ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក គាំទ្រ​សេរីភាព​បញ្ចេញមតិ ពេល​មាន​ការចាប់ខ្លួន​ក្រុមបាតុករ​ថៃ


ក្រុមបាតុករ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ បាន​លើក​ម្រាមដៃ​៣ ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ក្រុមបាតុករ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ បាន​លើក​ម្រាមដៃ​៣ ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

មន្ត្រីផ្លូវការ​ក្រសួងការ​បរទេស​អាមេរិក ​បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​ គាំទ្រ​សេរីភាព​បញ្ចេញ​មតិ ​ពេល​មាន​ការ​ចាប់ខ្លួន​ក្រុម​បាតុករថៃ ​ដែលបាន​ចូលរួម​ក្នុងការ​ប្រមូល​ផ្តុំគ្នា​តវ៉ា​ជាច្រើន​ថ្ងៃមកហើយ​ដើម្បី​ទាមទារ​ឲ្យមាន​ការធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​ និង​គ្រប់គ្រង​រដ្ឋ​ក្នុង​ប្រទេស​ថៃ។

នៅក្នុង​សារ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ដែល​ VOA ​ទទួល​បាន​ បាន​បញ្ជាក់​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សេរីភាព​បញ្ចេញមតិ ​សិទ្ធិមនុស្ស ​និង ​នីតិរដ្ឋ​ផងដែរ។

«សហរដ្ឋ​អាមេរិក​គាំទ្រ​សេរីភាព​បញ្ចេញមតិ​ និង​សិទ្ធិធ្វើការ​ប្រមូល​ផ្តុំដោយ​សន្តិវិធី ​ដែល​នេះ​ គឺជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ។ ​យើង​នឹង​ឃ្លាំ​មើល​ព្រឹត្តិការណ៍​នានា​ដែល​កើត​ឡើង​ក្នុងប្រទេស​ថៃ​ឲ្យ​បាន​ដិតដល់ ​ហើយ​ទទូច​ដល់គ្រប់​ភាគី​ទាំងអស់​បញ្ឈប់​សកម្មភាព​ប្រឆាំង​គ្នា»។

មន្ត្រី​ក្រសួងការ​បរទេស​អាមេរិក ​បាន​បញ្ជាក់​បន្ថែមថា ​វាជា​រឿង​សំខាន់​ដែល​សិទ្ធិ​មនុស្ស​សម្រាប់​ជន​ដែល​ត្រូវ​ចាប់ខ្លួន ​ឬ ​ឃុំ​ខ្លួន​ត្រូវ​បាន​គោរព ​ហើយអ្នក​ដែល​រង​បទ​ចោទ​ព្រហ្មទណ្ឌ​ទទួល​បាន​ការជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌ ​ទទួល​បាន​មេធាវី​ការពារក្តី ​ហើយ​នឹង​អនុញាត​ដល់​សមាជិក​ក្រុម​គ្រួសារ​គេ​បាន​ចូល​ជួប​ពួក​គេ​ផង​ដែរ។

ក្រៅពី​របាយការណ៍​ស្តីពី​ការ​ចាប់​ខ្លួន​ផ្សេង​ទៀត​ យ៉ាងតិច​មាន​បាតុករ​២​នាក់​ត្រូវ​ចាប់ខ្លួន​កាល​ពី​សប្តាហ៍​មុន​ដោយសារ​តែ​លើក​ម្រាម​ដៃ​បី​ ជា​សញ្ញា​ប្រឆាំង​នៅ​ក្នុង​ពេល​មាន​ក្បួន​ទី​នាំង​ព្រះមហាក្សត្រិយានី​ថៃ​ យាង​កាត់​កន្លែង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល។ ​ការ​រិះគន់​និង​ការ​ប្រឆាំង​ស្ថាប័ន​ព្រះមហាក្សត្រ ​និង​រាជ្យវង្ស​ថៃ​ ត្រូវ​ច្បាប់​ប្រទេស​ថៃ​ហាម​ឃាត់​យ៉ាង​តឹងរឹង​ ក្នុងពេល​ដែល​បាតុករ​រាប់ពាន់នាក់​ដែល​បាន​រំលោភ​បម្រាម​មិន​ឲ្យ​មានការ​ប្រមូល​ផ្តុំ​លើស​ពី​៥​នាក់​ ដោយសារ​មាន​វិបត្តិ​កូវីដ​១៩​ឆ្លង​រាលដាល​នោះ ​កំពុងធ្វើ​បាតុកម្ម​នៅ​កណ្តាល​ក្រុង​បាងកក​ជាច្រើន​ថ្ងៃ​ជាប់​គ្នា​ដើម្បី​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​ប្រាយុទ្ធ ​ចាន់អ៊ូចា ​(Prayuth Chan-Ocha) ​ចុះ​ចេញ​ពី​មុខ​តំណែង ​ទាមទារ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ ស្ថាប័ន​ព្រះមហាក្សត្រ​ដ៏មាន​ឥទ្ធិពល​ ហើយនឹង​ការ​រំលាយ​សភាថៃ​ផងនោះ។

លោក​នាយក​រដ្ឋមន្ត្រីថៃ ​ប្រាយុទ្ធ ​ចាន់អ៊ូចា ​ចង់​បាន​ការពិភាក្សា​ស្វែងរក​ដំណោះ​ស្រាយនយោបាយ​ តែអះអាង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ប៉ុន្មាន​ថ្ងៃមុន​នេះ​ពី​ការ​ប្តេជ្ញា​ការពារ​ស្ថាប័ន​ព្រះ​មហាក្សត្រ៕

XS
SM
MD
LG