ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ដាក់​ពង្រាយ​ទាហាន ​ខណៈ​មេដឹកនាំ​ប្រឆាំង​សច្ចា​ថា​នឹង​វិលចូល​ប្រទេស​វិញ


កម្លាំងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន យាមកាមនៅច្រកព្រំដែនជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
កម្លាំងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន យាមកាមនៅច្រកព្រំដែនជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

រដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ពង្រាយ​ទាហាន​ និង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ពិត​ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​វិល​ត្រឡប់​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​ជា​គូប្រជែង​ដ៏​សំខាន់​របស់​នាយករដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន។

លោក សម រង្ស៊ី ​ដែល​បាន​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ចាប់តាំង​ពី​ឆ្នាំ២០១៥​មក​ បាន​និយាយ​ថា​លោក​នឹងវិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី៩ខែវិច្ឆិកា​ គឺ​នៅ​ចំថ្ងៃ​ទិវា​ឯករាជ្យ​កម្ពុជា។ ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​បាន​ព្រមាន​ចាប់ខ្លួន​លោក សម រង្ស៊ី ​ហើយ​ប៉ូលិស​បាន​ចាប់ខ្លួន​សកម្មជន​ប្រឆាំង​រាប់សិប​នាក់​រួច​ទៅ​ហើយ។ រដ្ឋមន្រ្តី​ការពារ​ជាតិ លោក ទៀ បាញ់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា​ ទាហាន​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ជាស្រេច​ហើយ​នៅ​ឯព្រំដែន​រវាង​កម្ពុជា​និង​ថៃ។ លោក ទៀ បាញ់​បាន​ថ្លែងថា​ «យើង​ចាត់​ទុក​ការណ៍​នេះ​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារព័ត៌មាន AFP នៅ​ថ្ងៃអង្គារ​នេះ​ថា ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន។ តាម​រយៈសារ​ជា​វីដេអូ​មួយ​របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃអង្គារ នេះ លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ឲ្យ​ប្រមូល​កម្លាំង​គ្នា​ដើម្បី​ទម្លាក់​លោក ហ៊ុន សែន​ដែល​លោក​ហៅ​ថា​ជា​ជន​ក្បត់ជាតិ‍»។

ក្រុម​អ្នក​សង្កេតការណ៍​នានា​មិន​ជឿ​ថា​ លោក សម រង្ស៊ី​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​លោក ហ៊ុន សែន​ ដូច​ដែល​ធ្លាប់​ធ្វើ​កាល​ពី​មុន​នោះ​ទេ៕

XS
SM
MD
LG