ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍


រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​នៅ​​តែ​ប្រកាន់​ជំហរ​មុតមាំ​ថា លោក​នឹង​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​សោរ៍ ទី​៩ ខែវិច្ឆិកា នេះ បើ​ទោះ​ជា​លោក​ត្រូវ​ប្រឈម​នឹង​រឿង​អ្វី​ក៏​ដោយ។

អ្នក​នយោបាយ​ខាង​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា លោក សម រង្ស៊ី ​និយាយ​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ឬ​ការ​ស្លាប់ នៅ​ពេល​ដែល​លោក​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ទម្លាក់​លោក ហ៊ុន សែន ​មេដឹកនាំ​យូរ​អង្វែង​របស់​កម្ពុជា​ពី​តំណែង។

លោក សម រង្ស៊ី ដែល​ជា​សហស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press ថា លោក​សង្ឃឹម​ថា ផែនការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​នាំ​ឲ្យ​មាន​ចលនា​រើ​បម្រាស់​ដ៏​ធំ​មួយ​ពី​សំណាក់​ប្រជាជន​ដោយ​អហិង្សា ដើម្បី​បង្ខំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ក្នុង​រដ្ឋធានី ប្រ៊ុចសែល​ថា៖ «ខ្ញុំ​រំពឹង​ថា នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​មួយ ដែល​មាន​ន័យ​ថា នឹង​បញ្ចប់​របប​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដែល​ជា​របប​ផ្ដាច់ការ​ដ៏​សាហាវ​ឃោរឃៅ​មួយ។

នៅ​ក្នុង​រដ្ឋធានី ប្រ៊ុចសែល​ លោក សម រង្ស៊ី កំពុង​តែ​ព្យាយាម​ស្វែងរក​ការ​គាំទ្រ​ពី​តំណាងរាស្ត្រ​សភា​អឺរ៉ុប។

លោក​បន្ថែម​ថា លោក​មាន​ផែនការ​នឹង​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ពី​រដ្ឋធានី ប៊្រុចសែល ​ទៅ​ប្រទេសមួយ​នៅ​តំបន់​អាស៊ី​និង​ត្រៀម​ធ្វើ​ដំណើរ​ឆ្លង​ទៅ​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជិត​ខាង​នោះនៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។ គម្រោង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី គឺ​ចំ​ទិវា​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/VOA)
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/VOA)

គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នេះ ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ប្រសិន​បើ​លោក​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​ដោយ​ជោគជ័យ លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

យោងតាម​ក្រសួង​យុត្តិធម៌ លោក សម រង្ស៊ី មាន​ទោស​ចំនួន​៦​ករណី ដោយ​រួម​មាន​ទាំង​ទោស​ពី​បទ​បរិហារកេរ្តិ៍ ដែល​បាន​ធ្វើ​ឲ្យ​លោក​និរទេស​ខ្លួន​កាលពី​ឆ្នាំ​២០១៥ ដើម្បី​ចៀសវាង​ពី​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។ ​ករណី​ចោទប្រកាន់​លោក​ សម រង្ស៊ី ចំនួន​៨​ផ្សេង​ទៀត​កំពុង​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​។ លោក សម រង្ស៊ី និង​សហការី​របស់​លោក​ប្រឈម​នឹង​ការ​ចោទប្រកាន់​ថា​ជា​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ សម្រាប់គម្រោង​មាតុភូមិនិវត្តន៍​នេះ ដែល​អាច​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ។

កាល​ពី​ឆ្នាំ​១៩៩៧ លោក សម រង្ស៊ី ស្ទើរ​តែ​នឹង​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឃាតលក្ខណៈ​នយោបាយ​មួយ ដោយ​សារ​មាន​ការ​បោកគ្រាប់បែក​នៅ​កន្លែង​ប្រមូល​ផ្ដុំ​សាធារណៈ​តូច​មួយដែលលោក​កំពុង​តែ​ដឹកនាំ​ប្រជុំ​នៅ​កណ្ដាល​រាជធានី ភ្នំពេញ។ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​១៦​នាក់​បាន​ស្លាប់​ ហើយ​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​នោះ។

លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​ត្រូវ​តែ​ហ៊ានប្រថុយប្រថាន។ ខ្ញុំ​បាន​វាយតម្លៃ​ទៅ​លើ​ហានិភ័យ​ទាំង​នោះ​ហើយ ប៉ុន្តែ​យើង​ត្រូវ​តែ​ហ៊ាន​ធ្វើ​វា ដោយសារ​តែ​ប្រជាជន​ខ្មែរ​បាន​រងទុក្ខ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ ដូច្នេះ​យើង​ត្រូវ​តែ​ហ៊ាន​បញ្ឈប់​ការ​រង​ទុក្ខទោស​នេះ‍»។

គណបក្ស​របស់​លោក សម រង្ស៊ី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បង្ក​ជា​ការ​គំរាមកំហែង​មួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នោះ​ទៅ​ទៀត​។ ការណ៍​នេះ​ត្រូវ​បានគេ​មើល​ឃើញ​ថា គឺ​ជា​ការ​ធ្វើ​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះជាតិ​របស់​លោក សម រង្ស៊ី ឈ្នះ​បាន​អាសនៈ​ស្ទើរ​តែ​ពាក់កណ្ដាល​នៅ​ក្នុង​រដ្ឋសភាជាតិ។ ប្រជាពលរដ្ឋ​ជាច្រើន​បាន​នាំគ្នា​ចេញ​មក​សម្ដែង​ការ​គាំទ្រ​ចំពោះ​លោក សម រង្ស៊ី នៅ​ពេល​ដែល​លោក​អះអាង​ថា មាន​ការ​លួចបន្លំ​សន្លឹក​ឆ្នោត​ដើម្បី​ប្លន់​យក​ជ័យ​ជម្នះ​ពី​គណបក្ស​របស់​លោក។

កម្លាំងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន យាមកាមនៅច្រកព្រំដែនជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
កម្លាំងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន យាមកាមនៅច្រកព្រំដែនជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

ការ​បង្ក្រាប​ដូចគ្នា​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៧​ រួម​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​ ដែល​បាន​ឈាន​ដល់​ការ​ដក​តំណែង​តំណាងរាស្ត្រ​នៃ​គណបក្ស​របស់​លោក​ទាំងអស់​ពី​ក្នុង​រដ្ឋសភា​ជាតិ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ដែល​រិះគន់​រដ្ឋាភិបាល និង​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ដែល​ជា​សហស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ​ពី​បទ​ចោទថា​ក្បត់​ជាតិ​ ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​អង្គការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មួយ​របស់​អាមេរិក។ សមាជិក​ជាន់ខ្ពស់​ដទៃទៀត​នៅ​ក្នុង​គណបក្ស​នេះ​បាន​រត់ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​រក្សា​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ជិត​៣៥​ឆ្នាំ​មក​ហើយ ដោយ​មាន​ទាំង​ការ​ប្រើ​ឧបាយកល​និង​អំពើ​សាហាវ​ឃោរឃៅ។ លោក ហ៊ុន សែន​ បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​មាន​គោលបំណង​នឹង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រីពីរ​អាណត្តិ​ទៀត ដែល​ស្មើ​នឹង​រយៈពេល​១០​ឆ្នាំ។ លោក សម រង្ស៊ី គឺ​ជា​គូប្រជែង​នយោបាយ​របស់​លោក ហ៊ុន សែន អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​ហើយ។

លោក ហ៊ុន សែន មិន​ប្រថុយ​ចំពោះ​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​គូប្រជែង​របស់​លោក​នោះ​ទេ។ លោក​នៅ​តែ​បន្ដ​និយាយ​វាយប្រហារនិង​ប្រើ​ពាក្យ​គំរាមកំហែង​នានា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា មាន​ការ​ពង្រឹង​កងកម្លាំង​យោធា​នៅ​តាម​ព្រំដែន​កម្ពុជា ដោយ​មាន​ការ​ផ្សាយ​រូបថត​អំពី​ការ​ដង្ហែ​ក្បួន​របស់​កងកម្លាំង​យោធា​ផង​ដែរ។

