ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ថៃ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​បើក​សម័យ​ប្រជុំ​ពិភាក្សា​រឿង​បាតុកម្ម​ដែល​កំពុង​បន្តកើតឡើង


ក្រុមសកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ បាន​លើក​ម្រាមដៃបី ក្នុងពេល​កំពុង​ស្តាប់​ភ្លេងជាតិ​នៅ​ខាងក្រៅ​ផ្សារទំនើប Siam Paragon ដែល​ជា​ផ្សារទំនើប​ធំជាងគេ​មួយ​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ក្រុមសកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ បាន​លើក​ម្រាមដៃបី ក្នុងពេល​កំពុង​ស្តាប់​ភ្លេងជាតិ​នៅ​ខាងក្រៅ​ផ្សារទំនើប Siam Paragon ដែល​ជា​ផ្សារទំនើប​ធំជាងគេ​មួយ​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

សមាជិក​រដ្ឋសភា​ថៃ​ នឹង​ត្រូវ​កោះហៅ​ពី​ការ​ឈប់​សម្រាក ដើម្បី​បើក​សម័យ​ប្រជុំ​ពិភាក្សា​អំពី​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស។ នេះ​ បើ​យោង​តាម​ការ​ប្រកាស​របស់​គណ:​រដ្ឋមន្ត្រី​ថៃ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ក្រុម​តំណាង​រាស្ត្រ​ តម្រូវ​ឲ្យ​ជួបប្រជុំ​គ្នា​នៅ​ក្នុង​សម័យ​ប្រជុំ​មួយ​ដែល​គ្មាន​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី ២៦ និង​ទី ២៧ ខែ​តុលា​ខាង​មុខ ដែល​នេះ​ ជា​វិធានការ​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-o-Cha បាន​និយាយ​ថា លោក​បាន​អនុម័ត​រួច​ហើយ។

បាតុកម្ម​ដែល​ភាគ​ច្រើន​ដឹក​នាំ​ដោយ​ក្រុម​និស្សិត បាន​ទាមទារ​ឲ្យ​លោក Prayuth ចុះចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​មួយ​ចំនួន​លើ​រដ្ឋធម្មនុញ្ញ។

មេដឹកនាំ​បាតុកម្ម​បាន​អំពាវនាវ​ឲ្យ​ឈប់​សម្រាក​ថ្ងៃ​អង្គារ​ម្សិលមិញ​មួយ​ថ្ងៃ បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្ម ៦ ថ្ងៃ​ជាប់ៗ​គ្នា​មក ទោះបីជា​មាន​បម្រាម​ហាម​មិន​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​គ្នា​លើស​ពី ៤ នាក់​ក៏​ដោយ។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋាភិបាល​ថៃ​ ក៏​បាន​បញ្ជា​ផង​ដែរ​ឲ្យ​បិទ​ទូរទស្សន៍ Voice TV ដែល​ជា​ស្ថានីយ​ទូរទស្សន៍​ដែល​មាន​ភាគហ៊ុន​ខ្លះ​ជា​របស់​ក្រុម​គ្រួសារ​លោក​អតីត​នាយក​រដ្ឋមន្ត្រី Thaksin Shinawatra ដែល​កំពុង​និរទេស​ខ្លួន។ Voice TV ជា​ទូរទស្សន៍​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ ៤ ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ថៃ ទាក់ទិន​នឹង​ការ​ផ្សាយ​ព័ត៌មាន​អំពី​ចលនា​បាតុកម្ម​នេះ។

FCC Thai ដែល​ជា​ក្លឹប​អ្នក​កាសែត​ជាតិ និង​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន «ព្រួយបារម្ភ​ជា​ខ្លាំង» ចំពោះ​ការ​ស៊ើប​អង្កេត [របស់​រដ្ឋាភិបាល] លើ​ស្ថាប័ន​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​បាតុកម្ម​នេះ៕

XS
SM
MD
LG