ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ក្រុមវិនិយោគិន​ចិន​នៅ​កម្ពុជា ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​ឧក្រិដ្ឋកម្ម​«ដ៏កាចសាហាវ»​ពាក់ព័ន្ធ​ពលរដ្ឋ​ចិន


រូបឯកសារ៖ ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិន។ (ស៊ុន ណារិន/VOA)

ក្រុម​ធុរជន​ចិន​តាម​រយៈ​សភា​ពាណិជ្ជកម្ម​ចិន​កម្ពុជា​ បាន​សរសេរ​លិខិត​ចំហ​រួមដ៏​កម្រ​មួយ​ផ្ញើ​ជូន​អាជ្ញាធរ​ចិន ​និង​កម្ពុជា ឱ្យ​បង្ក្រាប​អ្វី​ដែល​ពួក​គេចាត់ទុកថា​ ជា​ឧក្រិដ្ឋកម្ម«ខុស​ច្បាប់​ដ៏​កាច​សាហាវ»​ ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ចិន​នៅ​កម្ពុជា។

ក្នុង​លិខិត​ខាង​លើ​ដែល​ចែក​ចាយ​កាល​ពី​ថ្ងៃទី២៤​ ខែ​កុម្ភៈ​ កន្លង​ទៅនេះ​ ក្រុម​អ្នក​ជំនួញ​ចិន​នៅ​កម្ពុជា ​បាន​រៀប​រាប់​អំពី​កំណើន​នៃ​ករណី​បាញ់​ប្រហារ​ ចាប់​ជំរិត ការគំរាមកំហែង​យក​ប្រាក់ និង​ការ​កំណត់​«តំបន់​ទឹកដី»​វ៉ាង​ទី​កាង​គ្រប់​គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លិខិត​ដដែល​ដែល​សរសេរ​បី​ភាសា​ (ខ្មែរ​-អង់គ្លេស​-ចិន) ​មាន​អត្ថន័យ​ដើម​ទាំងស្រុង​ថា៖

«វិធីសាស្ត្រ​នៃ​ឧក្រិដ្ឋជន​មួយ​ចំនួន​របស់​គេ​ពិត​ជា​ឃោរ​ឃៅ​បំផុត និង​ទង្វើ​ព្រៃ​ផ្សៃ​វា​បាន​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង ហើយ​បាន​ជំរុញ​ឲ្យ​ជន​រួម​ជាតិ​ចិន​នៅ​កម្ពុជា និង​ប្រជាជន​ចិន​នៅ​ប្រទេស​ចិន​ មាន​កំហឹង​យ៉ាង​ខ្លាំង»។

ក្រុម​អ្នក​ជំនួញ​ចិន​បាន​បន្ត​ទៀត​ថា៖ «ករណី​គ្រោះថា្នក់​ទាំង​នេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត និង​ក្រុម​បោក​ប្រាស់​ទូរ​គមនាគមន៍​នៅ​កម្ពុជា ដែល​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ខ្លាំង ដល់​អាជីវ​កម្ម​របស់​កម្ពុជា និងប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទំនុក​ចិត្ត​របស់​ជន​ជាតិ​ចិន ដែល​មាន​គំនិត​មក​ធ្វើ​ការ​វិនិយោគ និង ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា»។

ពួក​គេ​ស្នើ​រដ្ឋ​អំណាច​កម្ពុជា​និង​ចិន ​ចាត់​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំង​នេះ​ឱ្យ​បាន​«ធ្ងន់​ធ្ងរ​បំផុត»។

«ប្រសិន​បើ ក្រុម​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត ​ត្រូវ​បាន​អនុញ្ញាត​ខុស​ច្បាប់​ ហើយ​គេ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​បាន​មិន​ត្រឹម​តែ​សហគ្រាស​ចិន ដែល​មាន​បំណង​អភិវឌ្ឍ​នៅ​កម្ពុជា នឹង​ត្រូវ​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទស្សន​វិស័យ​អាជីវកម្ម និង​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ប៉ុន្មាន​ខែ​កន្លង​មក​ចុង​ក្រោយ​នេះ​ មាន​សេចក្ដី​រាយ​ការណ៍​ជា​ហូរ​ហែ​អំពី​ករណី​បោក​ប្រាស់​ជន​បរទេស​ពី​ប្រទេស​ចិន​ ថៃ និង​វៀតណាម​ជា​ដើម​ មក​បង្ខាំង​ឱ្យ​ធ្វើ​ការ​បោក​បញ្ឆោត​អ្នក​ប្រើ​អ៊ីន​ធឺណិត​នៅ​ក្រៅ​ប្រទេស។ ករណី​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ចុង​ក្រោយ​ ​គឺ​សេចក្ដី​រាយការណ៍​ដែល​លាតត្រដាង​ថា ​មាន​ជន​រង​គ្រោះ​ជា​ពល​រដ្ឋ​ចិន​មួយ​រូប​ត្រូវ​បាន​គេ​បូម​ឈាម​លក់​ថែម​ទៀត​ផង។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ បាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ចិន ​និង​កម្ពុជា ​បាន​សហការ​គ្នា​ដើម្បី​បង្ក្រាប​ករណី​បទ​ល្មើស​ឆ្លង​ដែន​ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ចិន​នៅ​កម្ពុជា​ តាម​រយៈ​ការ​ផ្ដល់​និង​ចែក​រំលែក​ព័ត៌មាន និង​តម្រុយ។ លោក​ស្នើ​ឱ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្ដឹង​មក​សមត្ថកិច្ច​កម្ពុជា។ លោកប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​ថា៖