បើ​ទោះ​ជា​លោក​ សម រង្ស៊ី អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ក៏​ដោយ ក៏​នៅ​តែ​មាន​សំណួរ​អំពី​ថា​តើ​លោក​អាច​ដឹកនាំ​ការ​បះបោរ​របស់​ប្រជាជន​បាន​ដែរ​ឬ​យ៉ាង​ណា។

លោក Sebastian Strangio អ្នក​និពន្ធ​សៀវភៅ​អំពី​ប្រទេស​កម្ពុជា​ក្រោម​របប​របស់​លោក ហ៊ុន សែន និយាយ​ថា ទោះ​ជា​ប្រជាជន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួកគេ​ធ្លាប់​ដឹង​ពី​បទពិសោធន៍​ជូរចត់ ដែល​មិន​ត្រូវ​ប្រឆាំង​នឹង​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នោះ​ទេ។

លោក Strangio បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ការគំរាមកំហែង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​មាន​ប្រាកដ​មែន។ សំណួរ​ថា​តើ​ប្រជាជន​កម្ពុជា​នឹង​ប្រមូលផ្ដុំ​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ មុន​ពេល​ដែល​លោក សម រង្ស៊ី ឈាន​ជើង​ជាន់​ទឹកដី​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​បួន​ឆ្នាំ​មក​នេះ​ឬ​យ៉ាង​ណា នៅ​តែ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ‍»។

លោក Strangio បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា​ ប្រជាជន​កម្ពុជា​ដឹង​ថា លោក ហ៊ុន សែន មាន​ប្រវត្តិ​ប្រើប្រាស់​កងកម្លាំង​ដើម្បី​គ្រប់គ្រង​ស្ថានភាព​នយោបាយនិង​កិត្តិសព្ទរបស់​លោក។ លោក​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើប្រាស់​កងកម្លាំង​នោះ​ទេ ប្រសិន​បើ​លោក​គិត​ថា ការ​ក្ដោបក្ដាប់​អំណាច​របស់​លោក​រង​ការ​គំរាមកំហែង‍​នោះ»។

ប៉ុន្តែ​ស្ថានភាព​នេះ​ប្រហែល​ជា​នឹង​មិន​កើតឡើង​នោះ​ទេ។ ក្រុម​មន្ត្រី​កម្ពុជា​បាន​និយាយ​ថា ពួកគេ​បាន​ប្រាប់​ដល់​បណ្ដា​ប្រទេស​ជិត​ខាង​ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​រួច​ហើយ ថា​កម្ពុជា​មិន​ស្វាគមន៍​លោក​ សម រង្ស៊ី នោះ​ទេ ហើយលោក​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​ព្រំដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

កាល​ពី​សប្ដាហ៍​មុន ប៉ូលិស​អន្តោប្រវេសន៍​ក្នុង​ប្រទេស​ថៃ​បាន​ចាប់​បញ្ជូន​ខ្លួន​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​ពេល​ដែល​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​បាងកក។ អ្នកស្រី មូរ សុខហួរ គឺ​ជា​សហការី​ម្នាក់​ក្នុង​ចំណោម​សហការី​ដទៃទៀត​ ដែល​គ្រោង​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​មិន​ស្វាគមន៍​ពួកគេ​ក៏​ដោយ។

អាជ្ញាធរ​អាកាសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​បញ្ជា​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ដែល​ហោះហើរ​ចូល​ក្នុង​ប្រទេស​កម្ពុជា ​ដឹក​លោក​ សម រង្ស៊ី និង​សហការី​របស់​លោក​ចូល​មក​កម្ពុជា​ជា​ដាច់ខាត។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី ​ទទូច​ថា លោក​នឹង​នៅ​តែ​បន្ដ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ។

លោក សម រង្ស៊ី បាន​ថ្លែង​ដូច្នេះ​ថា៖ «នេះ​ប្រហែល​ជា​លើក​ចុងក្រោយ​ហើយ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ​នៅ​មាន​ជីវិត​ឬ​នៅ​មាន​សេរីភាព។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ស្លាប់​ ឬ​ជាប់​ពន្ធនាគារ។ ដូច្នេះ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​សេរីភាព ខ្ញុំ​សូម​បង្ហាញ​ជំនឿ​របស់​ខ្ញុំ​ថា ប្រជាធិបតេយ្យនឹង​នៅ​តែ​ឈ្នះ‍»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG