ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​បង្ក​ឲ្យ​មាន​ការ​តវ៉ា


ទំព័រ​មុខ​នៃ​កាសែត​ថៃ​ក្នុង​ក្រុង​បាងកក។
ទំព័រ​មុខ​នៃ​កាសែត​ថៃ​ក្នុង​ក្រុង​បាងកក។

ការ​តវ៉ា​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​នានា​របស់​ថៃ​ ​​ដើម្បី​បញ្ឈប់​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ពួក​គេ​មើល​ឃើញ​ថា​មាន​ការ​ដាក់​កំហិត​លើ​សេរីភាព​សារព័ត៌មាន​ រួមមាន​ការ​ផ្ដល់​អាជ្ញា​ប័ណ្ណ​សារព័ត៌មាន​ កំពុង​តែ​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​របប​យោធា​ ឲ្យ​ត្រួត​ពិនិត្យ​លើ​ច្បាប់​នេះ​ឡើង​វិញ។​​​​

នៅ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពី​សំណាក់​រដ្ឋាភិបាល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ​៣០​ ស្ថាប័ន​ បាន​ជួប​ជុំ​គ្នា​ កាល​ពី​ថ្ងៃ​អាទិត្យ​ និង​បាន​អំពាវ​នាវ​ឲ្យ​ សភា​ដឹកនាំ​កំណែ​ទម្រង់​ជាតិ​ ឬ ​NSRA ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ដោយ​អះអាង​ថា ​ច្បាប់​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​ថៃ។​

ការ​ភ័យ​ខ្លាច​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល

លោក Thepchai Yong ​ប្រធាន​សហព័ន្ធ​អ្នក​សារព័ត៌មាន​ថៃ​បាន​និយាយ​ថា​កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​បង្ហាញ​ពីការ​ព្រួយ​បារម្ភពី​អនាគត​របស់​វិស័យ​សារព័ត៌មាន ចាប់​តាំង​ពី​ការ​ចូល​កាន់​អំណាច​របស់​របប​យោធា​ក្នុង​ឆ្នាំ ២០១៤។

លោក Thepchai ​ប្រាប់ ​VOA​ ថា៖ «កម្មវត្ថុ​គឺ​ដើម្បី​សម្ដែង​ការ​ព្រួយ​បារម្ភ​ និង​ការ​ប្រឆាំង​របស់​យើង​ចំពោះ​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថ្មី​ ដែល​កំពុង​រង់​ចាំ​គណៈកម្មាធិការ​ធ្វើ​ការ​កែ​ទម្រង់​ ដែល​យើង​គិត​ថា​វា​ពិត​ជា​គ្រោះ​ថ្នាក់​ព្រោះថា​ច្បាប់​ថ្មី​នេះ​នឹង​ផ្ដល់​អំណាច​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ»។ ​

ការ​ភ័យ​ខ្លាច​ត្រូវ​បាន​ផ្ដោត​លើ​សេចក្ដីព្រាង​ច្បាប់​ថ្មី

សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ត្រូវ​បាន​រិះគន់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាសា​ថៃ​និង​ភាសា​អង់គ្លេស​ ទៅលើ​ការ​ការពារ​សិទ្ធិ ​វិជ្ជាជីវៈ​ក្នុង​ការ​ផ្សព្វផ្សាយ ​និង​ស្តង់ដារ​នៃ​អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ក្រុមប្រឹក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ ​នឹង​រួម​បញ្ចូល​ថ្នាក់​ដឹក​នាំកំពូល​ពីរ​នៃ​ក្រសួង​បួន ​«ដើម្បី​ដាក់​បញ្ជា ​និង​ដឹកនាំ​កំណែ​ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ»។ នេះ​បើ​តាម​តាម​ចុះ​ផ្សាយ​ក្នុង​បទវិចារណកថា​របស់​សារព័ត៌មាន Bangkok Post។ ​

បទវិចារណកថា​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា៖ «វត្តមាន​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុមប្រឹក្សា​សារព័ត៌មាន​ និង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​អ្នក​សារព័ត៌មាន ​មិនដែល​ជា​ផ្នែក​នៃ​សារព័ត៌មាន​សេរី​នោះ​ទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សាធារណជន​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បម្រើ​ មាន​សមត្ថភាព​ក្នុង​ការ​បន្ត​កែ​ទម្រង់​វិស័យ​សារព័ត៌មាន​ ឥត​ឈប់​ឈរ»។​

ប្រព័ន្ធ​បច្ចុប្បន្ន​មិន​ល្អ​ឥត​ខ្ចោះ​

ច្បាប់​ថ្មី​នេះ ​នឹង​ជំនួស​ប្រព័ន្ធ​ច្បាប់​ដែល​អនុម័ត​ដោយ​ខ្លួន​ឯង​ ដែល​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយ​ថា​ ធានា​បាន​នូវ ​ទំនួល​ខុស​ត្រូវ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និងតម្រូវ​តាម​ការទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របស់​សាធារណជន។

ក្រុម​អ្នក​វិភាគ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​និយាយ​ថា ពេល​ខ្លះ​ប្រព័ន្ធ​ច្បាប់​ដែល​អនុម័ត​ដោយ​ខ្លួន​ឯង​បរាជ័យ។ លោក Thepchai ​ទទួល​ស្គាល់​ថា​ជំនឿ​របស់​សាធារណជន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​ត្រូវ​បាន​ប៉ះពាល់​ដោយ​បរិយាកាស​នយោបាយ​បែកបាក់​របស់​ថៃ​និង​ជា​ញឹក​ញយ​ដោយ​សារ​ការ​រាយការណ៍​តាម​បែប​ប្រកាន់​បក្ខពួក។

ច្បាប់​ថ្មី​នឹង​ចុះ​បញ្ជី​អ្នក​សារព័ត៌មាន​ និង​បង្ខំ​ឲ្យ​ពួក​គេ​កាន់​ប័ណ្ណ​សម្គាល់​ខ្លួន

លក្ខណៈ​ចម្រូង​ចម្រាស​នៃ​ច្បាប់​នេះ​តម្រូវ​ឲ្យបុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​កាសែត​ត្រូវចុះ​ឈ្មោះ​ក្នុង​បញ្ជី​និង​កាន់​ប័ណ្ណ​សម្គាល់​ខ្លួន​អ្នក​សារព័ត៌មាន​ជាមួយ​នឹង​ការ​គំរាម​ដក​ហូត​ប័ណ្ណ​នោះ​ព្រមទាំងការ​ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ការ​រំលោភ​វិជ្ជាជីវៈ។​

លោក Thepchai ​ប្រាប់​ VOA ​ទៀត​ថា៖ «ប្រសិន​បើ​ពួក​គេ​ បង្កើតច្បាប់​ថ្មី​នេះ​ដោយ​ជោគជ័យ វា​នឹង​ក្លាយ​ជា​លើក​ទី​មួយ ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ផ្ដល់​អាជ្ញាប័ណ្ណ​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​នេះ​ជា​អ្វី​ដែល​យើង​គិត​ថា ជា​រឿង​គួរឲ្យ​ខ្លាច​ ពីព្រោះ វា​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ»។​

លោក​បាន​និយាយ​ថា​ប្រសិន​បើ​ច្បាប់​ថ្មី​នេះ​ជោគ​ជ័យ​ «បងធំ» នឹង​ឃ្លាំ​មើល​អ្នក​សារ​ព័ត៌មាន ​និង​ស្ថាប័ន​របស់​ពួកគេ។

ការ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តឹងរ៉ឹង​បែប​នេះ ​គឺ​ប្រហាក់​ប្រហែល​នឹង​ច្បាប់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី ​និង​ជា​ការ​បោះ​ជំហាន​ថយ​ក្រោយ​មួយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ។ នោះ​បើ​តាម​លោក Edgardo Legaspi ​ប្រធាន​សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ ​ហៅ​កាត់​ថា SEAPA»។​

អ្នក​វិភាគ​និយាយ​ថា​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ​គំរាម​ដល់​សេរីភាព​សារព័ត៌មាន​

