នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan Ocha បាននិយាយនៅថ្ងៃព្រហស្បត៍នេះថា ច្បាប់ទាំងអស់ នឹងត្រូវប្រើដើម្បីប្រឆាំងនឹងបាតុករណាដែលរំលោភច្បាប់។ លោកថ្លែងដូច្នេះស្របពេលដែលបាតុកម្ម បានរីកកាន់តែធំឡើងដើម្បីទាមទារឲ្យលោកចុះចេញពីតំណែង និងឲ្យមានការធ្វើកំណែទម្រង់ដើម្បីបន្ថយឥទ្ធិពលរបស់ព្រះមហាក្សត្រ Maha Vajiralongkorn។
សកម្មជននានា បានសម្តែងនូវក្ដីកង្វល់ថា ចំណុចនេះ អាចមានន័យថា អាចមានការកាត់ទោសនៅក្រោមច្បាប់ដ៏តឹងតែងដែលហាមឃាត់ការប្រមាថមើលងាយរាជវង្សានុវង្សព្រះមហាក្សត្រ។
បាតុកម្មតវ៉ា គឺជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះស្ថាប័នគ្រប់គ្រងរបស់ប្រទេសថៃ ក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងបានបំបែកនូវការហាមឃាត់ដែលមិនឲ្យរិះគន់របបរាជានិយម ដែលអ្នកប្រព្រឹត្តខុសអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
ការប្រកាសរបស់លោក Prayuth នេះ បានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីបាតុកររាប់ពាន់នាក់ បានជះថ្នាំពណ៌ដាក់ទីស្នាក់ការប៉ូលិសថៃ ដែលនេះជាអ្វីដែលបាតុករទាំងនោះបាននិយាយថា ជាការឆ្លើយតបទៅនឹងការប្រើកាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលិសលើពួកគេ ដែលបានធ្វើឲ្យបាតុកររាប់សិបនាក់រងរបួសកាលពីថ្ងៃអង្គារ ដែលជាថ្ងៃមានអំពើហិង្សាខ្លាំងបំផុតចាប់តាំងពីការតវ៉ាបានធ្វើឡើងតាំងពីខែកក្កដាមក។ បាតុករខ្លះក៏បានបាញ់ថ្នាំពណ៌ជាអក្សរប្រឆាំងនឹងព្រះមហាក្សត្រផងដែរ។
លោក Prayuth បាននិយាយថា៖ «ស្ថានភាពមិនមានភាពប្រសើរឡើងទេ។ មានហានិភ័យនៃការអាចឈានទៅដល់អំពើហិង្សាបន្ថែមទៀត។ ប្រសិនបើមិនដោះស្រាយទេ វាអាចធ្វើឲ្យខូចខាតដល់ប្រទេសជាតិ និងរបបរាជានិយមជាទីគោរពស្រឡាញ់»៕