ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហា​ក្សត្រ​ថៃ​បំផ្លាញ​​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​​របស់​ព្រះ​រាម​ព្រះ​អង្គ


រូបឯកសារ៖ ម្ចាស់​ក្សត្រី Ubolratana ចូល​រួម​ពិធី​មួយ​ក្នុង​ឧស្សាហកម្ម​ភាព​យន្ត​ នៅទីក្រុង​ហុងកុង​ កាល​ពី​ឆ្នាំ​២០១០៊

ព្រះ​មហា​ក្សត្រ​ថៃ​បាន​កម្ទេច​ផែនការ​របស់​ព្រះ​រាម​ព្រះ​អង្គ​ដែល​ឈរ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​នេះ។​ គណបក្ស Thai Raksa Chart​ បាន​ប្រកាស​កាល​ពី​ថ្ងៃសុក្រ​ថា ​ម្ចាស់ក្សត្រីយ៍​ Ubolratana ​ព្រះជន្ម​៦៧​វស្សា​នឹង​ទទួល​បាន​បេក្ខភាព​ជា​នាយក​រដ្ឋមន្ត្រី​របស់​គណ​បក្ស​នេះ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៤​ខែ​មីនា។

សេចក្តី​សង្ឃឹម​ខាង​នយោបាយ​របស់​ម្ចាស់ក្សត្រីយ៍​បាន​បរាជ័យ​ភ្លាមៗ​នៅ​ពេល​ដែល​ព្រះ​អនុជរបស់​អង្គ​គឺ​ព្រះ​មហាក្សត្រ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បន្ទាប់​ថា​ បេក្ខភាព​របស់​ព្រះរាម​ព្រះអង្គ​គឺ​មិន​សម​រម្យ​ទាល់​តែ​សោះ​ហើយ​ប្រឆាំង​ប្រពៃណី​និង​វប្បធម៌​ជាតិ។ ​

កាលពី​ថ្ងៃ​សៅរ៍ ​គណបក្ស​ Thai Raksa Chart ​បាន​សន្យា​ថា ​នឹង​គោរព​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ។ អ្នកស្រី​ Puangthong Pawakapan ​សាស្ត្រាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យាល័យ ​Chulalongkorn ​បាន​ប្រាប់​ភ្នាក់​ងារ​ព័ត៌មាន​បារាំង ​AFP ​ថា​ ការ​បដិសេធ​របស់ព្រះ​មហា​ក្សត្រ​បាន​ធ្វើ​ឱ្យ​បេក្ខភាព​របស់​ព្រះរាម​របស់​ព្រះអង្គ​បាត់​បង់​សុពល​ភាព។

នៅ​ក្នុង​ការ​បង្ហោះ​តាម​ Instagram កាល​ពី​ថ្ងៃ​សៅរ៍ ​ម្ចាស់ក្សត្រីយ៍​បាន​អរ​គុណ​អ្នក​គាំទ្រ​ ចំពោះ​សេចក្ដី​ស្រឡាញ់​និង​សប្បុរស​ហើយ​បានសម្តែង​ព្រះទ័យ​ចង់​ឃើញ​ប្រទេស​នេះ​ពង្រីក​សិទ្ធិ​និង​ឱកាស​សម្រាប់​ប្រជា​ពលរដ្ឋ។ ​

ប្រទេស​ថៃ​នឹង​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៤​ខែមីនា​ ជា​លើក​ដំបូង​ចាប់​តាំងពី​រដ្ឋ​ប្រហារ​ដោយ​យោធា​កាល​ពី​ឆ្នាំ​២០១៤។ រដ្ឋ​ប្រហារ​នោះ​បាន​នាំ​ឱ្យ​មាន​របប​យោធា​ លុប​បំបាត់​ឥទ្ធិពល​លោក​ Thaksin Shinawatra ​អតីត​នាយក​រដ្ឋ​មន្ត្រីដែល​បាន​ឈ្នះ​គ្រប់​ការ​បោះ​ឆ្នោត​ជាតិ​ចាប់​ពីឆ្នាំ​២០០១។​

ចាប់​តាំង​ពី​លោក​ Thaksin ​ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច​ដោយ​រដ្ឋ​ប្រហារ​យោធា​ក្នុង​ឆ្នាំ​២០០៦​ រាជ​ការប្រទេស​នេះ​ទទួល​បាន​ជោគជ័យ​តិចតួច​ក្នុង​ការ​ព្យាយាម​ធ្វើ​ឲ្យ​យន្តការ​របស់​លោក​ចុះ​ខ្សោយដោយ​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ ការ​សម្រេច​របស់​តុលាការ​ ការ​ផ្លាស់ប្តូរ​ជា​ប្រព័ន្ធ​បោះ​ឆ្នោត​សមាមាត្រ។ ​

លោក ​Thaksin ​ដែល​និរទេស​ខ្លួន​ដើម្បី​គេច​ពី​ការ​កាត់​ទោស​តាម​បទ​ចោទ​ប្រកាន់​អំពី​ទំនាស់​ផល​ប្រយោជន៍ត្រូវ​បាន​មតិ​ជាច្រើន​គេ​ជឿ​ជាក់​ថា ​លោក​ជាអ្នក​ជួយ​បង្កើត​បេក្ខភាព​របស់​ម្ចាស់​ក្សត្រីយ៍​ Ubolratana។

ប្រទេស​ថៃ​បាន​ក្លាយ​ជា​រាជាណាចក្រ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​តាំង​ពី​ឆ្នាំ១៩៣២៕

XS
SM
MD
LG