ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តែង​តាំង​ម្ចាស់​ក្សត្រី​ថៃ​សម្រាប់​​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​ធ្វើ​ឲ្យ​រង្គើ​នយោបាយ​ថៃ


រូបឯកសារ៖ ​ម្ចាស់​ក្សត្រី​អ៊ុបុលរតនា​ មហាដុល ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​បក្ស Thai Raksa Chart សម្រាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី។
រូបឯកសារ៖ ​ម្ចាស់​ក្សត្រី​អ៊ុបុលរតនា​ មហាដុល ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​បក្ស Thai Raksa Chart សម្រាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី។

ភាព​រំជើប​រំជួល​ខាង​នយោបាយ​បានកើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​មាន​ការ​តែង​តាំង​ម្ចាស់​ក្សត្រី​អ៊ុបុលរតនា​ មហាដុល ​ជា​បេក្ខជន​នាយករដ្ឋ​មន្រ្តី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​មិនា​ខាង​មុខ។ ការណ៍​នេះ​កំពុង​ប្រែ​ក្រឡាស់​ប្រពៃណី​ថៃ​ដែល​ព្រះ​បរមរាជ​វាំង​មិន​មាន​តួនាទី​សាធារណៈក្នុង​នយោបាយ។

ពួក​អ្នក​សង្កេត​ការ​និយាយ​ថា​ ការ​ប្រកាស​ដ៏​ភ្ញាក់​ផ្អើល​នេះ ​បាន​បញ្ចប់​ទាំង​ស្រុង​នូវ​ក្តី​សង្ឃឹម​របស់​លោក​ Prayut Chan-o-cha​ នាយក​រដ្ឋមន្រ្តី​កំពុង​កាន់​អំណាច​ដើម្បី​រក្សា​អំណាច ​ដែល​លោក​បាន​ក្តាប់អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​មួយកាលពី​ឆ្នាំ​២០១៤។

មាន​សេចក្តី​រាយការណ៍​ថា​ លោក ​Preechapol Pongpanich ​ជា​មេដឹកនាំ​គណ​បក្ស​ Thai Raksa Chart ​បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «គណៈ​កម្មា​ធិការ​នាយក​របស់​គណបក្ស បាន​យល់​ស្រប​ថា ​ព្រះ​នាម​របស់​ម្ចាស់​ក្សត្រី​អ៊ុបុលរតនា ​ជា​មនុស្ស​ដែល​បាន​ទទួល​ការ​អប់រំ​និង​មាន​ជំនាញ ​សាក​សម​នឹង​ជម្រើស​នេះ​បំផុត»។

ការ​សម្រេច​របស់​ម្ចាស់ក្សត្រីដើម្បី​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​លោក ​Thaksin Shinawatra​ ដែល​គណបក្ស​របស់​លោក​បាន​ឈ្នះ​គ្រប់​ការ​បោះ​ឆ្នោត​របស់​ថៃ​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក ​ក៏​ប៉ុន្តែ ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដំណែង​២​ដង​ដោយ​រដ្ឋ​ប្រហារ​យោធា​នោះ ​បាន​បន្ថែម​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង។

ចលនា​អាវ​ក្រហម​របស់​មហា​សេដ្ឋី​និរទេស​ខ្លួន ​មាន​បណ្តាញ​នយោបាយ​យ៉ាង​ខ្លាំងនៅទី​ជនបទ។

នាយករដ្ឋ​មន្រ្តី ​Chan-o-cha​ ក៏​បាន​ចុះ​ឈ្មោះ​ការ​តែង​តាំង​របស់​លោក​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​ដែរ។

លោក ​Weerachon Sukhontapatipak​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​យោធា​ថៃ​បាន​និយាយ​ថា រដ្ឋបាល​ដែល​កំពុង​ដឹកនាំ​ប្រទេស​ស្វាគមន៍​ការ​តែង​តាំង​របស់​ម្ចាស់​ក្សត្រីជា​បេក្ខជន​នាយករដ្ឋ​មន្រ្តី​នេះ៕

XS
SM
MD
LG