លោក Legaspi ​លើក​ឡើង​ថា៖ «កំណែ​ទម្រង់​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី អាច​ផ្ដល់​លទ្ធភាពឲ្យ​មាន​ការ​គ្រប់​គ្រង​ លើ​អ្នក​ដែល​ត្រូវ​ចេញផ្សាយកាសែត​ ឬ​អ្នក​ដែល​ត្រូវរាយការណ៍​ដំណឹង ឬ​ក៏​អត់។ ការ​ពិត​ទៅ វា​ដូច​ជា​ត្រឡប់​ទៅជាង​ ៤០ ​ឆ្នាំ​មុន​ ក្នុង​ឆ្នាំ ១៩៧៣ ​នៅ​ពេល​ដែល​ចលនា​ប្រជាធិបតេយ្យ​ឆ្នាំ ១៩៧៣ ​ដក​ហូត​អំណាច​នៃ​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​ពី​របប​យោធា»។ ​

លោក​បាន​និយាយ​ថា ​ច្បាប់​នេះ​តំណាង​ឲ្យ ​«ការ​បិទ» ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​ដែល​មាន​លក្ខណៈ​សេរី​បំផុត​មួយ​នៅ​តំបន់​អាស៊ី និង​អំពាវនាវ​ឲ្យ​មាន​ «សាមគ្គីភាព​ក្នុង​រង្វង់​អ្នក​សារព័ត៌មាន​ថៃ» ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ»។​

រដ្ឋាភិបាល​និយាយ​ថា​ការ​តវ៉ា​មាន​ផល​ប៉ះ​ពាល់​តិច​តួច​

យ៉ាង​ណា​ក៏​ដោយ ​លោក​ Kanit Suwannate ​ប្រធាន​ក្រុម​សភា​ដឹកនាំ​កំណែ​ទម្រង់​ជាតិ (NRSA) ដែល​មាន​តំណែង​នាយឧត្ដមសេនីយ៍ទ័ព​អាកាស ​បាន​និយាយ​ថា ​ការ​តវ៉ា​នេះ​ទំនង​ជា​មិន​ប៉ះ​ពាល់​ដល់​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​នេះ​ទេ។​

លោក Kanit ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ថា​ វា​មាន​ភាព ​«ចម្រូង​ចម្រាស»​ ដែល​និយាយ​ថា ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លូក​ដៃ​ចូល​ក្នុង​ការ​ងារ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

លោក​និយាយ​ថា៖ «ប៉ុន្តែ​យើង​ត្រូវ​តែ​យល់​ថា​ ប្រទេស​មាន​រដ្ឋាភិបាល ​ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ត្រួត​ត្រា រួមគ្នា​ជា​មួយ​វិស័យ​ឯកជន ​ដើម្បី​ធានា​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​សង្គម»។

លោក​បន្ថែម​ថា៖ «ទំនង​ជា​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ធំ​ដុំ​លើ​ច្បាប់​នេះ​ទេ ​ប៉ុន្តែ​សំណើ​ពី​សមាជិក​ក្រុមប្រឹក្សា​ និង​យោបល់​ពី​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ នឹង​ត្រូវ​បាន «ត្រួត​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន» ឡើង​វិញ។

គំរាមកំហែង​លើ​ស្តង់ដារ​អន្តរជាតិ

អ្នកស្រី​ Piyanuch Kosot ​តំណាង​អង្គការ​ Amnesty International ​ប្រចាំ​ប្រទេស​ថៃ​ បាន​និយាយ​ថា​ ប្រទេស​ថៃ​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​ កតិកា​សញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ឬ ​ICCPR ​ត្រូវ​តែ​គិត​គូ​ពី​ស្តង់ដារ​អន្តរជាតិ។​

អ្នកស្រី​ Piyanuch ​និយាយ​ថា៖ «យើង​ព្យាយាម​ស្វែង​យល់​ពី​គោល​បំណង​នៃ​កំណែ​ទម្រង់​ទាំងនេះ ហើយ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ខ្ញុំ​យល់ថា ​កំណែ​ទម្រង់​នេះ​ ជា​មូលដ្ឋាន​ធ្វើ​ឡើង​ដើម្បី​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ។ កង្វល់​របស់​ពួក​យើង​គឺ​ថា ​ច្បាប់​ថ្មី​ដែល​ពួក​គេ​នឹង​អនុម័ត ​ប្រាកដ​ជា​ស្ថិត​នៅ​ក្រោម​ស្តង់ដារ​របស់​ ICCPR ឬ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​សកម្ម​ និង​រស់​រវើក​របស់​ថៃ ​ត្រូវ​បាន​ទប់​ស្កាត់​ ដោយសារ​តែ​ការ​ផ្លាស់​ប្ដូរ​ទម្រង់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សេដ្ឋកិច្ច​ថមថយ។

ច្បាប់​តឹងរ៉ឹង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គ្រួសារ​រាជវង្ស

ចាប់​តាំង​ពី​របប​យោធា​ចូល​កាន់​អំណាច​ ក្នុង​ឆ្នាំ ២០១៤​ មាន​ការ​រឹត​បន្តឹង​ច្បាប់​គ្រប់​គ្រង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត ​និង​គាំទ្រច្បាប់​ដោយប្រមាថ​ព្រះចេស្ដា​ព្រះ​មហាក្សត្រ​ ដើម្បី​ការ​ពារ​គ្រួសារ​រាជវង្ស​ពី​ការរិះគន់ ​និង​បរិហារកេរ្តិ៍។

អង្គការ​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ New York ​និយាយ​ថា​ ចាប់​តាំង​ពី​ខែ​ឧសភា ​ឆ្នាំ ២០១៤ ​អាជ្ញាធរ​ថៃ ​បាន​ចោទ​ប្រកាន់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៦៨ ​នាក់​ពី​បទ​ប្រមាថ​ព្រះចេស្ដា​ព្រះមហាក្សត្រ​ ដែល​ភាគ​ច្រើន​ ដោយ​សារ​ការ​បង្ហោះ ​និង​ចែក​រំលែក​ការ​ចេញ​យោបល់​តាម​អ៊ីនធឺណិត ​និង​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ជាប់​ពន្ធនាគារ​រយៈពេល​វែង។

ខណៈ​ពេលដែល​ច្បាប់​ថ្មី​នេះ​ ភាគ​ច្រើន​ផ្ដោត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ ​លោក Arthit Suriyawongkul មក​ពីបណ្ដាញ​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ Thai Netizen Network ​បាន​និយាយ​ថា ​ច្បាប់​នេះ​អាច​នឹង​ប៉ះ​ពាល់​ដល់​អ្នក​សរសេរ​ប្លុក ​និង​អ្នក​សារព័ត៌មាន​ពលរដ្ឋ​ផង​ដែរ។

លោក Arthit ​និយាយ​ថា៖ «ច្បាប់​នេះ​អាច​រាល​ដាល​ ដល់​អ្នកសារព័ត៌មាន​តាម​អ៊ីនធឺណិត ​និង​អ្នក​សារព័ត៌មាន​ពលរដ្ឋ​ ឬ​អ្នក​សរសេរ​ប្លុក ​ឬ​ក៏​អ្នក​ប្រើ​ប្រាស់​ទូទៅ។ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ ពី​ព្រោះ ​យើង​ទទួល​ស្គាល់​ថា ​ប្លុក​មួយ​ចំនួន​នឹង​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សារព័ត៌មាន​ពលរដ្ឋ​ទៀត​ទេ»។

ប៉ុន្តែ​ប្រធាន​សហព័ន្ធ​អ្នក​សារព័ត៌មាន​ថៃ​ លោក Thepchai ​បាន​និយាយ​ថា ​លោក​មិន​មាន​សុទិដ្ឋិនិយម​ថា​រដ្ឋាភិបាល​ស៊ីវិល ​នឹង​បញ្ចប់​ការ​គ្រប់គ្រង​ដ៏​តឹងរ៉ឹង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ក្រោយ​ពេល​បោះឆ្នោត​ចូល​កាន់​អំណាច​ទេ។​

លោក​ថ្លែង​ថា៖ «នេះ​ជា​អ្វី​ដែល​អ្នក​នយោបាយ​ចង់​បាន​ ហើយ​របប​យោធា បាន​បង្កើត​រួច​ស្រេច​ទៅ​ហើយ​សម្រាប់​ឲ្យ​អ្នក​នយោបាយប្រើប្រាស់​ នៅ​ពេល​ចូល​កាន់​អំណាច»៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG