នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅថ្ងៃពុធនេះថា លោកមិនអនុញ្ញាតឲ្យលោក សម រង្សី មេដឹកនាំគណបក្សប្រឆាំងរបស់កម្ពុជាប្រើប្រាស់ប្រទេសថៃជាទីកន្លែងសម្រាប់សកម្មតវ៉ាប្រឆាំងណាមួយនោះទេ។
លោក ប្រាយុទ្ធ ថ្លែងបែបនេះ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលប្រកាសត្រៀមចូលកម្ពុជាវិញ បានបង្ហោះជាសាធារណៈនូវលិខិតដែលលោកស្នើទៅលោក ប្រាយុទ្ធ សុំអនុញ្ញាតឆ្លងកាត់ប្រទេសថៃដោយសុវត្ថិភាព ដើម្បីធ្វើដំណើរមកកម្ពុជា នៅថ្ងៃសៅរ៍នេះ។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសថៃថា៖ «យោងតាមការប្តេជ្ញាចិត្តរបស់យើងចំពោះអាស៊ាន យើងនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកទេ ហើយយើងក៏នឹងមិនអនុញ្ញាតឲ្យមានមនុស្សប្រឆាំងរដ្ឋាភិបាលប្រើប្រាស់ប្រទេសថៃដើម្បីធ្វើសកម្មភាពណាមួយដែរ»។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ស្រង់សម្តីរបស់លោកនៅថ្ងៃពុធនេះ។
លោក ប្រាយុទ្ធ បន្ថែមថា៖ «ខ្ញុំបានបញ្ជាយ៉ាងដូច្នេះ អញ្ចឹងប្រហែលគាត់មិនអាចចូល [ថៃ] ទេ»។
លោក សម រង្ស៊ី បានប្រកាសកាលពីខែសីហាថា លោកនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងកាន់អំណាចជាងបីទសវត្សរ៍មកហើយនោះ ឲ្យចេញពីដំណែង។ លោកបានអំពាវនាវឲ្យពលករដែលកំពុងធ្វើការក្រៅប្រទេស និងអ្នកគាំទ្រលោក ប្រមូលផ្តុំគ្នា និងអមដំណើរលោកត្រឡប់មកវិញ។
បើតាមលិខិតដែលលោក សម រង្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារ បង្ហាញថា លោកបានសរសេរលិខិតទៅកាន់លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី៣១ ខែតុលា ដោយស្នើឲ្យនាយករដ្ឋមន្រ្តីថៃរូបនេះ អនុញ្ញាតឲ្យលោក បានឆ្លងកាត់ប្រទេសថៃ ដើម្បីចូលមកកម្ពុជាតាមច្រកប៉ោយប៉ែត តាមរយៈជើងយន្តហោះ TG931 របស់ក្រុមហ៊ុន Thai Airways។
លោកបន្ថែមនៅក្នុងលិខិតនោះថា លោកត្រឡប់មកកម្ពុជាវិញដោយសន្តិភាព ហើយការវិលត្រឡប់នេះនឹងផ្តល់ឱកាសឲ្យមានការរួបរួមផ្នែកនយោបាយ និងការរីកចម្រើនសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
លោក សម រង្ស៊ី និរទេសខ្លួនចាកចេញពីកម្ពុជាតាំងពីឆ្នាំ២០១៥មក បន្ទាប់ពីលោកទទួលរងការចោទប្រកាន់ និងកាត់ទោសជាច្រើនករណី។
VOA បានព្យាយាមសុំការអត្ថាធិប្បាយពីលោក សម រង្ស៊ី តែរហូតមកដល់ល្ងាចថ្ងៃពុធនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
រដ្ឋាភិបាលកម្ពុជាបានដាក់ពង្រាយកងកម្លាំងនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់មិនឲ្យក្រុមរបស់លោក សម រង្ស៊ី ចូលមកកម្ពុជា ព្រមទាំងមានបិទប្រកាសតាមចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំងជាច្រើនរូបនៅតាមខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃផងដែរ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA