ការរំជើបរំជួលខាងនយោបាយបានកើតមានឡើងនៅក្នុងប្រទេសថៃដោយសារមានការតែងតាំងម្ចាស់ក្សត្រី អ៊ុបុនរតនា ម៉ាហ៊ីដុន (Ubolratana Mahidol) ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតនៅខែមីនាខាងមុខ ដែលការណ៍នេះប្រែក្រឡាស់ប្រពៃណីថៃដែលព្រះបរមរាជវាំងមិនមានតួនាទីសាធារណៈឬលូកលាន់ក្នុងនយោបាយ។
ពួកអ្នកសង្កេតការណ៍និយាយថា ការប្រកាសដ៏គួរភ្ញាក់ផ្អើលនេះ បានបញ្ចប់ទាំងស្រុងនូវក្តីសង្ឃឹមរបស់លោក Prayut Chan-o-cha ជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាចដើម្បីរក្សាអំណាច ដែលលោកបានក្តាប់អំណាចនៅក្នុងរដ្ឋប្រហារយោធាមួយកាលពីឆ្នាំ២០១៤។
មានសេចក្តីរាយការណ៍ថា លោក Preechapol Pongpanich ជាមេដឹកនាំគណបក្ស Thai Raksa Chart បានប្រាប់សន្និសីទកាសែតនៅថ្ងៃសុក្រនេះថា«គណៈកម្មាធិការនាយករបស់គណបក្ស បានយល់ស្របថា ព្រះនាមរបស់ម្ចាស់ក្សត្រី អ៊ុបុនរតនា ជាមនុស្សដែលបានទទួលការអប់រំនិងមានជំនាញ សក្តិសមនឹងជម្រើសបេក្ខភាពនេះបំផុត»។
ការសម្រេចរបស់ម្ចាស់ក្សត្រីដើម្បីឈរឈ្មោះឲ្យគណបក្សដែលមានចំណងទាក់ទងជាមួយលោក Thaksin Shinawatra ដែលគណបក្សរបស់លោកបានឈ្នះគ្រប់ការបោះឆ្នោតរបស់ថៃចាប់តាំងពីឆ្នាំ២០០១មក តែត្រូវបានបណ្តេញចេញពីតំណែង២ដងដោយរដ្ឋប្រហារយោធានោះ បានបន្ថែមការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។
ចលនា«អាវក្រហម»របស់មហាសេដ្ឋីនិរទេសខ្លួនមួយនេះ មានបណ្តាញនយោបាយយ៉ាងខ្លាំងនៅទីជនបទ។
ក៏ប៉ុន្តែ ពួកគេបានទទួលការរិះគន់ខ្លាំងៗពីភាគីខ្លះរបស់ពួកវរជននៅទីក្រុងបាងកកនិងពួកយោធា ដែលនេះជាការបែកបាក់ដ៏ល្វីងជូរចត់ដែលបានធ្វើឲ្យមានភាពចលាចលស្ទើរគ្មានទីបញ្ចប់ក្នុងនយោបាយថៃក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។
កម្លាំងសម្ព័ន្ធភាពរបស់ម្ចាស់ក្សត្រីដែលបានបង្កើតជាមួយចលនាប្រជានិយម ត្រូវបានពង្រឹងបន្ថែមដោយប្រជាប្រិយភាពដែលម្ចាស់ក្សត្រីបានទទួលជាទីគាប់ចិត្តក្នុងឋានៈជាបុត្រីច្បងបង្អស់ជាទីគោរពរបស់ព្រះមហាក្សត្រភូមីផុន អាឌុលយ៉ាដេត (Bhumibol Adulyadej) ដែលបានសោយទិវង្គត ហើយដែលត្រូវជនជាតិថៃគោរពបំផុត។
គេបានដឹងថា ម្ចាស់ក្សត្រីមានការជិតស្និទ្ធទៅនឹងព្រះអង្គម្ចាស់ មហាវេជ្ជរាឡុងកន (Maha Vajiralongkorn ) ដែលជាព្រះអនុជរបស់ម្ចាស់ក្សត្រីដែលបានក្លាយជាព្រះមហាក្សត្រថៃបន្ទាប់ពីការចូលទិវង្គតរបស់ព្រះបីតារបស់ព្រះអង្គកាលពីខែតុលា ឆ្នាំ២០១៦ ហើយគេមានគម្រោងឲ្យព្រះអង្គឡើងសោយរាជ្យនៅខែឧសភាខាងមុខ ភ្លាមៗបន្ទាប់ពីការបោះឆ្នោត។
ថ្វីបើមានសែស្រឡាយជារាជវង្ស ម្ចាស់ក្សត្រីអ៊ុបុនរតនា ត្រូវបានគេដឹងជាទូទៅថា មានលក្ខណៈបើកចំហ ដាក់ខ្លួនដែលម្ចាស់ក្សត្រីបានលះបង់បុព្វសិទ្ធិរបស់ម្ចាស់ក្សត្រីដើម្បីរៀបការជាមួយលោក Peter Jensen ជនសាមញ្ញអាមេរិកាំងនៅឆ្នាំ១៩៧២។
