ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ថៃ​ព្រមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ច្បាប់​ទិតៀន​ព្រះ​មហាក្សត្រ


លោក​នាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-Ocha ព្រមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ច្បាប់​ទិតៀន​ព្រះ​មហាក្សត្រ។
លោក​នាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-Ocha ព្រមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ច្បាប់​ទិតៀន​ព្រះ​មហាក្សត្រ។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ព្រមាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ទីភ្នាក់ងារ​ព័ត៌មាន BBC អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ ប្រសិនបើ​របាយការណ៍​ដែល​ផ្សាយ​ដោយ​ផ្នែក​ភាសា​ថៃ​របស់​ខ្លួន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អំពី​ព្រះមហាក្សត្រ​ថ្មី​របស់​ថៃ ត្រូវ​គេ​រក​ឃើញ​ថា បាន​រំលោភ​លើ​ច្បាប់ ដែល​ការពារ​ព្រះ​កិត្តិនាម​របស់​ព្រះមហាក្សត្រ​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន BBC ភាសា​ថៃ បាន​បោះពុម្ព​ផ្សាយ​នូវ​អត្ថបទ​មួយ​អំពី​ប្រវត្តិ​របស់​ព្រះ​មហាក្សត្រ Maha Vajiralongkorn ដោយ​ផ្ដោត​លើ​ទិដ្ឋភាព​នានា​នៃ​ដំណើរ​ជីវិត​របស់​ព្រះអង្គ ដែល​ពោរពេញ​ដោយ​ភាព​ចម្រូង​ចម្រាស។ អត្ថបទ​នោះ​បាន​រៀបរាប់​លំអិត​អំពី​ការ​រៀប​អភិសេក​ចំនួន ៣ លើក របស់​ព្រះអង្គ ដែល​ការ​រៀប​អភិសេក​នោះ​បញ្ចប់​ដោយ​ការ​លែងលះ។ អត្ថបទ​នោះ​ក៏​បាន​រៀបរាប់​អំពី​រឿងរ៉ាវ​ផ្សេងៗ​ទៀត ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​មិន​អាច​ផ្សព្វផ្សាយ​បាន។

ប្រទេស​ថៃ​មាន​ច្បាប់​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ទិតៀន​ព្រះ​មហាក្សត្រ​ដ៏​តឹងតែង​បំផុត ដែល​អាច​ដាក់​ទោស​ដល់​អ្នក​ប្រព្រឹត្តិ​ខុស​ឲ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី ៣ រហូត​ដល់ ១៥ ឆ្នាំ។ កន្លង​មក មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ធ្វើ​ឡើង​លើ​ទីភ្នាក់ងារ​ព័ត៌មាន BBC នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-Ocha បាន​និយាយ​ថា ដោយសារតែ «ទីភ្នាក់ងារ​ព័ត៌មាន BBC មាន​ផ្នែក​ភាសា​ថៃ ដំណើរការ​នៅ​ក្នុង​ប្រទេស​ថៃ និង​មាន​បុគ្គលិក​ជា​ជនជាតិ​ថៃ។ ដូច្នេះ ប្រសិនបើ ទីភ្នាក់ងារ​ព័ត៌មាន​នេះ​រំលោភ​ច្បាប់​ប្រទេស​ថៃ ពួកគេ​អាច​ត្រូវ​ចោទ​ប្រកាន់។ នេះ​វា​ដូច​ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេងៗ និង​បាន​រំលោភ​ច្បាប់​ប្រទេស​ទាំង​នោះ​ដូច្នេះ​ដែរ គឺ​យើង​ក៏​ត្រូវ​គេ​ចោទ​ប្រកាន់​ដែរ»។

លោក Prayuth Chan-Ocha បាន​បន្ថែម​ថា៖ «វា​មិន​សំខាន់​ទេ ដែល​អ្នក​ប្រព្រឹត្តិ​ខុស​នោះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ក៏​អត់​នោះ ដោយ​ហេតុ​ថា បទ​ឧក្រិដ្ឋ​គឺ​នៅតែ​ជា​បទ​ឧក្រិដ្ឋ។ ដូច្នេះ សូម​ប្រុង​ប្រយ័ត្ន​ជាមួយ​អ្វី​ដែល​អ្នក​បាន​ធ្វើ។ កុំ​រំលោភ​លើ​ជីវិត​ឯកជន​របស់​អ្នក​ដទៃ ឲ្យ​ឈាន​ដល់​ចំណុច​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ភាព​វឹកវរ​កើត​ឡើង​នោះ»៕

XS
SM
MD
LG