នៅថ្ងៃពុធនេះថា នៅភាគខាងលិច ជាប់ព្រំប្រទល់ប្រទេសកម្ពុជា-ថៃ រដ្ឋាភិបាលបិទផ្សាយការប្រកាសតាមចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រមាណជា២០នាក់ ដែលមានលោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាងជាដើម។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏បានបញ្ជាមិនឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដឹកលោក សម រង្ស៊ី និងសហការីរបស់លោកចូលមកកម្ពុជាជាដាច់ខាត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះអះអាងថា ការទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី និងក្រុមថ្នាក់ដឹកនាំគណបក្សប្រឆាំងចូលប្រទេសកម្ពុជាគឺដើម្បីការពារមិនឲ្យមានអំពើហិង្សាណាមួយកើតឡើង។
«ព្រោះគាត់ [សម រង្ស៊ី] យកកម្លាំងពលរដ្ឋមកការពារគាត់ គាត់យកអាយុជីវិតរបស់មនុស្សដែលគ្នាមិនដឹងខ្យល់អី យកមកដើម្បីជួយ។ កន្លែងហ្នឹងដែលយើងប្រយ័ត្នប្រយ៉ែង។ ព្រោះអ្នកទាំងអស់ហ្នឹងថ្វីត្បិតតែគាត់មានសកម្មភាពអីមែនប៉ុន្តែគាត់គ្មានទោសពៃរ៍អីទេ គ្នាមទទួលដីកាអីទេ។ យើងចង់បានតែប៉ុន្មាននាក់តាមតែដីការបស់តុលាការហ្នឹងឯង ដើម្បីប្រឈមចំពោះមុខច្បាប់»។
លោក ខៀវ សុភ័គ បន្ថែមថា៖ «កន្លងមកដូច២០១៣អញ្ចឹង រយៈពេលមួយឆ្នាំយើងអត់មានអស់អាយុជីវិតអីមួយទេ ទើបចុងក្រោយ ដោយសារតែសភាពការណ៍វាឡើងរហូតដល់កើតជាកុប្បកម្មទៅហើយ ដល់កើតជាកុប្បកម្មហើយអាហ្នឹងមិនអាចអត់ឱនឲ្យបានទេ អាហ្នឹងអាចប្រើប្រាស់ [ហិង្សា] ខ្លះហើយ មានប៉ះទង្គិចខ្លះ ប៉ុន្តែអ្វីទាំងអស់ គឺត្រូវអត់ធ្មត់ឲ្យបានជាអតិបរមាមុននឹងផ្ទុះអាវុធ ឬក៏មុននឹងប្រើប្រាស់អំពើហិង្សា»។
រដ្ឋាភិបាលកម្ពុជាបានសរសេរលិខិតទៅបណ្តាប្រទេសជាសមាជិកអាស៊ាន ស្នើកុំអនុញ្ញាតឲ្យលោក សម រង្ស៊ីនិងបក្ខពួកឆ្លងកាត់ប្រទេសទាំងនោះ ដើម្បីចូលមកកម្ពុជា។
កាលពីពីរសប្ដាហ៍មុន ប៉ូលីសអន្តោប្រវេសន៍ថៃបានចាប់បញ្ជូនខ្លួនអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនៅព្រលានយន្តហោះក្នុងទីក្រុងបាងកក ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ បន្ទាប់ពីអ្នកស្រីបានធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ។
អ្នកស្រី មូរ សុខហួរ គឺជាសហការីម្នាក់ក្នុងចំណោមសហការីដទៃទៀត ដែលគ្រោងនឹងអមដំណើរលោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជាវិញ។
បើតាមទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ នៅថ្ងៃពុធនេះ អ្នកស្រីកំពុងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយស្នើឲ្យអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនអ្នកស្រី មូរ សុខហួរ បញ្ជូនមកកម្ពុជាវិញ។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជានិងអ្នកស្រី មូរ សុខហួរ ប៉ុន្តែរហូតដល់ល្ងាចថ្ងៃពុធនេះ មិនទាន់មានការឆ្លើយតបនៅឡើយ៕