវ​ឱ្យ​បាន​ដិត​ដល់ ​និង​ហ្មត់ចត់​នោះ»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ដែល​មាន​មូលដ្ឋាននៅ​សហ​រដ្ឋ​អាមេរិក ​បាន​លើក​ឡើង​ថា​ លោក ​Wanchalearm បាន​គេច​ខ្លួន​មក​នៅ​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០១៤។ ​អង្គការ​បញ្ជាក់​ថា​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៨​ ​អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​Wanchalearm​ ផង​ដែរ៕

XS
SM
MD
LG