បន្ទាប់ពីម្ចាស់ក្សត្រី បានលែងលះជាមួយលោក Jensen នៅឆ្នាំ១៩៩៨មក បុព្វសិទ្ធិខ្លះរបស់ម្ចាស់ក្សត្រីបានត្រូវទទួលមកវិញហើយពួកមន្រ្តីគណៈកម្មការរៀបចំការបោះឆ្នោតមិនទាន់ប្រកាសថា តើឋានៈភាពរបស់ម្ចាស់ក្សត្រី អាចមានផលប៉ះពាល់នឹងបេក្ខភាពរបស់ម្ចាស់ក្សត្រីសម្រាប់តំណែងនាយករដ្ឋមន្រ្តីដែរឬទេ។
មានការព្រួយកង្វល់ផ្សេងទៀត ក៏នឹងត្រូវគេលើកឡើងអំពីថាតើការជាប់សែស្រឡាយរាជវង្សានុវង្សរបស់ម្ចាស់ក្សត្រី នឹងមានផលប៉ះពាល់ដល់ពួកអ្នកនយោបាយប្រកួតប្រជែងផ្សេងទៀតដែលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រឆាំងនឹងម្ចាស់ក្សត្រី ដោយសារប្រទេសថៃមានច្បាប់ស្តីពីការប្រមាថព្រះជេស្តាដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោកនោះ។
តាមបច្ចេកទេស មាត្រាទី១១២នៃរដ្ឋធម្មនុញ្ញថៃ ដែលអនុញ្ញាតឲ្យមានការដាក់ទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំចំពោះអ្នកដែលមានទោសពីការប្រមាថមើលងាយ បង្ខូចកេរ្តិ៍ឈ្មោះឬគំរាមកំហែងព្រះមហាក្សត្រឬក្រុមគ្រួសាររាជវង្សានុវង្ស មិនអនុវត្តដល់ជនណាដែលមានឋានៈភាពដូចជាម្ចាស់ក្សត្រីទេ។
ទោះជាយ៉ាងណាក៏ដោយ លោក Thitinan Pongsudhirak ជាសាស្រ្តាចារ្យជំនួយនៅមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ច្បាប់នោះ បានត្រូវគេបកស្រាយកាន់តែទូលំទូលាយខ្លាំងឡើង។
លោកបាននិយាយទៀតថា៖ «ដូច្នេះ បើមាត្រាទី១១២ មានភាពទូលំទូលាយល្មមគ្រប់គ្រាន់ដើម្បីការពារម្ចាស់ក្សត្រី អ៊ុបុនរតនា ជាអ្នកនយោបាយម្នាក់ បន្ទាប់មក ខ្ញុំគិតថា យើង នឹងមើលឃើញការតានតឹងនៅខាងមុខ ពីព្រោះតែទំនងនឹងមានការជំទាស់។
លោក Thitinan Pongsudhirak និយាយថា៖ «ហើយពួកអ្នកប្រកួតប្រជែងជាច្រើន នឹងមិនសុខចិត្តទទួលយកម្ចាស់ក្សត្រីមានឋានៈទាំង២ក្នុងពេលតែមួយនោះទេ»។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ គណបក្ស Thai Raksa Chart បាននិយាយថា ឋានៈភាពរាជវង្សានុវង្សផ្លូវការរបស់ម្ចាស់ក្សត្រីអ៊ុបុនរតនា នៅតែដកហូតមិនទាន់ស្តារវិញទេ ដែលនេះ អនុញ្ញាតឲ្យម្ចាស់ក្សត្រីអាចចូលរួមក្នុងនយោបាយរបស់គណបក្ស ក៏ប៉ុន្តែ របាយការណ៍នេះមិនបាននិយាយអំពីមាត្រទី១១២ទេ។
នាយករដ្ឋមន្រ្តី Prayut Chan-o-cha ក៏បានចុះឈ្មោះបេក្ខភាពរបស់លោកសម្រាប់ការងារកំពូលនេះដែរកាលពីថ្ងៃសុក្រ។
លោក Weerachon Sukhontapatipak អ្នកនាំពាក្យរដ្ឋាភិបាលយោធា បាននិយាយថា រដ្ឋបាលកាន់តំណែងបានស្វាគមន៍ការតែងតាំងរបស់ម្ចាស់ក្សត្រីនេះ។
លោកបាននិយាយទៀតថា «យើងមិនមានការព្រួយកង្វល់អំពីបេក្ខជនណាទេ ពីព្រោះ យើងជឿថា ការណ៍នេះជាការសម្រេចរបស់ប្រជារាស្រ្ត ដែលជាការសំខាន់បំផុត ហើយមិនមានអ្វីដែលត្រូវបារម្ភនោះទេ»។
នៅពេលគេសួរថាតើការឈរឈ្មោះរបស់ម្ចាស់ក្សត្រី បានបញ្ចប់ឱកាសជោគជ័យរបស់លោកនាយករដ្ឋមន្រ្តី Prayut ដែរឬទេ។លោកបាននិយាយថា អត្ថាធិប្បាយបែបនេះ ជាការមិនត្រឹមត្រូវ ពីព្រោះតែការបោះឆ្នោតនេះ នឹងមានភាពសេរីនិងយុត្តិធម៌។
ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកវិភាគ មានការយល់ស្របគ្នាកាលពីថ្ងៃសុក្រដោយមានជំនឿថា ម្ចាស់ក្សត្រី នឹងឈ្នះលោក Prayut យ៉ាងស្រួលនៅឯការិយាល័យបោះឆ្នោត។
លោក Paul Chambers ជាអ្នកវិភាគនយោបាយនិងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Naresuan នៅក្នុងប្រទេសថៃ បាននិយាយថា ប្រសិនបើ ម្ចាស់ក្សត្រី ស្ថិតនៅក្នុងការប្រកួតប្រជែងនោះ ម្ចាស់ក្សត្រី ប្រាកដជានឹងឈ្នះ។
លោកនិយាយទៀតថា «ខ្ញុំ មិនមើលឃើញនរណានឹងបោះឆ្នោតប្រឆាំងនឹងម្ចាស់ក្សត្រីទេ ហើយលោក អ្នក ក៏ត្រូវតែដឹងដែរថា ការណ៍នេះ មិនត្រឹមតែភាពស្របច្បាប់នៃរាជវង្សានុវង្សក្នុងក្រសែភ្នែកប្រជារាស្រ្តដែលម្ចាស់ក្សត្រីមានប៉ុណ្ណោះទេ។ ម្ចាស់ក្សត្រី ក៏មានកត្តាដែលម្ចាស់ក្សត្រី បានធ្វើសម្ព័ន្ធភាពជាមួយជាមួយលោក Thaksin ហើយប្រជារាស្រ្តដែលចង់មានចលនាប្រជានិយម ក៏នឹងបោះឆ្នោតឲ្យម្ចាស់ក្សត្រីដែរ»។
លោក Chambers បាននិយាយទៀតថា ម្ចាស់ក្សត្រី ត្រូវបានគេស្គាល់ថា ជាមនុស្សឯកឆន្ទដែលបានបដិសេធពុំធ្វើអ្វីទៅតាមប្រពៃណីដែលគេរំពឹងទុក។
លោកបាននិយាយថា «ហើយ ម្ខាងទៀតជានរណា? គឺជាមេដឹកនាំផ្តាច់ការយោធានិងសេដ្ឋកិច្ចមិនរីកចម្រើន។តើនរណាចង់បានដូច្នេះ?»។
លោកនិយាយបន្ថែមទៀតថា ជ័យជម្នះរបស់ម្ចាស់ក្សត្រី ក៏នឹងពង្រឹងអំណាចរបស់ព្រះអនុជរបស់ម្ចាស់ក្សត្រីដែរ។
លោក Chambers បាននិយាយបន្តទៀតថា៖ «មហាក្សត្រនៃប្រទេសថៃដែលជាព្រះអនុជរបស់ម្ចាស់ក្សត្រី ដឹងថា ការណ៍នេះជាផលប្រយោជន៍របស់ព្រះអង្គដែលមានម្ចាស់ក្សត្រីឈរឈ្មោះជាបេក្ខជនដែលស្និទ្ធស្នាលនឹងលោកថាក់ស៊ីននោះ»។
លោក Thitinan Pongsudhirak នៃសាកលវិទ្យាល័យជូឡា ឡុងកន បាននិយាយថា សម្រាប់ទៅអនាគតវែងឆ្ងាយ សំណួរដ៏ធំបំផុត គឺថាតើព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះ នឹងនាំឲ្យមានការបែកខ្ញែកកាន់តែខ្លាំងឡើងនៃនយោបាយថៃឬការបើកចំហរសម្រាប់ការផ្សះផ្សារជាតិដែឬទេ។
លោកបាននិយាយទៀតថា៖ «ស្ថានការណ៍ដ៏លំបាកនិងបញ្ហារបស់ថៃដែលយើងមាននៅក្នុងនយោបាយថៃគឺការផ្តោតលើអតុល្យភាពរវាងការមានប្រព័ន្ធតាមបែបប្រជាធិបតេយ្យនិងការមានសង្គមផ្អែកលើរបបរាជាធិបតេយ្យ។មានឱកាស មានឱកាសសម្រាប់ការផ្សះផ្សារជាតិ ក៏ប៉ុន្តែ ការណ៍នេះ នឹងតម្រូវឲ្យមានការចូលរួមនិងបញ្ចូលគ្រប់និន្នាការនយោបាយទាំងអស់»។
លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ដែលជាប្អូនស្រីរបស់លោក ដែលត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធាហើយក្រោយមក បានត្រូវគេកាត់ទោស កំពុងរស់នៅនិរទេសខ្លួន។
លោកស្រី Chayika Wongnaphachan ដែលជាសមាជិកគណបក្ស Thai Raksa Chart និងជាក្មួយស្រីរបស់លោកស្រីយីងឡាក់និងលោកថាក់ស៊ីន បានបដិសេធពុំព្រមធ្វើអត្ថាធិប្បាយ៕