«វា​មិន​មែន​ជា​ក្រុម​ចាត់​តាំង​មួយ​ក្រុម​។ ជា​ក្រុម​ដោយ​ដាច់​ដោយ​ដុំ។ មិន​មែន​ចង​ក្រង​ជា​ក្រុម​ម៉ាហ្វីយ៉ា​គ្មាន​ទេ។ អត់មាន​ទេ។ ឬ​មាន​បញ្ជា​ពី​ម្នាក់​ណា​ គឺ​អត់​មាន​ទេ។ ជា​ក្រុម​ដោយ​ដាច់​ដោយ​ដុំ​ចោរ​អំបុក​ចោរ​អំបែង មិន​មែន​ជា​ក្រុម​ចាប់​ជំរិតធំ​មាន​មេ​មាន​កើយ​បញ្ជា​អត់​មាន​ទេ»។

នាយឧត្តមនីយ៍​ ខៀវ សុភ័គ ក៏បាន​បដិសេធ​របាយការណ៍​ដែល​ថា ​មាន​អ្នក​សម​គំនិត​នៅ​ក្នុង​ស្រុក​ដើម្បី​ជួយ​ទំនុក​បម្រុង​សហការ​ជាមួយ​ឧក្រិដ្ឋជន​បរទេស​ទាំង​នោះ។ លោក​ថា​ ចំពោះ​បញ្ហា​អាវុធ​ដែល​ឧក្រិដ្ឋ​ជន​ទាំង​នោះ​កាន់​កាប់​ប្រព្រឹត្តិ​បទ​ល្មើស បាន​មក​ពី​ប្រភព​ជួញ​ដូរ​អាវុធ​ខុសច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​រូប​នេះ​បន្ត​ថា​ ​ចំពោះ​សភាព​ការណ៍​គ្រប់​គ្រង​បទល្មើស​ អាជ្ញាធរ​កម្ពុជា​ កំពុង​មាន​ម្ចាស់​ការ​ចាត់​ការ​បាន​ទាន់​ពេល​វេលា។

នាយ​ក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​ សន ជ័យ ស្នើ​អាជ្ញាធរឱ្យបង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ការ​ចូល​មក​ប្រទេស​កម្ពុជា​ពី​សំណាក់​ពល​រដ្ឋ​ចិន​ឱ្យ​បាន​ល្អិត​ល្អន់​ជាង​មុន ​មុន​នឹង​ផ្ដល់​ទិដ្ឋាការ​ឱ្យ​ចូល​មក​កម្សាន្ត​ទស្សនា ឬ​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា។

«វាដល់​ពេល​ហើយ​ដែល​ថា ​សូម្បី​តែ​ជន​ជាតិ​ចិន​ដែល​ល្អ​ត្រឹម​ត្រូវ​របស់​គ្នា​គេ​ហ្នឹង​ក៏​គេ​លើក​ឡើង​ការ​បារម្ភ​បែប​នេះ​ដែរ»។

ទោះ​បី​មាន​ការ​បញ្ជាក់​ពី​លោក ខៀវ សុភ័គ​ ក៏ដោយ ​លោក ​សន ជ័យ ក៏​ស្នើ​ដែរ​ឱ្យ​មាន​ការ​តាម​វែក​មុខ​ ក្រែង​លោ​មាន​អ្នក​សម​គំនិត​មាន​អំណាច​នៅ​ក្នុង​ស្រុក​ណា​មួយ​ សហការ​ធ្វើ​ការ​ជាមួយ​ឧក្រិដ្ឋ​ជន​បរទេស​ទាំង​នោះ។

បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៩៤​ មក​ទល់​នឹង​ឆ្នាំ​ ២០១៩ ​មុន​វិបត្តិ​កូវីដ​មក​ដល់​ ប្រទេស​ចិន​ជា​ប្រភព​បណ្ដាក់​ទុន​វិនិយោគ​ពី​បរទេស​ធំ​ជាង​គេ​នៅ​កម្ពុជា​ជាមួយ​នឹង​អត្រា​ប្រមាណ​២១ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​ក្នុង​រយៈពេល​២៥​ឆ្នាំ​ខាង​លើ៕

XS
SM
MD
LG