ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋ​មន្ត្រី​ថៃ​ថា «ការ​តវ៉ា​ខុសច្បាប់» ត្រូវតែ​បង្ក្រាប


រូបឯកសារ​៖ នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha ថ្លែង​សុន្ទរកថា នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​ ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ​៖ នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha ថ្លែង​សុន្ទរកថា នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​ ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-O-cha បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​ថៃ​ចាំបាច់​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ «ការ​តវ៉ា​ខុស​ច្បាប់»។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ដែល​លោក​បាន​បើក​សម័យ​ប្រជុំ​សភា​ពិសេស​មួយ​ដើម្បី​ពិភាក្សា​អំពី​រឿង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​អស់​ជាច្រើន​ខែ​កន្លង​មក​នៅ​ក្នុង​ប្រទេស។

លោក Prayut ដែល​ជា​អតីត​មេបញ្ជាការ​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ បាន​ប្រឈម​នូវ​សម្ពាធ​កើនឡើង​ពី​បាតុករ​រាប់​ម៉ឺន​នាក់ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដែល​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង។

ការ​តវ៉ាដែល​ដឹកនាំ​ដោយ​និស្សិត កំពុង​ទាមទារ​ឲ្យ​លោក Prayut ចុះ​ចេញ​ពី​តំណែង ឲ្យ​តាក់តែង​ឡើង​វិញ​នូវ​រដ្ឋធម្មនុញ្ញ​ដែល​ព្រាង​ដោយ​យោធា និង​ឲ្យ​មាន​ការ​បញ្ចប់​ការ​រំខាន​យាយី​របស់​រដ្ឋាភិបាល​លើ​អ្នក​នយោបាយ​ប្រឆាំង។

លោក Prayut បាន​និយាយ​ដូច្នេះ​ថា៖ «ទោះបីជា​ប្រជាពលរដ្ឋ​មាន​សេរីភាព​នៅ​ក្នុង​ការ​តវ៉ា​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​ក៏ដោយ ក៏​អាជ្ញាធរ​ចាំបាច់​ត្រូវ​បង្ក្រាប​ការ​តវ៉ា​ខុស​ច្បាប់»។

លោក​បាន​បន្ថែម​ថា៖ «យើង​មិន​ចង់​ឃើញ​ការ​ប៉ះ​ទង្គិច​គ្នា ឬ​កុបកម្ម​នៅ​ក្នុង​ប្រទេស​នោះ​ទេ»។ លោក​បាន​ចោទ​ប្រកាន់​បាតុករ​មួយ​ចំនួន​ថា​បាន​ធ្វើ «សកម្មភាព​មិនត្រឹមត្រូវ»។

ទោះបីជា​លោក Prayut បាន​ទទួល​ស្គាល់​នូវ​ការ​ទាមទារ​របស់​បាតុករ​នៅ​ក្នុង​សុន្ទរកថា​បើក​សម័យ​ប្រជុំ​ពិសេស​របស់​សភា​នេះក៏ដោយ ក៏​សម័យ​ប្រជុំ​សភា​ដែល​មាន​រយៈពេល ២ ថ្ងៃ​នេះ មិន​បាន​ដាក់​បញ្ហា​នេះ​នៅ​ក្នុង​របៀបវារៈ​នោះ​ទេ៕

XS
SM
MD
LG