ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ថៃ​បោះឆ្នោត​លើ​សំណើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ


សមាជិករដ្ឋសភាថៃចូលរួមប្រជុំសម្រេចលើសំណើចំនួន ៧ ចំណុចឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
សមាជិករដ្ឋសភាថៃចូលរួមប្រជុំសម្រេចលើសំណើចំនួន ៧ ចំណុចឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

សមាជិក​រដ្ឋសភា​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ លើ​ជម្រើស​នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ពួកគេ​ភាគ​ច្រើន​បាន​បដិសេធ​នឹង​សំណើ​មួយ​របស់​ក្រុម​បាតុករ ដែល​ចង់​ឲ្យ​មាន​ការ​កែប្រែ​តួនាទី​របស់​របប​រាជានិយម​ដ៏​មាន​ឥទ្ធិពល។

ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​មាន​អំពើ​ហិង្សា​ខ្លាំងក្លា​បំផុត​កាល​ពី​ថ្ងៃ​អង្គារ ចាប់​តាំង​ពី​ការ​ធ្វើ​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​ក្រុម​យុវជន​បាន​ចាប់ផ្ដើម​កាល​ពីខែ​កក្កដា​មក។ ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ឡើង​វិញ ដក​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha ដែល​ជា​អតីត​មេដឹកនាំ​យោធា ចេញ​តំណែង និង​ធ្វើ​កំណែ​ទម្រង់​របប​រាជា​និយម​របស់​ព្រះ​មហាក្សត្រ Maha Vijiralongkorn។

ក្រុមអ្នកគាំទ្ររបស់លោក Prayuth មានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ហើយសមាជិកព្រឹទ្ធសភាទាំងអស់សុទ្ធតែត្រូវបានតែងតាំងដោយរដ្ឋាភិបាលយោធាដែលលោក Prayuth បានដឹកនាំបន្ទាប់ពីការធ្វើរដ្ឋប្រហារឆ្នាំ ២០១៤។

មាន​តែ​សំណើ​មួយ​ក្នុង​ចំណោម​សំណើ​ចំនួន ៧ សម្រាប់​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​ប៉ុណ្ណោះ ដែល​អាច​នឹង​កែប្រែ​តួនាទី​របស់​របប​រាជា​និយម ដែល​ក្រុម​បាតុករ​និយាយថា បាន​ផ្ដល់​អំណាច​ដល់​យោធា​អស់​រាប់​ទសវត្សរ៍​មក​ហើយ​នៅ​ក្នុង​ការ​គ្រប​ដណ្ដប់​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​ថៃ។

រដ្ឋាភិបាល​ថៃ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ត្រៀម​រួចរាល់​នៅ​ក្នុង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​នឹង​មិន​ប៉ះពាល់​ដល់​របប​រាជា​និយម​នោះ​ទេ៕

XS
SM
MD
LG